កម្ពុជាដំណឹង

អាមេរិក​នៅពីក្រោយ កឹម សុខា? ជិន ម៉ាលីន ថ្លែងផ្ទុយពី ផៃ ស៊ីផាន

នៅចំពោះការថ្លែង របស់ឯកអគ្គរដ្ឋទូតអាមេរិក ទាក់ទងនឹងករណីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានចេញមុខមកអះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន «មិនដែលចោទប្រកាន់»ថា សហរដ្ឋ​អាមេរិក​នៅពីក្រោយ ឬពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា ឡើយ។

ប៉ុន្តែការថ្លែង របស់អ្នកនាំពាក្យវ័យក្មេង ដ៏ភ្លឺស្វាងរូបនេះ ហាក់ដើរផ្ទុយ ពីការអះអាងរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យធំជាងគេ របស់រដ្ឋាភិបាលលោក ហ៊ុន សែន កាលពី​ខែកញ្ញា ឆ្នាំ២០១៧ ពោលគឺនៅប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន ទាំងកណ្ដាលអាធ្រាត យកទៅឃុំក្នុងពន្ធនាគារ។

ការបកស្រាយ របស់លោក ជិន ម៉ាលីន ធ្វើឡើងក្នុងថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០នេះ បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិក ក្នុងប្រទេសកម្ពុជា បានបញ្ជាក់ជាផ្លុវការ និងជាលាយលក្ខណ៍អក្សរ នូវកិច្ចសម្ភាស របស់ឯកអគ្គរដ្ឋទូតអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ដែលបានផ្ដល់ ទៅឲ្យក្រុមអ្នកសារព័ត៌មាន ក្នុងព្រឹកថ្ងៃដដែលនេះ នៅខាងមុខសាលាដំបូងរាជធានី។

ស្ថានទូតអាមេរិក បានស្រង់សំដីលោក ម័រហ្វី មកសរសេរថា៖

«យើងមានការរំខានចិត្ត ដោយខាងព្រះរាជអាជ្ញាបានលើកឡើង នូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើង ទាក់ទងនឹងសហរដ្ឋអាមេរិក។»

ក្រោយ​ការ​ថ្លែង​របស់​លោក ប៉ាទ្រីក ម័រហ្វី ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ឆ្លើយ​តប នឹង​ការ​លើក​ឡើង​នោះ។ ​អ្នក​នាំ​ពាក្យ​តុលាការរាជធានី បាន​បញ្ជាក់​ថា៖​

«ព្រះរាជ​អាជ្ញា​ពុំ​បាន​ចោទ​ប្រកាន់​ ប៉ះពាល់​ទៅ​លើ​សហរដ្ឋ​អាមេរិក ​រដ្ឋ​បរទេស ​ឬ​ភ្នាក់ងារ​បរទេស​ណាមួយ​ឡើយ​ ព្រះ​រាជអាជ្ញា​បាន​ចោទ​ប្រកាន់ ​តែ​ទៅ​លើ​ជនជាប់​ចោទ​ឈ្មោះ​ កឹម សុខា ​ដែល​មាន​អង្គហេតុ ​អង្គច្បាប់ ​ព្រមទាំង​មាន​ធាតុ​ផ្សំ​គ្រប់​គ្រាន់ ​ទៅ​តាម​ច្បាប់​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​តែ​ប៉ុណ្ណោះ។»

សេចក្ដីប្រកាសព័ត៌មាននេះ ត្រូវបានលោក ជិន ម៉ាលីន អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ ​យកមកបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់លោក ហើយធ្វើការបកស្រាយ ទម្លាក់កំហុស ទៅលើអ្នកបកប្រែភាសា។ បន្ទាប់មក លោក ម៉ាលីន បានពន្យល់ ក្នុងនាមរដ្ឋាភិបាលកម្ពុជាផង និងក្នុងនាមតុលាការផងថា៖

«កន្លងមក រាជរដ្ឋាភិបាលមិនដែលចោទប្រកាន់ថា សហរដ្ឋអាមេរិកនៅពីក្រោយ ឬពាក់ព័ន្ធ នឹងសំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា ឡើយ។»

«ស្ថាប័នតុលាការ កំពុងដំណើរការនីតិវិធី លើសំណុំរឿងនេះ ហើយមិនទាន់បានបិទបញ្ចប់ និងសម្រេចថា មានបរទេសណាមួយពាក់ព័ន្ធ និងនៅពីក្រោយសំណុំរឿងនេះដែរ។»

«ចំណែកឯស្ថាប័នអយ្យការ ធ្វើការចោទប្រកាន់ តែលោក កឹម សុខា ប៉ុណ្ណោះ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស មិនបានចោទប្រកាន់សហរដ្ឋអាមេរិក ឬបរទេសណាមួយឡើយ។»

ជិន ម៉ាលីន VS ផៃ ស៊ីផាន

ប៉ុន្តែបើគេចាំច្បាស់ អំពីអ្វីដែលអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើង កាលពីអំឡុងពេល ក្រោយការចាប់ខ្លួនលោក កឹម សុខា កាលពីខែកញ្ញា ឆ្នាំ២០១៧នោះ គេនឹងច្បាស់ថា តើរដ្ឋាភិបាលកម្ពុជា សំអាងលើអ្វី ដើម្បីចូលទៅចាប់ខ្លួន មេដឹកនាំប្រឆាំង ទាំងមានអភ័យឯកសិទ្ធិសភា។

លោក ផៃ ស៊ីផាន បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោក ក្នុងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ថា៖

«អ្វីដែលកម្ពុជាយល់ឃើញ យ៉ាងច្បាស់នោះ គឺថា សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយខ្នង  និងលូកដៃជ្រៀតជ្រែក ចូលបញ្ហាលទ្ធិប្រជាធិបតេយ្យកម្ពុជា តាមរយៈសេចក្តី ថ្លែងការណ៍ផ្ទាល់ របស់អ្នកតំណាងរាស្រ្ត កឹម សុខា។»

ការលើកឡើងរបស់លោក ផៃ ស៊ីផាន នៅពេលនោះ ត្រូវបានប្រព័ន្ធសារព័ត៌មាន ក្នុងស្រុក និងក្រៅស្រុក ដកស្រង់យកមកផ្សព្វផ្សាយបន្ត ក្នុងនោះមានប្រព័ន្ធឃោសនា ដ៏ល្បីមួយ របស់រដ្ឋាភិបាល​គណបក្សប្រជាជនកម្ពុជា នោះផង។

ប្រព័ន្ធឃោសនាដដែលនេះ ថែមទាំងបានចុះផ្សាយ តាំងពីពេលនោះមក ម្ដងហើយម្ដងទៀតថា គឺលោក ហ៊ុន សែន នេះតែម្ដង ដែលបាន«ភ្ជាប់សហរដ្ឋអាមេរិក ទៅនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ»៕



លំអិតបន្ថែមទៀត

លោក ស៊ន តារា និងលោក ហ៊ុន សែន
កម្ពុជា

ស៊ន តារា ប្រកាស​«ដើរស្រាត​ចូលស្រុក» បើ ហ៊ុន សែន បិទហ្វេសប៊ុក

លោក ស៊ន តារា អ្នកគាំទ្រគណបក្សប្រឆាំងមួយរូប ដែលកំពុងនៅក្នុងប្រទេសបារាំង បានប្រកាសថា លោក នឹង«ដើរស្រាត​ចូលស្រុក»វិញ ប្រសិនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បិទបណ្ដាញសង្គមហ្វេសប៊ុក នៅកម្ពុជាមែននោះ។ ...
កិច្ចសម្ភាស

សម្ភាស​ជនរង​គ្រោះ​ក្នុង​ថ្ងៃ​៣០​មិនា​១៩៩៧៖ ការឈឺចាប់ និង​យុត្តិធម៌

បើទោះបីជាព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខអតីត មន្ទីររដ្ឋសភា បានកន្លង​អស់​១៧ឆ្នាំហើយ ក៏មែនពិត តែ«ការឈឺចាប់ ការស្វែងរកយុត្តិធម៌ និងការបន្សល់ នូវស្នាមរបួស» នៅតែជាការចងចាំ ...
កម្ពុជា

ញឹម វណ្ណដា ដែល​ត្រូវ​ដកចេញ​ព្រោះ«ភូតភរ» បានឡើង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល

មានកំហុសពីបទ«ខ្វះការទទួលខុសត្រូវ» និង«ភូតភរ» រហូតត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បរិហារជាសាធារណៈ តែលោក ញឹម វណ្ណដា នៅតែមានតំណែង នៅក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.