កម្ពុជាដំណឹង

មន្ត្រីផ្លូវការ អ.ស.ប ប្រតិកម្មនឹង​ការចាប់ចង​ពលរដ្ឋ ដោយ​របប​ក្រុងភ្នំពេញ

ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី រ៉ូណា ស្មីត និងអ្នកស្រី ម៉ារី លោវល័រ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្ដីទីស្ថានភាពសិទ្ធិមនុស្ស។ (រូបថត UN)
ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី រ៉ូណា ស្មីត និងអ្នកស្រី ម៉ារី លោវល័រ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្ដីទីស្ថានភាពសិទ្ធិមនុស្ស។ (រូបថត UN)

ប្រតិកម្មនឹង​ការចាប់ចង​ពលរដ្ឋ ដែលធ្វើឡើង ដោយអាជ្ញាធររបប​ក្រុងភ្នំពេញ បាន​ធ្លាក់ចុះ​​មកជាបន្តបន្ទាប់ ជាពិសេស ប្រតិកម្មរបស់មន្ត្រីផ្លូវការ របស់អង្គការ​សហប្រជាជាតិ (UN – អ.ស.ប) ដែលមាន​ជំនាញ​ខាង​សិទ្ធិមនុស្ស។

អ្នកស្រី ម៉ារី លោវល័រ (Mary Lowlor) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ជំនាញខាងសិទ្ធិមនុស្ស​សាកល  បានបង្ហោះសារជាបន្តបន្ទាប់ និងចំនួនពីរថ្ងៃជាប់គ្នា ជុំវិញព្រឹត្តិការណ៍ចាប់ចង់មនុស្ស នៅក្នុង​ប្រទេសកម្ពុជា ដោយអ្នកស្រីបានប្រើពាក្យថា ក្រុមអាជ្ញាធរ នៃរបបក្រុងភ្នំពេញ កំពុង«លាបពណ៌»សកម្មភាព របស់ក្រុមយុវជន និង​ពលរដ្ឋ ដែលគ្រាន់តែ​​ធ្វើការទាមទារ ដោយសន្តិវិធី​ប៉ុណ្ណោះ។

នៅលើទំព័រទ្វីសធើរផ្លូវការ កាលពីប៉ុន្មានម៉ោងមុន អ្នកស្រី លោវល័រ បានសរសេរថា៖

«ខ្ញុំមានការព្រួយបារម្ភ ជាពន់ពេក នៅចំពោះព័ត៌មាន​ដែលឲ្យដឹងថា អាជ្ញាធរ​កម្ពុជា​កំពុងលាបពណ៌ ថាជាទង្វើ​ខុសច្បាប់ ទៅលើសកម្មភាពដោយអហិង្សា របស់ក្រុមយុវជន​ខ្មែរថាវរៈ និងក្រុម​សកម្មជន​មាតាធម្មជាតិ។ ខ្ញុំក៏បានទទួល​របាយការណ៍មកដែរ អំពី​គម្រោងចុះត្រួតពិនិត្យ ទៅលើអង្គការក្រៅ​រដ្ឋាភិបាល​ផ្សេងទៀត និងរបាយការណ៍ ដែល​ចង្អុលបង្ហាញថា ក្រុមអ្នកការពារ​សិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំ នៅឯ​ពន្ធនាគារ។»

ប៉ុន្តែនៅមុននេះបន្តិច អ្នកស្រីបានបញ្ជាក់បន្ថែម អំពីចំនួនមនុស្សជាក់លាក់ ថាមាន​ចំនួន៧នាក់ ដែលត្រូវបានឃាត់ខ្លួន។ អ្នកស្រីបានសរសេរថា៖

«ខ្ញុំបានទទួលដំណឹង គួរឲ្យរន្ធត់ថា ក្រុមសកម្មជនការពារសិទ្ធិមនុស្ស ចំនួន៧នាក់ ត្រូវបាន​ចាប់ឃុំខ្លួន នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំបានដឹងទៀតថា សកម្មនារី​ការពារ​សិទ្ធិមនុស្ស កញ្ញា អេង ម៉ាឡៃ (ហៅ សូ មេត្តា) ត្រូវបានឃាត់ខ្លួន ភ្លាមៗបន្ទាប់ពីនាង បានចូលជួប​មន្ត្រីអង្គការសហប្រជាជាតិ ក្នុងការិយាល័យ ប្រចាំរាជធានីភ្នំពេញ។»

កាលពីថ្ងៃអាទិត្យ អ្នកស្រីបានលើកឡើង អំពីការទទួលរបាយការណ៍ ប្រហាក់ប្រហែល​គ្នា និងបានគូសបញ្ជាក់ថា៖

«ការតវ៉ាដោយសន្តិវិធី មិនមែនជាឧក្រិដ្ឋកម្មទេ។»

រាប់​ពី​ដើម​ខែ​កញ្ញា ​មក​ត្រឹម​ថ្ងៃ​អង្គារ​ (ទី៨ ខែកញ្ញា) នេះ ​ក្រុម​យុវជន​៧​នាក់​ ក្នុង​នោះ​មាន​ព្រះ​សង្ឃ​មួយ​អង្គ ​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​ ក្រោម​បទ​ញុះញង់ ​ឲ្យ​បង្ក​ភាព​វឹក​វរ​ដល់​សន្តិសុខ​សង្គម។​

ពួកគេទាំង៧រូប រួមមាន៖

  • ព្រះ​តេជ​គុណ​ កើត​ សារ៉ាយ​ (សមាជិកក្រុម​យុវជន​ខ្មែរ​ថាវរៈ)
  • លោក​ ថា ឡាវី​ (សមាជិកក្រុម​យុវជន​ខ្មែរ​ថាវរៈ)
  • កញ្ញា ​អេង ម៉ាឡៃ​ ហៅ ​សូ មេត្តា​ (សមាជិកក្រុម​យុវជន​ខ្មែរ​ថាវរៈ)
  • ​លោក ​មាន ​ព្រហ្មមុនី ​អនុ​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​
  • លោក ថុន រដ្ឋា​ (សមាជិកចលនាមាតាធម្មជាតិ)
  • កញ្ញា ឡុង គន្ធា ​(សមាជិកចលនាមាតាធម្មជាតិ) ​
  • និងកញ្ញា ភួន កែវរស្មី (សមាជិកចលនាមាតាធម្មជាតិ)។

ចំនួនសកម្មជន ទាំង៧នាក់ខាងលើ នៅមិនទាន់រាប់បញ្ចូល យុវជន គា សុគន្ធ ម្ចាស់បទ​ចម្រៀង «Rap» មួយរូប ដែលត្រូវបានចាប់ខ្លួន ក្នុងខេត្តសៀមរាប កាលពីចុង​សប្ដាហ៍​មុន និង​លោក គង់ សំអាន អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​​មួយរូបទៀត ដែល​ទើប​​ត្រូវបានចាប់ខ្លួន ក្នុង​ខេត្តត្បូងឃ្មុំ កាលពីថ្ងៃចន្ទ។ ក្នុងថ្ងៃចន្ទនេះដដែល យុវជន​ម្នាក់ផ្សេង ឈ្មោះ ឡុញ សូម៉ានី ដែលស្និតគណបក្សប្រឆាំង ត្រូវបានក្រុមជនពាល លួចវា​យប្រហារ ឲ្យរងរបួសជាទម្ងន់។

​សម្រាប់អ្នក​រាយ​ការណ៍​ពិសេស ​អង្គការ​សហ​ប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា ​អ្នកស្រីស្រី​ រ៉ូណា ស្មីត ​(Rhona Smith) បានបង្ហាញ ប្រតិកម្មនឹង​ការចាប់ចង​ពលរដ្ឋ ប្រហាក់ប្រហែលនឹងអ្នកស្រី ម៉ារី លោវល័រ ដែរ។ តែអ្នកស្រីបានស្នើ ឲ្យអាជ្ញាធរ​របប​ក្រុងភ្នំពេញ ត្រូវធានា​សិទ្ធិសេរីភាព របស់ពលរដ្ឋកម្ពុជា ដែលត្រូវបានការពារ ដោយ​និយាម និងបទដ្ឋានសិទ្ធិមនុស្ស​អន្តរជាតិ ក៏ដូចជា​រដ្ឋធម្មនុញ្ញ​កម្ពុជា។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ អ្នកស្រី រ៉ូណា ស្មីត បានសរសេរថា៖

«សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ បង្កើតសមាគម និងការជួបជុំដោយសន្តិវិធី ត្រូវ​បាន​ការពារ ដោយនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជា​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផងដែរ។ ខ្ញុំសូមលើកទឹកចិត្ត ដល់អាជ្ញាធរកម្ពុជា ធានាថា​សិទ្ធិទាំងនេះ ​ត្រូវបាន​គោរព និងការពារ ហើយបង្កើតបរិយាកាសមួយ ដែលបុគ្គល​ម្នាក់ៗ អាចអនុវត្ត​សិទ្ធិទាំងនេះ។»

អ្នកស្រីបន្តថា៖

«ខ្ញុំសូមជំរុញឱ្យបញ្ជូនអ្នក ដែលត្រូវបានចាប់ខ្លួនទាំងនោះ ទៅតុលាការ ហើយត្រូវគោរព ឲ្យបានពេញលេញ នូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវ របស់ពួកគេ។ ខ្ញុំកំពុងតាមដាន ព្រឹត្តិការណ៍ទាំងនេះ យ៉ាងដិតដល់ នៅក្នុង​ប្រទេសកម្ពុជា៕»



លំអិតបន្ថែមទៀត

កម្ពុជា

ព្រះរាជអាជ្ញា​ចោទប្រកាន់ ផែង វណ្ណៈ តែ​មិនទាន់​សម្រេច​ឲ្យ​ឃុំខ្លួន

លោក ផែង វណ្ណៈ ត្រូវបានព្រះរាជអាជ្ញារង លោក វង្ស ប៊ុនវិសុទ្ធ សម្រេចនៅល្ងាចថ្ងៃអង្គារនេះ ចោទប្រកាន់​ពីបទ​«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» តែនៅមិនទាន់សម្រេច ថាឲ្យឃុំខ្លួនឬយ៉ាងណានៅឡើយ ដោយបញ្ជូនលោក ...
វិភាគ អត្ថាធិប្បាយ

រវាង «ជនសង្ស័យ – ជនត្រូវចោទ – ជនជាប់ចោទ – ពិរុទ្ធជន និង ទណ្ឌិត»

ជានិច្ចកាល គេតែងឃើញ មានការច្រឡំបល់ ជុំវិញការប្រើប្រាស់ ការហៅ ឬដំណាក់កាល ដែលមានចែង នៅក្នុងនីតិវិធីច្បាប់ ស្ដីអំពី «ជនសង្ស័យ / ជនត្រូវចោទ/ ជនជាប់ចោទ/ ...
កម្ពុជា

កាសែតបារាំងបង្ហើបថា មេធាវី​ម្នាក់​បាន​ជួប ហ៊ុន សែន មុន​ដាក់បណ្ដឹង

មុន​ដាក់បណ្ដឹង – សារព័ត៌មានបារាំងដ៏ធំ ឈ្មោះ«Le Progrès» បានបង្ហើបឲ្យដឹងថា មេធាវីជាតិបារាំងម្នាក់ ដែលស្ថិតក្នុងចំណោមមេធាវី ទាំងបីនាក់ បានធ្វើដំណើរទៅប្រទេសកម្ពុជា ដើម្បីជួបដោយផ្ទាល់ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...