កម្ពុជាដំណឹង

រ៉ូណា ស្មីត និង​អ្នកជំនាញ អ.ស.ប ថា​ច្បាប់ថ្មី​របស់​កម្ពុជា រឹតត្បិតសិទ្ធិ

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស​ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) រួមនឹងអ្នកជំនាញបីនាក់ទៀត របស់អង្គការដ៏ធំនេះ បានហៅសេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងប្រទេស​ក្នុងភាពអាសន្ន ដែលទើបត្រូវបានរដ្ឋសភាកម្ពុជា អនុម័ត្រយ៉ាងតក់ក្រហល់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ថាមានលក្ខណៈ​ជាការ«រឹតត្បិតសិទ្ធិសេរីភាព» របស់ពលរដ្ឋ ដែលខុសពីកតិកាសញ្ញាអន្តរជាតិ។

ការអះអាងរបស់ក្រុមអ្នកជំនាញ របស់អង្គការសហប្រជាជាតិ ធ្វើឡើងតាមរយៈលិខិត​«ឧបាស្រ័យ»​ជាផ្លូវការមួយ ដែលត្រូវបានផ្ញើរ ទៅកាន់រដ្ឋាភិបាលក្រុងភ្នំពេញ តាំងពីថ្ងៃទី៩ ខែមេសាកន្លងមក។

លិខិត«ឧបាស្រ័យ»នោះ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ ក្នុងថ្ងៃទី១៤ ខែមេសានេះ បានសរសេរបង្ហាញពីកង្វល់ ទាក់ទងនឹងចំណុចជាច្រើន នៅក្នុងសេចក្ដីព្រាងច្បាប់ ដ៏ចម្រូងចម្រាស់ ដែលត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន បង្កើតឡើង ដើម្បីអ្វីមួយ ដែលនាយករដ្ឋមន្ត្រីកម្ពុជា​បានថ្លែងខ្លួនឯងថា ជាច្បាប់បង្ការទល់នឹងការរាតត្បាត នៃជំងឺ «Covid-19»។

សម្រាប់ក្រុមអ្នកជំនាញ បានលើកឡើង​នៅក្នុងលិខិត​របស់ខ្លួនថា ផ្ទុយពីការអះអាងរបស់លោក ហ៊ុន សែន ខាងលើ សេចក្ដីព្រាងច្បាប់ថ្មី​មិនបានបង្ហាញ ពីវិធានការជាក់លាក់ និងចាំបាច់ ដើម្បីឆ្លើយតបនឹងវិបត្តិសុខភាពសាធារណៈនោះឡើយ។ លិខិតបានសរសេរបញ្ជាក់​ពីមាត្រា​ជាច្រើន​ដែលបានចែងឡើង ផ្ដល់សិទ្ធិអំណាចដ៏ធំធេង ឲ្យរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់វិធានការ (មាត្រា៥) និងធ្វើការដាក់ទោសទណ្ឌ (មាត្រា ៧ និងមាត្រា ៩) នៅពេលដែលភាពអាសន្ន ត្រូវបានប្រកាសក្នុងប្រទេស។

លិខិតរបស់ក្រុមអ្នកជំនាញ អ.ស.ប បានសរសេរទៀតថា បន្ថែមពីលើមាត្រាខាងលើ នៅមានមាត្រា១០មួយទៀត ដែលចែងឲ្យអំណាច​សម្រាប់​ច្បាប់ថ្មី ថារាល់«បទប្បញ្ញាត្តិទាំងឡាយណា» ដែលផ្ទុយពីច្បាប់នេះ នឹង«ត្រូវទុកជានិរាករណ៍» តែមិនបញ្ជាក់ឲ្យច្បាស់ ថាតើបទប្បញ្ញត្តិទាំងនោះ ជាអ្វីឡើយ។

អ្នកស្រី រ៉ូណា ស្មីត និងក្រុមអ្នកជំនាញ បានសរសេរថា៖

«ក្នុងខណៈដែលរដ្ឋាភិបាលរបស់លោក គ្រោងធ្វើការអនុម័ត្រ សេចក្ដីព្រាងច្បាប់ថ្មីនេះ យើងនៅតែទទូចថា វិធានការច្បាប់ ដែលសមស្រប នឹងធ្វើឱ្យមានតុល្យភាព យ៉ាងត្រឹមត្រូវ ជាមួយនឹងការគោរពសិទ្ធិមនុស្ស រួមទាំងសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ ដែលជាមូលដ្ឋានគ្រឹះ នៃភាពជោគជ័យ ក្នុងការឆ្លើយតប ទល់នឹងវិបត្តិសុខភាពសាធារណៈ។»

សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងប្រទេសជាតិ ដែលស្ថិតក្នុងភាពអាសន្ន ត្រូវបានបោះឆ្នោតអនុម័ត្ររួចរាល់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយរដ្ឋសភាកម្ពុជា ដែលមានតំណាងរាស្ត្រទាំងអស់ មកពីគណបក្សប្រជាជនកម្ពុជាតែមួយ។ ស្ថាប័នព្រឹទ្ធសភា ដែលទទួលបានសេចក្ដីព្រាងច្បាប់ ពីរដ្ឋសភា បានប្រកាសថា ខ្លួននឹងគ្រោងអនុម័ត្រច្បាប់ខាងលើ នៅក្នុងសប្ដាហ៍នេះដែរ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងការពារសេចក្ដីព្រាងច្បាប់ខាងលើ នៅក្នុងសន្និសីទ្ធសារព័ត៌មានមួយថា គ្មានប្រទេសណាមួយ នៅលើពិភពលោក ដែលមានច្បាប់បែបនេះហើយ មិនធ្វើការរឹតត្បិតសិទ្ធិសេរីភាព របស់ពលរដ្ឋនោះឡើយ។

ប្រធាន​ស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានសរសេរ​លើបណ្ដាញសង្គម កាលពី​ថ្ងៃ​ទី​១០ ខែមេសា​ថា លោក ហ៊ុន សែន បានធ្វើ«រដ្ឋប្រហារ»ជាថ្មី តាមរយៈការធ្វើច្បាប់នេះឡើង។

មេដឹកនាំប្រឆាំង បានពន្យល់ថា បុរសខ្លាំងកម្ពុជា​បានធ្វើច្បាប់ខាងលើ ដើម្បីទុក​ប្រើ ​នៅ​ពេល​គាត់​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន ​ក្នុងរយៈ​ពេល​១ឆ្នាំ​ឬ​២ឆ្នាំ​ខាងមុខ​​។ លោក រង្ស៊ី ​ថា នៅ​ពេល​ផ្ទេរ​អំណាច​នោះ លោក ហ៊ុន សែន នឹង​ប្រើ​ច្បាប់​នេះ ​ដើម្បី​កម្ចាត់​នរណា​​ដែល​ហ៊ាន​ប្រឆាំងនឹង​បំណង​របស់​គាត់ ជាពិសេស​គឺ​មន្ត្រី​ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯង និង​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ ដែល​មិន​ពេញចិត្ត​របប​គ្រួសារនិយម​ ដែលដឹកនាំ​ដោយគ្រួសារ​​ត្រកូល ហ៊ុន​៕



លំអិតបន្ថែមទៀត

កម្ពុជា

មេធាវី កឹម សុខា ថា​កូនក្ដី​ខ្លួន​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ជាមុន​សិន

«ត្រូវទម្លាក់ចោល បទចោទប្រកាន់ ជាមុនសិន» នេះ ជាការលើកឡើង របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ តាមរយៈមេធាវីរបស់លោក នៅមួយថ្ងៃបន្ទាប់ពីការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ...
កម្ពុជា

ស ខេង ពាក់«ម៉ាស់​បែប​វេជ្ជសាស្ត្រ» ទោះបី​មាន​ក្រមា​បង់ ក

រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បានពាក់ ម៉ាស់​បែប​វេជ្ជសាស្ត្រ បើទោះជាលោកមានក្រមា នៅជាប់នឹង ក លោកក្ដី។ រូបភាពនៃការពាក់ម៉ាស់ របស់បុរសខ្លាំងលេខពីរ ក្នុងរដ្ឋាភិបាលក្រុងភ្នំពេញ ...
កម្ពុជា

ហ៊ីង ប៊ុនហៀង ត្រូវ​អាមេរិក​«ដាក់​ក្នុង​បញ្ជីខ្មៅ»​​ដែល​​ត្រូវ​​បង្កក​​ទ្រព្យ​

មន្ត្រីជំនិតបំផុត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានតួនាទី ជាមេបញ្ជាការកងអង្គរក្ស ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់​ក្នុង​បញ្ជីខ្មៅ ដែលត្រូវបង្កកទ្រព្យសម្បត្តិ។ លោក ហ៊ីង ប៊ុនហៀង បានក្លាយជា​មន្ត្រីរដ្ឋាភិបាលកម្ពុជា​ដំបូងគេ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.