កម្ពុជាដំណឹង

អ្នកជំនាញ អ.ស.ប ស្នើ​ឲ្យ​ដោះលែង​​​យុវជន​​​និយម កែម ឡី ទាំង​ពីររូប

ក្រុមអ្នកជំនាញសិទិ្ធមនុស្ស អ.ស.ប (អង្គការសហប្រជាជាតិ) នៅថ្ងៃនេះ បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែង និងទម្លាក់ចោលបទចោទទាំងឡាយ លើបុរសពីររូប ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងសកម្មភាពរំឭកខួបបីឆ្នាំ នៃការធ្វើឃាតលើ លោក កែម ឡី អ្នកវិភាគនយោបាយ និងសកម្មជនសង្គម។

លោក គង់ រ៉ៃយ៉ា ត្រូវបានចាប់ខ្លួន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការបង្ហោះលើទំព័រហ្វេសប៊ុក លក់អាវយឺតដែលមានរូបលោក កែម ឡី និងផ្តល់ព័ត៌មានលម្អិត អំពីសេវាតាក់ស៊ីធ្វើដំណើរ ទៅកាន់កន្លែងប្រារព្ធពិធីរំឭកខួប នៅថ្ងៃបន្ទាប់។ លោក សួង នាគព័ន្ធ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ខណៈពេលដែលលោកកំពុងព្យាយាមចូលរួម ក្នុងពិធីបុណ្យរំឭកខួបលោក កែម ឡី។ បុរសទាំងពីររូបនោះ ត្រូវបានចោទប្រកាន់ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។

ក្រុមអ្នកជំនាញ អ.ស.ប បានមានប្រសាសន៍ថា៖

«យើងមានកង្វល់ អំពីការចាប់ខ្លួន ការឃុំខ្លួន និងការចោទប្រកាន់ពីបទព្រហ្មទណ្ឌទៅលើលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ (…) យោងតាមព័ត៌មានដែលយើងទទួលបាន លោកគង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ បានចូលរួមក្នុងការអនុវត្តស្របច្បាប់ នូវសេរីភាពក្នុងការសម្តែងមតិរបស់ពួកគេ ហើយលោក សួង នាគព័ន្ធ ហៀបនឹងបានចូលរួម នៅក្នុងពិធីបុណ្យរំឭកខួបដោយសន្តិវិធី។ ជាថ្មីម្តងទៀត យើងមានកង្វល់ថា អាជ្ញាធរកំពុងកំណត់គោលដៅ លើសេរីភាពក្នុងការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី។»

ក្រុមអ្នករាយការណ៍ពិសេស បានសម្តែងកង្វល់កន្លងមក អំពីការបង្ក្រាប ដែលនៅតែកើតមាន ទៅលើសង្គមស៊ីវិល និងទៅលើការអនុវត្តសេរីភាពជាមូលដ្ឋាន។

ក្រុមអ្នកជំនាញបានមានប្រសាសន៍ថា៖

«យើងសូមអំពាវនាវជាថ្មីម្តងទៀត ដល់រដ្ឋាភិបាល ឲ្យបង្វែរនិន្នាការ ដែលធ្លាក់ចុះនាពេលបច្ចុប្បន្ននៃការអនុវត្ត នូវសេរីភាពជាមូលដ្ឋាន (…) ការពិភាក្សាដោយបើកចំហលើប្រធានបទផ្សេងៗ សូម្បីតែនៅពេលដោះស្រាយបញ្ហារសើប ឬបញ្ហាសំខាន់ៗក៏ដោយ  មិនគ្រាន់តែជាការបញ្ចប់បញ្ហា ដែលកើតមានប៉ុណ្ណោះទេ វាថែមទាំងជាមធ្យោបាយមួយដើម្បីលើកកម្ពស់មតិយោបល់ គំនិតច្នៃប្រឌិត និងការពិភាក្សាដេញដោល ដែលចាំបាច់ដើម្បីជំរុញកម្ពុជា ឲ្យឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងសន្តិភាពយូរអង្វែង។»

អ្នកជំនាញ អ.ស.ប ទាមទារឲ្យសើបករណី កែម ឡី ដោយឯករាជ្យ

ក្រុមអ្នករាយការណ៍ពិសេស ក៏បានសម្តែងកង្វល់ផងដែរថា រយៈពេលបីឆ្នាំកន្លងមកនេះ ហាក់មិនមានការស៊ើបអង្កេតដោយឯករាជ្យ និងមិនលំអៀងជាក់ស្តែងណាមួយ ទៅលើករណីឃាតកម្មលើលោក កែម ឡី នោះទេ។

បន្ទាប់ពីសវនាការកន្លះថ្ងៃ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានរកឃើញបុគ្គលមួយរូប ថាមានពិរុទ្ធ ពីបទឃាតកម្ម ហើយបានផ្តន្ទាទោសបុគ្គលរូបនោះ ដាក់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ តុលាការកំពូលបានតំកល់ទោស ដាក់ពន្ធនាគារអស់មួយជីវិតនោះ។

ការស៊ើបអង្កេត ដែលកំពុងបន្តស្វែងរកអត្តសញ្ញាណជនដទៃទៀត ដែលជាប់ពាក់ព័ន្ធ នឹងការធ្វើឃាតលើលោក កែម ឡី ទំនងជាត្រូវជាប់គាំងហើយ ដោយគ្មាននរណាម្នាក់ត្រូវបានកោះហៅពាក់ព័ន្ធ នឹងការស៊ើបអង្កេតនេះឡើយ។

ក្រុមអ្នករាយការណ៍ពិសេស បានមានប្រសាសន៍ថា៖

«យើងមានកង្វល់ អំពីការខកខានជាក់ស្តែងមិនបានធ្វើការស៊ើបអង្កេត ឲ្យបានគ្រប់គ្រាន់ ដើម្បីបញ្ជាក់ឲ្យច្បាស់ អំពីករណីឃាតកម្មលើលោក កែម ឡី (…) យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលបង្កើតស្ថាប័នឯករាជ្យមួយ ដើម្បីធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាព និងមិនលំអៀង ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។»

នៅក្នុងដំណើរការនីតិវិធីព្រហ្មទណ្ឌ ប្រឆាំងនឹងសំឡេងឯករាជ្យដទៃទៀត ដូចជាអ្នកយកព័ត៌មាន លោក អ៊ួន ឈិន និង លោក យាង សុទ្ធារិន ក្រុមអ្នកជំនាញបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាបន្ទាន់ និងប្រកបដោយអត្ថន័យ ដើម្បីការពារសុវត្ថិភាពអ្នកសារព័ត៌មាន ដែលត្រូវបានវាយប្រហារ ចំពោះការអនុវត្តសិទ្ធិសេរីភាពសម្តែងមតិ របស់ពួកគេ។

ក្រុមអ្នកជំនាញ អ.ស.ប បានទំនាក់ទំនងប្រាប់ពីកង្វល់ របស់ពួកគាត់ ទៅរដ្ឋាភិបាលកម្ពុជារួចហើយ៕

(English below) – UN EXPERTS CONCERNED BY ARRESTS AROUND KEM LEY MEMORIAL… យើង សូម អំពាវនាវ ឲ្យ អាជ្ញាធរ កម្ពុជា ដោះលែង និង ទម្លាក់ ចោល បទ ចោទ ទាំងឡាយ លើ លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ។

Posted by Special Rapporteur Cambodia on Friday, July 26, 2019


លំអិតបន្ថែមទៀត

ដំណឹង

អគ្គលេខាធិការ អ.ស.ប ស្នើយោធាភូមា​«បញ្ឈប់ជាបន្ទាន់»​នូវការបង្ក្រាប

លោក អង់តូនីញ៉ូ ហ្គូតេរេស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានអំពាវនាវ​នៅថ្ងៃចន្ទ​នេះ ឲ្យយោធានៃ​ប្រទេសភូមា ដែលបានធ្វើរដ្ឋប្រហារ កាលពី៣សប្ដាហ៍មុន ត្រូវ«បញ្ឈប់ជាបន្ទាន់» នូវការបង្ក្រាប​ទៅលើ​ការតវ៉ា​ទាំងឡាយ ...
កម្ពុជា

ហ៊ុន សែន ព្រមាន​«ដកព្រះរាជអាជ្ញាណា» ដែល​មិនធ្វើតាម​លោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងរសៀលថ្ងៃអង្គារ ទី១២ ខែមិនា ឆ្នាំ២០១៩នេះ ថានឹង«ដកព្រះរាជអាជ្ញាណា» ដែលមិនធ្វើតាមនយោបាយព្រហ្មទណ្ឌ នៃរបបដឹកនាំរបស់លោក។ ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបការងារ ឆ្នាំ២០១៨ ...
កម្ពុជា

ផែង វណ្ណៈ ត្រូវ​បាន​ចាប់ខ្លួន​ទាក់ទង​ការបង្ហោះ​មួយ​អំពី ហ៊ុន សែន

៊លោក ផែង វណ្ណៈ មន្ត្រីយោធាមួយរូប ដែលគេស្គាល់ថា ជាអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បី និងជាអ្នកគាំទ្រលោក ហ៊ុន សែន ដ៏មុតមាំនោះ ត្រូវបានកងកម្លាំងរាជអាវុធហត្ថ ចាប់ខ្លួន កាលពីព្រឹកថ្ងៃទី២ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...