កម្ពុជាដំណឹង

ហេតុផលពីរយ៉ាង ដែល​នាំស្ថានទូត​អាមេរិក​លូកដៃ​ចូល​ក្នុង​ករណី កឹម សុខា

ស្ថានទូត​សហរដ្ឋអាមេរិក​ពិតជាមានសិទ្ធិ ក្នុងកិច្ចអន្តរាគមន៍លូកដៃ ចូលករណីលោក កឹម សុខា ដោយសារ«ហេតុផលពីរយ៉ាង»។ នេះ បើតាមការអះអាង​របស់អ្នកនាំពាក្យ​ស្ថានទូត​ នៃប្រទេសមហាអំណាច ប្រចាំក្នុងរាជធានីភ្នំពេញ ដើម្បីប្រតិកម្មតប​ទៅសេចក្ដី​ថ្លែងការណ៍ របស់ក្រសួងការបរទេស​កម្ពុជា ដែលចេញផ្សាយ​ កាលពី​ចុងសប្ដាហ៍​​កន្លង​មក។

ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ក្នុងថ្ងៃអាទិត្យទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មន្ត្រីអ្នកនាំពាក្យ​ស្ថានទូត លោក អារិន ឆ្វាតចេស (Arend Zwartjes) បានលើកយក «ហេតុផល​ពីរយ៉ាង»នោះ មកពន្យល់ថា៖

«ទី​១ ​​សហរដ្ឋអាមេរិក​ជា​ហត្ថលេខី ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​មាន​ភារកិច្ច​ទទួលខុស​ត្រូវ​ លើ​កិច្ចព្រមព្រៀង​នេះ នឹង​ចង់​ឃើញ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ត្រូវ​បាន​គោរព​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ សេចក្ដី​ប្រកាស​បញ្ជាក់​ថា ប៉ុន្តែ​ជា​អកុសល រដ្ឋាភិបាល​កម្ពុជា​ មិនបាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការ​គោរព​សិទ្ធិមនុស្ស លទ្ធិ​ប្រជាធិបតេយ្យ ដូច​មាន​ចែង ​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស ដើម្បី​ការពារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។»

«ទី​២ កម្ពុជាបាន​ទាញ​សហរដ្ឋអាមេរិក ឱ្យ​មក​ពាក់ព័ន្ធ​ផ្ទាល់​តែម្ដង ក្នុង​រឿង​លោក កឹម សុខា។ សេចក្ដី​ប្រកាស​បន្ត​ថា ការ​ឃុំខ្លួនលោក កឹម សុខា និង​ចោទប្រកាន់​ ពី​បទ​ផ្សំ​គំនិត​​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ គឺជា​ការ​ចោទប្រកាន់​មិន​ពិត និង​មិន​ទំនង​ទាល់តែសោះ​។ ដូច្នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ទាញអាមេរិក ឱ្យ​មក​ចូល​ដោយ​ផ្ទាល់ ​ក្នុង​រឿង​នេះ​។»

កាលពីថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថានទូតសហរដ្ឋអាមេរិក បានអះអាងតាម​រយៈ​ទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែល​កំពុង​ជាប់ឃុំ ក្នុងគេហដ្ឋានសព្វថ្ងៃ គឺជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោមបទចោទប្រកាន់មិនពិត។

សំណេរនៃទំព័រហ្វេសប៊ុករបស់ស្ថានទូត បានរំឭកថា លោក កឹម សុខា បានជាប់ក្នុង​ការឃុំឃាំង​ជិត ១៨ខែហើយ ពោលគឺមានរយៈពេល ៥៣០ថ្ងៃ នៃការជាប់ឃុំ។ ស្ថានទូត​បន្តអះអាងថា៖

«មិនមានភស្តុតាងណាមួយ ប្រឆាំងនឹងគាត់ឡើយ ហើយក៏មិនទាន់ [មាន]ការកំណត់ [ដើម្បី]បើកសវនាការកាត់ទោសគាត់ដែរ។ គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មាន​យុត្តិធម៌។ តើអ្នកកំពុងមើលឃើញ រូបភាពរួម[ដូច្នេះឬ]ទេ?»

ស្អែកឡើង គឺនៅថ្ងៃសៅរ៍ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃរបប​ក្រុងភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍មួយ ប្រតិកម្មនឹងការលើកឡើងនោះ ដោយ​ចាត់ទុក​ទង្វើរបស់ស្ថានទូត នៃប្រទេសមហាអំណាច ថាមានលក្ខណៈ«មិនការទូត» និង​បានជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជា។

សម្រាប់របបដឹកនាំ របស់លោក ហ៊ុន សែន ការបង្ហោះ​របស់​ស្ថានទូតអាមេរិក គឺជា​«សារ​អត្ថាធិប្បាយ​តែមួយជ្រុង លើសំណុំរឿងលោក កឹម សុខា» ហើយស្ថានទូតអាមេរិក ត្រូវ​បាន​ទាមទារឲ្យ«បញ្ឈប់ជាបន្ទាន់ នូវសកម្មភាព​ដែល​មាន​ហេតុផល​​​នយោបាយ និងគ្មាន​ការទូតនេះ»៕



លំអិតបន្ថែមទៀត

ដំណឹង

បាញ់ប្រហារ​នៅ​«តិចសាស់» ស្លាប់របួស​ច្រើន​នាក់ និង​ចាប់ខ្លួន​បាន​១នាក់

មជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៃក្រុង «El Paso» ក្នុងរដ្ឋ«តិចសាស់» សហរដ្ឋអាមេរិក បានរងការបាញ់ប្រហារ ដោយខ្មាន់កាំភ្លើងម្នាក់ នាំល្ងាចថ្ងៃសៅរ៍នេះ។ សម្រាប់តុល្យភាពបណ្ដោះអាសន្ន អាជ្ញាធរបានលើកឡើង ពីមនុស្សស្លាប់និងរបួសច្រើននាក់ ហើយជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។ ...
កម្ពុជា

ក្រុងភ្នំពេញ​ព្រមាន​ចាត់វិធានការ​ប្រឆាំង​«ការញុះញង់​ពីនាយសមុទ្រ»

របបដឹកនាំក្រុងភ្នំពេញ បានប្រកាសចាត់វិធានការ ប្រឆាំងនឹងបណ្ដាជននៅក្រៅប្រទេសទាំងឡាយណា ដែលរបបនេះរកឃើញថា បានបង្កើត«ការញុះញង់​ពីនាយសមុទ្រ» ដោយអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋ «ក្នុងបំណងបង្កើតកម្លាំងចលនាមហាជន ប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងរាជរដ្ឋាភិបាល»។ សេចក្ដីថ្លែងការណ៍មួយ របស់ការិយាល័យអ្នកនាំពាក្យ នៃរបបដឹកនាំក្រុងភ្នំពេញ ...
និមិត្តសញ្ញារបស់ស្ថានទូតអាមេរិក និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថតកាត់ត)
កម្ពុជា

អាមេរិកប្រាប់ក្រុងភ្នំពេញ ឲ្យ​«តម្កល់សុខុមាល​​​ភាព»​ជាតិ​ខ្ពស់ជាង​អ្វីទាំងអស់

«សូមអំពាវនាវ ឲ្យ​មេដឹកនាំកម្ពុជា”តម្កល់សុខុមាល​​​ភាព”របស់ប្រទេស ឲ្យខ្ពស់ជាង​​ផលប្រយោជន៍​ផ្ទាល់ខ្លួន និងផលប្រយោជន៍​​នយោបាយ» នេះ ជាអ្វីដែលគេបានអាន នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីប្រតិកម្មទៅនឹងការបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ «EBA»។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.