នៅខណៈអាណត្តិរបស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ឈានជិតដល់ទីបញ្ចប់នោះ ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ កំពុងពិចារណា​លើបេក្ខភាព របស់«បេក្ខជនបីរូប» ដែលនឹងមកបន្តតំណែង ជាអ្នក​រាយការណ៍​ពិសេស ស្តីពីស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ នេះ បើតាមរបាយការណ៍ របស់ស្ថាប័នសិទ្ធិមនុស្ស នៃអង្គការ​សហប្រជាជាតិ ដែលទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បានចូល​ទៅ​ពិគ្រោះ។

អ្នកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត ត្រូវបានតែងតាំង ឲ្យធ្វើជាអ្នករាយការណ៍ពិសេស ចាប់ពីខែមីនា ឆ្នាំ២០១៥មក។ បើតាមអាណត្តិ ដែលកំណត់​ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស អ្នកស្រី ស្មីត នឹងបញ្ចប់តំណែងខាងលើ នៅត្រឹមខែមីនា ឆ្នាំ២០២១ខាងមុខ។

រីឯបេក្ខជនទាំងបីរូប ដែលត្រូវបានជ្រើសរើស ដោយក្រុមពិគ្រោះយោបល់ ដែលសុទ្ធសឹងជាតំណាង​ មកពីរដ្ឋ​ជាសមាជិកនានា រួមមាន៖

១. លោក វិទិត ម៉ុនតារបន (​Vitit MUNTARBHORN​) ជាជនជាតិថៃ
២. អ្នកស្រី អ៊ួរមីឡា ប៊ុលឡា (​Urmila BHOOLA​) ជាជនជាតិអាហ្វ្រិកខាងត្បូង និង
៣. អ្នកស្រី ខាធឺរីន មួររីស (​Catherine MORRIS​) ជាជនជាតិកាណាដា។

ម្នាក់ពីចំណោម«បេក្ខជនបីរូប» នឹងបន្តតំណែងពី រ៉ូណា ស្មីត

នៅខណៈនេះ អនុសាសន៍របស់ក្រុមពិគ្រោះយោបល់ ដែលលើកពីបេក្ខជនទាំងបីរូបខាងលើ ត្រូវបានបញ្ជូន​ដល់ដៃ​អ្នកស្រី «Nazhat Shameem KHAN» ដែលជា​ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។ ហើយ​អ្នកស្រី «Nazhat Shameem KHAN» ក៏កំពុងពិគ្រោះយោបល់ ជាមួយក្រុមរដ្ឋ​ក្នុងតំបន់ដែរ ដើម្បីស្វែងរក​មតិគាំទ្រ​ជាឯកច្ឆន្ទៈ។

បេក្ខជន ដែលនឹងក្លាយជាអ្នករាយការណ៍ពិសេស បន្តពីអ្នកស្រី រ៉ូណា ស្មីត នឹងត្រូវប្រកាសឈ្មោះ នៅចុងខែមីនា​ខាងមុខ ហើយឥស្សរជន​រូបនោះ នឹងត្រូវចូលកាន់មុខតំណែង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។

ប្រទេសកម្ពុជា ត្រូវបានដាក់ក្រោមការឃ្លាំមើល អំពីបញ្ហាសិទ្ធិមនុស្ស ដោយអនុលោមតាមកិច្ចព្រមព្រៀង​សន្ដិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលចុះហត្ថលេខា ដោយបណ្ដាភាគីជម្លោះខ្មែរ និងប្រទេសចំនួន១៨ រួមនឹងតំណាង​របស់​អង្គការសហប្រជាជាតិផង។ មាត្រា១៧ នៃកិច្ចព្រមព្រៀងនេះ បានសរសេរថា៖

«ក្រោយពីរយៈកាលអន្តរកាល ត្រូវបានបញ្ចប់ គណៈកម្មការ អ.ស.ប ស្ដីពីសិទ្ធិមនុស្ស គប្បីបន្តតាមដាន​ឲ្យបាន​ដិតដល់ ពីស្ថានភាព​សិទ្ធិមនុស្ស នៅកម្ពុជា ហើយបើចាំបាច់ រួមមានទាំងការតែងតាំង អ្នកធ្វើកំណត់ហេតុ​ពិសេស​ម្នាក់ ដែលត្រូវធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ស្ដីពីលទ្ធផល​​នៃការរកឃើញរបស់ខ្លួន ទៅជូនគណៈកម្មការ និង​មហាសន្និបាត។»

បន្ទាប់ពីប្រទេសកម្ពុជា មានរដ្ឋាភិបាលស្របច្បាប់ ក្នុងឆ្នាំ១៩៩៣ អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​តែងតាំង​​បេសកជន​ពិសេសរបស់ខ្លួន ដើម្បីធ្វើជាអ្នកឃ្លាំមើល-រាយការណ៍ ស្ដីពីបញ្ហាសិទ្ធិមនុស្ស ប្រចាំ​នៅកម្ពុជា។ តែចាប់ពីឆ្នាំ២០០៨រហូតមក ការតែងតាំង​ខាងលើ បានប្ដូរមកនៅត្រឹម ជាអ្នករាយការណ៍ពិសេស ដែលតែងតាំង​ដោយ​ក្រុមប្រឹក្សាសិទ្ធិមនុស្សវិញ៕



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកជំនាញ អ.ស.ប ស្នើជាថ្មី​ឲ្យកម្ពុជា​គោរពសិទ្ធិ​ ជនជាប់ចោទ​ទាំង​​៦០នាក់

ការជំនុំជម្រះក្ដី​លើ ជនជាប់ចោទ​ទាំង​​៦០នាក់ ដែលនឹងត្រូវធ្វើឡើង ក្នុងថ្ងៃតែមួយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ខាងមុខ នឹងធ្វើឲ្យ​«សិទ្ធិបុគ្គល​របស់ពួកគេ ក្នុងការទទួលបាន​ការជំនុំជម្រះក្តី ប្រកបដោយយុត្តិធម៌ ត្រូវប្រឈមនឹងហានិភ័យ»។ នេះ ជាការអះអាងឡើង ...
កម្ពុជា

ក្រសួងមហាផ្ទៃថា អ្នកជាប់ឃុំម្នាក់​​ត្រូវបាន​រកឃើញ​«វិជ្ជមានកូវីដ-១៩»

ក្រសួងមហាផ្ទៃកម្ពុជា បានអះអាងថា អ្នកជាប់ឃុំម្នាក់ ត្រូវបានធ្វើតេស្ដិ៍ បង្ហាញលទ្ធផល«វិជ្ជមានកូវីដ-១៩» ពីក្នុងចំណោមការធ្វើតេស្ដិ៍ ទៅលើអ្នកជាប់ឃុំ​ជាង១០០នាក់ ដែលបានសង្ស័យថា បានជាប់ពាក់ព័ន្ធនឹងករណីលោក ឆែម សាវុធ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ ដែលត្រូវបានរកឃើញ«​វិជ្ជមានកូវីដ-១៩» ...
កម្ពុជា

ក្រុមអ្នកជំនាញ អ.ស.ប ថាការជំនុំជម្រះក្តី កឹម សុខា «គ្មានគុណភាព»

«គ្មានគុណភាព» នេះជាការអះអាងឡើង របស់ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដើម្បីហៅការជំនុំជម្រះក្តី ពីបទក្បត់ជាតិ ដែលបានបើកសវនាការ ក្នុងអាទិត្យនេះ ប្រឆាំងនឹងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.