កម្ពុជាដំណឹង

អាមេរិក​និង​មន្ត្រី​ជំនាញ អ.ស.ប បរិហារ​ការចា​ប់ខ្លួន​យុវជន​និយម កែម ឡី

ទាំងសហរដ្ឋអាមេរិក និងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ( អ.ស.ប ) សុទ្ធតែបានសំដែងប្រតិកម្មរបស់ផងខ្លួន នៅចំពោះទង្វើចាប់ចងរបស់អាជ្ញាធរ នៃរបបក្រុងភ្នំពេញ ប្រឆាំងយុវជនពីរនាក់កាលពីសប្ដាហ៍មុន នៅខណៈពួកគេបានចូលរួម រំឭកខួបបីឆ្នាំ នៃឃាតកម្មលើលោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​ និង​សង្គម​ដ៏​ល្បី​ល្បាញ​មួយ​រូប ​របស់​ប្រទេស​កម្ពុជា។​

យុវជនពីរនាក់ លោក​ គង់ រ៉ៃយ៉ា និង​លោក​ សួង​ នាគព័ន្ធ ​ត្រូវបានក្រុមអាជ្ញាធរចាប់ខ្លួន ជាបន្តបន្ទាប់ ក្នុងយប់ថ្ងៃទី៩ និងនៅព្រឹកទី១០ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីលោក គង់ រ៉ៃយ៉ា បានប្រកាសលក់អាវ ដែលមានរូបថត និងពាក្យសំដីរបស់លោក កែម ឡី នៅលើបណ្ដាញសង្គម និងបន្ទាប់ពីលោក សួង នាគព័ន្ធ បានកាន់ខិត្តប័ណ្ណ ដែលមានសរសេរ ស្នើសុំឲ្យបញ្ឈប់ការសម្លាប់មនុស្ស ក្រៅប្រព័ន្ធ។

យុវជននិយមលោក កែម ឡី ទាំងពីរនាក់ ត្រូវបានបញ្ជូនខ្លួនបន្ត ទៅកាន់តុលាការរាជធានី ហើយត្រូវបានចោទប្រកាន់ជាផ្លូវការ ពី​បទ«​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» មុននឹងត្រូវចៅក្រមស៊ើបសួរ​បញ្ជូនពួកគេ ទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស។

ប្រសិន​បើ​តុលាការ​រក​ឃើញ​ ពីការប្រព្រឹត្តិកំហុសមែននោះ យុវជនទាំងពីរនាក់ នឹងប្រឈមការ​ជាប់​ពន្ធនាគារ ​ពី៦​ខែ​ដល់​២​ឆ្នាំ។

ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយក្នុងថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បានគូសបញ្ជាក់ថា៖

«សហរដ្ឋ​អាមេរិក មាន​ការ​ព្រួយ​បារម្ភ​ ចំពោះ​ការណ៍​ដែល​រដ្ឋាភិបាល​[កម្ពុជា] បន្ត​ប្រើ​ការ​ចោទ​ប្រកាន់​ ដែល​គ្មាន​មូលដ្ឋាន ហើយ​មាន​លក្ខណៈ​នយោបាយ ​ដើម្បី​យាយី​ពលរដ្ឋ​របស់​ខ្លួន ដែល​រួម​មាន​ ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន ​នា​ពេល​ថ្មីៗ​នេះ ខណៈពួកគេធ្វើការ​គោរព​ ដល់​វិញ្ញាណក្ខន្ធ​របស់​លោក កែម ឡី ដោយ​សន្តិ​វិធី។»

សេចក្ដីថ្លែងការណ៍នោះ បាន​បញ្ជាក់ថា ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ «គួរតែ​អាច​អនុវត្ត​សិទ្ធិ​របស់​គេ ក្នុង​​ការ​បញ្ចេញ​​ទស្សនៈ​របស់ខ្លួន​ដោយ​សេរី និង​ក្នុង​ការ​ធ្វើ​ការ​ប្រមូល​ផ្តុំគ្នា​ដោយ​សន្តិ​វិធី»។ ​ស្ថាន​ទូតរបស់ប្រទេសមហាអំណាច បាន​រំឭករបបដឹកនាំរបស់លោក ហ៊ុន សែន ​ថា៖

«យើង​តែង​បាន​អំពាវនាវ ទៅ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យដក​ចេញ​នូវ​ការ​រឹតត្បិត ផ្នែក​នយោបាយ​ដ៏​ហួសហេតុ ទៅ​លើ​មនុស្ស​ទាំងអស់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​ទាំងឡាយ​ណា ដែល​ត្រូវ​បាន​ឃុំខ្លួន​តាម​អំពើ​ចិត្ត ឬ​ទាំង​ខុស​ច្បាប់ ហើយ​ប្រកាន់​ខ្ជាប់​នូវ​សិទ្ធិ​មនុស្ស ​និង​សេរីភាព​ជា​មូលដ្ឋាន។»

(English below) នៅខួបលើកទី ៣ នៃការស្លាប់របស់លោក រដ្ឋាភិបាលសហរដ្ឋអាមេរិក សូមអំពាវនាវ សារជាថ្មី…

Posted by U.S. Embassy Phnom Penh, Cambodia on Thursday, July 11, 2019

អ្នកជំនាញ អ.ស.ប ថាយុវជន កែម ឡី និយមទាំងពីរអនុវត្តសិទ្ធិពួកគេ…

សម្រាប់អ្នក​រាយការណ៍​ពិសេស ​របស់​អង្គការ​សហ​ប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith)​ បាន​លើកឡើង ក្នុង​​សេចក្ដីថ្លែងការណ៍មួយដែរថា៖

«មនុស្សគ្រប់រូបមានសិទ្ធិ ក្នុងការជួបប្រជុំ និងការបង្កើតសមាគម ដោយសន្តិវិធី រាប់ទាំង ការរៀបចំដោយសន្តិវិធី នូវពិធីរំឭកខួបមរណភាព របស់ឥស្សរជនសាធារណៈ។»

អ្នកជំនាញរបស់ អ.ស.ប រូបនេះ បានបន្តថា៖

«ការ​រឹតត្បិត​ លើ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ និង​ការ​បញ្ចេញ​មតិ​ ត្រូវ​តែ​កំណត់​ព្រំដែន និង​កំណត់​និយម​ន័យ ​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​ឥរិយាបថ​ ឬ​សេចក្តី​ថ្លែងការណ៍​គាំទ្រ​ ដល់​ឥស្សរជន​សាធារណៈ​ មិន​គួរ​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​ បែប​នេះ​ឡើយ។»

THREE YEARS AFTER KEM LEY បីឆ្នាំ បន្ទាប់ពី មរណភាព របស់លោក កែម ឡី សំណួរជាច្រើន នៅតែ មិនទាន់ មានចម្លើយ នៅឡើយ។ ពេលនោះ…

Posted by United Nations Human Rights in Cambodia on Friday, July 12, 2019


ការលើកឡើង របស់ស្ថានទូតអាមេរិក និងមន្ត្រី អ.ស.ប ទទួលប្រតិកម្មតប ពីរដ្ឋាភិបាលក្រុងភ្នំពេញវិញ ដោយអះអាងថា ក្រុមអាជ្ញាធរបានអនុវត្តតាមច្បាប់កម្ពុជា និងតាមនីតិវិធីត្រឹមត្រូវ ក្នុងការចាប់ខ្លួនយុវជន ទាំងពីរនាក់ខាងលើ។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន​ បានហៅការ​លើក​ឡើង របស់ស្ថានទូតអាមេរិក ថាមាននិន្នាការលំអៀង និងថែមទាំងបានចោទគណបក្សសង្គ្រោះជាតិ ថានៅពីក្រោយសកម្មភាព របស់យុវជនទាំងពីរនោះផង។

យ៉ាងណា លោក សំ សុគង់ មេធាវីការពារក្ដីឲ្យយុវជនទាំងពីរ បានអះអាងថា នឹងដាក់ពាក្យស្នើសុំ ទៅកាន់សាលាដំបូងរាជធានី ដើម្បីឲ្យ​កូន​ក្តី​របស់​លោក​ ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ក្នុង​សប្តាហ៍​នេះ៕



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកជំនាញ អ.ស.ប ស្នើ​ឲ្យ​ដោះលែង​​​យុវជន​​​និយម កែម ឡី ទាំង​ពីររូប

ក្រុមអ្នកជំនាញសិទិ្ធមនុស្ស អ.ស.ប (អង្គការសហប្រជាជាតិ) នៅថ្ងៃនេះ បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែង និងទម្លាក់ចោលបទចោទទាំងឡាយ លើបុរសពីររូប ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងសកម្មភាពរំឭកខួបបីឆ្នាំ នៃការធ្វើឃាតលើ លោក កែម ឡី ...
ពីឆ្វេងទៅស្ដាំ៖ លោក ចូ បៃដេន និងលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតឆ្នាំ២០២០។ (រូបថតសហការីលើទ្វីសធើរ)
ដំណឹង

ត្រាំ មិនចូលរួម​ពិធីស្បថ​«ចូលកាន់តំណែង»​របស់ បៃដិន ថ្ងៃ២០មករាទេ

ប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសនៅថ្ងៃសុក្រនេះ ថាលោកនឹងមិនចូលរួម ក្នុងពិធីស្បថ​«ចូលកាន់តំណែង»​របស់លោក ចូ បៃដិន (Joe Biden) ...
កម្ពុជា

អ្នកជំនាញ អ.ស.ប ថា​រដ្ឋាភិបាលកម្ពុជា​​បិទ​សំឡេង​ដៃគូ​ប្រជែង​នយោបាយ

ក្រុម«អ្នកជំនាញ» ផ្នែកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ( អ.ស.ប ) បានសម្តែងកង្វល់របស់ផងខ្លួន ចំពោះនិន្នាការកើនឡើង នៃការគាបសង្កត់ដោយរដ្ឋាភិបាលកម្ពុជា ​ទៅលើ​មតិយោបល់ផ្ទុយពីខ្លួន ដែលហាក់ដូចជាមានបំណងបំភិតបំភ័យ ឬបំបិទសំឡេងអ្នកប្រឆាំង ផ្នែកនយោបាយ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.