កម្ពុជាដំណឹង

ស ខេង បដិសេធ​​ជាថ្មី មិនបាន​នៅ​ពីក្រោយ​«ការនិរទេសខ្លួន»​របស់ សម រង្ស៊ី

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បានប្រកាសសារជាថ្មី ថាលោកមិនបាន​នៅពីក្រោយ «ការនិរទេសខ្លួន»របស់លោក សម រង្ស៊ី មិនឲ្យវិលចូលប្រទេស​កម្ពុជា កាលពី​ចុងឆ្នាំ២០១៥ នោះទេ។ ការអះអាងនេះ ធ្វើឡើងជាលើកទីពីរ បន្ទាប់ពីលោកបានច្រានចោលម្ដងហើយ កាលពីចុងខែកន្លងទៅ។

កាលនោះ លោក សម រង្ស៊ី បានថ្លែងពីសហរដ្ឋ​អាមេរិក តាមរយៈវិទ្យុអាស៊ីសេរី ទម្លាយអាថ៌កំបាំងថា គឺលោក ស ខេង ជាអ្នកផ្ដល់ដំណឹង ទៅឲ្យឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំកម្ពុជា ដើម្បីបញ្ជូនដំណឹង​ទៅលោក សម រង្ស៊ី ឲ្យមេដឹកនាំប្រឆាំងរូបនេះ ត្រូវផ្អាកដំណើរវិលចូលកម្ពុជា ដើម្បីអនុញ្ញាតឲ្យរូបលោក (ស ខេង) អាចរៀបចំផ្ទៃក្នុង​​គណបក្សប្រជាជនកម្ពុជា ជាមុនសិន។

តបនឹងការលើកឡើងនោះ លោក ស ខេង បានបដិសេធថា លោកនៅពីក្រោយខ្នង នៃការនិរទេសខ្លួន របស់លោក សម រង្ស៊ី ហើយសារបដិសេធដដែលនោះ ត្រូវបានទំព័រផ្លូវការ របស់លោករដ្ឋមន្ត្រីមហាផ្ទៃ យកមកបង្ហោះឡើងវិញ កាលពីម្សិលម៉ិញ។

អ្វីដែលប្លែក នៅត្រង់ថា សារខាងលើ​ត្រូវបានសារព័ត៌មាន «Fresh News» ដែលល្បីថា មាននិន្នាការ​រណប​រដ្ឋាភិបាលលោក ហ៊ុន សែន យកមកចុះផ្សាយភ្លាមៗ ដោយដាក់ចំណងជើងថា «សម្តេចក្រឡាហោម ស ខេង បញ្ជាក់ជាថ្មីថា សមត្ថកិច្ចបានទទួលដីកាតុលាការ ដើម្បីចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី រួចហើយ»។

ដូចគ្នាបេះបិត

ហើយនៅព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងពីខេត្តកំពតមក អះអាងដូចទៅនឹងអ្វី ដែលសារព័ត៌មានខាងលើ បានដាក់​ចំណងជើងដែរ ដើម្បីបញ្ជាក់​ពីចំណាត់ការ ​តាមចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនណា​ជាមេដឹកនាំប្រឆាំង បង្ហាញវត្តមាន នៅលើទឹកដីកម្ពុជា។

លោក ហ៊ុន សែន បានថ្លែងដូចគ្នាបេះបិត នឹងចំណងជើងរបស់ «Fresh News» ដូច្នេះថា៖

«អ្នកត្រូវដឹង សាលក្រមតុលាការ… ម្សិលម៉ិញ សម្ដេចក្រឡាហោម បានប្រកាសហើយថា បានទទួលដីកា ឲ្យចាប់ខ្លួនអាហ្នឹងហើយ។ អញ្ចឹងមានទៅស្អី! ស្ដាយណាស់ ដែលអ្នកឯងរត់រួច ឥឡូវបានអ្នកឯងមកវិញ គឺវាស្មើនឹង ការដើររកអុស ប្រទះឈើងាប់។ ផ្ដាំទៅ!»

នៅក្នុងសេចក្ដីប្រកាស របស់លោក ស ខេង ដែលបដិសេធ ការនៅពីក្រោយ​«ការនិរទេសខ្លួន»​របស់មេដឹកនាំប្រឆាំង បានសរសេរឲ្យដឹងថា៖

«ក្នុងនាម​ជាអ្នកដែលចូលរួម ក្នុងឆាកនយោបាយ ខ្ញុំដូចជា​មិនដល់ថ្នាក់ឆោតល្ងង់ ប្រាប់ សម រង្ស៊ី មិនឲ្យវិលចូលស្រុកនោះទេ។ ប្រការនេះ ខុសទាំងស្រុង​ពីច្បាប់រដ្ឋធម្មនុញ្ញ និងអាច​ផ្តល់ឱកាស​គ្រប់ពេលវេលា​ឲ្យ សម រង្ស៊ី មានលេសវាយប្រហារ​មកលើរូបខ្ញុំវិញ នៅពេលដែលសមត្ថកិច្ច បានទទួលដីកា​ដើម្បីចាប់ខ្លួន សម រង្ស៊ី រួចហើយ។»៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី បដិសេធ​ផ្ញើរ​សារសម្ងាត់​ ឲ្យ​ទៅ ហ៊ុន សែន

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស បានបដិសេធការបង្ហើបឡើង របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលអះអាងថា លោកបានផ្ញើរសារសម្ងាត់មួយ ...
កម្ពុជា

ហ៊ុន សែន អះអាង​ទទួលបាន Licence ពី​សហព័ន្ធ​កីឡា​កូនគោល​បារាំង

ពិតជាមិនធម្មតា បើសិនជាគេឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបាន «Licence» មួយ ពីសហព័ន្ធកីឡាកូនគោលបារាំង ហៅកាត់តាមភាសាបារាំង «FFGOLF»។ កាន់តែមិនធម្មតាទៀត បើសិនជាគេឃើញលោក ...
កម្ពុជា

កាសែតជប៉ុន​រំឭក​រដ្ឋាភិបាល​ខ្លួនពី​«ចំណាត់ការ»​របស់ EU ចំពោះ​ ហ៊ុន សែន

មិនមែនជាអត្ថបទព័ត៌មាន ឬជាសេចក្ដីរាយការណ៍ទេ តែជា«បទវិចារណកថា» របស់ការិយាល័យនិពន្ធ នៃសារព័ត៌មានជប៉ុនដ៏ធំមួយ ហៅថា «Japan Times» ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍។ សារព័ត៌មាននេះ ហាក់ពន្យល់ទៅរដ្ឋាភិបាលជប៉ុន នៅក្នុងអត្ថបទនោះថា «សហភាពអ៊ឺរ៉ុប ពិតជាធ្វើ”ចំណាត់ការ”ត្រឹមត្រូវ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.