កម្ពុជាដំណឹង

សម រង្ស៊ី បង្ហើប​ថា ស ខេង ជា​អ្នក​រៀបចំ​គម្រោង​ឲ្យ​លោក​និរទេស​ខ្លួន

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហើបឲ្យដឹង នៅថ្ងៃនេះថា ការខកខាន នៃការវិលចូលប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយដែលធ្វើឲ្យលោក រស់នៅនិរទេសខ្លួន នៅក្រៅប្រទេស រហូតមកដល់ថ្ងៃនេះ គឺមានការរៀបចំគម្រោងដំបូងឡើយ ដោយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ 

មេដឹកនាំប្រឆាំង បានថ្លែងអះអាងដូច្នេះ នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយវិទ្យុអាស៊ីសេរី កាលពីប៉ុន្មានម៉ោងមុន នៅចំពោះការចោទសួរ របស់អ្នកសារព័ត៌មាន លោក ជុន ច័ន្ទបុត្រ ជុំវិញការប្ដូរជំហររបស់លោក មិនវិលត្រឡប់ចូលប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈលោកបានប្រកាស ពីមុនមកថា នឹងវិលចូលប្រទេសវិញនោះ។

លោក សម រង្ស៊ី ពន្យល់ថា៖

«កាលពីឆ្នាំ២០១៥ ក្នុងពាក់កណ្ដាលខែវិច្ឆិកា ខ្ញុំនៅកូរ៉េខាងត្បូង។ ខ្ញុំរៀបចំទៅប្រទេសកម្ពុជាវិញហើយ ថ្ងៃទី១៦ វិច្ឆិកានោះ ស្រាប់តែខ្ញុំបានទទួលព័ត៌មាន (…) លោកឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក គាត់បានប្រាប់ខ្ញុំថា គាត់ទើបតែជួបលោក ស ខេង គេបានពិគ្រោះយោបល់គ្នាថា ឲ្យខ្ញុំផ្អាកការវិលត្រឡប់ទៅវិញ របស់ខ្ញុំ មួយរយៈពេលសិន។»

ប្រធានស្ដីទីគណបក្សប្រឆាំង ដែលកំពុងមានវត្តមាន ក្នុងសហរដ្ឋអាមេរិក បានពន្យល់បន្តទៀតថា៖

«ពីព្រោះលោក ស ខេង បានប្រាប់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ថាគាត់អត់ឯកភាពទេ គម្រោងផែនការលោក ហ៊ុន សែន ចង់ចាប់ខ្ញុំនោះ។ លោក ស ខេង បានប្រាប់ទៅទូតអាមេរិកាំង ហើយទូតអាមេរិកាំង បានសរសេរតាមអ៊ីមែល ឆ្លើយឆ្លងជាមួយខ្ញុំ។ លោក ស ខេង ឲ្យទូតអាមេរិកាំងប្រាប់ខ្ញុំតែម្ដង សុំឲ្យឯកអគ្គរដ្ឋទូតអាមេរិក ទាក់ទងខ្ញុំ ក្នុងនាមលោក ស ខេង ផងដែរ។ គឺលោក ស ខេង គាត់ថា គាត់នឹងរៀបចំឲ្យមានដំណោះស្រាយ។ ដោយសារលោក ហ៊ុន សែន ធ្វើឲ្យគេមិនសប្បាយចិត្ត គាត់សេចក្ដីសម្រេចតែម្នាក់គាត់ ធ្វើច្រងេងច្រងាង។ លោក ស ខេង ប្រាប់ថា គាត់នឹងរៀបចំ ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាសិន ដើម្បីបើកផ្លូវ ឲ្យខ្ញុំត្រឡប់ទៅស្រុកខ្មែរវិញ។»

ការថ្លែងរបស់លោក សម រង្ស៊ី នៅថ្ងៃនេះ ហាក់បានបន្ថែមនូវអ្វី ដែលលោកបានពន្យល់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ពីមូលហេតុចំបងចំនួន៣ ដែលធ្វើឲ្យលោកសម្រេច មិនវិលចូលប្រទេសកម្ពុជាវិញ។ លោកបានថ្លែង​នៅគ្រានោះថា ក្នុងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ តំណាង​ជាន់​ខ្ពស់​ នៃ​ប្រទេស​ធំៗ​ពីរ​ជា​មិត្ត បាន​ស្នើ​ឲ្យ​លោក​ពន្យាពេល នៃការវិល​ត្រឡប់​របស់​លោក ដោយហេតុថា ពួកគេ​កំពុង​តែ​ខិតខំ ​ជួយ​រក​ដំណោះស្រាយ ​ចំពោះ​វិបត្តិ​នយោបាយ​ នៅ​ប្រទេស​​កម្ពុជា ដែល​មាន​សភាព​តានតឹង ហើយប្រសិនបើលោកស្ថិតនៅក្រៅប្រទេស ក្រុមប្រទេសជាមិត្តទាំង​នោះ ងាយ​ស្រួលជួយលោកជាង។

លោក សម រង្ស៊ី មិនបានបង្ហើបថា ប្រទេសជាមិត្តទាំងពីរ ដែលជួយលោក នៅខាងខណៈនោះ ​ជា​​ប្រទេស​ណា​ទេ។

នៅចំពោះសំនួរបន្ត របស់លោក ជុន ច័ន្ទបុត្រ ដែលចង់ដឹងថា ហេតុអ្វីលោក សម រង្ស៊ី មិនបញ្ចេញព័ត៌មាននេះ នៅពេលនោះ ហើយថា ហេតុអ្វីលោក ស ខេង ចាំបាច់ធ្វើបែបនេះ? មេដឹកនាំប្រឆាំងដ៏យូរលង់ របស់ប្រទេសកម្ពុជា បានរៀបរាប់ថា រឿងខ្លះមិនអាចត្រូវនិយាយចេញ នៅក្នុងពេលក្ដៅគគុកបានទេ ហើយអ្វីដែលលោកបង្ហើបចេញ នៅពេលនេះ គ្រាន់តែជាការពិតមួយប៉ុណ្ណោះ។ លោកថា៖

«ខ្ញុំយល់ចិត្តលោក ស ខេង ពីព្រោះខ្ញុំជួបលោក ស ខេង នៅរដ្ឋសភា (…) ពេលជជែកគ្នា ជុំវិញតុ លោក ស ខេង អត់ហ៊ាននិយាយអ្វីទេ ព្រោះដឹងថា គេថត។ គេថតទាំងសម្លេង គេថតទាំងរូប ហើយលោក ហ៊ុន សែន គាត់លួចស្ដាប់ ពេលយើងប្រជុំនៅរដ្ឋសភាហ្នឹង គឺលោក ហ៊ុន សែន គាត់អត់ចូលទេ គាត់ឲ្យលោក ស ខេង មក រួចហើយគាត់ស្ដាប់ទាំងអស់ រួចហើយគាត់ឆ្លើយឆ្លង ពេលយើងផ្អាកប្រជុំ (…) អញ្ចឹងលោក ស ខេង អត់ហ៊ាននិយាយអ្វីទេ ប៉ុន្តែបើយើងដើរចេញ ទៅក្រៅបន្ទប់ ដើរចេញឆ្ពោះ ទៅជួបអ្នកកាសែត នៅមុខរដ្ឋសភា លោក ស ខេង គាត់ប្រាប់ខ្ញុំថា យិះ គាត់នេះ [លោក ហ៊ុន សែន] ពិបាកធ្វើការណាស់ សូមឯកឧត្ដមអត់ធ្មត់បន្តិច ធ្វើឲ្យគាត់សប្បាយចិត្តសិនទៅ ចាំយើងគិតមធ្យោបាយអីផ្សេង ធ្វើមធ្យោបាយអីផ្សេង។»

«គម្រោងរួមសម្លេងគ្នា ដើម្បីទម្លាក់ ហ៊ុន សែន»

មេដឹកនាំប្រឆាំង ថែមទាំងបានទម្លាយ ឲ្យដឹងទៀតថា រូបលោក និងលោក ស ខេង ធ្លាប់មានគម្រោង ចង់ទម្លាក់រដ្ឋាភិបាលលោក ហ៊ុន សែន នោះផងទៀត។ លោក សម រង្ស៊ី បញ្ជាក់ថា៖

«គាត់ [លោក ហ៊ុន សែន] ភ័យ គាត់ដឹងថា កាលណោះគណបក្សសង្គ្រោះជាតិ មានវត្តមាននៅក្នុងរដ្ឋសភា ៥៥អសនៈ ហើយគណបក្សប្រជាជន មាន៦៨អសនៈ ហើយក្នុងជួរគណបក្សប្រជាជន ៦៨អសនៈ មានមួយក្រុម យ៉ាងតិចណាស់ ២០-៣០នាក់ គេអត់ចូលចិត្ត ហ៊ុន សែន ទេ។ តែគេខ្លាច ហ៊ុន សែន គម្រាម។ អញ្ចឹង យើងមានគម្រោងមួយ បើតំណាងរាស្ត្រគណបក្សប្រជាជន តែ៧នាក់ ឬថា៨នាក់ចុះ (…) ក្នុងចំណោមតំណាងរាស្ត្រ​គណបក្សប្រជាជន ៦៨នាក់ យើងរកបានតែ ៧-៨នាក់ មកបូកសម្លេង ជាមួយគណបក្សសង្គ្រោះជាតិ ៥៥កៅអី (…) បាន៦៣សម្លេង គ្រប់គ្រាន់ហើយ យើងបោះឆ្នោតទម្លាក់ ហ៊ុន សែន។ ប៉ុន្តែគណបក្សប្រជាជនគេភ័យ គេខ្លាចលោក ហ៊ុន សែន យករថក្រោះមកព័ទ្ធជុំវិញរដ្ឋសភា (…)។»៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ីង ប៊ុនហៀង ត្រូវ​អាមេរិក​«ដាក់​ក្នុង​បញ្ជីខ្មៅ»​​ដែល​​ត្រូវ​​បង្កក​​ទ្រព្យ​

មន្ត្រីជំនិតបំផុត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានតួនាទី ជាមេបញ្ជាការកងអង្គរក្ស ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់​ក្នុង​បញ្ជីខ្មៅ ដែលត្រូវបង្កកទ្រព្យសម្បត្តិ។ លោក ហ៊ីង ប៊ុនហៀង បានក្លាយជា​មន្ត្រីរដ្ឋាភិបាលកម្ពុជា​ដំបូងគេ ...
កម្ពុជា

កឹម សុខា ជូនពរ​ឆ្នាំថ្មី​ដោយ​ស្នើ​ឲ្យបំបាត់​ជំងឺ​ពីរយ៉ាង

ទំព័រហ្វេសប៊ុក របស់ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ នៅក្នុងគេហដ្ឋាន បានបង្ហោះសារជូនពរឆ្នាំថ្មី ដោយបង្ហាញជំនឿថា ឆ្នាំ២០១៩ថ្មីនេះ នឹងបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលលប់បំបាត់ឲ្យអស់ នូវ«ជំងឺពីរយ៉ាង»។ ទំព័រហ្វេសប៊ុក «Kem Sokha0» ...
កម្ពុជា

សម រង្ស៊ី៖ ការបបួល​គេឯង​ស្បថ ជា​«ភាសាកូនក្មេង»

មេដឹកនាំប្រឆាំង មិនបានតំអក់យូរឡើយ ក្នុងការធ្វើប្រតិកម្ម តបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការបបួលលោក ឲ្យមកស្បថជាថ្មីទៀត ក្នុងសំនុំរឿងមរណភាពរបស់លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ។ លោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.