កម្ពុជាដំណឹង

សម រង្ស៊ី ប្ដឹងឡើងទៅ EU ករណីអាជ្ញាធរគម្រាមមន្ត្រី CNRP នៅ​មូលដ្ឋាន

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយ ដែលលោកអះអាងថា ជាពាក្យប្តឹង ឡើងទៅកាន់ មន្ត្រីទទួលខុសត្រូវជាច្រើននាក់ របស់សហភាពអឺរ៉ុប ដើម្បីពន្យល់បន្ថែមពីករណី ដែលអាជ្ញាធរកម្ពុជាធ្វើការគម្រាមកំហែង ទៅលើមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋាន។

តាមប្រភពព័ត៌មានរបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានឲ្យដឹងថា ពាក្យប្ដឹងរបស់លោក សម រង្ស៊ី នោះ បានសរសេរជាពិសេស ទៅកាន់អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ – អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម – លោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រីការបរទេសអង់គ្លេស ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីភិក រួមនឹងសមាជិកសភាអ៊ឺរ៉ុបមួយចំនួនទៀត ដែលតែងឈឺឆ្អាល ចំពោះបញ្ហាកម្ពុជា។ ពាក្យបណ្ដឹងនេះ ក៏ដាក់ទៅកាន់​អ្នកស្រី ហេឌ័រ ណោយ៍រ (Heather Nauert) អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក ដែរ។

នៅក្នុងសារមួយបង្ហោះ នៅតាមបណ្ដាញសង្កម លោក សម រង្ស៊ី បានអះអាងថា ពាក្យបណ្ដឹងនោះ នឹងធ្វើឲ្យសហភាពអ៊ឺរ៉ុប «ដាក់ទណ្ឌកម្មកាន់តែខ្លាំង និងកាន់តែឆាប់ មកលើរបបផ្តាច់ការ ហ៊ុន សែន បើអាជ្ញាធរស្រុកខ្មែរ នៅតែគំរាមកំហែង មន្ត្រីជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិ មិនឲ្យបង្ហោះវីដេអូ ដែលក្នុងនោះ មន្ត្រីជាប់ឆ្នោត និងសកម្មជនទាំងនោះ គាំទ្រលោក សម រង្ស៊ី ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងគាំទ្រពាក្យស្លោក “សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ”»។

កាលពីម្សិលម៉ិញ មេដឹកនាំប្រឆាំងរូបនេះ បាន​បង្ហោះ​លិខិតមួយ ​របស់​សមត្ថកិច្ច​ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​បាន​បង្ខំ​ឲ្យ​មន្ត្រី​គណបក្ស​​ម្នាក់ ឈប់​បង្ហោះ​វីដេអូ​ ស្តី​អំពី​ការ​គាំទ្រ លោក សម រង្ស៊ី ធ្វើជា​ប្រធាន​ស្តីទី​គណបក្ស ​ដោយ​ចោទ​ថា វីដេអូ​នោះ អាច​បង្ក​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​សង្គម។ ទង្វើរបស់អាជ្ញាធរស្រុកស្អាង គ្រាន់តែជាផ្នែកមួយ នៃសកម្មភាពផ្សេងទៀត របស់អាជ្ញាធរតាមមូលដ្ឋាននានា ដែលបានកោះហៅមន្ត្រី និងសកម្មជនគណបក្ស ដើម្បីធ្វើការសាកសួរ ឬធ្វើការ«អប់រំ» បន្ទាប់ពីពួកគេទាំងនោះ បានបង្ហាញមតិយោបល់ ចំពោះវិវត្តន៍ថ្មីៗ នៃស្ថានការណ៍នយោបាយ នៅក្នុងប្រទេស។

ពាក្យបណ្ដឹងរបស់លោក សម រង្ស៊ី ដែលសរសេរជាភាសាអង់គ្លេស បានហៅការគម្រាមកំហែងខាងលើ ថាជាការធ្វើមិនដឹងមិនឮ ពីសំណាក់រដ្ឋាភិបាលោក ហ៊ុន សែន ចំពោះ «ស្មារតី និងអនុសាសន៍» របស់សហភាពអ៊ឺរ៉ុប ដែលស្នើឲ្យរបបដឹកនាំក្រុងភ្នំពេញ ត្រូវ​វិល​ត្រឡប់​​មកដឹកនាំប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យវិញ។

លោក សម រង្ស៊ី បានសរសេរបន្តថា៖

«សកម្មជនដទៃទៀត កំពុងរៀបចំវីដេអូស្រដៀងគ្នា ហើយអ្វីៗដែលអាចធ្វើបាន គឺចាត់វិធានការ​ដើម្បីការពារពួកគេ។ ក្រុមហ៊ុនហ្វេសប៊ុក គួរតែដឹងថា លក្ខន្តិកៈរបស់ខ្លួន កំពុងត្រូវបានបំផ្លាញ ដោយសារតែអ្នកប្រើប្រាស់របស់ខ្លួន (ហ្វេសប៊ុក) ដែលកំពុងបង្ហាញ ពីទស្សនៈនយោបាយ ដោយសន្តិវិធី និងស្របច្បាប់ ត្រូវបានយាយី។»

«សហគមន៍អន្តរជាតិ គួរតែដឹងថា មកដល់ថ្ងៃនេះ សម្ពាធរបស់ពួកគេ ដាក់ទៅលើរបបដឹកនាំក្រុងភ្នំពេញ មិនទទួលបានលទ្ធផលអ្វី ដែលពួកគេរំពឹងទុកឡើយ និងថែមទាំងមានការរីកចម្រើន តិចតួចបំផុត នៅផ្ទាល់កន្លែង។ ការបន្តការដាក់ទណ្ឌកម្ម ដោយផ្ទាល់ ទៅលើមន្ត្រីជាន់ខ្ពស់ ដែលមានអំណាច របស់របបនេះ និងការអនុវត្ត នូវការព្យួរប្រព័ន្ធអនុគ្រោះ ផ្នែកពាណិជ្ជកម្មដោយសេរី របស់សហភាពអឺរ៉ុប គឺជាមធ្យោបាយមួយ ដាក់ទៅលើរបបដឹកនាំមួយនេះ ដែលស្ទុះស្ទារខ្វល់ខ្វាយ តែនៅពេលណា ដែលផលប្រយោជន៍របស់ពួកគេ រងការប៉ះពាល់ប៉ុណ្ណោះ។»

យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីព្រឹកម៉ិញថា លោកនឹងមិនខ្វល់ ពីសម្ពាធទាំងឡាយ ដែលដាក់ដោយសហគមន៍អន្តរជាតិ នោះឡើយ។ បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាង៣ទសវត្សរ៍មកនោះ បានថ្លែងឡើងថា៖

«អ្នកមិនអាចសម្លាប់រដ្ឋាភិបាលភ្នំពេញ តាមអ្វីដែលអ្នកចង់បាន នោះទេ (…) តាមរបស់ដែលហៅថា ការគាបសង្កត់ពីខាងក្រៅ។ អ្នកមិនអាចសម្លាប់បានទេ។ អ្នករង់ចាំមើលទៅ រង់ចាំមើលទៅ ខ្ញុំនិយាយថា ដល់សេះដុះស្នែង។»៕

២៤ ធ្នូ ២០១៨ / 24 December 2018 – Threats on CNRP elected local officials and grassroots activists who dare express…

Gepostet von Sam Rainsy am Montag, 24. Dezember 2018



You may also like

កម្ពុជា

Covid-19៖ អ្នកស្រាវជ្រាវ​មួយក្រុម ថា​កម្ពុជាបានឆ្លង ជាង​១ពាន់​ករណី

«ជាង​១ពាន់​ករណី» ជាតួលេខផ្ដល់ដោយ អ្នកស្រាវជ្រាវមួយក្រុម ដែលគណនារកឃើញ តាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ តែមិនមែនជាតួលេខ នៅថ្ងៃទី១១ ខែមេសានេះ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ...
កម្ពុជា

សភា​ឯកបក្ស​ខ្មែរគ្រោង​កែ​ច្បាប់​ទៀត ឲ្យ​មន្ត្រី​ប្រឆាំង​អាច​ធ្វើ​នយោបាយ​វិញ

រដ្ឋសភាកម្ពុជា ដែលមានតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជាតែមួយ កំពុងគ្រោងធ្វើវិសោធនកម្មច្បាប់ជាថ្មីទៀត ទៅលើច្បាប់ ស្ដីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវ «ឲ្យមន្ត្រីប្រឆាំង»ទាំង១១៨នាក់ ដែលត្រូវបានតុលាការកំពូលហាមឃាត់ មិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំនោះ អាចធ្វើនយោបាយឡើងវិញ។ សេចក្ដីជូនដំណឹង របស់រដ្ឋសភាឯកបក្សកម្ពុជា ...
កម្ពុជា

សម រង្ស៊ី ថា​​កំពុង​ត្រៀម​វិធានការ​«ការពារ​អ្នកគាំទ្រ» ពេល​លោក​វិល​ចូល​ស្រុក

«ខ្ញុំត្រូវតែ ការពារ​អ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ និងអ្នកដែលចូលរួម រៀបចំដំណើរ​មាតុភូមិនិវត្តន៍របស់ខ្ញុំ» នេះ ជាការអះអាងឡើង របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...