កម្ពុជាដំណឹង

សម រង្ស៊ី ស្នើ EU ឲ្យបន្ត​សម្ពាធ​លើ​ក្រុង​ភ្នំពេញ ​រហូត កឹម សុខា ត្រូវ​បាន​ដោះលែងនិង CNRP មាន​ដំណើរការ​ឡើង​វិញ

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានផ្ញើរលិខិតមួយ ទៅកាន់តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) ដើម្បីពន្យល់ ពីការវិវត្តន៍ចុងក្រោយ នៃស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជា ដោយបានសំដែងក្ដីជឿជាក់ថា សហភាពអ៊ឺរ៉ុបនៅតែបន្ត ដាក់សម្ពាធ លើរបបដឹកនាំក្រុងភ្នំពេញ រហូតលុះត្រាប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានដោះលែង មន្ត្រីគណបក្សទាំង ១១៨នាក់ ទទួលបានសិទ្ធិ ធ្វើសកម្មភាពនយោបាយជាធម្មតា និងគណបក្សប្រឆាំងមួយនេះ មានសកម្មភាពដំណើរការ ដូចដើមវិញ។

ក្នុងលិខិតដែលចុះហត្ថលេខា ដោយលោកផ្ទាល់ ក្នុងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ហើយបានធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃនេះ លោក សម រង្ស៊ី បានបញ្ជាក់ថា ការផ្លាស់ប្ដូរជំហរ របស់របបដឹកនាំដោយលោក ហ៊ុន សែន ជុំវិញការត្រៀមផ្ដល់នីតិសម្បទា ទៅមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង១១៨នាក់នោះ អាចធ្វើឲ្យមានការយល់ច្រឡំ ដោយសារតែការផ្ដល់នីតិសម្បទារនេះ មិនសមស្របតាមលក្ខខណ្ឌទាំងឡាយ ដែលធ្វើឲ្យប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ រស់រវើកនោះទេ។

ប្រធានស្ដីទីគណបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស បានសរសេរថា៖

«លោក ហ៊ុន សែន ដឹងយ៉ាងច្បាស់ ដូចយើងទាំងអស់គ្នាដឹងដូច្នេះដែរ គឺការស្តារនីតិសម្បទា របស់មន្ត្រីគណបក្សសង្រ្គោះជាតិចំនួន ១១៨ រូប មិនមានអត្ថន័យសមស្រប ក្នុងលក្ខខណ្ឌបច្ចុប្បន្នឡើយ ដែលមានន័យថា គណបក្សសង្គ្រោះជាតិ នៅតែត្រូវបានហាមឃាត់ ហើយប្រធានគណបក្ស លោក កឹម សុខា នៅតែត្រូវបានគេដកហូត សេរីភាព និងត្រូវបានគេឃុំខ្លួន ក្នុងផ្ទះ។ (…) តើសហសេវិកទាំង ១១៨នាក់ របស់របស់លោក កឹម សុខា អាចបន្ត​ សកម្មភាព​នយោបាយ​របស់ពួកគេ បានយ៉ាងដូចម្ដេច បើគ្មានគណបក្ស និងគ្មានប្រធានពួកគេ ផងនោះ?»

លោក សម រង្ស៊ី បន្តថា ដើម្បីបង្ហាញពីភាពស្មោះត្រង់​របស់ពួកគេ ក្នុងការស្វែងរកដំណោះស្រាយ ចំពោះវិបត្តិបច្ចុប្បន្ន របបដឹកនាំក្រុងភ្នំពេញ ត្រូវតែចាត់វិធានការ ដូចដែលអ្នកស្រីតំណាងជាន់ខ្ពស់ សហភាពអ៊ឺរ៉ុប បានផ្តល់អនុសាសន៍ នៅក្នុងសុន្ទរកថារបស់អ្នកស្រី ទៅកាន់សភាអ៊ឺរ៉ុប ក្នុងក្រុងស្ត្រាស្បួរ៍ (ភាគខាងកើតបារាំង) កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៨។

ក្នុងថ្ងៃនោះ អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី បានថ្លែងនៅក្នុង អង្គប្រជុំពេញអង្គ របស់​សភា​អ៊ឺរ៉ុប ទាមទារ​នូវលក្ខខណ្ឌមួយចំនួន សម្រាប់ឲ្យរបបក្រុងភ្នំពេញអនុវត្តន៍ ដើម្បីជាថ្នូរទៅនឹងការមិនដាក់ទណ្ឌកម្ម ផ្នែកពាណិជ្ជកម្ម ពីសំណាក់សហភាពអ៊ឺរ៉ុប ជាពិសេសការព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ «EBA (Everything But Arms – អ្វីៗទាំងអស់ លើកលែងតែអាវុធ)»។ ការទាមទារទាំងនោះ មានជាអាទិ៍៖

«យើងរង់ចាំ ឲ្យមានការទម្លាក់ចោល នូវការចោទប្រកាន់ទាំងអស់ និងការដកចេញ នូវការរឹតត្បិតទាំងអស់ ដែលបានដាក់ លើរូបលោក កឹម សុខា ហើយយើងសូមឱ្យនាយករដ្ឋមន្រ្តី [នៃប្រទេសកម្ពុជា] និងមេដឹកនាំគណបក្សប្រឆាំង ចាប់ផ្តើមកិច្ចពិភាក្សាឆ្ពោះទៅមុខ។»

«យើងជំរុញឱ្យអាជ្ញាធរកម្ពុជា ទម្លាក់ការចោទប្រកាន់ ដែលមានចរិតនយោបាយ និងដែលនៅសេសសល់ ប្រឆាំងនឹងក្រុមសកម្មជន និងលប់ចោល នូវបម្រាមលើសកម្មភាពនយោបាយ របស់សមាជិកគណបក្សប្រឆាំងជាន់ខ្ពស់ ចំនួន ១១៨ រូប។ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលត្រូវបានជ្រើសតាំងកាលពីខែមិថុនា កាលពីឆ្នាំមុន គួរតែត្រូវបានប្រគល់ឱ្យវិញ។»

«យើងក៏សូមអំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីធានា​ឱ្យមានការវិលត្រឡប់ ប្រកបដោយសុវត្តិភាព នៃអ្នកនយោបាយគណបក្សប្រឆាំង, សកម្មជនសង្គមស៊ីវិល និងអ្នកការពារសិទិ្ធមនុស្ស ដែលបានភៀសខ្លួន ចេញពីប្រទេស ដើម្បីគេចចេញ ពីការចាប់ខ្លួន។»

«ច្បាប់ និងបទបញ្ជា ដែលត្រូវបានប្រើ ដើម្បីដាក់កម្រិតគណបក្សប្រឆាំង និងសង្គមស៊ីវិល ត្រូវតែពិនិត្យឡើងវិញ និងធ្វើវិសោធនកម្ម។»

ប៉ុន្តែប្រតិកម្មតបវិញ ក្នុងពេលភ្លាមៗ របបក្រុងភ្នំពេញ បានហៅការលើកឡើងរបស់អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី ថាលំអៀង មិនគ្រប់ជ្រុងជ្រោយ ហើយបានហៅសេចក្ដីសម្រេចដំណោះស្រាយ របស់សភាអ៊ឺរ៉ុបនៅពេលនោះ ថាមានលក្ខណៈ ជាការ«ការពារក្រុមជ្រុលនិយមកម្ពុជា»៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ឲ្យ ហ៊ុន សែន ឈប់​ដឹកនាំ​ប្រទេស​ដោយយោង​វប្បធម៌​«សុំទាន»

ចំណុចមួយ ដែលយើងត្រូវតែបញ្ឈប់ គឺវប្បធម៌«សុំទាន» ! នេះ ជាការថ្លែងឡើង របស់ប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ពីរដ្ឋធានីប៉ារីស ដើម្បីប្រតិកម្មតប នឹងការ«រៃអង្គាស» ...
កម្ពុជា

លឺ ឡាយស្រេង អរគុណ ហ៊ុន សែន ដែល​បើកផ្លូវ​ឲ្យវិល​ចូល​កម្ពុជា

«ខ្ញុំសូមអរគុណសម្តេចតេជោ ព្រោះខ្ញុំស្គាល់សម្តេច ច្បាស់ណាស់។ អរគុណសម្តេច បានតបមកភ្លាមៗ» នេះ ជាការថ្លែងឡើង របស់លោក លឺ ឡាយស្រេង នៅមុននេះបន្តិច ដើម្បី«អរគុណ»តបទៅលោក ហ៊ុន ...
កម្ពុជា

EU ឲ្យ​ក្រុងភ្នំពេញ​ចាត់​«វិធានការ​បន្ទាន់»​លើ​គ្រប់កង្វល់​ដើម្បី​រក្សាទុក EBA

បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១ របស់គណៈប្រតិភូខ្លួន ដើម្បីជជែកជាមួយរបបដឹកនាំក្រុងភ្នំពេញ ក្នុងសប្ដាហ៍កន្លងមកនេះ សហភាពអ៊ឺរ៉ុប (EU) បានសំដែងក្ដីសង្ឃឹមរបស់ខ្លួន ចង់ឃើញរបបលោក ហ៊ុន សែន ដោះស្រាយបញ្ហាជាកង្វល់ទាំងឡាយ និងចាត់«វិធានការ​បន្ទាន់» ដើម្បីអាចរក្សាទុក​នូវប្រព័ន្ធអនុគ្រោះពន្ធ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.