កម្ពុជាដំណឹង

សម រង្ស៊ី ប្រាប់ ស ខេង ដែល​ត្រៀម​កម្លាំង​រួច ឲ្យ​កម្ចាត់ ហ៊ុន សែន មុន

លោក សម រង្ស៊ី បានប្រកាសនៅថ្ងៃនេះ ឲ្យបុរសទីពីរនៃរបបក្រុងភ្នំពេញ គឺលោក ស ខេង ដែលមេដឹកនាំប្រឆាំងជឿថា បានត្រៀមកម្លាំងរួចជាស្រេចនោះ ឲ្យបើកប្រតិបត្តិការ​«វាយកម្ចាត់»​លោក ហ៊ុន សែន ឲ្យបានមុន ដោយមិនត្រូវទុកឲ្យលោក ហ៊ុន សែន ធ្វើប្រតិបត្តិការកម្ទេចមុន នោះឡើយ។

ថ្លែងតាមកិច្ចសម្ភាសមួយ ក្នុងវិទ្យុអាស៊ីសេរី ពីប្រទេសកូរ៉េខាងត្បូង កន្លែងដែលលោក សម រង្ស៊ី កំពុងចូលរួមក្នុងកម្មវិធីជាច្រើន នៅទីនោះ មេដឹកនាំប្រឆាំងបានអះអាងជាថ្មី អំពីដំណើរវិលត្រឡប់ ចូលមាតុភូមិវិញ ក្នុងពេលខាងមុខ។ លោកបន្តបញ្ជាក់ទៀតថា៖

«ខ្ញុំវិលត្រឡប់ទៅវិញនេះ គឺខ្ញុំមិនឲ្យ ហ៊ុន សែន ចាប់ខ្ញុំ ដូច ហ៊ុន សែន ចាប់ កឹម សុខា នោះទេ (…) មិនមែនឲ្យ ហ៊ុន សែន លួចសម្លាប់ខ្ញុំ ដូចគាត់លួចសម្លាប់ កែម ឡី ទេ។ ខ្ញុំទៅស្រុកខ្មែរវិញ គឺខ្ញុំប្រមូលកម្លាំង ពីប្រទេសកូរ៉េ ម៉ាឡេស៊ី ថៃ ហើយមកតាំងពីអាមេរិក តាំងពីអូស្ត្រាលី បារាំង… យើងទៅរួមគ្នា យើងបុក​សម្រុកចូល​ទៅក្នុង​ប្រទេសកម្ពុជា។»

«ពេលនោះ កងកម្លាំងប្រដាប់អាវុធមួយចំនួនធំ គឺឈប់ការពារអំណាចផ្ដាច់ការហើយ គឺបែរមកការពារប្រជាពលរដ្ឋវិញ ដែលងើបឈរប្រឆាំងអំណាចផ្ដាច់ការ អំណាចក្បត់ជាតិ ដឹកនាំដោយ ហ៊ុន សែន។»

ប្រធានស្ដីទីគណបក្សប្រឆាំង បានបន្តថា៖

«ក្នុងជួរគណបក្សប្រជាជន ខ្ញុំជឿថា លោក ស ខេង គាត់ត្រៀមហើយ គាត់រៀបចំកម្លាំងហើយ។ យើងសុំប្រាប់ទៅលោក ស ខេង វិញថា លោក ស ខេង វ៉ៃមុនទៅ ពីព្រោះ ហ៊ុន សែន នឹងកម្ចាត់លោក ស ខេង ឯងហើយ។ អ្នកណាមិនមែនត្រកូល ហ៊ុន សែន មិនមែនកូនបង្កើត មិនមែនសាច់ឈាម ហ៊ុន សែន គឺ ហ៊ុន សែន អត់ទុកចិត្តទេ គេដកម្ដងមួយៗ គេទុកតែគ្រួសារកូនបង្កើតរបស់គេទេ។»

ការលើកឡើងប្រហាក់ប្រហែលគ្នា ក្នុងពេលកន្លងមក ធ្លាប់ត្រូវបានលោក ស ខេង ចេញមុខបដិសេធរួចហើយ។ លោក ហ៊ុន សែន ក៏ធ្លាប់បានចំអកដាក់លោក សម រង្ស៊ី វិញដែរថា ដោយសារមេដឹកនាំប្រឆាំង មិនស្គាល់ច្បាស់ ពីសាមគ្គីភាពផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា​ដូច្នេះហើយ ទើបធ្វើនយោបាយ មិនដែលឈ្នះលោក។

ធានាជ័យជំនះ…

លោក សម រង្ស៊ី បានបញ្ជាក់ទៀតថា ការស្នើរបស់លោក ជាសាធារណៈ​ឲ្យលោក ស ខេង បើកប្រតិបត្តិការមុននេះ គឺជាការធានាជ័យជំនះ ជូនលោក ស ខេង ទាំងស្រុងតែម្ដង។ មេដឹកនាំប្រឆាំងថា៖

«ការអំពាវនាវនេះ​គឺធានា​ជោគជ័យ​ជូនលោក ស ខេង។ គឺលោក ស ខេង ហ៊ានវ៉ៃលោក ហ៊ុន សែន មុន ប្រជារាស្ត្រខ្មែរនឹងគាំទ្រលោក ស ខេង ពេញទំហឹង។ ហើយមិនមែនតែប្រជារាស្ត្រខ្មែរទេ នៅមានប្រទេសជិតខាងទៀតព្រោះ ហ៊ុន សែន ទៅអែបជាមួយចិន យកចិន​ធ្វើជាអ្នក​គ្រប់គ្រង​កម្ពុជា ដាក់ទ័ពដាក់មូលដ្ឋានសិកអី… គឺប្រទេសទាំងនោះគេអត់ពេញចិត្តទេ។»

ចុងខែធ្នូកន្លងទៅ លោក សម រង្ស៊ី ធ្លាប់បានលើកឡើងថា គឺលោក ស ខេង ជាអ្នកនៅពីក្រោយ​ការនិរទេសខ្លួន​របស់លោក​ កាលពីអំឡុងចុងឆ្នាំ២០១៥ ដើម្បីទុកឱកាសឲ្យលោក​រៀបចំផ្ទៃក្នុង​គណបក្សប្រជាជនកម្ពុជា​សិន។ ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រី​និងជារដ្ឋមន្ត្រីមហាផ្ទៃ​​បានតបវិញថា លោកមិនល្ងង់ធ្វើទង្វើបែបនេះ ដែលអាចបើកផ្លូវឲ្យលោក សម រង្ស៊ី វាយប្រហារមកលើលោកវិញនៅពេលក្រោយ​ដូច្នេះឡើយ។

លោក ស ខេង បានអះអាងថា៖

«ប្រការនេះខុសទាំងស្រុង ពីច្បាប់រដ្ឋធម្មនុញ្ញ និងអាចផ្តល់ឱកាសគ្រប់ពេលវេលា ឲ្យ សម រង្ស៊ី មានលេសវាយប្រហារ មកលើរូបខ្ញុំវិញ នៅពេលដែលសមត្ថកិច្ច បានទទួលដីកា ដើម្បីចាប់ខ្លួន សម រង្ស៊ី រួចហើយ»៕



លំអិតបន្ថែមទៀត

របាយការណ៍

មេទ័ព​កំពូល វង្ស ពិសេន ជា​នរណា?

លោក វង្ស ពិសេន បានក្លាយជាអគ្គមេបញ្ជការ នៃកងយោធពលខេមរភូមិន្ទ ឬហៅឲ្យខ្លី «មេទ័ព​កំពូល» តាមរយៈព្រះរាជក្រឹត្យតែងតាំង របស់ព្រះមហាក្សត្រកម្ពុជា កាលពីម្សិលម៉ិញ តាមការទូលស្នើសុំ របស់លោក ហ៊ុន ...
កម្ពុជា

មន្ត្រី CNRP ថា EBA ធ្វើឲ្យ ហ៊ុន សែន ក្លាយជា«ឃាតករ»

ក្រោយការបើកនីតិវិធីរបស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» នោះ ក្រុមមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ (CNRP) បានចេញមកធ្វើប្រតិកម្មព្រោងព្រាត ជាពិសេសនៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជំហររបស់រដ្ឋាភិបាលលោក ថាមិនយក«ឯករាជភាព ...
កម្ពុជា

តុលាការព្រមាន កឹម សុខា ជុំវិញ​ដំណើរ​របស់​លោក ចុះទៅតាម​​ខេត្ត​​ជាច្រើន

តុលាការរបបក្រុងភ្នំពេញ បានចាត់ទុកដំណើរ របស់មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចុះទៅតាម​​ខេត្ត​​ជាច្រើន ក្នុងរយៈពេលចុងក្រោយនេះ ថាជា«ការឈាន​ទៅ​ហួសព្រំដែន ឬនាំទៅដល់​ការបំពាន លើកាតព្វកិច្ច» នៃការត្រួតពិនិត្យតាម​ផ្លូវ​តុលាការ ដែលតម្រូវដាក់​លើ​លោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.