លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានអះអាងថា លោកមិនខ្វល់ចំពោះសំដី អ្នកទាំងឡាយណា ដែលនិយាយ​ជំនួសលោក កឹម សុខា ប្រធានគណបក្សនោះទេ បើទោះជាអ្នកនោះ ជា«កូនក្នុងខោ-កូនក្រៅខោ»របស់លោក កឹម សុខា ក្ដី។

ការលើកឡើងរបស់មេដឹកនាំប្រឆាំង ធ្វើឡើងក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី ដើម្បីប្រតិកម្មទៅនឹងសំដី របស់កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ដែលសរសេរ​តាមបណ្ដាញសង្គមទ្វីសធើរ អះអាងថាឪពុកនាងមានបំណង ដឹកនាំ​គណបក្ស​ប្រឆាំង ចូលប្រកួតប្រជែង ក្នុងការបោះឆ្នោតខាងមុខ។

សំណេររបស់កញ្ញា កឹម មនោវិទ្យា ត្រូវបានលប់ចេញវិញ នៅបន្តិចក្រោយមក។ តែយឺតពេលទៅហើយ ដោយហេតុថា សំណេរ​របស់​កញ្ញា ត្រូវបានប្រិយមិត្តរបស់នាង រួមនឹងអ្នកសារព័ត៌មានផង ផ្តិតជាអេក្រង់ (PrintScreen) និងយកទៅផ្សព្វផ្សាយបន្ត យ៉ាង​គគ្រឹកគគ្រេង (រូបខាងក្រោម)។

សម្រាប់លោក សម រង្ស៊ី បានគិតថា ការលើកឡើងរបស់កូនស្រីច្បង នៃលោក កឹម សុខា ទំនងជាធ្វើឡើង ដោយអត្តនោម័តិ។ ប្រធានស្ដីទីរបស់គណបក្សប្រឆាំង ដែលត្រូវតុលាការរបបក្រុងភ្នំពេញរំលាយចោល កាលពីចុងឆ្នាំ២០១៧ បានថ្លែងឡើងថា៖

«ខ្ញុំអត់ឲ្យតម្លៃទាល់តែសោះ ចំពោះអ្នកណានិយាយ ក្នុងនាមមនុស្សម្នាក់ទៀត ជាពិសេសនិយាយក្នុងនាមមនុស្ស ដែលអត់សេរីភាព ក្នុងការនិយាយ អញ្ចឹងពឹងឲ្យគេនិយាយជំនួស។ ពីមុនមានមេធាវី មានសហការីជិតស្និត មាន”កូនក្នុងខោ កូនក្រៅខោ” និយាយជំនួសឪ តែនិយាយលិបលរៗ សរសេររួចលប់ទៅវិញ អត់មានអ្វីច្បាប់លាស់ ខ្ញុំអត់ឲ្យតម្លៃទេ។»

មកដល់ម៉ោងនេះ គេនៅមិនទាន់ឃើញចម្លើយតបតរ ពីសំណាក់កញ្ញា កឹម មនោវិទ្យា មកវិញនៅឡើយ។

យ៉ាងណា លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងប្រទេសបារាំង នៅបន្តលើកឡើងជាថ្មី អំពីជំនឿរបស់លោក ចំពោះស្មារតី«សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ» ដោយអះអាងថា បើលោក កឹម សុខា ចង់បែកពីលោកមែននោះ ម្លេះប្រធាន​គណបក្សសង្គ្រោះ​ជាតិ​រូបនេះ បានធ្វើវារួចហើយ ដើម្បីអ្វីមួយ ដែលលោក សម រង្ស៊ី អះអាងថា ជាការចង់បាន របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕



លំអិតបន្ថែមទៀត

កម្ពុជា

រលំអគារចិន៖ CNRP ទាមទារ​ឲ្យ​ត្រួតពិនិត្យ​អគារ សង់ដោយ​ចិន​ទាំងអស់

ពីក្រៅប្រទេស គណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូលរំលោយចោល បានទាមទារឲ្យរបបក្រុងភ្នំពេញ ចាំបាច់ត្រូវត្រួតពិនិត្យអគារ របស់ចិន ឬ សង់ដោយ​ចិន​ទាំងអស់ ដើម្បីបញ្ចៀសសោកនាដកម្ម ដោយការរលំបាក់អគារ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ ដែលគណបក្សនេះ ...
កម្ពុជា

ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក មក​កម្ពុជាស្នើ​ឲ្យដោះលែង កឹម សុខា

ក្នុងការបំពេញទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ១៦ ខែមករា ឆ្នាំ២០១៩ ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ លោក «Joseph H. Felter» ...
កម្ពុជា

គង់ ម៉ាស់ បានចេញ​ពីពន្ធនាគារ​ខេត្តស្វាយរៀង​ កាលពីល្ងាច​ថ្ងៃទី៤​សីហា

លោក គង់ ម៉ាស់ សកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានឆ្មាំពន្ធនាគារខេត្តស្វាយវៀង ដោះលែងឲ្យមានសេរីភាព កាលពីល្ងាចថ្ងៃទី៤ ខែសីហាម្សិលម៉ិញ បន្ទាប់ពីលោកបាន​អនុវត្តន៍​ទោស រួចជាស្ថាពរហើយនោះ។ នេះ បើតាមប្រភព ពីអ្នកជិតដិតរបស់លោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.