សម រង្ស៊ី ថា ហ៊ុន សែន បញ្ជាឲ្យ​ហូប​«នំបញ្ចុក»​រួមគ្នា ជាការធ្វើតាម CNRP

Loading...

ពេលនេះ ឈានមកដល់វគ្គដណ្ដើមកម្មសិទ្ធិបញ្ញាគ្នា នៃ«ទិវានំបញ្ចុក»។ ខណៈលោក ហ៊ុន​ សែន ខ្លួនលោក និងក្រុមអ្នកគាំទ្រ ប្រកាសថា ការជួបជុំគ្នាទទួលទាន«នំបញ្ចុក»នេះ ជាការសាមគ្គីជាតិ ដែលប្រកាសចេញ ដោយ«សម្ដេចតេជោ​នាយករដ្ឋមន្ត្រី»នោះ នៅឯនាយសមុទ្រឯណោះ លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្សប្រឆាំង បានប្រកាសថា គំនិតផ្ដួចផ្ដើម​ការជួបជុំនេះ ចេញពី​គណបក្សសង្គ្រោះជាតិ​ដំបូងគេ មុននឹងត្រូវបាន​លោក ហ៊ុន សែន ប្រកាសធ្វើតាម។

ពីវត្តពោធិវង្ស ដែលស្ថិតនៅក្នុង​តំបន់​ជាយក្រុង នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង មេដឹកនាំប្រឆាំង​បានថ្លែង​ទៅកាន់​អ្នកគាំទ្រ ទាំងក្នុង​និងក្រៅប្រទេសថា៖

«គំនិតជួបជុំគ្នា ហូបនំបញ្ចុកជាមួយគ្នា និយាយពីនេះពីនោះ សប្បាយក្នុងស្មារតីជាគ្រួសារ គំនិតនេះ គឺបានផ្ដួចផ្ដើមដោយគណបក្សសង្គ្រោះជាតិ។»

«ដោយសារគេហាមយើង អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កុំឲ្យជួបជុំគ្នា និយាយពីរឿងនយោបាយ មិនឲ្យគាំទ្រគណបក្សសង្គ្រោះជាតិ មិនឲ្យរៀបចំទទួល សម រង្ស៊ី ដែលជិតវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ គេមិនឲ្យនិយាយពីគណបក្សទេ។ អញ្ចឹងហើយ បានយើងផ្ដួចផ្ដើមគំនិត អញ្ចឹងយើងជួបជុំគ្នា ហូបនំបញ្ចុកជាមួយគ្នា។»

លោក សម រង្ស៊ី បន្តទៀតថា ដោយសារចលនា«នំបញ្ចុក» ត្រូវបានពលរដ្ឋអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទទួលគាំទ្រ និងចូលរួមទទួលទាន កាន់តែច្រើនឡើងៗ បានធ្វើឲ្យលោក ហ៊ុន សែន ដែលកាន់អំណាចចាស់វស្សា នៅកម្ពុជា មានការភ័យខ្លាច រហូតបុរសខ្លាំងកម្ពុជាប្រកាស ឲ្យធ្វើតាមចលនានេះដែរ។

លោកថា៖

«យើងទទូច យើងជំរុញឲ្យប្រជាពលរដ្ឋជួបជុំគ្នា កុំខ្លាច យើងអត់មានខុសអ្វីទេ។ គ្រាន់តែជួបជុំគ្នា ហូបនំបញ្ចុកជាមួយគ្នា រឿងអ្វីធ្វើមិនបាន? ដល់អញ្ចឹងទៅ អាជ្ញាធរ នគរបាល ឈ្លបអីរបស់ ហ៊ុន សែន បញ្ជាឲ្យមកតាមដាន គម្រាមយើង យើងអត់ខ្លាច។»

«យើងថា គ្រាន់តែហូបនំបញ្ចុក ខុសអី? អញ្ចឹងហើយ បានជាប្រជាពលរដ្ឋ ទូទាំងប្រទេស ហូបនំបញ្ចុកកាន់តែច្រើនឡើងៗ ហ៊ុន សែន ភ័យ! ថាមុនដំបូងចង់ទប់ស្កាត់ ហាមឃាត់កុំឲ្យពួកនេះហូបនំបញ្ចុកជាមួយគ្នា។ ដល់ទប់អត់ជាប់ ទីបញ្ចប់ធ្វើតាមយើងវិញ។»

កម្មវិធី«នំបញ្ចុកសាមគ្គី» ត្រូវបានក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រៀបគម្រោងធ្វើ តាំងពីច្រើនខែមកហើយ។ កម្មវិធីជួបជុំ ជាលក្ខណៈអន្តរជាតិនេះ ត្រូវបានកំណត់យកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ សម្រាប់អ្វីមួយ ដែលពួកគេអះអាងថា ដើម្បីលើកតម្លៃ ចំណីអាហារប្រពៃណីជាតិ និងរឹតចំណងមេត្រីភាព រវាងខ្មែរ និងខ្មែរ។

ទើបនឹងមកដល់ដើមសប្តាហ៍មុន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត លោក ហ៊ុន សែន បានប្រកាសបញ្ជា ទៅសមាជិកសមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនរបស់លោក ឲ្យរៀបចំធ្វើ និងទទួលទាននំបញ្ចុកទាំងអស់គ្នា នៅថ្ងៃតែមួយនោះដែរ។

នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង របស់ប្រទេសកម្ពុជា បានថ្លែងនៅថ្ងៃនោះថា៖

«នេះ មិនមែនយកបន្លាជុសបន្លាទេ។ យកពូថៅ វ៉ៃបំបាក់បន្លាហ្នឹង គ្រវាត់ចោលបណ្ដោយ។ កុំឲ្យវាចង្រៃពេក។ ថ្ងៃក្រោយ ហ្អែងប្រកាសស៊ីនំគ្រក់ អញក៏ស៊ីនំគ្រក់ ហ្អែងប្រកាសស៊ីបាញ់ឆែវ អញក៏ប្រកាសស៊ីបាញ់ឆែវ លើកលែងតែហ្អែងប្រកាសស៊ីដំថ្ម ឲ្យហ្អែងច្រាសតែឯងទៅ (…) បើគេយកថ្ងៃ៩ ជាទិវានំបញ្ចុក យើងក៏ប្រកាសយកអាថ្ងៃ៩ហ្នឹង ស៊ីនំបញ្ចុក។ ស៊ីឲ្យវាព្រាត។»

សម្រាប់មេដឹកនាំប្រឆាំង បានអះអាងថា ការប្រកាសធ្វើតាមរបស់លោក ហ៊ុន សែន គឺជាជោគជ័យមួយ បង្ហាញថាគណបក្សសង្គ្រោះជាតិ នៅតែរស់រវើក បើទោះជាត្រូវបានរំលាយ នៅលើក្រដាសហើយក្ដី។

លោក សម រង្ស៊ី បានថ្លែងថា៖

«នេះ ជាជោគជ័យ! ជោគជ័យធំណាស់ បង្ហាញឲ្យឃើញថា គ្មាននរណារំលាយគណបក្សសង្គ្រោះជាតិបានទេ។ នៅលើក្រដាស រំលាយបានតែនៅលើក្រដាសបានមែន តែទឹកចិត្តប្រជាពលរដ្ឋគាំទ្រសង្គ្រោះជាតិដដែល សង្គ្រោះជាតិនៅរស់រវើក ក្នុងបេះដូងប្រជាពលរដ្ឋ។»

«បងប្អូននៅប្រទេសកម្ពុជា សូមបន្តពិធីជួបជុំគ្នា ហូបនំបញ្ចុកជាមួយគ្នា (…) ហ៊ុន សែន ខាងគណបក្សប្រជាជន គេថា ហូបដែរ។ (…) អញ្ចឹងបើថ្ងៃនេះ ហូបនំបញ្ចុកជាមួយគ្នាបាន ដូច្នេះថ្ងៃណា ក៏អាចហូបជាមួយគ្នាបានដែរ។ ស្អែក ខានស្អែក យើងហូបនំបញ្ចុកជាមួយគ្នា (…) អត់មាននរណារករឿងយើងទេ ពីព្រោះសូម្បីតែ ហ៊ុន សែន ក៏ទទួលស្គាល់ថា ការហូបនំបញ្ចុកនេះ អត់មានខុសអ្វីទេ។»

យ៉ាងណា កាលពីថ្ងៃព្រហស្បត្តិមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានកុំឲ្យយកនំបញ្ចុក ទៅភ្ជាប់នឹងនយោបាយ ដោយលោកអះអាងថា ការទទួលទាននំបញ្ចុកជុំគ្នាថ្ងៃនេះ ធ្វើឡើងក្នុងលក្ខណៈ ជាការសាមគ្គីជាតិ និងឯកភាពជាតិសុទ្ធសាធ៕

ទទួលទាននំបញ្ចុកជុំគ្នា

០៩ មិថុនា ២០១៩ / 06 June 2019 លោក សម រង្ស៊ី ថ្លែងទៅកាន់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែទទួលទាននំបញ្ចុកជុំគ្នា នៅប្រទេសកម្ពុជា និងទូទាំងពិភពលោក។ Sam Rainsy addresses the countless Cambodian citizens gathering in friendly groups every day to eat traditional rice noodles together in Cambodia and all over the world as a way to discreetly express their support for the CNRP.

Publiée par Sam Rainsy sur Dimanche 9 juin 2019
Loading...

មតិយោបល់