កម្ពុជាដំណឹង

សម រង្ស៊ី ជឿថា ចូ បៃដិន នឹងចាត់​វិធានការបង្ខំ ហ៊ុន សែន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានសំដែងជំនឿថា ប្រធានាធិបតីថ្មី​នៃសហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ខំឲ្យ​របបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ងាកមកកាន់គន្លងប្រជាធិបតេយ្យ ដោយធ្វើការទម្លាក់ចោល​ការចោទប្រកាន់ ដែលធ្វើឡើង​ទាំងមិនសមហេតុសមផល ប្រឆាំងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងសហរដ្ឋអាមេរិក។

ថ្លែងក្នុងវីដេអូមួយ ដែលលោក​ធ្វើឡើង ក្នុងយប់ថ្ងៃអាទិត្យទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បី​រំឭក​ខួប​៣ឆ្នាំ នៃការរំលាយ​គណបក្ស​សង្គ្រោះជាតិ ដោយតុលាការរបប​ក្រុង​ភ្នំពេញ កាលពី​​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានស្ដីទីគណបក្សប្រឆាំង បានលើកឡើងដូច្នេះ ដើម្បីអ្វីមួយ ដែលលោកថា ជាដំណោះស្រាយតែមួយគត់ សម្រាប់វិបត្តិនយោបាយសព្វថ្ងៃ។

លោក សម រង្ស៊ី បានថ្លែងនៅក្នុងវីដេអូ ដែលមានរយៈពេលសរុប ជាង១១នាទីនោះថា៖

«ខ្ញុំជឿជាក់ថា ប្រធានាធិបតីថ្មីដែលទើបនឹងជាប់ឆ្នោត គឺលោក ចូ បៃដិន  នឹងចាត់​វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ខំឲ្យរបប ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ មកលើ​លោក កឹម សុខា ផង មកលើសហរដ្ឋអាមេរិកផង ពីព្រោះដោយសារតែលោក ហ៊ុន សែន ចោទប្រកាន់លោក កឹម សុខា បានចូលដៃ ជាមួយសហរដ្ឋអាមេរិក (…) វាប៉ះពាល់​ដល់សហរដ្ឋអាមេរិក។»

កាលពីថ្ងៃអាទិត្យទី៨ ខែវិច្ឆិកាសប្ដាហ៍កន្លងទៅ គណបក្សសង្គ្រោះជាតិ បានចេញ​សេចក្ដីថ្លែងការណ៍មួយរួចហើយ ដើម្បី​អបអរសាទរ​ជ័យជំនះរបស់លោក ចូ បៃដិន នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ផ្ទុយទៅវិញ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ហាក់បង្ហាញជំហរស្ងាត់ស្ងៀម ចំពោះជ័យជំនះរបស់បេក្ខជន មកពីគណបក្សប្រជាធិបតេយ្យរូបនេះ ដែលធ្លាប់ជា​អនុប្រធានាធិបតី ក្នុងជំនាន់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបន្តទៀតថា៖

«ដូច្នេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកទាំងអស់ គឺអ្នកដែលគាំទ្រលទ្ធិ​ប្រជាធិបតេយ្យ នៅទូទាំងពិភពលោក នឹងតម្រូវឲ្យតុលាការអាយ៉ងរបស់គាត់ (លោក ហ៊ុន សែន) ទម្លាក់ចោលការចោទប្រកាន់ ទាំងមិនសមហេតុមិនសមផល មកលើទាំង​លោក កឹម សុខា និងទាំងសហរដ្ឋអាមេរិក។»

សម្រាប់មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងប្រទេសបារាំងរូបនេះ លោក កឹម សុខា មិនបានប្រព្រឹត្តិកំហុសអ្វីឡើយ ហើយតុលាការរបបក្រុងភ្នំពេញ គ្រាន់តែ​រងចាំ​បញ្ជាពីលោក ហ៊ុន សែន ដើម្បីទម្លាក់ការចោទប្រកាន់ប៉ុណ្ណោះ។ លោក សម រង្ស៊ី បាន​អះអាង​​ទៀតថា៖

«ក្រោយពីទម្លាក់ចោល ការចោទប្រកាន់ លើលោក កឹម សុខា និងសហរដ្ឋអាមេរិក របប ហ៊ុន សែន ត្រូវតែបើកផ្លូវ ឲ្យគណបក្សសង្គ្រោះជាតិ មានដំណើរការឡើងវិញ ពីព្រោះលោក ហ៊ុន សែន គាត់យកលេស ពីការចោទប្រកាន់ (…) ដើម្បីរំលាយគណបក្ស​សង្គ្រោះជាតិ។»

ទំនាក់ទំនង​រវាងរបបដឹកនាំ​ក្រុងភ្នំពេញ និងសហរដ្ឋអាមេរិក បានស្គាល់ភាពរកាំរកូស កាន់តែខ្លាំងឡើង រាប់ពីពាក់កណ្ដាលឆ្នាំ២០១៧ ពោលគឺនៅក្រោយវោហាស័ព្ទ​វាយប្រហារ​ជាច្រើន ពីសំណាក់​លោក ហ៊ុន សែន ខ្លួនឯង រួមផ្សំនឹងយុទ្ធនាការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការបិទអង្គការក្រៅរដ្ឋាភិបាល របស់សហរដ្ឋអាមេរិក និងការចាប់ខ្លួន​លោក កឹម សុខា ដោយចោទថា មានសហរដ្ឋអាមេរិកនៅពីក្រោយ។

សវនាការកាត់ក្ដី លើសំនុំរឿងលោក កឹម សុខា ត្រូវបានពន្យាពេល ជាច្រើនលើក​ច្រើន​សារ ក្នុងហេតុផលជំងឺរាតត្បាត «Covid-19» និងដោយសារ តែភស្ដុតាងដាក់បន្ទុក ដើម្បីបង្ហាញពីការឃុបឃិត ជាមួយសហរដ្ឋអាមេរិក គ្មានភាពរឹងមាំ។

យ៉ាងណា លោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក មិនមានទំនាក់ទំនងល្អប៉ុន្មានទេ ជាមួយរដ្ឋបាល​​ប្រធានាធិបតី​អាមេរិក ដែលចេញពីគណបក្សប្រជាធិបតេយ្យ។

កាលពី​អំឡុងខែវិច្ឆិកា ឆ្នាំ២០១២ លោក ហ៊ុន សែន ខ្លួនលោក បានទទួលមេរៀន​«សិទ្ធិមនុស្ស»​យ៉ាងចាស់ដៃ និងដោយផ្ទាល់មាត់​ពីលោក បារ៉ាក់ អូបាម៉ា នៅក្នុងជំនួប​មួយ ក្នុងរាជធានី​ភ្នំពេញ។ តែមន្ត្រីក្រុងភ្នំពេញ បានព្យាយាមបង្រួមការលើកឡើង របស់ប្រធានាធិបតីអាមេរិក នាពេលនោះ ដោយអះអាងថា «បញ្ហា​​សិទ្ធិ​មនុស្ស គ្រាន់​តែ​​​ជា​​បញ្ហា​​តូច​​មួយ​​​ប៉ុណ្ណោះ»៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ពន្យល់​ពី​«ការ​បោកបញ្ឆោត»​របស់ ហ៊ុន សែន

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញលិខិតអំពាវនាវមួយ ទៅកាន់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវ «រក្សាជំហរឲ្យរឹងមាំ កុំចាញ់ការសម្លុត និងការបោកបញ្ឆោត» ពីលោក ...
កម្ពុជា

មេធាវី​ថា កឹម សុខា «ស្វាគមន៍»​ការ​ប្ដូរ​​ជំហរ​​របស់​​របប​​ក្រុង​​ភ្នំពេញ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងស្ថិតក្នុងការឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោមរបបក្រុងភ្នំពេញ ត្រូវបានមេធាវី​របស់​លោកស្រង់សំដី មកបញ្ជាក់ថា លោក«ស្វាគមន៍»ចំពោះសេចក្ដីថ្លែងការណ៍ របស់របបដឹកនាំមួយនេះ ដែលបង្ហាញពីការផ្លាស់ប្ដូរជំហរ ដ៏គួរឲ្យ​ភ្ញាក់ផ្អើល ...
កម្ពុជា

អ្នកជំនាញ អ.ស.ប «រន្ធត់ចិត្ត»​ចំពោះ​ការផ្ដន្ទាទោស​ លើមេដឹកនាំប្រឆាំង

អ្នកជំនាញអង្គការសហប្រជាជាតិ (អ.ស.ប) ចំនួនបួននាក់ បានសំដែងក្ដី«រន្ធត់ចិត្ត» នៅចំពោះការផ្ដន្ទាទោស លើ​មេដឹកនាំប្រឆាំង​ចំនួន៩នាក់ ពីសំណាក់សាលាដំបូងរាជធានីភ្នំពេញ កាលពីដើមសប្ដាហ៍នេះ ដោយហៅការសម្រេច​របស់តុលាការនោះ ថាបានធ្វើឡើង មិនសមាមាត្រ និងខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់។ ការលើកឡើងរបស់ក្រុមអ្នកជំនាញ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.