កម្ពុជាដំណឹង

សម រង្ស៊ី ជឿថា ចូ បៃដិន នឹងចាត់​វិធានការបង្ខំ ហ៊ុន សែន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានសំដែងជំនឿថា ប្រធានាធិបតីថ្មី​នៃសហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ខំឲ្យ​របបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ងាកមកកាន់គន្លងប្រជាធិបតេយ្យ ដោយធ្វើការទម្លាក់ចោល​ការចោទប្រកាន់ ដែលធ្វើឡើង​ទាំងមិនសមហេតុសមផល ប្រឆាំងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងសហរដ្ឋអាមេរិក។

ថ្លែងក្នុងវីដេអូមួយ ដែលលោក​ធ្វើឡើង ក្នុងយប់ថ្ងៃអាទិត្យទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បី​រំឭក​ខួប​៣ឆ្នាំ នៃការរំលាយ​គណបក្ស​សង្គ្រោះជាតិ ដោយតុលាការរបប​ក្រុង​ភ្នំពេញ កាលពី​​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានស្ដីទីគណបក្សប្រឆាំង បានលើកឡើងដូច្នេះ ដើម្បីអ្វីមួយ ដែលលោកថា ជាដំណោះស្រាយតែមួយគត់ សម្រាប់វិបត្តិនយោបាយសព្វថ្ងៃ។

លោក សម រង្ស៊ី បានថ្លែងនៅក្នុងវីដេអូ ដែលមានរយៈពេលសរុប ជាង១១នាទីនោះថា៖

«ខ្ញុំជឿជាក់ថា ប្រធានាធិបតីថ្មីដែលទើបនឹងជាប់ឆ្នោត គឺលោក ចូ បៃដិន  នឹងចាត់​វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ខំឲ្យរបប ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ មកលើ​លោក កឹម សុខា ផង មកលើសហរដ្ឋអាមេរិកផង ពីព្រោះដោយសារតែលោក ហ៊ុន សែន ចោទប្រកាន់លោក កឹម សុខា បានចូលដៃ ជាមួយសហរដ្ឋអាមេរិក (…) វាប៉ះពាល់​ដល់សហរដ្ឋអាមេរិក។»

កាលពីថ្ងៃអាទិត្យទី៨ ខែវិច្ឆិកាសប្ដាហ៍កន្លងទៅ គណបក្សសង្គ្រោះជាតិ បានចេញ​សេចក្ដីថ្លែងការណ៍មួយរួចហើយ ដើម្បី​អបអរសាទរ​ជ័យជំនះរបស់លោក ចូ បៃដិន នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ផ្ទុយទៅវិញ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ហាក់បង្ហាញជំហរស្ងាត់ស្ងៀម ចំពោះជ័យជំនះរបស់បេក្ខជន មកពីគណបក្សប្រជាធិបតេយ្យរូបនេះ ដែលធ្លាប់ជា​អនុប្រធានាធិបតី ក្នុងជំនាន់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបន្តទៀតថា៖

«ដូច្នេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកទាំងអស់ គឺអ្នកដែលគាំទ្រលទ្ធិ​ប្រជាធិបតេយ្យ នៅទូទាំងពិភពលោក នឹងតម្រូវឲ្យតុលាការអាយ៉ងរបស់គាត់ (លោក ហ៊ុន សែន) ទម្លាក់ចោលការចោទប្រកាន់ ទាំងមិនសមហេតុមិនសមផល មកលើទាំង​លោក កឹម សុខា និងទាំងសហរដ្ឋអាមេរិក។»

សម្រាប់មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងប្រទេសបារាំងរូបនេះ លោក កឹម សុខា មិនបានប្រព្រឹត្តិកំហុសអ្វីឡើយ ហើយតុលាការរបបក្រុងភ្នំពេញ គ្រាន់តែ​រងចាំ​បញ្ជាពីលោក ហ៊ុន សែន ដើម្បីទម្លាក់ការចោទប្រកាន់ប៉ុណ្ណោះ។ លោក សម រង្ស៊ី បាន​អះអាង​​ទៀតថា៖

«ក្រោយពីទម្លាក់ចោល ការចោទប្រកាន់ លើលោក កឹម សុខា និងសហរដ្ឋអាមេរិក របប ហ៊ុន សែន ត្រូវតែបើកផ្លូវ ឲ្យគណបក្សសង្គ្រោះជាតិ មានដំណើរការឡើងវិញ ពីព្រោះលោក ហ៊ុន សែន គាត់យកលេស ពីការចោទប្រកាន់ (…) ដើម្បីរំលាយគណបក្ស​សង្គ្រោះជាតិ។»

ទំនាក់ទំនង​រវាងរបបដឹកនាំ​ក្រុងភ្នំពេញ និងសហរដ្ឋអាមេរិក បានស្គាល់ភាពរកាំរកូស កាន់តែខ្លាំងឡើង រាប់ពីពាក់កណ្ដាលឆ្នាំ២០១៧ ពោលគឺនៅក្រោយវោហាស័ព្ទ​វាយប្រហារ​ជាច្រើន ពីសំណាក់​លោក ហ៊ុន សែន ខ្លួនឯង រួមផ្សំនឹងយុទ្ធនាការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការបិទអង្គការក្រៅរដ្ឋាភិបាល របស់សហរដ្ឋអាមេរិក និងការចាប់ខ្លួន​លោក កឹម សុខា ដោយចោទថា មានសហរដ្ឋអាមេរិកនៅពីក្រោយ។

សវនាការកាត់ក្ដី លើសំនុំរឿងលោក កឹម សុខា ត្រូវបានពន្យាពេល ជាច្រើនលើក​ច្រើន​សារ ក្នុងហេតុផលជំងឺរាតត្បាត «Covid-19» និងដោយសារ តែភស្ដុតាងដាក់បន្ទុក ដើម្បីបង្ហាញពីការឃុបឃិត ជាមួយសហរដ្ឋអាមេរិក គ្មានភាពរឹងមាំ។

យ៉ាងណា លោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក មិនមានទំនាក់ទំនងល្អប៉ុន្មានទេ ជាមួយរដ្ឋបាល​​ប្រធានាធិបតី​អាមេរិក ដែលចេញពីគណបក្សប្រជាធិបតេយ្យ។

កាលពី​អំឡុងខែវិច្ឆិកា ឆ្នាំ២០១២ លោក ហ៊ុន សែន ខ្លួនលោក បានទទួលមេរៀន​«សិទ្ធិមនុស្ស»​យ៉ាងចាស់ដៃ និងដោយផ្ទាល់មាត់​ពីលោក បារ៉ាក់ អូបាម៉ា នៅក្នុងជំនួប​មួយ ក្នុងរាជធានី​ភ្នំពេញ។ តែមន្ត្រីក្រុងភ្នំពេញ បានព្យាយាមបង្រួមការលើកឡើង របស់ប្រធានាធិបតីអាមេរិក នាពេលនោះ ដោយអះអាងថា «បញ្ហា​​សិទ្ធិ​មនុស្ស គ្រាន់​តែ​​​ជា​​បញ្ហា​​តូច​​មួយ​​​ប៉ុណ្ណោះ»៕



លំអិតបន្ថែមទៀត

ដំណឹង

ប្រធានសភា​អាមេរិក ប្រកាសគាំទ្រ​បេក្ខជន ចូ បៃដេន ជា​ប្រធានាធិបតី

ប្រធានសភាតំណាងរាស្ត្រ នៃសហរដ្ឋអាមេរិក អ្នកស្រី ណេនស៊ី ប៉េឡូស៊ី (Nancy Pelosi) បានប្រកាស ក្នុងថ្ងៃចន្ទទី ២៧ ខែមេសានេះ គាំទ្របេក្ខជនប្រធានាធិបតីអាមេរិក លោក ...
កម្ពុជា

ហ៊ុន សែន ឲ្យ សម រង្ស៊ី «សុំទោស»ដើម្បីបញ្ចប់យុទ្ធនាការកម្ចាត់លោក

ដើម្បីដាក់បញ្ចប់ នូវយុទ្ធនាការកម្ចាត់លោក សម រង្ស៊ី ចេញពីសង្វៀននយោបាយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យគូបដិបក្ខរបស់លោក ត្រូវចេញមុខធ្វើការ«សុំទោស»លោក ជាសាធារណៈ ដោយអះអាង​នៅក្នុងការសុំទោស​នោះថា លោក ...
កម្ពុជា

សម រង្ស៊ី ថាហ្វេសប៊ុក​គ្រោង​«បិទគណនី ហ៊ុន សែន»

មេដឹកនាំប្រឆាំងរបស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានឲ្យដឹងថា ក្រុមហ៊ុនម្ចាស់បណ្ដាញសង្គមធំជាងគេ មានគម្រោង«បិទគណនី»របស់លោក ហ៊ុន សែន ដែលជាហេតុធ្វើឲ្យបុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែងជានាយករដ្ឋមន្ត្រី ជាច្រើនសិបឆ្នាំមកនោះ ក្ដៅក្រហាយរហូតធ្វើការព្រមាន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.