នាយករដ្ឋមន្ត្រីកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាង ៣ទសវត្សន៍មកនោះ បានព្រមាននៅព្រឹក ថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩​ នេះ ថាលោកបាននិយាយរួចរាល់ អស់ហើយ ហើយនឹងមិននិយាយបន្ថែម ទៅរកដៃគូបដិបក្ខនយោបាយ របស់លោក បន្តទៀតទេ។

លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅចុងបញ្ចប់ នៃសុន្ទរកថារបស់លោក ដែលធ្វើឡើងប្រមាណជា ១ម៉ោងកន្លះ នៅក្នុងជំនួប ក្នុងភូមិ​ចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាែកវ ជាមួយកម្មករ-កម្មការិនីជាច្រើនពាន់នាក់ មកពី​រោងចក្រ​-សហគ្រាស​ចំនួន១២។

លោកបានថ្លែងឡើងថា៖

«ខ្ញុំបាននិយាយអស់ហើយ។ ហើយបើអ្នកដទៃទៀត ស្ដាប់មិនបាន ក៏សូមតាមដំណើរទៅ។ ខ្ញុំមិនតមាត់ ជាមួយនរណាទេ។ ពាក្យខ្មែរ ហើយដូចតែពាក្យយោធា ដូចដែលខ្ញុំនិយាយ ពីឆ្នាំ២០០៣ ដើមឆ្នាំ២០០៤ ពេលហ្នឹងបង្កើតរដ្ឋាភិបាលមិនបាន ខ្ញុំនិយាយប្រាប់ទៅលោក ញឹក ប៊ុនឆៃ។ ខ្ញុំថា ឆៃ ប្រាប់ទៅគណបក្សលោក ឆៃ ឯងទៅ ភាសាយោធា បើនិយាយស្ដាប់គ្នាមិនបាន អញមិននិយាយ​រកហ្អែង តែម្ដង។»

បុរសខ្លាំងកម្ពុជាបន្តថា៖

«ឥឡូវចាំមើលទៅ សភាពការណ៍ខ្មែរ វាទៅដល់ណា? សភាពការណ៍ខ្មែរ វាទៅដល់ណា? ហ្អែងធ្វើអីធ្វើទៅ។»

ការថ្លែងរបស់លោក ហ៊ុន សែន ត្រូវបានគេមើលឃើញថា សំដៅទៅរកមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង១១៨នាក់ (នៅសល់តែ១១៧នាក់ ដោយមានមន្ត្រីម្នាក់ ទទួលមរណភាព) ដែលហាក់មិនអើពើ ឬខ្វល់ខ្វាយអ្វីឡើយ ទៅនឹងច្បាប់ធ្វើវិសោធនកម្មថ្មី ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ដែលអាចផ្ដល់លទ្ធភាព ឲ្យពួកគេ ធ្វើ​សកម្មភាពនយោបាយឡើងវិញ ហើយដែលទើប​ត្រូវបាន​ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា ដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ (និងត្រូវបានផ្សព្វផ្សាយ កាលពីម្សិលម៉ិញ)។

ច្បាប់ថ្មី បានតម្រូវឲ្យមន្ត្រីទាំងនោះ ធ្វើសំណើរផ្ទាល់ ទៅនាយករដ្ឋមន្ត្រី ឬតាមរយៈរដ្ឋមន្ត្រីមហាផ្ទៃ ដើម្បីអាចឲ្យនាយករដ្ឋមន្ត្រី ទូលស្នើទៅព្រះមហាក្សត្រ ពីការផ្ដល់សិទ្ធិ ធ្វើនយោបាយ​នេះឡើងវិញ។

លោកនាយករដ្ឋមន្ត្រី បានបន្តទៀតថា៖

«អាណាចង់ទៅងាប់ឯណា ក៏ងាប់ទៅ ! កុំទៅខ្វល់ពេក។ គិតប្រជាជន ១៦លាននាក់ នៅក្នុងប្រទេសនេះ។ ធ្វើម៉េចឲ្យប្រជាជន ១៦លាននាក់ មានបាយទទួលទាន មានសម្លៀកបំពាក់ មានថ្នាំសង្កូវ មានការព្យាបាលជំងឺ (…) មានផ្ទះសម្បែង មានមធ្យោបាយធ្វើដំណើរ មានរបស់ប្រើប្រាស់។ សេចក្ដីត្រូវការរបស់មនុស្ស គឺគិតគូរអាហ្នឹង។»

មន្ត្រីប្រឆាំងទាំងនោះ ត្រូវបានតុលាការកំពូល ហាមឃាត់ធ្វើសកម្មភាពនយោបាយ ចំនួន៥ឆ្នាំ នៅទន្ទឹមនឹងសាលក្រម សម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ។ 

បើតាមប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងថា មានមន្ត្រី «ក្បត់បក្ស» តែពីរនាក់ប៉ុណ្ណោះ ដែលអាចនឹងធ្វើសំណើរ ទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ ពីនាយករដ្ឋមន្ត្រីកម្ពុជា។ មន្ត្រីផ្សេងទៀតក្រៅពីនេះ នឹងមិនធ្វើសំណើរអ្វី ទៅលោក ហ៊ុន សែន ឡើយ ដរាបណាការទាមទារ ទាំងប្រាំចំណុច មិនមានការឆ្លើយតបទេនោះ។

ប៉ុន្តែលោក ហ៊ុន សែន បានថ្លែងកាលពីព្រឹកម៉ិញ ហាក់ជាការតបតរ ទៅលោក សម រង្ស៊ី វិញថា៖

«អញ្ចឹងចង់នរណា និយាយពីអីនិយាយ ហ្អែងនិយាយមួយម៉ឺនគីឡូ ពីហ្នឹង ហ្អែងនិយាយទៅ។ និយាយទៅ។ ហើយគេថា ខ្ញុំហ្នឹងអសុរោះណាស់។ ប៉ុន្តែចុះលោកឯងនិយាយទៅ ឯកឧត្ដមនិយាយទៅ ក៏វាប៉ុណ្នឹង ហើយគេរើសដាក់ខ្លួនគេ។ ឥឡូវមិនចាំបាច់និយាយទេ ខ្ញុំស្ដាប់ចម្រៀងពិរោះជាង។»

ការប្រកាសឈប់ និយាយរក ឬនិយាយពីគណបក្សប្រឆាំង ឬឈប់និយាយរកលោក សម រង្ស៊ី ពីសំណាក់លោក ហ៊ុន សែន មិនមែនទើបត្រូវធ្វើឡើង ជាលើកទីមួយទេ។ តែសំដីប្រកាសទាំងនោះ តែងត្រូវបានលោក ហ៊ុន សែន លេបចូលវិញ ជាញយដង​មកហើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

កូនស្រី កឹម សុខា ចង់​ឲ្យ​ហ្វេសប៊ុក​បញ្ជាក់​ពី​អត្តសញ្ញាណ​ខ្លួន

កូនស្រីពៅរបស់ប្រធានគណបក្សប្រឆាំង កញ្ញា កឹម សម្មាធីតា មានបំណងចង់ឲ្យក្រុមហ៊ុន ហ្វេសប៊ុក បញ្ជាក់ពីអត្តសញ្ញាណ នៃទំព័រ ឬគណនីរបស់កញ្ញា ក៏ដូចជារបស់បងស្រីកញ្ញា ដើម្បីកុំឲ្យអ្នកផ្សេង អាចបន្លំបាន។ នៅលើបណ្ដាញសង្កម ...
កម្ពុជា

រលំអគារចិន៖ យន្ដ មីន លាលែង ខណៈ ញឹម វណ្ណដា ត្រូវ​ដកចេញ​ពីតំណែង

ជាការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបនឹងធ្លាក់មកដល់ នៅមុននេះបន្តិច ទាក់ទងនឹងហេតុការណ៍រលំស្រុតអគារ កំពស់៧ជាន់ កាលពីព្រឹកថ្ងៃសៅរ៍ នៅខេត្តព្រះសីហនុ។ លោក យន្ដ មីន ដែលជាអភិបាលខេត្ត ...
កម្ពុជា

កឹម សុខា ផ្ញើសារ​ចូលរួម​មរណទុក្ខ​សព​ម្ដាយក្មេក ហ៊ុន សែន

មេដឹកនាំប្រឆាំង លោក កឹម សុខា បានផ្ញើរសារមរណទុក្ខមួយច្បាប់ ជូនលោក ហ៊ុន សែន ដើម្បីសំដែងការសោកស្ដាយ និងទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់លោកយាយ ប៊ុន ស៊ាងលី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.