ការផ្ដន្ទាទោស​ទៅលើអ្នកកាសែត សុខ ឧត្ដម គ្រាន់តែជាការបង្ក្រាប ទៅលើ«សារព័ត៌មានសេរី» ដែលតែងកើតឡើងដដែលៗ នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ខាងលើនេះ ជាការអះអាងឡើង របស់អ្នកស្រី «Pauline Adès-Mével» អ្នកនាំពាក្យអង្គការ​អ្នកយកការណ៍​គ្មានព្រំដែន (RWB /RSF) ភ្លាមៗ ក្រោយការផ្ដន្ទាទោស ដោយសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ទៅលើលោក សុខ ឧត្ដម ដែលជាម្ចាស់ស្ថានីយ៍វិទ្យុ និងគេហទំព័រឬទ្ធិសែន ខេត្តកំពង់ឆ្នាំង។

តុលាការថ្នាក់ខេត្តនោះ បានផ្ដន្ទាទោសលោក សុខ ឧត្ដម ឱ្យ​ជាប់ពន្ធនាគារ ២០​ខែ និងបង្គាប់ឲ្យបង់​ប្រាក់​ ចំនួន​២០​លាន​រៀល សម្រាប់​ដើម​បណ្ដឹង ពី​បទ​ញុះញង់ ពាក់ព័ន្ធ​នឹងការផ្សាយ​បន្តផ្ទាល់ របស់អ្នកសារព័ត៌មានរូបនេះ អំពីការ​តវ៉ា​របស់ពលរដ្ឋ នៅមុខ​សាលាឃុំ​ ជៀប កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិត​ក្នុង​ស្រុក​ទឹកផុស ជុំវិញជម្លោះដីធ្លី ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ ដែល​ប្រជាពលរដ្ឋ​ចោទ​ថា អាជ្ញាធរ​បាន​ដកហូត​ដីធ្លី រាប់សិប​ហិចតា​​របស់​ពួកគាត់។​

ការសម្រេចសាលក្រមនោះ បានរងប្រតិកម្មខ្លាំងៗ ពីសំណាក់​អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលជំនាញ​ខាងការពារ​សិទ្ធិសេរីភាព​​សារព័ត៌មាន នៅជុំវិញពិភពលោក ដោយទាមទារទៅតុលាការជាន់ខ្ពស់ ឲ្យលប់ចោលការផ្ដន្ទាទោស និងដោះលែងលោក សុខ ឧត្ដម ជាបន្ទាន់។

អ្នកស្រី «Pauline Adès-Mével» អ្នកនាំពាក្យរបស់អង្គការខាងលើ ត្រូវបានស្រង់សំដី យកមកចុះផ្សាយ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់អង្គការនេះ ចុះថ្ងៃទី២៤​ ខែធ្នូ ឆ្នាំ២០២០ ដូច្នេះថា៖

«ការឃុំខ្លួនដ៏យូរហួសហេតុ រហូតឈានដល់ការផ្ដន្ទាទោស ដោយគ្មានភស្ដុតាង ទៅលើអ្នកកាសែត សុខ ឧត្ដម ជារឿងមិនសមហេតុ​សមផល និងគ្រាន់តែដើម្បីបង្ក្រាប ទៅលើសារព័ត៌មានសេរី ដែលធ្វើការ​ដោយឯករាជ្យប៉ុណ្ណោះ។»

អ្នកនាំពាក្យបន្តថា៖

«យើងសូមស្នើឲ្យចៅក្រម ទទួលយល់ព្រមបណ្ដឹងឧទ្ធរណ៍ របស់ សុខ ឧត្ដម និងលប់ចោលការផ្ដន្ទាទោស ដែលគ្មានមូលដ្ឋានគ្រឹះ​ខាងលើ ដែលជាថ្មីម្ដងទៀត បានរំខានទៅដល់ សារព័ត៌មានសេរី នៅកម្ពុជា។»

អាជ្ញាធរកម្ពុជាបញ្ជាក់ថា ការចាប់ខ្លួននោះ ធ្វើឡើងដោយអនុវត្ត​តាមច្បាប់កម្ពុជា ដើម្បីទប់ស្កាត់បទល្មើស ដែលក្រុមអាជ្ញាធរទាំងនោះ អះអាងថា ជាការផ្សាយព័ត៌មាន​បំភ្លៃ និង​មាន​លក្ខណៈ «ញុះញង់ ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។

ក្រោយការចាប់ខ្លួនភ្លាមៗ ស្ថាប័នវិទ្យុ និងគេហទំព័រព័ត៌មាន របស់លោក សុខ ឧត្ដម ក៏ត្រូវ​បាន​ក្រសួងព័ត៌មាន ចេញប្រកាស ​ឲ្យបិទទ្វាដែរ។ នេះ បើតាមសេចក្ដីសម្រេចមួយ របស់​ក្រសួង ដែលចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី ខៀវ កាញារិទ្ធ នៅថ្ងៃទី១២ ខែឧសភា តែទើប​នឹង​ឃើញ​ចេញ​ផ្សាយ នៅថ្ងៃទី១៣ ខែឧសភា។

អង្គការឃ្លាំមើលសិទ្ធិសេរិភាពអ្នកសារព័ត៌មាន បានបញ្ជាក់បន្ថែមថា បើសាលក្រមនេះ ត្រូវបានតំកល់ទុកជាបានការនោះ លោក សុខ ឧត្ដម នឹងក្លាយជា​អ្នកកាសែត​ទី​បី​ហើយ ដែល​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស នៅ​ក្នុង​ឆ្នាំ២០២០ បូកបន្ថែមនឹងការបង្ខំ​ឲ្យ​បិទស្ថាប័នព័ត៌មាន របស់អ្នកកាសែតទាំងនោះ និងការរាំងខ្ទប់គេហទំព័រ​ព័ត៌មាន ដែលបានកើតមានជាហូហែរ នៅកម្ពុជា។

កាលពីដើមខែមេសា លោក សុវណ្ណ រិទ្ធី ម្ចាស់ស្ថាប័ន«FBTV» ក៏ត្រូវបានចាប់ខ្លួន ដាក់​ពន្ធនាគារដែរ បន្ទាប់ពីលោក បាន​ចុះផ្សាយ នៅលើបណ្ដាញសង្គម នូវការដកស្រង់សំដី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែង ឲ្យអ្នករត់ម៉ូតូឌុប លក់ម៉ូតូ ដើម្បី​ទិញ​អង្ករហូប នៅក្នុងរយៈពេល នៃវិបត្តិ«Covid-19»។

នៅចុងខែមីនា គេហទំព័រ របស់ទស្សនាវដ្ដីមនោរម្យ «MONOROOM.info» បានរង​ការរាំងខ្ទប់ ដោយមិនឲ្យប្រិយមិត្តបើកចេញ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីស្ថាប័ន​មិនចំណុះ​មួយនេះ បានផ្សាយរបាយការណ៍ ជាបន្តបន្ទាប់ ស្ដីពីជំងឺ «Covid-19» នៅ​កម្ពុជា និងនៅ​ប្រទេស​ចិន។

ចំពោះករណីទាំងពីរចុងក្រោយ ត្រូវបានអង្គការអន្តរជាតិខាងលើថ្កោលទោស (ចុចអានទីនេះ និងទីនេះ) ដោយអង្គការនេះ​ហៅទង្វើ​ទាំងនោះ ថាជាការគម្រាមកំហែង ទៅលើ​សិទ្ធិអ្នកសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន របស់ពលរដ្ឋកម្ពុជា។

នៅក្នុងបញ្ជីសន្ទស្សន៍ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ប្រទេសកម្ពុជាបានបន្តធ្លាក់ ចំណាត់ថ្នាក់​ប្រចាំឆ្នាំ របស់ខ្លួន ស្ដីពីសេរីភាពសារព័ត៌មាន ពីលេខរៀងទី១៤៣ ក្នុងឆ្នាំមុន មកលេខ១៤៤ ក្នុងឆ្នាំ២០២០នេះ ពីក្នុងចំណោម​១៨០ប្រទេស នៅជុំវិញ​ពិភពលោក៕



លំអិតបន្ថែមទៀត

កម្ពុជា

RSF ៖ ហ៊ុន សែន មិនត្រូវ​ប្រើ​លេស​«Covid-19»​ដើម្បី​បិតមាត់​អ្នកកាសែត

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF /RWB) ដែលមានទីតាំងធំ​ ក្នុងរដ្ឋធានីប៉ារីស (បារាំង) បានចេញសេចក្ដីថ្លែងការណ៍មួយ ទាមទារទៅដ្ឋាភិបាលលោក ហ៊ុន សែន មិនត្រូវប្រើ«លេស» នៃជំងឺ«Covid-19» ដើម្បីបំបិតមាត់អ្នកសារព័ត៌មាន ...
ពិសេស

ទស្សនាវដ្ដី​ដាក់​ដំណើរការ នូវ​សេវា​ធ្វើ​«បច្ចុប្បន្នភាព​ដំណឹង​ដោយ​ផ្ទាល់»

សូមមេត្តាកុំខ្វល់អ្វីឡើយ បើប្រិយមិត្ត​កំពុង​ពិគ្រោះគេហទំព័រ «MONOROOM.info» នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ហើយប្រិយមិត្តបានឃើញ ប្រអប់មួយលោតចេញមក ដូចនៅក្នុងរូបភាពខាងលើ។ នោះ ជាប្រអប់មួយ នៃសេវាដើម្បីទទួល ​«បច្ចុប្បន្នភាព​ដំណឹង​ដោយ​ផ្ទាល់»។ វាជាសេវាថ្មីមួយ ដែលទស្សនាវដ្ដីទើបនឹងដាក់បញ្ចូល ...
កម្ពុជា

ព្រះរាជអាជ្ញា​ចោទប្រកាន់ ផែង វណ្ណៈ តែ​មិនទាន់​សម្រេច​ឲ្យ​ឃុំខ្លួន

លោក ផែង វណ្ណៈ ត្រូវបានព្រះរាជអាជ្ញារង លោក វង្ស ប៊ុនវិសុទ្ធ សម្រេចនៅល្ងាចថ្ងៃអង្គារនេះ ចោទប្រកាន់​ពីបទ​«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» តែនៅមិនទាន់សម្រេច ថាឲ្យឃុំខ្លួនឬយ៉ាងណានៅឡើយ ដោយបញ្ជូនលោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.