កម្ពុជាដំណឹង

កាសែតជប៉ុន​រំឭក​រដ្ឋាភិបាល​ខ្លួនពី​«ចំណាត់ការ»​របស់ EU ចំពោះ​ ហ៊ុន សែន

មិនមែនជាអត្ថបទព័ត៌មាន ឬជាសេចក្ដីរាយការណ៍ទេ តែជា«បទវិចារណកថា» របស់ការិយាល័យនិពន្ធ នៃសារព័ត៌មានជប៉ុនដ៏ធំមួយ ហៅថា «Japan Times» ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍។ សារព័ត៌មាននេះ ហាក់ពន្យល់ទៅរដ្ឋាភិបាលជប៉ុន នៅក្នុងអត្ថបទនោះថា «សហភាពអ៊ឺរ៉ុប ពិតជាធ្វើ”ចំណាត់ការ”ត្រឹមត្រូវ ដោយឈរលើជំហរ នៃគោលការណ៍​និងគុណតម្លៃរបស់ខ្លួន ហើយសហភាពអ៊ឺរ៉ុប នឹងមិនគួរធ្វើចំណាត់ការនេះ តែម្នាក់ឯងនោះឡើយ»។

នៅក្នុងអត្ថបទវិចារណកថា ដែលមានចំណងជើងថា «សហភាពអ៊ឺរ៉ុបចាត់វិធានការតឹងរ៉ឹង ចំពោះប្រទេសកម្ពុជា» ការិយាល័យនិពន្ធរបស់សារព័ត៌មាន «Japan Times» បានសរសេររៀបរាប់ ពីចំណាត់ការរបស់សហភាពអ៊ឺរ៉ុប ថាបានបង្ហាញរូបរាងច្បាស់ឡើង បន្ទាប់ពីសហភាពអ៊ឺរ៉ុបបានព្រួយបារម្ភ ពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស និងជាពិសេស​គឺបន្ទាប់ពីលោក ហ៊ុន សែន បានគម្រាមថា នឹងកម្ទេចបក្សប្រឆាំងចោល ប្រសិនជារបបដឹកនាំរបស់លោក រងទណ្ឌកម្មពីសហភាពអ៊ឺរ៉ុបមែននោះ។

«៧២%»

ចំណាត់ការនោះ គឺសហភាពអ៊ឺរ៉ុបបានប្រកាសបើកនីតវិធី ដើម្បីឈានទៅព្យួរប្រទេស​កម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «គ្រប់ទំនិញទាំងអស់លើកលែងតែសព្វាវុធ – EBA»។ សារព័ត៌មានជប៉ុនសរសេរថា៖

«សហភាពអ៊ឺរ៉ុបគឺជាលំហរទីផ្សារនាំចេញ​ធំជាងគេបង្អស់ របស់កម្ពុជា ប្រមាណជា៤០% នៃការនាំចេញទាំងអស់របស់ប្រទេសនេះ (…) បើតាមតួលេខផ្ដល់ដោយក្រសួងពាណិជ្ជកម្ម នៅក្នុងឆរមាសដំបូងនៃឆ្នាំ២០១៨ កម្ពុជាបាននាំចេញទៅសហភាពអ៊ឺរ៉ុប ក្នុងចំនួនទឹកប្រាក់ ១,៦ពាន់លានដុល្លារ ខណៈការនាំចេញទៅសហរដ្ឋអាមេរិក ធ្វើឡើងក្នុងចំនួនទឹកប្រាក់ ៨៥៨លានដុល្លារ ដែលធ្វើឲ្យអាត្រានៃការនាំចេញ ទៅលំហទីផ្សារទាំងពីរ មានប្រមាណជា ៧២%។»។

ចំណាត់ការរបស់សហភាពអ៊ឺរ៉ុប ដែលចាប់ផ្ដើមតាំងពីដើមខែតុលា ឆ្នាំ២០១៨ ដោយការព្រមានប្រទេសកម្ពុជា ឲ្យឆាប់ងាកមកដើរតាមវិថីប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញនោះ មិនត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ខ្វល់ខ្វាយទេ ដោយបានហៅការសម្រេចចាត់វិធានការ របស់សហភាពអ៊ឺរ៉ុប ថាមានភាព«លំអៀងយ៉ាងគឃ្លើន»។

អត្ថបទរបស «Japan Times» បានស្រង់ការវាយបក​របស់លោក ហ៊ុន សែន មកបញ្ជាក់ថា កម្ពុជានឹងមិនយក​«ឯករាជភាព និងអធិបតេយ្យភាព»របស់ខ្លួន ទៅដោះដូរ​ជាថ្នូរ​នឹងអ្វីមួយ​ឡើយ។ ហើយបន្តិចក្រោយមក បុរសខ្លាំងកម្ពុជារូបនេះ បានគម្រាមទៅសហភាពអ៊ឺរ៉ុបវិញថា បើចង់ឲ្យក្រុមប្រឆាំងស្លាប់ អញ្ចឹងសហភាពអ៊ឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះ​ពន្ធ «EBA» នេះទៅ!

បទវិចារណកថាបានបន្តថា៖

«ចំណាត់ការខាងលើនេះ បានបណ្ដាល​ឲ្យមានការជជែកដេញដោល ទៅលើបែបផែនរបៀប​ណា ដើម្បីបង្កឥទ្ធិពល​ទៅលើប្រទេស ដែលមានរបបដឹកនាំផ្ដាច់ការ។  ការខិតខំប្រឹងប្រែងរបស់សហភាពអ៊ឺរ៉ុប ដែលមានទិសដៅចង់បង្ខំឲ្យក្រុងភ្នំពេញ ងាកមកគោរពសិទ្ធិពលរដ្ឋរបស់ខ្លួននោះ មិនគ្រាន់តែរងការជំទាស់ ពីប្រទេសកម្ពុជាខ្លួនឯងទេ តែក៏អាចប៉ះពាល់ដល់នយោបាយចិន ដែលចង់ពង្រឹងចំណងទាក់ទងរបស់ខ្លួន ជាមួយប្រទេសកម្ពុជានោះដែរ។»

«ប៉ះពាល់នយោបាយជប៉ុន ខណៈក្រុងតូត្យូមិនរិះគន់ ពីការបោះឆ្នោតក្លែងក្លាយ»

«ការចូលលូកដៃកាន់តែខ្លាំងឡើង ពីសំណាក់ប្រទេសចិន បានផ្ដល់ផលប៉ះពាល់ខ្លាំងណាស់ ទៅលើនយោបាយរបស់ជប៉ុន។ ក្រុងតូត្យូ បានជ្រើសរើសភាពស្ងប់ស្ងាត់ នៅអំឡុងពេលបោះឆ្នោតកន្លងមក ដោយមិនធ្វើការ​រិះគន់​ការបោះឆ្នោតក្លែងក្លាយ ក្នុងពេលនោះទេ។»

សារព័ត៌មានបានបន្តថា៖

«លោក ហ៊ុន សែន គឺជាកំពូលអ្នកលេង​ល្បែងភូមិសាស្ត្រ​នយោបាយ​ម្នាក់។ គាត់ស្វែងរក​ផលចំណេញផ្នែកសេដ្ឋកិច្ច ពីការទាក់ទងជាមួយលោកខាងលិច ហើយបែរជា​ងាកទៅរក​ចិន ដើម្បីតម្រូវការរបស់គាត់ ដែលចង់ឲ្យចិនធ្វើជាខែលការពារផ្នែកការទូត នៅពេលដែលបស្ចឹមលោកដាក់សម្ពាធលើគាត់ កាន់តែខ្លាំងឡើង ទាក់ទងការគោរពសិទ្ធិមនុស្ស។»

បទវិចារណកថាបានសរសេរនៅចុងបញ្ចប់ ដែលហាក់មានន័យដាស់តឿន សម្រាប់រដ្ឋាភិបាល​ជប៉ុនថា៖

«ការធ្វើមិនដឹងមិនឮ ចំពោះការរំលោភបំពាន មិនបានជួយប្រជាជនកម្ពុជា ហើយក៏មិនអាចលួងលោមឲ្យមានបំណងល្អ ពីរបបក្រុងភ្នំពេញនោះដែរ។ លោក ហ៊ុន សែន មានផលប្រយោជន៍ផ្ទាល់របស់គាត់ ដែលមិនមែនជាផលប្រយោជន៍ របស់ប្រជាជនកម្ពុជាទេ។ សហភាព​អ៊ឺរ៉ុបពិតជាធ្វើ”ចំណាត់ការ”​ត្រឹមត្រូវ ដោយឈរលើជំហរ នៃគោលការណ៍​និងគុណតម្លៃរបស់ខ្លួន ហើយសហភាពអ៊ឺរ៉ុប នឹងមិនគួរធ្វើចំណាត់ការនេះ តែម្នាក់ឯងឡើយ។»៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ អ្នកស្រាវជ្រាវ​មួយក្រុម ថា​កម្ពុជាបានឆ្លង ជាង​១ពាន់​ករណី

«ជាង​១ពាន់​ករណី» ជាតួលេខផ្ដល់ដោយ អ្នកស្រាវជ្រាវមួយក្រុម ដែលគណនារកឃើញ តាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ តែមិនមែនជាតួលេខ នៅថ្ងៃទី១១ ខែមេសានេះ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ...
ដំណឹង

EU តម្លើងសំលេងខ្លាំងៗដាក់ នីកូឡា ម៉ាឌូរ៉ូ បើហ៊ានចាប់ខ្លួន រ៉ន់ ហ្គេដូ

សហភាពអ៊ឺរ៉ុបបានព្រមានរដ្ឋាភិបាលរបស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) នៅថ្ងៃសៅរ៍ទី២ ខែមិនា ឆ្នាំ២០១៩ម្សិលម៉ិញថា បើមានការចាប់ខ្លួនលោក រ៉ន់ ហ្គេដូ (Juan Guaido) ...
កម្ពុជា

កម្ពុជា​ត្រូវចាំ​ដល់ឆ្នាំ​២០២៣ ទើបមាន​ទូរទស្សន៍ Digital

ផ្ទុយពីប្រទេសជិតខាងខ្លួន ប្រទេសកម្ពុជាត្រូវរង់ចាំ យ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៣ ដើម្បីខ្លួនអាចមានសមត្ថភាព ក្នុងការផ្សាយប្រព័ន្ធរូបភាព និងសម្លេង នៅតាមកញ្ចក់ទូរទស្សន៍ ជាលក្ខណៈ​ឌីជីថល (Digital)។ នេះ បើតាមការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.