កម្ពុជាដំណឹង

ក្រុង​ភ្នំពេញ​ព្រមាន​ចាត់វិធានការ​ប្រឆាំង​ការផ្សាយព័ត៌មាន​ថា អ៊ឺរ៉ុប​«ទុកច្រក»​

ការប្រើពាក្យ ដូចជា «EU ទុកច្រក ឱ្យរដ្ឋាភិបាលកម្ពុជា» ឬពាក្យដទៃទៀត ដែលរបបក្រុងភ្នំពេញវាយតម្លៃថា «មិនត្រឹមត្រូវ» អាចនឹងរងវិធានការ «ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព» ពីរបបដឹកនាំឯកបក្សមួយនេះ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយ នៅល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។

សេចក្ដីថ្លែងការណ៍ ដែលមានសរសេរ ជាបីភាសា (ខេមរភាសា អង់គ្លេស និងចិន) បានពន្យល់ថា វិធានការ​«ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព»នោះ គឺដើម្បីថែរក្សា «សតិអារម្មណ៍​​សាធារណៈ ឱ្យស្ថិតនៅក្នុងស្ថិរភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»។

លោក ផៃ ស៊ីផាន បានទម្លាក់ការទទួលខុសត្រូវ ទៅលើ «អ្នកឆ្លងឆ្លើយព័ត៌មានមួយចំនួន ក៏ដូចជាអ្នក ធ្វើបទអត្ថាធិប្បាយ» ដែលប្រើប្រាស់ «ពាក្យមិនពិត» និងបង្កើតនូវ «ទស្សនៈ​អវិជ្ជមាន មិនឆ្លើយតប នឹងគោលការណ៍ជាក់ស្ដែង (…) ធ្វើឲ្យមតិ​សាធារណជន មានការភាន់ច្រឡំ និងបង្កើតនូវឥរិយាបថ មិនអាច​ទទួលយកបាន» ទាក់ទង​នឹងប្រព័ន្ធ​អនុគ្រោះពន្ធ «EBA» ដែលសហភាពអ៊ឺរ៉ុប បានបើកនីតិវិធីដកចេញ ពីប្រទេស​កម្ពុជា កាលពីខែតុលា ឆ្នាំ២០១៨។

សម្រាប់រដ្ឋាភិបាលកម្ពុជា អ្នកឆ្លងឆ្លើយព័ត៌មាន និងអ្នកធ្វើបទអត្ថាធិប្បាយទាំងនោះ កំពុងបំផុសបំផុល នូវ«ព័ត៌មានក្លែងក្លាយ (Fake News)» ដែលថា «អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ពីកម្ពុជា ​ខណៈដែលការពិត រឿង EBA នេះ ភាគីទាំងពីរ នៅមានពេលវេលា ជជែកគ្នានៅឡើយ»។

អ្នកនាំពាក្យរបបក្រុងភ្នំពេញ បានបន្តទៀតថា៖

«រាជរដ្ឋាភិបាល មិនយល់ស្របជាដាច់ខាត ក្នុងកិច្ចប្រើពាក្យ «EU ទុកច្រក ឱ្យរាជរដ្ឋាភិបាលកម្ពុជា» ឬពាក្យដទៃទៀតជាដើម ដែលជាពាក្យមិនសមស្រប ទៅនឹងចរិត ការងារ របស់រាជរដ្ឋាភិបាល ដែលជាដៃគូអភិវឌ្ឍពិតប្រាកដ ជាមួយ EU នោះឡើយ នៅក្នុងកិច្ចលើកស្ទួយ ជីវិភាពពលរដ្ឋកម្ពុជា តាមរយៈកម្មវិធីនេះ។ ពាក្យទាំងនោះ គឺស្ថិតនៅក្នុងបំណងញុះញង់ ឬប្រឆាំងនឹងភាពជាដៃគូ រវាងកម្ពុជា និងសហភាពអឺរ៉ុប។»

តាមរយៈសេចក្ដីថ្លែងការណ៍នោះ រដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ «រាល់បណ្តាលអង្គភាព ឬបុគ្គលពាក់ព័ន្ធ» ឲ្យ «រក្សាភាពថ្លៃថ្នូរ និងក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈខ្ពស់» និងកុំបង្ក «ការភាន់ច្រឡំ ជាយថាហេតុណាមួយ ដែលកើតចេញ ពីការបង្កើតព័ត៌មានញុះញង់ ឬក្លែងក្លាយ (Fake News)» នោះ៕

«រាជរដ្ឋាភិបាលនឹងចាត់វិធានការ ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព ក្នុងកិច្ចថែរក្សាសតិអារម្មណ៍សាធារណៈ ឱ្យស្ថិតនៅក្នុងស្ថិរភាព និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ប្រឆាំងនឹងព័ត៌មានមិនពិត (Fake News)»។



លំអិតបន្ថែមទៀត

កម្ពុជា

ផៃ ស៊ីផាន ហៅ​ក្រុម​ព្រឹទ្ធសមាជិក​អាមេរិក ជា​មេក្លោង​ក្រុមប្រឆាំង​នៅ​កម្ពុជា

អ្នកនាំពាក្យរបបដឹកនាំក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានធ្វើប្រតិកម្មតបនឹងការស្នើច្បាប់ កាលពីសប្ដាហ៍មុន ពីសំណាក់ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយ​ហៅ​ទង្វើរបស់ក្រុមព្រឹទ្ធសមាជិកទាំងនោះ បង្ហាញកាន់តែច្បាស់ ថាពួកគេជា«មេក្លោង» របស់ក្រុមប្រឆាំងនៅកម្ពុជា។ សេចក្ដីស្នើច្បាប់លេខ «S.1468» ...
កម្ពុជា

ហ៊ុន សែន អរគុណ​អ្នកកាសែត​ ដែលផ្សាយ​ព័ត៌មាន​ក្នុង​«ផ្លូវវិជ្ជមាន»

នៅមួយថ្ងៃ មុនជំនួប«បាយសាមគ្គី» ជាមួយក្រុមអ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងរួចជាស្រេច ប្រាប់ឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក ក្នុង«ផ្លូវវិជ្ជមាន» ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន។ តែអ្នកវិភាគគិតថា ...
ដំណឹង

ដំណឹង​ឬ​វីដេអូ​គ្មាន​ប្រភព​ស្ដីពី​​បារាំង​ ត្រូវ​​យក​ទៅ​បំពុល​ព័ត៌មាន​នៅ​កម្ពុជា

ដំណឹង​ឬ​វីដេអូ​គ្មាន​ប្រភព​ស្ដីពី​​បារាំង ៖​ បាតុកម្មរបស់ក្រុមអាវកាក់លឿង នៅក្នុងប្រទេសបារាំង ដែលមានរយៈពេលច្រើនសប្ដាហ៍មកនេះ មិនមែនជារឿងថ្មីទេ។ ក្នុងប្រវត្តិប្រទេសបារាំង បាតុកម្មរបៀបនេះច្រើនណាស់ តែងត្រូវបានរៀបចំធ្វើឡើង ជាពិសេសដើម្បីប្រឆាំង នឹងកំណែទម្រង់ណាមួយ របស់រដ្ឋាភិបាល ដែលអាចប៉ះពាល់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.