កម្ពុជាដំណឹង

តំណាង​ជាន់ខ្ពស់​អ៊ឺរ៉ុប​ជួប ប្រាក់ សុខុន រំឭក​ពីបញ្ហា​​«EBA»​​នៅ បាងកក

ជាជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ដើម្បីពិនិត្យមើលឡើងវិញ អំពីជំហានទាំងឡាយ ដែលកម្ពុជាបានដើរ ឬបានឆ្លើយតបជាវិជ្ជមាន ក្នុងការវិលត្រឡប់ ទៅរកការដឹកនាំ តាមបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដើម្បីជាថ្នូរនឹងការបញ្ឈប់ នីតិវិធីព្យួរប្រព័ន្ធអនុគ្រោះ «EBA» ចេញពីប្រទេសកម្ពុជា។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហភាពអ៊ឺរ៉ុប ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន។

ជំនួបរវាង​ប្រមុខការទូតកម្ពុជា និងអ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់​នៃសហភាព​អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខនោះ បានប្រព្រឹត្តិទៅ នៅក្រៅកិច្ចប្រជុំ អាស៊ាន-អ៊ឺរ៉ុប កម្រិតរដ្ឋមន្ត្រីការបរទេស ក្នុងរាជធានីបាងកក ប្រទេសថៃ កាលពីថ្ងៃព្រហស្បត្តិ៍ទី១ ខែសីហា ឆ្នាំ២០១៩​ម្សិលម៉ិញ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា មិនមានឃើញលើកឡើង អំពីជំនួបនេះទេ។ យ៉ាងណាទំព័រហ្វេសប៊ុករបស់ក្រសួង និងរបស់លោក ប្រាក់ សុខុន ផ្ទាល់ បានបង្ហោះរូបថតប៉ុន្មានសន្លឹក បញ្ជាក់ពីជំនួប រវាងប្រមុខការទូត​ទាំងពីរនាក់ តែមិនបានរៀបរាប់លំអិត អំពីកិច្ចពិភាក្សា​នៅក្នុងជំនួបទេ។

យ៉ាងណា សេចក្ដីប្រកាសព័ត៌មាន របស់ការិយាល័យអ៊ឺរ៉ុប ដើម្បីសកម្មភាព​ខាងក្រៅ (The European External Action Service ហៅកាត់ EEAS) បានអះអាងថា អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី បានជជែកជាមួយលោក ប្រាក់ សុខុន ជុំវិញនីតិវិធីឃ្លាំមើល និងការប្ដេជ្ញាចិត្តទាំងឡាយ ដែលមានភ្ជាប់មកជាមួយ នឹងប្រព័ន្ធអនុគ្រោះពន្ធ «EBA»។

សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរថា៖

«ក្រោមការទទួលផលប្រយោជន៍ ពីកម្មវិធីនេះ ប្រទេសកម្ពុជាចាំបាច់ត្រូវគោរពសិទ្ធិការងារ និងសិទ្ធិមនុស្ស ជាមូលដ្ឋានគ្រឹះនានា។ អ្នកស្រីតំណាងជាន់ខ្ពស់ របស់សហភាពអ៊ឺរ៉ុប បានរំឭកសារជាថ្មី អំពីតម្រូវការ នៃការកែទម្រង់ជាក់ស្តែង និងគួរឱ្យទុកចិត្តបាន ទៅលើបញ្ហា ដែលមានការព្រួយបារម្ភ។»

កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៩នេះ សហភាពអ៊ឺរ៉ុប បានប្រកាសបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធខាងលើ បន្ទាប់ពីសហភាពអ៊ឺរ៉ុបរកឃើញថា របបក្រុងភ្នំពេញ បានដឹកនាំប្រទេស ផ្ទុយពីគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលជាលក្ខខណ្ឌ មានចែងក្នុងកិច្ចព្រមព្រៀង កម្ពុជា-សហភាពអ៊ឺរ៉ុប ដើម្បីទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធមួយនេះ។

នៅសល់ពេល ជាង១សប្ដាហ៍ទៀត…

បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅពេលនោះ ដោយសហភាពអ៊ឺរ៉ុប ពីរាជធានីព្រុយហ្សែល (ប្រទេសប៊ែលហ្សិក) របបដឹកនាំរបស់លោក ហ៊ុន សែន មានពេល៦ខែ ដើម្បីឲ្យសហភាពអ៊ឺរ៉ុប ប្ដូរជំហរ​ងាកត្រឡប់ក្រោយវិញ។ មកដល់ថ្ងៃនេះ ពេលវេលានៅសល់ ប្រមាណជាង១សប្ដាហ៍ ទៀតប៉ុណ្ណោះ។

កាលពីថ្ងៃទី១១ ខែមិថុនា សហភាពអ៊ឺរ៉ុបបានរំឭកប្រទេសកម្ពុជាសារជាថ្មី ឲ្យដោះស្រាយក្ដីកង្វល់ទាំងឡាយ ទាក់ទងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ដើម្បីអាចរក្សាទុកនូវប្រព័ន្ធអនុគ្រោះពន្ធខាងលើ។ ការរំឭកនេះ ធ្វើឡើងបន្ទាប់ក្រុមប្រតិភូសហភាព​អ៊ឺរ៉ុប បានបញ្ចប់បេសកកម្ម ស្វែងរកការពិតលើកទីពីរ នៅកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនារួចរាល់។

តួលេខកាលពីឆ្នាំកន្លងទៅ បង្ហាញថា កម្ពុជាទទួលផលចំណេញ អំពីការរួចផុតអំពីការបង់ពន្ធ ប្រមាណជា៦៧៦លានដុល្លារ ពីក្នុងចំណោមផលិផលនាំចេញ ទៅកាន់ទីផ្សារសហភាពអ៊ឺរ៉ុប ដែលមានតម្លៃជាទឹកប្រាក់សរុប ប្រមាណជិត៦ពាន់លានដុល្លារ៕



លំអិតបន្ថែមទៀត

កម្ពុជា

មន្ត្រី​​អ៊ឺរ៉ុប​ហៅ​ការគម្រាម​របស់ ហ៊ុន សែន ថា​មាន​ចរិត​បែប​ម៉ាហ្វីយ៉ា

សំដីរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពិតជាបានឮដល់​ អ៊ឺរ៉ុប! នោះគឺការគម្រាម របស់លោក ហ៊ុន សែន កាលពីព្រឹកម៉ិញ ដែលអះអាងថា នឹងកម្ទេចគណបក្សប្រឆាំង នៅកម្ពុជាចោល ប្រសិនជាសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ...
កម្ពុជា

ខ្លីៗ​ពីបារាំង៖ ក្រុងប៉ារីស​បញ្ជាក់​ពី​ការដាក់​កម្ពុជា​ក្នុង​«បញ្ជីខ្មៅ»​អ៊ឺរ៉ុប

សប្ដាហ៍ទីពីរ នៃខែឧសភានេះ ត្រូវបានកត់សម្គាល់ ដោយការដាក់ប្រទេសកម្ពុជា ចូលក្នុង​«បញ្ជីខ្មៅ» ពីសំណាក់សហភាពអ៊ឺរ៉ុប (EU) ស្ដីពីការលាងសម្អាតលុយ និងហិរញ្ញប្បទាន​ភេរវកម្ម។ នេះ បើតាម​របាយការណ៍​ខ្លីៗ ប្រចាំសប្ដាហ៍​ទី២០ របស់ក្រសួងសេដ្ឋកិច្ច ...
កម្ពុជា

ហេតុផលពីរយ៉ាង ដែល​នាំស្ថានទូត​អាមេរិក​លូកដៃ​ចូល​ក្នុង​ករណី កឹម សុខា

ស្ថានទូត​សហរដ្ឋអាមេរិក​ពិតជាមានសិទ្ធិ ក្នុងកិច្ចអន្តរាគមន៍លូកដៃ ចូលករណីលោក កឹម សុខា ដោយសារ«ហេតុផលពីរយ៉ាង»។ នេះ បើតាមការអះអាង​របស់អ្នកនាំពាក្យ​ស្ថានទូត​ នៃប្រទេសមហាអំណាច ប្រចាំក្នុងរាជធានីភ្នំពេញ ដើម្បីប្រតិកម្មតប​ទៅសេចក្ដី​ថ្លែងការណ៍ របស់ក្រសួងការបរទេស​កម្ពុជា ដែលចេញផ្សាយ​ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.