កម្ពុជាដំណឹង

ហ៊ុន សែន ថា ស ខេង «មិនល្ងង់»​ដណ្ដើម​អំណាច​យកទៅ​ឲ្យ សម រង្ស៊ី

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង «មិនល្ងង់»ធ្វើរដ្ឋប្រហារ ទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយយកអំណាចទៅឲ្យលោក សម រង្ស៊ី នោះទេ។ នេះ ជាការអះអាងឡើង របស់បុរសខ្លាំងកម្ពុជា ដើម្បីប្រតិកម្មតប ទៅនឹងការបង្ហើបរបស់មេដឹកនាំប្រឆាំង កាលពីប៉ុន្មានថ្ងៃមុន ដែលជឿជាក់ថា លោក ស ខេង កំពុងត្រៀមកម្លាំង ដើម្បីកម្ចាត់នាយករដ្ឋមន្ត្រី ឲ្យបានមុន។

លោក ហ៊ុន សែន ថ្លែងឡើងដូច្នេះ នៅក្នុងពិធីបើកការដ្ឋាន សាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ពីក្រុងប៉ោយប៉ែត ក្នុងព្រឹកថ្ងៃចន្ទទី២២ ខែមេសា ឆ្នាំ២០១៩នេះ។

នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា៖

«សូម្បីសម្ដេចក្រឡាហោម [ស ខេង] ប្រើគាត់ឲ្យធ្វើរដ្ឋប្រហាទំលាក់ខ្ញុំ គឺក៏មិនចាំបាច់តប ជាមួយអាឡប់ណាទេ។ ឥលូវយើងសាកគិតជាមួយគ្នាមើល! វាមិនដែលម៉ែអាណា ឲ្យឧបនាយករដ្ឋមន្ដ្រី មកផ្ដួលនាយករដ្ឋមន្ដ្រី មានន័យស្មើនឹងអី? មានន័យស្មើនឹងរដ្ឋប្រហារ ចេះប្រើគេទៅរួច។»

«រួចហើយយកអំណាច ទៅឲ្យពីណាគេ? យកអំណាចទៅវាហ្នឹង! នឹកស្មានថា សម្ដេចក្រឡាហោម [ស ខេង] ល្ងង់ណាស់ទៅហ្អី?»

លោក ហ៊ុន សែន បញ្ជាក់ថា លោកបានប្រាប់លោក ស ខេង ដែលលោកអះអាងថា«មិនល្ងង់»នោះ កុំឲ្យឆ្លើយឆ្លង ជាមួយលោក សម រង្ស៊ី ដោយចាត់ទុកមេដឹកនាំប្រឆាំង ថាជា«សត្វធាតុ»។ បុរសខ្លាំងបានថ្លែងឡើងថា៖

«អ៊ីចឹង! មិនបាច់សម្តេចក្រឡាហោមឆ្លើយតបទេ ព្រោះយើងបានឯកភាពគ្នាហើយ ថ្ងៃមុនចូលទៅប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំថា មិនបាច់ឆ្លើយជាមួយវាទេ។ កុំឆ្លើយជាមួយវា។ ឆ្កែខាំជើងយើង យើងកុំយកមាត់យើងទៅខាំឆ្កែ ពីព្រោះអានេះ ស្មើនឹងសត្វធាតុទៅហើយ។»

កាលពីថ្ងៃសុក្រទី១៩ ខែមេសា សប្ដាហ៍មុន មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងតាមវិទ្យុអាស៊ីសេរីបង្ហាញជំនឿថា លោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលជាបុរសខ្លាំងទីពីរ នៃរបបដឹកនាំក្រុងភ្នំពេញ កំពុងត្រៀមកម្លាំងរួចជាស្រេចហើយ។ លោក សម រង្ស៊ី បានស្នើឲ្យលោក ស ខេង ត្រូវបើកប្រតិបត្តិការ​​«វាយកម្ចាត់»​លោក ហ៊ុន សែន ឲ្យបានមុន ដោយមិនត្រូវទុកឲ្យលោក ហ៊ុន សែន ធ្វើប្រតិបត្តិការកម្ទេចមុន នោះឡើយ។

យ៉ាងណា បើទោះជាលោក ហ៊ុន សែន បានហាមមន្ត្រីលោក មិនឲ្យលើកឡើង តបតនឹងលោក សម រង្ស៊ី ក្ដី ក៏លោក ស ខេង បានថ្លែងដោយប្រយោល ក្នុងពិធីបញ្ចុះខណ្ឌសីមា នៅវត្តមួយក្នុងខេត្តព្រៃវែង ទទួលស្គាល់ថា របបដឹកនាំរបស់លោក ហ៊ុន សែន បច្ចុប្បន្ន ពិតជាមាន«កំហុសខ្លះ» តែថា កំហុសទាំងនេះអាចកែសម្រួលបាន មិនធ្ងន់ធ្ងរដែលត្រូវឱ្យផ្តួលរំលំទេ។ ការថ្លែងនោះ ធ្វើឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ពោលគឺនៅមួយថ្ងៃ ក្រោយការអំពាវនាវ របស់លោក សម រង្ស៊ី៕



លំអិតបន្ថែមទៀត

កម្ពុជា

ភរិយា កែម ឡី ប្រាប់ស្វាមីថា «បងឈប់បារម្ភពីអូន និងកូនៗទៀតទៅ»

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ នៃសពលោក កែម ឡី បានសុបិន្តឃើញស្វាមីអ្នកជាថ្មីទៀត បើទោះលោក កែម ឡី បានឃ្លាតចេញពីអ្នកស្រី អស់រយៈពេល៣ឆ្នាំហើយក៏ដោយ។ ...
កម្ពុជា

ហ៊ុន សែន ត្រឡប់​ពីទស្សនកិច្ច​នៅចិន​ដោយ​អះអាង​ថា បាន​«ទទួលជោគជ័យ»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានវិលត្រឡប់ មកដល់រាជធានីភ្នំពេញវិញហើយ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោកបានធ្វើទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅក្នុងសាធារណរដ្ឋប្រជាមានិត ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ចាត់តាំង​ឲ្យ​សមាជិកបក្ស​«CPP»​ចុះចែក​អំណោយ

នាយករដ្ឋមន្ត្រីដ៏ចាស់វស្សា និងជាប្រធានគណបក្សកាន់អំណាច នៅកម្ពុជា លោក ហ៊ុន សែន បានចាត់តាំងមន្ត្រី និងសមាជិកគណបក្ស «CPP» របស់លោក ឲ្យចុះចែកអំណោយ ទៅដល់ប្រជាពលរដ្ឋក្រីក្រ នៅទូទាំងប្រទេស។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.