ប្រសិនជាមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន ខិតខំពន្យល់ថា ទង្វើរឹបអូស«សត្វតោ» ជាការអនុវត្តច្បាប់នោះ ទីបំផុតទៅ លោក ហ៊ុន សែន បានចេញបញ្ជាឲ្យប្រគល់សត្វតោនេះ ត្រឡប់ទៅឲ្យម្ចាស់ដើម ដែលជាជនជាតិចិនវិញ។ បុរសខ្លាំងនៅកម្ពុជា បានប្រកាសឲ្យដឹង អំពីការសម្រេចរបស់លោក តាមរយៈសារខ្លីមួយ ដែលលោកបង្ហោះ នៅលើបណ្ដាញសង្គម នៅយប់ថ្ងៃអាទិត្យនេះ។

នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា៖

«ក្រោយក្តាប់បានរឿងសត្វតោ ល្ងាចនេះ ខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថា អនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុង ឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព ទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។»

កាលពីព្រឹកថ្ងៃអាទិត្យ សប្ដាហ៍មុន (ទី២៧​ ខែមិថុនា ឆ្នាំ២០២១) កងកម្លាំងអាជ្ញាធរចម្រុះបានចុះធ្វេីការដកហូត យកសត្វតោឈ្មោល​រស់មួយ​ក្បាល ពីជនជាតិចិនម្នាក់ ដែលបានចិញ្ចឹម​នៅក្នុងលំនៅដ្ឋានរបស់ខ្លួន ស្ថិតក្នុង​សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

កិច្ចសហប្រតិបត្តិនោះ ដឹកនាំដោយ លោក គាំ​ សីហា​ នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ​ សហការជាមួយ​ព្រះរាជ​អាជ្ញារង​អមសាលាដំបូង​រាជធានីភ្នំពេញ និងមានការចូលរួម ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ​ «Wildlife Alliance» ព្រមទាំងកងកម្លាំងសមត្ថកិច្ចចម្រុះ​មូលដ្ឋាន។

សម្រាប់លោក គាំ សីហា បានអះអាងថា ពលរដ្ឋមិនមានសិទ្ធិ ក្នុងការចិញ្ចឹមសត្វព្រៃ ដែលជាប្រភេទ​សត្វកម្រ​នោះទេ។

ការអះអាងខាងលើ ក៏ត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ​ក្រសួង​បរិស្ថាន បញ្ជាក់​ប្រាប់​បណ្ដាញ​សារព័ត៌មាននានាដែរ ដោយបាន​លើកយក​មាត្រា៤៩ នៃច្បាប់ស្តីពីព្រៃឈើ និងមាត្រា៥៨ នៃច្បាប់ស្តីពី​តំបន់ការពារធម្មជាតិ មកអះអាងបន្ថែម។

រីឯអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានពន្យល់អំពីការចូលរួម ក្នុងប្រតិបត្តិការខាងលើ ដោយលើកឡើងថា សត្វតោ​មួយក្បាល​នេះ ត្រូវបានចិញ្ចឹម​ខុសពីក្របខណ្ឌជីវិត ដែលជាធម្មជាតិរបស់សត្វព្រៃ។ អង្គការ«Wildlife Alliance»​លើកឡើងថា

«ល័ក្ខខ័ណ្ឌចិញ្ចឹមសត្វតោ នៅក្នុងលំនៅដ្ឋានដូច្នេះ គឺមិនសមរម្យសម្រាប់សត្វព្រៃទេ។ លើសពីនេះ ធ្មេញចង្កូម និងក្រញ៉ាំរបស់សត្វតោ ត្រូវបានកាត់ចេញ ដែលទង្វើនេះ បានកាត់បន្ថយយ៉ាងខ្លាំង នូវគុណភាពជីវិត ជាធម្មជាតិ​របស់វា។»

សត្វតោវ័យជំទង់ (អាយុ១ឆ្នាំកន្លះ) ដែលមានទម្ងន់៧០គីឡូក្រាម ត្រូវបានចាប់ដាក់ក្នុងទ្រុង និងបញ្ជូន​ចេញទៅ​កាន់​មណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ ក្នុងថ្ងៃដដែល (ថ្ងៃអាទិត្យសប្ដាហ៍មុន)។

ប៉ុន្តែបណ្ដាជនជាច្រើន បានប្រតិកម្មអំពីចំណាត់ការខាងលើ ដោយពួកគេបារម្ភថា មណ្ឌលភ្នំតាម៉ៅ អាចថែរក្សា​សត្វតោ មិនបានល្អដូចពេលវា​នៅជាមួយម្ចាស់របស់វានោះឡើយ។ នៅលើបណ្ដាញសង្គម ពួកគេបានលើក​ឡើងថា នៅក្នុងមណ្ឌលនោះ សត្វព្រៃជាច្រើនក្បាល មានរូបរាង«ស្គមស្គាំង» ដែល​ទំនង​ជាគ្មានអាហារចិញ្ចឹម​គ្រប់គ្រាន់៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន បដិសេធ​ព័ត៌មាន​ពី​«ហត្ថលេខា​សម្ងាត់»​ឲ្យចិន​ប្រើ​មូលដ្ឋាន​ទ័ព

បុរសខ្លាំងកម្ពុជា បានចេញមុខបដិសេធ​ដោយផ្ទាល់ ដើម្បីប្រតិកម្មតប នឹងការចុះផ្សាយរបាយការណ៍មួយ របស់សារព័ត៌មានអាមេរិកដ៏ធំ ឈ្មោះ «The Wall Street Journal» ដែលអះអាងថា កម្ពុជាបានចុះ«ហត្ថលេខា​សម្ងាត់» ដើម្បីអនុញ្ញាតឲ្យចិនកុម្មុយនីស្ដិ៍ ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ថាវិស័យ​ហិរញ្ញវត្ថុកម្ពជា មានស្ថានភាព​ល្អប្រសើរ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា មានស្ថានភាព​ល្អប្រសើរ លើវិស័យហិរញ្ញវត្ថុ ក្នុងសម័យកាល នៃការរាតត្បាតជំងឺ «Covid-19»។ ការថ្លែងរបស់បុរសខ្លាំង ...
កម្ពុជា

ហ៊ុន សែន គ្រោង​«រក្សាទុក»​អាកាស​យានដ្ឋាន​ពោធ៍ចិនតុង តែមាន​មុខងារថ្មី

បើកម្ពុជាមានព្រលានយន្ដហោះថ្មី ធំនិងទំនើប ជាងព្រលានយន្ដហោះ ពោធ៍ចិនតុង តើព្រលាន​យន្ដហោះ​ចាស់មួយនេះ នឹងមានវាសនា ក្លាយជាអ្វី? លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយ​នឹងសំនួរនេះ ថារដ្ឋាភិបាល​លោក នឹងបន្ត​«រក្សាទុក»​​អាកាស​យានដ្ឋាន​ចាស់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.