កម្ពុជាដំណឹង

ហ៊ុន សែន មិន​បង្ហាញ​ខ្លួន​ជាសាធារណៈ ជិត១សប្ដាហ៍ហើយ

ជារឿងដ៏កម្រ ដែលនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន មិន​បង្ហាញ​ខ្លួន​ជាសាធារណៈ ក្នុងរយៈពេល ជាច្រើនថ្ងៃដូច្នេះ។ ហើយវាក៏មិនមែនជាទម្លាប់ របស់បុរសខ្លាំងកម្ពុជាដែរ ដែលមិនបានបង្ហាញរូបថត ដែលលោកតែងធ្វើកីឡា វាយកូនគោល ឬរត់លើម៉ាស៊ីន នៅថ្ងៃសម្រាកចុងសប្ដាហ៍។

ការបង្ហាញខ្លួនជាសាធារណៈ លើកចុងក្រោយ របស់លោក ហ៊ុន សែន គឺធ្វើឡើង ក្នុងជំនួបជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា នាវិមានសន្តិភាព (ភ្នំពេញ) កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសមាគមជប៉ុន-កម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ៩រោច…

Posted by Samdech Hun Sen, Cambodian Prime Minister on Monday, March 16, 2020

បន្ទាប់មក នាយករដ្ឋមន្ត្រីវ័យ៦៧ឆ្នាំ របស់ប្រទេសកម្ពុជា គ្រាន់តែបានបញ្ចេញសម្លេង តាមរយៈសារបែកធ្លាយមួយ ស្ដីពីការបិទព្រំដែន ជាមួយប្រទេសវៀតណាម កាលពីយប់ថ្ងៃទី១៨ ខែមីនា។ ក្រោយមកទៀត គេឃើញវត្តមានរបស់លោក តែតាមរយៈហត្ថលេខា នៅលើឯកសារមួយចំនួន មានដូចជាសារាចរណែនាំ និងសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ប៉ុណ្ណោះ។

មិន​បង្ហាញ​ខ្លួន​ជាសាធារណៈ ព្រោះមានជំងឺ?

អវត្តមានកន្លងមក របស់លោក ហ៊ុន សែន តែងផ្សារភ្ជាប់ ទៅនឹងស្ថានភាពសុខភាពរបស់លោក ហើយជារឿយៗ គឺលោកខ្លួនឯងជាអ្នកបង្ហើប ឲ្យគេឯងបានដឹង ពីករណីធ្លាក់ខ្លួនឈឺ ឬត្រូវទៅពិនិត្យសុខភាព នៅឯមន្ទីរពេទ្យ ក្នុងប្រទេស​សិង្ហបូរី។

ថ្មីៗនេះ មានការផ្សព្វផ្សាយថា លោកបានឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មី បន្ទាប់ពីលោកបានចុះជួប ចាប់ដៃ និងចែកផ្កា ជាមួយក្រុមអ្នកទេសចរណ៍ នៃវានា «Westerdam» កាលពីពាក់កណ្ដាលខែកុម្ភៈ កន្លងទៅ នៅខេត្តព្រះសីហនុ។ តែព័ត៌មាននេះ ត្រូវបានលោកប្រតិកម្មខ្លាំងៗ តបត្រឡប់វិញ ដោយបង្ហាញខ្លួនលោក ជាសាធារណៈឡើងវិញ និងដោយការព្រមាន ចាប់អ្នកផ្សាយព័ត៌មាននោះ ដាក់ពន្ធនាគារជាដើម។

យ៉ាងណា ព័ត៌មានទាក់ទង នឹងស្ថានភាពសុខភាព នៃមន្ត្រីជាន់ខ្ពស់កម្ពុជា គឺជាចំណុចរសើបខ្លាំង របស់រដ្ឋាភិបាលក្រុងភ្នំពេញ។ ដូចយ៉ាង ករណីមន្ត្រីជាន់ខ្ពស់មួយរូប នៅក្រសួងការបរទេស ដែលបានឆ្លងមេរោគ «Covid-19» ត្រូវបានផ្អិបព័ត៌មាន រហូតមកដល់យប់ ថ្ងៃអាទិត្យម្សិលមិញ ទើបក្រសួងសុខាភិបាលកម្ពុជា ចេញមុខមកធ្វើការទទួលស្គាល់ ពីករណីនេះ។

ការប្រកាសទទួលស្គាល់ខាងលើ ធ្វើឡើងបន្ទាប់ពីមាន ខ្សែអាត់សម្លេងបែកធ្លាយមួយ របស់លោក ហ៊ុន ម៉ានិត កូនប្រុសទីពីររបស់លោក ហ៊ុន សែន ដែលបានអះអាងថា មន្ត្រីរូបនោះ បានឆ្លងជំងឺ ហើយមានទំនាក់ទំនង ដោយផ្ទាល់ ជាមួយមន្ត្រីជាន់ខ្ពស់ ជាច្រើននាក់ទៀត៕


ព័ត៌មានបន្ថែម៖ មុននេះបន្តិច ក្រសួងការបរទេស បានប្រកាសថា នៅថ្ងៃអង្គារទី២៤ ខែមីនាស្អែកនេះ លោក ហ៊ុន សែន នឹងធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ លិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ របស់ប្រទេសជប៉ុន ដែលនឹងត្រូវចុះហត្ថលេខាដោយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៕



លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជា​ជាប់ក្នុង​«បញ្ជីប្រផេះ»​នៃស្ថាប័ន​ឃ្លាំមើល​ការលាង​លុយ​កខ្វក់

ប្រទេសកម្ពុជា ស្ថិតក្នុងចំណោម​ប្រទេសចំនួន១២ ដែលជាប់ក្នុង​«បញ្ជីប្រផេះ» នៃការឃ្លាំមើល​ការលាងប្រាក់កខ្វក់ របស់​«អង្គការឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ (ហៅ​ជា​ភាសា អង់គ្លេស “Financial Action Task Force – FATF” ...
កំសាន្ដ

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៣) សំណើចខ្លី

ក្រោយពីបើកមាត់ អោយគ្រូពេទ្យធ្មេញពិនិត្យ ស្រាប់តែគ្រូពេទ្យឧទានឡើង៖ – ណ្នេះ​ ខ្ញុំអោយ១០០រៀល ហើយទៅទិញអំពៅស៊ាំងនៅមុខមន្ទីពេទ្យ ញ៉ាំសិន ហើយចាំមកវិញ។ មួយសន្ទុះក្រោយមក អ្នកជំងឺត្រឡប់មកវិញ ហើយបើកមាត់អោយ គ្រូពេទ្យធ្មេញជាលើកទីពីរ។ ...
កម្ពុជា

សម រង្ស៊ី អះអាងថាស្គាល់​«ក្រយៅ» ហ៊ុន សែន ហើយ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងពីកោះអូស្ត្រាលីថា នឹងគ្មានការចរចា  ដើម្បីការសម្របសម្រួលនយោបាយណាមួយ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ សម្រាប់រយៈពេលតទៅមុខទៀត។ លោកបានលើកមូលហេតុថា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.