កម្ពុជាដំណឹង

កម្ពុជា​ប្រកាស​ដោយ​ប្រទាំងប្រទើស ថា​មាន​មន្ត្រី​ជាន់ខ្ពស់ ឆ្លង​«Covid-19»

ទីបំផុត ក្រសួងសុខាភិបាលកម្ពុជា បានទទួលស្គាល់ជាផ្លូវការ ថា​មាន​មន្ត្រី​ជាន់ខ្ពស់ បានឆ្លងជំងឺ«Covid-19» ហើយថាតួលេខនៃការឆ្លងជំងឺនេះ បានរាប់បញ្ចូលមន្ត្រីនោះ តាំងពីថ្ងៃទី១៨ ខែមីនាមកម្លេះ។

ប៉ុន្តែ ការប្រកាសទទួលស្គាល់នេះ បង្កើតភាពប្រទាំងប្រទើស ដោយសារតែ «បុរសម្នាក់» ដែលបានឆ្លងជំងឺនេះដំបូងគេ នៅរាជធានីភ្នំពេញ ត្រូវបានរាប់បញ្ចូល តាំងពីថ្ងៃទី១៤ ខែមីនាមកម្លេះ។ ប្រព័ន្ធឃោសនា របស់ក្រុងភ្នំពេញ ក៏បានពន្យល់ ពីបុរសដែលគេមិនស្គាល់ អត្តសញ្ញាណរូបនោះ អំពីការឆ្លងជំងឺ «Covid-19» តាំងពីពេលនោះមកដែរ។

នៅមុននេះបន្តិច នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហោះសារទទួលស្គាល់ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖

«យេីងបានបញ្ចូលទិន្និន័យមន្រ្តីជាន់ខ្ពស់ម្នាក់ ជនជាតិខ្មែរ ធ្វេីដំណេីរពីស្រុកបារាំង ដែលមានវិជ្ជមាន “COVID19” ក្នុងតារាងទិន្នន័យរួម តាំងពីថ្ងៃទី១៨​ មីនា​ ២០២០​ ម្លេះ​ (សូមពិនិត្យ ក្នុងតារាងចាស់គូសរង្វង់ក្រហម)។​»

ស្ថាប័នជំនាញមួយនេះ របស់ក្រសួងសុខាភិបាលកម្ពុជា បានបន្តពន្យល់ថា៖

«យេីងគ្មានហេតុផលលាក់ទិន្នន័យ​ យេីងធ្វេីតាមជំនាញបច្ចេកទេស ដោយមានសហការជិតស្និទ្ធ ជាមួយអង្គ​ការ “​WHO” “USCCDC” និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​។»

ដំណឹងដែលអះអាង ថា​មាន​មន្ត្រី​ជាន់ខ្ពស់ របស់ប្រទេសកម្ពុជា បានឆ្លងជំងឺរលាកផ្លូវដង្ហើម ត្រូវបានទម្លាយឲ្យដឹង ដោយលោក ហ៊ុន ម៉ានិត កូនប្រុសទី២របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈខ្សែអាត់សម្លេង​បែកធ្លាយមួយ។

លោក ហ៊ុន ម៉ានិត ខ្លួនឯង រួមនឹងក្រសួងការបរទេសកម្ពុជាផង បានចេញមុខថ្លែងតាមវិទ្យុអាស៊ីសេរីថា ព័ត៌មាននេះ គឺជាការពិត និងពន្យល់ទៀតថា មន្ត្រីជាន់ខ្ពស់រូបនេះ មានឋានៈជា«អគ្គនាយក» ដែលបានបំពេញបេសកកម្ម នៅប្រទេសបារាំង។

សម្លេងលោក ហ៊ុន ម៉ានិត បានអះអាងថា មន្ត្រីដែលឆ្លងជំងឺខាងលើ បានជួបជាមួយមន្ត្រីកម្ពុជាជាច្រើន ដែលអាចធ្វើឲ្យការឆ្លងរាលដាល មានច្រើននាក់ផ្សេងទៀត។ លោក ម៉ានិត ថ្លែងថា៖

«​អគ្គនាយក​ម្នាក់ ​នៅ​ក្រសួងការបរទេស​បាន​ឆ្លង ហើយ​មុន​គាត់​មក​ហ្នឹង គាត់​ជួប​ជាមួយ​ទូត​យើង​ និង​បាយ​ជាមួយគ្នា បន្ទាប់​មក​ គាត់​ជួប​ជាមួយ ​នឹងមន្ត្រី​ក្រសួងការពារជាតិ​ម្នាក់​ ដែល​គាត់​ការងារ​សកម្ម​ដែរ​។ ដូច្នេះ​ការ​រាលដាល​ច្រើន​ដែរ​។ ការ​រាលដាល​ច្រើន។»

សារព័ត៌មានស្និតនឹង​រដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា បានធ្វើរបាយការណ៍ថា «បុរសជនជាតិខ្មែរ»ដំបូងគេ នៅរាជធានីភ្នំពេញ បានឆ្លងជំងឺ«Covid-19» ហើយត្រូវបានរាប់បញ្ចូល ក្នុងបញ្ជីអ្នកឆ្លងជំងឺ តាំងពីថ្ងៃទី១៤ ខែមីនាមក។ នៅថ្ងៃនោះ កម្ពុជាបានរាប់ករណីឆ្លង «Covid-19» ទើបតែមានចំនួន ១២នាក់ប៉ុណ្ណោះ។

មកដល់ម៉ោងនេះ ប្រទេសកម្ពុជា បានបញ្ចេញតួលេខផ្លូវការ អះអាងថា មានមនុស្ស ៥៣នាក់ បានឆ្លងជំងឺ «Covid-19» ហើយព្រមានថា ការឆ្លងរាលដាល អាចនឹងកើតមានបន្ថែម ទៅក្នុងសហគម៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ កម្ពុជា​មាន​២ករណី​ថ្មី បុរសខ្មែរម្នាក់ ស្ត្រី​កាហ្សាក់ស្ដង់​ម្នាក់

បុរសខ្មែរម្នាក់ និងស្ត្រីជាតិកាហ្សាក់ស្ដង់ម្នាក់ ត្រូវបានរកឃើញ មានផ្ទុកជំងឺ «Covid-19» សម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដែលធ្វើឲ្យតួលេខអ្នកជំងឺសរុប នៅទូទាំងប្រទេស កម្ពុជា កើនឡើងដល់២៤៣នាក់។ របាយការណ៍ប្រចាំថ្ងៃ ...
កម្ពុជា

Covid-19៖ កម្ពុជា​រកឃើញ​អ្នកជំងឺ​ម្នាក់ទៀត​ក្នុង​ថ្ងៃនេះ – សរុប​១២៤នាក់

ក្នុងថ្ងៃសៅរ៍ទី២៣ ខែឧសភានេះ អ្នកជំងឺ«Covid-19»នៅកម្ពុជា បានកើនឡើង ដល់​ចំនួន​ សរុប​១២៤នាក់ បន្ទាប់ពីក្រសួងសុខាភិបាល ទើបនឹងប្រកាសថា បានរកឃើញ​អ្នកឆ្លងជំងឺ «Covid-19» ម្នាក់ទៀត នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ...
ដំណឹង

តុល្យភាពថ្មី ៖ ៦,៥ម៉ឺននាក់​ឆ្លង​មេរោគ​«កូរូណា»​ និង​១,៥ពាន់​នាក់បាន​ស្លាប់

តុល្យភាពថ្មី ៖ ចំនួនជនរងគ្រោះ បណ្ដាលពីការឆ្លងមេរោគ​«កូរូណា»ថ្មី នៅតែបន្តកើនឡើង។ របាយការណ៍ប្រចាំថ្ងៃ របស់អាជ្ញាធរចិន បានឲ្យដឹង ក្នុងព្រឹកថ្ងៃសុក្រនេះថា ក្នុងរយៈពេល មួយថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ករណីឆ្លងជំងឺខាងលើ មានចំនួនបន្ថែម ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.