កម្ពុជាដំណឹង

ហ៊ុន សែន ពន្យល់​ពីខួប​ទី៥០ នៃថ្ងៃខែឆ្នាំ​កំណើត​«មិនពិត»​របស់លោក

ថ្ងៃខែឆ្នាំកំណើត «មិនពិត» របស់លោក ហ៊ុន សែន មិនមែនជារឿងថ្មីទេ ព្រោះវាត្រូវបាននាយករដ្ឋមន្ត្រីរូបនេះ លើកឡើងដដែលៗ សឹងជារៀងរាល់ឆ្នាំ។ តែប្លែកនៅត្រង់ថា ឆ្នាំថ្មី ឆ្នាំ២០២០ បុរសខ្លាំងកម្ពុជា បានកើនអាយុ១ឆ្នាំ ហើយលោកបានតំណាល សារជាថ្មីម្ដងទៀត ពី«ខួបលើកទី៥០» នៃថ្ងៃខែឆ្នាំកំណើត«មិនពិត»នេះ របស់លោក។

តាមរយៈទំព័រហ្វេសប៊ុកលោក កាលពីប៉ុន្មាននាទីមុន លោក ហ៊ុន សែន បានសរសេរថា៖

«ឆ្នាំនេះ ជាខួបលើកទី៥០ ដែលខ្ញុំបានប្រើប្រាស់ ថ្ងៃ៤មេសា ជាថ្ងៃកំណើត ដែលជាពេលវេលាសមស្រប សម្រាប់ការបកស្រាយ ដើម្បីដោះស្រាយចម្ងល់ របស់បងប្អូនមួយចំនួន ដែលតែងឆ្ងល់ថា ហេតុអីលោក ហ៊ុន សែន មានថ្ងៃកំណើតពីរ និងថ្ងៃមួយណា ជាថ្ងៃកំណើតពិតប្រាកដ?»

លោកបន្តថា៖

«តាមពិត ខ្ញុំកើតម៉ោង១២យប់ ថ្ងៃអង្គារ១៥កើត ខែស្រាពណ៏ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ១៩៥២។ ហេតុអ្វីបានជាមានថ្ងៃ៤មេសា ជាថ្ងៃកំណើតទៅវិញ?»

ជារឿយៗ លោក ហ៊ុន សែន តែងរំលឹក ពីការរត់ចូលព្រៃម៉ាគី ដើម្បីចូលរួច​ ក្នុងចលនាប្រដាប់អាវុធ តាមការអំពាវនាវរបស់សម្ដេច នរោត្ដម ស៊ីហនុ ដើម្បីប្រឆាំងនឹង «ពួកធ្វើរដ្ឋប្រហារខុសច្បាប់ និងបរទេសឈ្លានពាន»។ ហើយថ្ងៃដែលលោក ហ៊ុន សែន រត់ចូលព្រៃម៉ាគីនោះ គឺថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០។

បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពី៣៥ឆ្នាំ បានរៀបរាប់ថា៖

«ពេលចូលដល់ជំរុំក្នុងព្រៃជ្រៅ មេដឹកនាំបានឱ្យពួកខ្ញុំ ប្រហែលជាង៣០០នាក់ ធ្វើប្រវត្តិរូប។ ខ្ញុំពុំចាំថ្ងៃខែកំណើតទេ ដូចនេះ ខ្ញុំបានយកថ្ងៃ៤ មេសា ដែលជាថ្ងៃខ្ញុំចូលតស៊ូ ធ្វើជាថ្ងៃកំណើតតែម្តង គឺថ្ងៃ៤មេសា១៩៥២។»

«ខ្ញុំប្រើថ្ងៃ៤មេសា១៩៥២ ជាថ្ងៃកំណើត តាំងពីថ្ងៃ៤មេសា១៩៧០ រហូតដល់ថ្ងៃ៨ខែមករា១៩៧៩ ទើបដូរឆ្នាំ មក១៩៥១វិញ។ ហេតុអ្វីបានជាដូរឆ្នាំ ពី១៩៥២ មក១៩៥១វិញ?»

«មិនពិត» ព្រោះ«ក្មេងពេក»

បន្ទាប់ពីកងទ័ពវវៀតណាម បានវាយបណ្ដេញ​របបខ្មែរក្រហម ឲ្យចេញពីអំណាច នៅឆ្នាំ១៩៧៩រួច លោក ហ៊ុន សែន ត្រូវបានលើកបន្តុប ឲ្យកាន់តំណែង ជារដ្ឋមន្ត្រីការបរទេស នៅខណៈលោក ទើបតែមានអាយុ ២៦ឆ្នាំ។ ប៉ុន្តែនៅពេលនោះ វិទ្យុសម្លេង«បដិវត្តប្រជាជនកម្ពុជា» នៃរបបកុម្មុយនីស្ដិ៍ថ្មី បានផ្សាយថា លោកមានអាយុ២៧ឆ្នាំ។

លោក ហ៊ុន សែន បានពន្យល់ពីរឿងនេះថា គឺដោយសារ មានការវាយអក្សរខុស ដោយភ័ន្តច្រឡំ ពីឆ្នាំ១៩៥២ មកជាឆ្នាំ១៩៥១ ហើយលោកខ្លួនឯង ចង់រក្សាអាយុ២៧ឆ្នាំ ដែលធ្វើឲ្យលោក មានវ័យចំណាស់ជាងអាយុពិត។ លោកថា៖

«ការដូរពីឆ្នាំ១៩៥២ មក១៩៥១ មានហេតុផលពីរ៖ ទី១ អ្នកវាយអង្គុលីលេខ វាយ[ឆ្នាំកំណើតលោក]ខុស ហើយយកទៅផ្សព្វផ្សាយ តាមវិទ្យុផ្សាយសម្លេង រួចទៅហើយ។ ទី២ ខ្ញុំមិនព្រមធ្វើការកែតម្រូវ ដោយសារអាយុជាង២៦ឆ្នាំ ពិតជាក្មេងពេក ប្រៀបជាមួយរដ្ឋមន្ត្រីផ្សេងទៀត ដែលមានអាយុ សុទ្ធតែជាង៤០ ឬជាង៥០ឆ្នាំ។»

«ពេលខ្ញុំកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅថ្ងៃ១៤មករា១៩៨៥ ខ្ញុំក៏មិនព្រមកែទៀត ដោយសារពេលនោះ ខ្ញុំក៏ទើបមានអាយុ ជាង៣២ឆ្នាំ ដែលជានាយករដ្ឋមន្ត្រី ក្មេងជាងគេ នៅលើលោកនេះ នាពេលនោះ៕»



លំអិតបន្ថែមទៀត

កម្ពុជា

COVID-19 ៖ ករណីឆ្លង​នៅ​កម្ពុជា កើនឡើង​ដល់ ៩៦នាក់

មកដល់យប់នេះ ករណីឆ្លងជំងឺ «Covid-19» នៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ចំនួន ៩៦នាក់ បន្ទាប់ពីបានរកឃើញថា មានជនជាតិបារាំងពីរនាក់ និងជនជាតិខ្មែរបីនាក់ បានឆ្លងមេរោគនេះ បន្ថែមពីលើតួលេខពីម្សិលម៉ិញ ដែលមាន៩១នាក់។ សេចក្ដីប្រកាសព័ត៌មាន ...
កម្ពុជា

១៤កុម្ភៈ៖ ហ៊ុន សែន រំលឹកយុវវ័យកុំប្រព្រឹត្តិ«ខុសប្រពៃណីទំនៀមទម្លាប់»

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងដកឃ្លា មិននិយាយពីនយោបាយឡើយ។ លោកបានយកឱកាសនេះ ដើម្បីរំលឹកដល់យុវវ័យទាំងឡាយ កុំឲ្យប្រព្រឹត្តិ«ខុសប្រពៃណីទំនៀមទម្លាប់»ខ្មែរ ដោយលើកពីរូបលោក ...
ដំណឹង

កម្ពុជា​ប្ដឹង EU ឡើងទៅ​តុលាការ​អ៊ឺរ៉ុប​«ឲ្យ​ដកចេញ​វិញ»​ការយក​ពន្ធ​អង្ករ

របបក្រុងភ្នំពេញ រួមនឹងសហព័ន្ធស្រូវអង្ករកម្ពុជា បានសម្រេចកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ ដាក់ពាក្យបណ្ដឹង ឡើងទៅសាលាក្ដីយុត្តិធម៌ របស់សហភាពអ៊ឺរ៉ុប (EU) ដើម្បីទាមទារ«ឲ្យ​ដកចេញ​វិញ នូវសេចក្ដីសម្រេចរបស់គណៈកម្មការអ៊ឺរ៉ុប» ដែលកំណត់កាលពីខែមករា ឲ្យយកពន្ធអង្ករនាំចូល ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.