មកដល់ម៉ោងនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅមិនទាន់ប្រកាស ដាក់ប្រទេសឬតំបន់មួយចំនួន ឲ្យស្ថិតក្នុងភាពអាសន្ននៅឡើយ បន្ទាប់ពីកម្ពុជាបានរកឃើញការឆ្លងមេរោគកូវីដ-១៩ (Covid-19) ចំនួន«៣២ករណី» ក្នុងថ្ងៃសៅរ៍ទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ បុរសខ្លាំងនៅកម្ពុជា គ្រាន់ដាក់ចេញនូវបទបញ្ជាចំនួន៦ចំណុច និងបិទក្លឹបកម្សាន្ដមួយចំនួន ខណៈកម្មវិធីជួបជុំផ្សេងទៀត ដែលប្រមូលផ្ដុំមនុស្សច្រើន លើសពី១០នាក់ នៅតែទទួលបានការអនុញ្ញាតឲ្យបន្តធ្វើនៅឡើយ។
លោក ហ៊ុន សែន បានថ្លែងឡើងដូច្នេះ នៅក្នុងសារជាវីដេអូជាបន្ទាន់មួយ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ ដោយបានបញ្ជាក់ថា ត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ ក្រសួងសុខាភិបាលបានរកឃើញការឆ្លងកូវីដ១៩ ចូលសហគមន៍ក្នុងទ្រង់ទ្រាយធំ មិនធ្លាប់មាន រហូតដល់«៣២ករណី» នៅលើជនជាតិចិន ដែលបានចូលទៅកាន់ក្លឹបកម្សាន្តមួយឈ្មោះ «N8» នៅតំបន់កោះពេជ្រ នៅយប់ថ្ងៃទី១៩ ចូលមកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបញ្ជាឲ្យផ្អាក ឬបិទពិធីទាំងឡាយណា ដែលប្រមូលផ្ដុំមនុស្សច្រើននោះទេ។ លោកថ្លែងថា៖
«ខ្ញុំមិនចេញបទបញ្ជាដើម្បីបិទ ការជួបជុំ ការរៀបអាពាហ៍ពិពាហ៍ ការប្រជុំអីជាដើម សូម្បីតែអាទិត្យនេះ ខ្ញុំក៏មានកម្មវិធីដែលត្រូវរក្សាទុក កម្មវិធីមួយនៅក្រសួងមហាផ្ទៃ។ កម្មវិធីមួយទៀតសម្ពោធសណ្ឋាគារ ខ្ញុំអត់លុបចោលទេ។ ប៉ុន្តែវិធានការសុខាភិបាល ត្រូវតែដាក់ឱ្យអនុវត្ត គឺសន្និបាទរបស់ក្រសួងមហាផ្ទៃមួយ និងសម្ពោធសណ្ឋាគារមួយ ដែលអាមេរិក ចាប់ដៃជាមួយកម្ពុជា គឺសណ្ឋាគារហៃយ៉ាត់។»។
សាររបស់បុរសខ្លាំង ដែលអង្គុយនៅក្នុងអំណាច តាំងពី៣៦ឆ្នាំ បានចេញបទបញ្ជា ៦ចំណុច តាមការដកស្រុងទាំងស្រុង ដូចខាងក្រោម៖
១) ស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងពលរដ្ឋដែលរស់នៅតំបន់នោះ ដែលអាជ្ញាធរតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្ត និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់។ ពលរដ្ឋដែលក្នុងតំបន់នោះ អនុញ្ញាតឱ្យមានការចូល បើសិនជាគាត់ជាម្ចាស់ផ្ទះ ប៉ុន្តែមិនអនុញ្ញាត ឱ្យចេញមកក្រៅនោះទេ។
២) ត្រូវបន្តយកសំណាកដើម្បីធ្វើតេស្ត សម្រាប់អ្នកនៅក្នុងតំបន់ មានផ្ទុះកូវីដ១៩ លើកនេះ ហើយបន្ទាប់ពីធ្វើតេស្ត ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដើម្បីរង់ចាំការធ្វើតេស្តលើកទី២ ដែលចំនួននៃការធ្វើតេស្ត អាចនឹងមានចំនួនច្រើន។ ប្រតិបត្តិការនេះត្រូវធ្វើឱ្យលឿន ដោយអំពាវនាវឱ្យពលរដ្ឋ ដែលពាក់ព័ន្ធធ្វើការសហការ ដើម្បីឱ្យក្រុមគ្រូពេទ្យចូលទៅយកសំណាក ដើម្បីធ្វើតេស្ត។
៣) អាជ្ញាធរត្រូវបន្តស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹប «N8» ទោះទៅដល់ទីណាក៏ដោយ។ បណ្តាខេត្តដែលមិនទាន់កើត ក៏ត្រូវមានការប្រុងប្រយ័ត្ន ព្រោះការឆ្លងបែបនេះ នឹងបន្តរីករាលដាលទៅកាន់បណ្តាខេត្ត ដែលបទពិសោធន៍កន្លងមកមានរួចហើយ និងត្រូវមានការសម្របសម្រួល និងសហការ ដល់ការស្វែងរកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ។
៤) ត្រូវធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលមានការពាក់ព័ន្ធទាំងអស់ ហើយក្រុមគ្រូពេទ្យត្រូវខិតខំយកសំណាក ដោយពលរដ្ឋដែលមានផ្ទះ ឬអាផាតមិន ត្រូវធ្វើនៅក្នុងផ្ទះ ឬអផាតមិនរៀងៗខ្លួន។ អាជ្ញាធរត្រូវទទួលខុសត្រូវ លើអ្នកធ្វើចត្តាឡីស័កទាំងនេះ ដោយមិនត្រូវបណ្តែតបណ្តោយ ឱ្យកើតមានករណីរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ដូចកាលពីប៉ុន្មានថ្ងៃមុនទេ។
៥) អំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្លឹប «N8» ទាំងអស់ និងពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ១៩ ទាំង៣២នាក់នេះ ត្រូវមានម្ចាស់ការមកឱ្យពិនិត្យសំណាក ព្រោះបន្តទៅទៀតជំងឺខ្លួនឯងក៏មាន ហើយអាចបន្តចម្លងធំទៅៗ ដែលធ្វើឲ្យត្រួតត្រាលែងបាន។
៦) អំពាវនាវដល់ពលរដ្ឋនៅភ្នំពេញ និងតំបន់ដទៃទៀត តែពិសេសរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការ «៣ការពារ និង៣កុំ»៕