កម្ពុជាដំណឹង

ស ខេង សម្រេចប្ដឹង សម រង្ស៊ី នៅឯ… តុលាការ​កម្ពុជា !

មិនខុសពីការអះអាង របស់មន្ត្រីអ្នកនាំពាក្យ លោក ផៃ ស៊ីផាន ដែលថា បុរសខ្លាំងទី១ និងទី២ នៃរបបក្រុងភ្នំពេញ នឹងប្ដឹងលោក សម រង្ស៊ី ឡើងទៅតុលាការនោះឡើយ។ តែបណ្ដឹងដែលទើបមានរូបរាង ក្នុងពេលនេះ ត្រូវបានប្ដឹងទៅកាន់… តុលាការកម្ពុជា មិនមែនប្ដឹង [ឬមិនទាន់ប្ដឹង] ទៅកាន់តុលាការ ក្នុងប្រទេសបារាំង ដូចការអះអាងរបស់លោក ផៃ ស៊ីផាន ទេ។

លោក ស ខេង បុរសខ្លាំងទីពីរនៅកម្ពុជា បានដាក់ពាក្យបណ្ដឹងមួយ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ឡើងទៅតុលាការរាជធានីភ្នំពេញ ដើម្បីប្ដឹងលោក សម រង្ស៊ី ពីបទ «ញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ជុំវិញការលើកឡើង របស់មេដឹកនាំប្រឆាំង នៅលើបណ្ដាញសង្គមដែលថា លោក ស ខេង គាំទ្រលោក ឌី វិជ្ជា ក្នុងគម្រោងសងសឹងឲ្យឪពុកខ្លួន (លោក ហុក ឡងឌី)។

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានបង្ហោះសារ និងរូបភាពជាច្រើន រំលឹកឡើងវិញ ពីព្រឹត្តិការណ៍នៃការធ្លាក់ឧទ្ធម្ភាគចក្រ ដែលបានសម្លាប់​អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡងឌី និងអ្នកបើកបរ។ មរណភាពនោះ ត្រូវបានមេដឹកនាំប្រឆាំង អះអាងថាជា«ឃាតកម្ម»រៀបចំឡើងជាមុន និងបញ្ជាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប្រធានស្ដីទី​គណបក្សប្រឆាំង បានពន្យល់ថា លោក ហ៊ុន សែន «បានសម្រេចចិត្តសម្លាប់» លោក ហុក ឡង់ឌី ដោយសារតែលោក ហុក ឡង់ឌី «ដឹងរឿងអាក្រក់» របស់លោក ហ៊ុន សែន ច្រើនពេក។ មេដឹកនាំប្រឆាំង បានសរសេរបន្ត នៅក្នុងសារនោះថា៖

«លោក ឌី វិជ្ជា សព្វថ្ងៃជាអគ្គស្នងការរង​នគរបាលជាតិ ជាកូនប្រុសច្បង របស់លោក ហុក ឡង់ឌី (…) ដឹងច្បាស់​ពីឃាតកម្ម លើបិតារបស់លោក។ លោក ឌី វិជ្ជា កំពុងតែគិតគូរ អំពីផែនការសងសឹក បិតារបស់លោក។ ផែនការនេះ មានការគាំទ្រ​ពីលោក ស ខេង ពីព្រោះ លោក ស ខេង ដឹងខ្លួនថាលោក ហ៊ុន សែន កំពុងតែរៀបចំផែនការ ដកដំណែងរបស់គាត់ ឬក៏កម្ចាត់គាត់តែម្តង។»

ការលើកឡើងខាងលើ ត្រូវបានលោក សម រង្ស៊ី អះអាងដោយផ្ទាល់បន្ថែម នៅតាមប្រព័ន្ធផ្សព្វផ្សាយ នៅក្រៅប្រទេស មួយចំនួនទៀត។

ហ៊ុន សែន ជាអ្នកសម្លាប់ ហុក ឡង់ឌី យ៉ាងពិតប្រាកដ

០៤ មិថុនា ២០១៩ / 04 June 2019 ហ៊ុន សែន ជាអ្នកសម្លាប់ ហុក ឡង់ឌី យ៉ាងពិតប្រាកដ។ សូមស្តាប់បទសម្ភាសន៍លោក សម រង្ស៊ី ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA។

Posted by Sam Rainsy on Tuesday, June 4, 2019


សម្រាប់លោក ស ខេង ដែលមានតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ បានទាត់ចោលសំដី និងការលើកឡើង របស់លោក សម រង្ស៊ី ដោយចាត់ទុកថា នោះគឺជា«ការប្រឌិតព័ត៌មាន ទម្លាក់កំហុស និងមួលបង្កាច់» ដើម្បីឲ្យ«ថ្នាក់ដឹកនាំជាន់ខ្ពស់» នៃរបបក្រុងភ្នំពេញសព្វថ្ងៃ មាន«ការសង្ស័យគ្នា និងបែកបាក់សាមគ្គីផ្ទៃក្នុង» ដែលអាចធ្វើឲ្យមាន«វិវាទផ្ទៃក្នុង»។

ពាក្យបណ្តឹង ដែលប្ដឹងដោយក្រុមមេធាវី តំណាងដោយអាណត្តិរបស់លោក ស ខេង បានសរសេរថា៖

«ទង្វើទាំងនេះ បញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះ សម រង្សី មានចេតនាទុច្ចរិត ក្នុងការញុះញង់ បំផុសបំផុល ធ្វើឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង របស់ថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាល ក៏ដូចជាជួរថ្នាក់ដឹកនាំកំពូល របស់គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានចលាចល និងភាពវឹកវរយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម បំផ្លិចបំផ្លាញ ដល់ស្ថេរភាពនយោបាយ និងសន្តិភាព របស់ជាតិទាំងមូល។»

សម រង្ស៊ី៖ «តុលាការ​កម្ពុជា គ្រាន់តែជាអាយ៉ងនយោបាយ»

ក្រុមមេធាវី បានទាមទារឱ្យតុលាការ ចោទប្រកាន់ និងផ្ដន្ទាទោសមេដឹកនាំប្រឆាំង ឲ្យបានធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់ ព្រមទាំងទាមទារសំណងជំងឺចិត្ត ចំនួន៤ពាន់លានរៀល ប្រមាណជា១លានដុល្លារអាមេរិក។

មកដល់ពេលនេះ លោក សម រង្ស៊ី បានរងបណ្ដឹងពីលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្រុងភ្នំពេញ មិនតិចជា១០ករណីទេ នៅក្នុងប្រព័ន្ធ«តុលាការ​កម្ពុជា»។

ពាក្យបណ្ដឹងទាំងនោះ ដែលមានមួយចំនួន បានទទួលសាលក្រមជាស្ថាពរ ដោយដាក់ទោសទណ្ឌ និងឲ្យតាមចាប់ខ្លួនមេដឹកនាំប្រឆាំង មកទទួលទោសនោះ សុទ្ធតែត្រូវបានធ្វើឡើង ក្រោមបទ «បរិហារកេរ្តិ៍ និងញុះញង់» ដូចជាបទ «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» ឬបទ «ញុះញង់ឲ្យយោធិន មិនស្ដាប់បញ្ជា»ជាដើម។

តែរាល់ពាក្យបណ្ដឹង ពីសំណាក់មន្ត្រីក្នុងរបបដឹកនាំ របស់លោក ហ៊ុន សែន ទាំងនេះ តែងត្រូវបានលោក សម រង្ស៊ី បរិហារថា មានចរិតនយោបាយ ដែលអាចធ្វើបាន តែនៅក្នុងបរិបទ «តុលាការអាយ៉ង» នៅកម្ពុជាប៉ុណ្ណោះ៕



លំអិតបន្ថែមទៀត

របាយការណ៍

«មនុស្ស​ជាង​៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុងរយៈពេល​២០ឆ្នាំ»

នៅតែប៉ុន្មានថ្ងៃមុនដំណើរមកដល់ នៃប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញ​របាយការណ៍មួយ ដែលលើកពីការសម្លាប់ និងការរំលោភធ្ងន់ធ្ងរ ក្នុងរយៈពេល​២០ឆ្នាំ ឬពីរទសវត្សរ៍ ក្រោមការកាន់អំណាច​ដោយ​ហឹង្សា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន ...
កម្ពុជា

«សង្គមស៊ីវិល»ជិត១០០ បារម្ភ​ពីការវិលទៅអតីតកាល បើបាត់​«EBA-GSP»

ក្រុមអ្នកវិភាគ-អ្នកឃ្លាំមើល រួមនឹងអង្គការ​-សង្គមស៊ីវិល ប្រមាណជា៨៥នាក់/ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃនេះ សំដែងការព្រួយបារម្ភ ចំពោះស្ថានភាពនយោបាយ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោយពីអ្វីមួយ ដែលពួកគេទាំងនេះ បានអះអាងថា ការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ ...
កម្ពុជា

ភរិយា កែម ឡី ប្ដេជ្ញាបន្ត​«បេសកកម្ម»​ស្វាមី​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយនៃសពលោកបណ្ឌិត កែម ឡី បានសំដែងការប្ដេជ្ញាចិត្ត ថាអ្នកស្រីនឹងបន្ត​«បេសកកម្ម»​របស់ស្វាមី រហូតដល់ប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ​​ពិតប្រាកដ។ ការថ្លែងរបស់អ្នកស្រី ធ្វើឡើងក្នុងការប្រារព្ធខួបឆ្នាំទី​៣ នៃការធ្វើឃាត ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.