កម្ពុជាដំណឹង

ហ៊ុន សែន បន្តហាម​ពលរដ្ឋខ្មែរ​ដែលមាន​រោគសញ្ញា កុំឲ្យ​វិលចូល​មាតុភូមិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបន្តមិនអើពើ ចំពោះពលរដ្ឋខ្មែរ ដែលរងទុក្ខនៅក្រៅប្រទេស ជាពិសេសលោក ហ៊ុន សែន បានបន្តហាមពលរដ្ឋខ្មែរទាំងនោះ កុំឲ្យ​វិលចូល​មាតុភូមិ ប្រសិនជាពួកគេមានរោគសញ្ញា នៃជំងឺ «Covid-19»។

បុរសខ្លាំងកម្ពុជា បានប្រកាសឲ្យដឹង ពីជំហររបស់លោកយ៉ាងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីមុននេះបន្តិច ដោយលើកយកមកបញ្ជាក់ នូវករណីពលរដ្ឋខ្មែរច្រើនរយនាក់ ដែលបានជាប់ខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី ក្រោមការសម្រេចរបស់លោក យ៉ាងតក់ក្រហល់ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

ការសម្រេចរបស់លោក ហ៊ុន សែន នៅពេលនោះ ផ្ទុយពីប្រទេសម៉ាឡេស៊ី ដែលបានបញ្ជូនយន្ដហោះ​របស់ខ្លួន ក្នុងថ្ងៃតែមួយ មកទទួលពលរដ្ឋម៉ាឡេស៊ី ពីប្រទេសកម្ពុជា ឲ្យវិលត្រឡប់ទៅកាន់មាតុភូមិ របស់ពួកគេវិញ។

ការប្រមែប្រមូលពលរដ្ឋខ្លួន ពីសំណាក់ប្រទេសម៉ាឡេស៊ីខាងលើ នៅមិនទាន់និយាយផងទេ ពីប្រទេសបារាំង ឬប្រទេសជាច្រើននៅអ៊ឺរ៉ុប ដែលមកទល់នឹងថ្ងៃនេះ បានប្រមូលពលរដ្ឋរបស់ផងខ្លួន ដែលមានចំនួនរាប់ម៉ឺន-សែននាក់ ឲ្យវិលចូលមាតុភូមិវិញ បើទោះជាបណ្ដាប្រទេសទាំងនោះ រងការរាតត្បាតដ៏សាហាវ ពីមេរោគ «Covid-19» នោះក៏ដោយ។

តែសម្រាប់លោក ហ៊ុន សែន បានយកលេស «ខ្លាចនាំជំងឺចូលស្រុក» ដើម្បីធ្វើឲ្យពលរដ្ឋខ្មែរទាំងនោះ ក្លាយជាជនដែលគ្មានស្រុកកំណើត ព្រោះតែគ្មានការគាំពារ ពីមាតុប្រទេសរបស់ពួកគេ។

សូមអានការដកស្រង់ នូវជំហររបស់លោក ហ៊ុន សែន ដែលបានសរសេរ ​នៅលើបណ្ដាញសង្គមដូច្នេះថា៖

«នៅពេលនេះ បម្រាមការធ្វើដំណើរក្នុងប្រទេស ក៏បានលើក ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ឲ្យកូនក្មួយពលករខ្មែរ ជាង២០០នាក់ អាចវិលត្រឡប់ មកកាន់មាតុប្រទេសវិញ។ ប៉ុន្តែសូមកូនក្មួយទុកពេលវេលា ឲ្យខាងអាជ្ញាធរម៉ាឡេស៉ី គេធ្វើតេស្តសុខភាពសិន  ដើម្បីបញ្ជាក់ថា កូនក្មួយគ្មានសញ្ញាវិជ្ជមាន នៃជំងឺកូវីដ-១៩។»

បន្តហាមពលរដ្ឋ កុំឲ្យ​វិលចូល​មាតុភូមិ

នាយករដ្ឋមន្ត្រីខ្មែរ ដែលកាន់អំណាច ជាង៣៥ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា៖

«យើងទាំងអស់គ្នា ទាំងអ្នកនៅក្នុងប្រទេស និងក្រៅប្រទេស គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំនាំរោគឆ្លងពីក្រៅចូលក្នុង និងពីម្នាក់ទៅម្នាក់ ព្រោះជំងឺកូវីដ-១៩ នេះ គឺងាយឆ្លងខ្លាំងណាស់។»

«សូមកូនក្មួយកុំបារម្ភអ្វី ប្រសិនបើកូនក្មួយ គ្មានជំងឺឆ្លងកូវីដ-១៩ទេ គឺកូនក្មួយអាចវិលត្រឡប់ មកកម្ពុជាវិញបាន ក្នុងពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញ​ មានកូវីដ-១៩ ទៅលើកូនក្មួយណា គឺត្រូវនៅសម្រាក​ព្យាបាល​ នៅទីនោះសិន ហូតដល់ជាសះស្បើយ ទើបអនុញ្ញាត ឱ្យត្រឡប់មកកម្ពុជាវិញ។»

«ចំពោះកូនក្មួយដែលនឹងមកដល់កម្ពុជាវិញ គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ (រស់នៅដាច់ដោយឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត ហើយក៏មានការធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅតាមផ្ទះផងដែរ។»

ជំហររបស់លោក ហ៊ុន សែន នឹងរដ្ឋាភិបាលរបស់លោក បានរងការរិះគន់យ៉ាងចាស់ដៃ ពីមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដោយហៅការសម្រេច របស់បុសខ្លាំងកម្ពុជា ថាបាន«រំលោភរដ្ឋធម្មនុញ្ញ»ធ្ងន់ធ្ងរ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី បង្ហើបថា ហ៊ុន សែន ឲ្យ​១ម៉ឺន​ដុល្លារ​ម្នាក់​ដើម្បី​សុំសិទ្ធិ​ធ្វើនយោបាយ

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបង្ហើបឲ្យដឹងថា លោក ហ៊ុន សែន ត្រៀមផ្ដល់ប្រាក់ មួយម៉ឺនដុល្លារម្នាក់ ទៅមន្ត្រីគណបក្ស​សង្គ្រោះជាតិណា ដែលយល់ព្រម មកសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ លោក សម រង្ស៊ី ...
កម្ពុជា

មន្ត្រី អ.ស.ប ៖ ទួរគី-កម្ពុជា​ធ្វើ​កិច្ច​ព្រមព្រៀង​«សម្ងាត់»​ដើម្បី​ចាប់​ពង្រត់​មនុស្ស

ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ចំនួន៤ ដែលប្រទេសទួរគី បានចុះ​​កិច្ច​ព្រមព្រៀង​«សម្ងាត់»ជាមួយ ដើម្បីធ្វើការ​ចាប់ពង្រត់សកម្មជនប្រឆាំង ដែលរត់គេចខ្លួន នៅក្រៅ​ប្រទេស។ នេះ បើតាមរបាយការណ៍រួមមួយ របស់អ្នករាយការណ៍បួននាក់ របស់​អង្គការ​សហប្រជាជាតិ ដែលត្រូវបានដកស្រង់ ...
ដំណឹង

Covid-19៖ បារាំងបិទ​គ្រឹះស្ថានសិក្សា លើ​ផ្ទៃ​ប្រទេស និងព្រមាន​បិទព្រំដែន

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងទៅកាន់ប្រជាជាតិ លើ​ផ្ទៃ​ប្រទេស អំពីវិធានការ «បន្ទាន់» មួយចំនួន ជាពិសេសការបិទគ្រឹះស្ថានសិក្សា​ទាំងអស់ ដើម្បីទប់ស្កាត់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.