កម្ពុជាដំណឹង

ហ៊ុន សែន ហៅអ្នកនិយាយ ពី«ការបិទក្រុង​ឬផ្នែកខ្លះ» ថាជា​មនុស្សអាក្រក់

អ្នកស្រង់សំដីរបស់លោក ហ៊ុន សែន យកមកផ្សាយបន្ត មានវាសនាមិនល្អទេ ព្រោះតែង​ត្រូវ​បានបុរសខ្លាំងរូបនេះ ចាប់ដាក់គុក ឬចាត់ទុក ថាជា​មនុស្សអាក្រក់ ជាដើម។ ហើយនេះ ជាវគ្គថ្មីមួយទៀត ដែលបុរសមានអំណាច វ័យ៦៨ឆ្នាំ បានលាងសំដីរបស់ខ្លួន បន្ទាប់ពីបាន​ថ្លែងព្រមាន នៅក្នុងសារជាសម្លេងមួយ កាលពីដើមសប្ដាហ៍កន្លងមក។

សារព្រមាននោះ ត្រូវបានលោក ហ៊ុន សែន ធ្វើឡើង ដើម្បីគម្រាមប្រកាសអាសន្ន នៅក្នុង​រាជធានីភ្នំពេញ និងផ្នែកខ្លះ នៅក្នុងព្រះរាជាណាចក្រ បើកាលណាបណ្ដាជន រួមទាំង​មន្ត្រី​រដ្ឋាភិបាលផង មិនស្ដាប់តាមបញ្ជារបស់លោក ដែលកំហិតឲ្យពួកគេទាំងនោះ ត្រូវអនុវត្ត​តាមវិធាន​ធ្វើ​ចត្តាឡីស័ក ដើម្បីរាំងខ្ទប់ការរីកឆ្លង នៃជំងឺ«Covid-19»។

តាមរយៈសារសម្លេង ដែលធ្លាក់មកដល់​ដៃអ្នកសារព័ត៌មាន ក្នុងយប់​ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា លោក ហ៊ុន សែន បានថ្លែងព្រមានថា លោកអាចទូលថ្វាយ​ព្រះមហាក្សត្រ ដើម្បីដាក់​តំបន់​​ទាំងនោះ នៅក្នុងគ្រាអាសន្ន អនុលោមតាមច្បាប់ថ្មីមួយ ដែលត្រូវរដ្ឋសភាឯកបក្ស ធ្វើការ​អនុម័ត យ៉ាងតក់ក្រហល់ កាលពីអំឡុងខែមេសា ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង នៅកម្ពុជា បានថ្លែងក្នុងសារសម្លេងថា៖

«ការអំពាវនាវរបស់ខ្ញុំនេះ ធ្វើនៅមុនពេល ដែលខ្ញុំកំពុងគិតថា តើត្រូវប្រកាសបិទ​ទីក្រុង​ភ្នំពេញ ឬផ្នែកណាមួយ នៅក្នុងប្រទេសឬទេ ព្រោះច្បាប់ក្នុងគ្រាមានអាសន្ន មានក្នុងដៃ​រួចហើយ (…) តែខ្ញុំមិនចង់ទៅដល់នោះទេ ព្រោះវាប៉ះពាល់ ទៅដល់សិទ្ធិសេរីភាព​មនុស្ស​ច្រើនគ្នា។»

ការគម្រាមរបស់លោក ហ៊ុន សែន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានា យកទៅផ្សាយបន្ត មុននឹងត្រូវក្រុមអ្នកវិភាគ អ្នកប្រើប្រាស់បណ្ដាញសង្គម យកទៅធ្វើអត្ថាធិប្បាយ យ៉ាងច្រើន ក្នុងប៉ុន្មានថ្ងៃបន្ទាប់មក។

តែសម្រាប់លោក ហ៊ុន សែន ខ្លួនលោក មិនបានយល់ថា ការគម្រាមរបស់លោក ជាដើមហេតុ ដែលធ្វើឲ្យមានសង្គ្រាមប៉ាកកាទាំងនេះទេ ព្រោះនៅថ្ងៃព្រហស្បត្តិ៍នេះ លោកបាន​ចេញសារមួយទៀត ហៅអ្នកនិយាយពីករណីនេះ ថាជា​មនុស្សអាក្រក់ ដែលបំផុសពាក្យ​ចចាមអារាម។

បុរសខ្លាំងនៅកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គម កាលពីប៉ុន្មានម៉ោង​មុននេះ​ថា៖

«ថ្មីៗនេះ មានមនុស្សអាក្រក់មួយចំនួនបាន បំផុសពាក្យចចាមអារាម ថារាជរដ្ឋាភិបាល​នឹង បិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើ ដំណើរពីខេត្តមួយ ទៅកាន់ខេត្តមួយ។ ក្នុងឋានៈ ជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬ រាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។»

លោក ហ៊ុន សែន បន្តបន្ទោសអ្នកទាំងនោះ ថាមានបំណង ចង់កេងចំណេញខាងនយោបាយ ខណៈអ្នកផ្សាយសម្លេងរបស់លោក រួមមានទាំងប្រព័ន្ធឃោសនា របស់លោក និងរបស់គណបក្សប្រជាជនកម្ពុជានោះផង។ លោកសរសេរថា៖

«ការឃោសនាអកុសល របស់ពួកអាក្រក់ ទាំងនេះសំដៅ ធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបាន​ស្ងប់ចិត្ត ដើម្បីពួកគេគេងចំណេញ ខាង នយោបាយ​តែប៉ុណ្ណោះ។»

ក្នុងដើមខែមេសាកន្លងមក អ្នកសារព័ត៌មានម្នាក់ ត្រូវបានអាជ្ញាធរ ក្រោមបញ្ជាលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ បន្ទាប់ពីអ្នកកាសែតរូបនោះ ស្រង់សំដីរបស់លោក មកបង្ហោះបន្ត នៅលើបណ្ដាញសង្គម។ ការចាប់ខ្លួននោះ រងប្រតិកម្មខ្លាំងៗ ពីអង្គការ អ្នកយកព័ត៌មាន​គ្មានព្រំដែន (RWB /RSF) ដោយនិយាយថា បុរសខ្លាំងនៅកម្ពុជា កំពុងប្រើប្រាស់ការចាប់ចង ដើម្បីបំបិទមាត់អ្នកសារព័ត៌មាន ក្នុងការពន្យល់ពលរដ្ឋ អំពីជំងឺរាតត្បាត និងការពិត៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19 ៖ ហ៊ុន សែន ប្ដូរជំហរ​«ឈប់ចាក់​វ៉ាក់សាំងចិន»​ហើយ

បើប្ដូរជំហរម្ដងហើយ រឿងអីមិនអាចប្ដូរជំហរម្ដងទៀត? នេះ ជាអ្វីដែលលោក ហ៊ុន សែន បានប្រកាសថាលោក «ឈប់ចាក់​វ៉ាក់សាំងចិន» ដែលលោកអះអាងថា នឹងត្រូវបញ្ជូន​មកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។ នាយករដ្ឋមន្ត្រីកម្ពុជាលោក ...
កម្ពុជា

Covid-19៖ កម្ពុជា​រកឃើ​ញ ៩ករណី​ថ្មី បង្កើន​តួលេខ​​សរុប​ដល់​១៣៩នាក់

កម្ពុជា​រកឃើ​ញ ករណីឆ្លង«Covid-19»ថ្មី ចំនួន៩នាក់ ក្នុងថ្ងៃទី​២៧ ខែមិថុនា​នេះ មាន​៨នាក់​​ជា​ជនជាតិ​ខ្មែរ និងម្នាក់ជាជនជាតិឥណ្ឌូនេស៊ី។ អ្នកជំងឺ​ទាំងអស់​ធ្វើ​ដំណើរ​​តាម​យន្តហោះ ដែល​ហោះផ្ទាល់ ចេញ​ពី​ប្រទេសឥណ្ឌូនេស៊ី មកកាន់កម្ពុជា កាលពី​ថ្ងៃទី២៥ ខែ​មិថុនា។ ...
កម្ពុជា

Covid-19៖ កម្ពុជារកឃើញអ្នកជំងឺ ២៣នាក់​​ថ្មីទៀត​ សរុប​២២៥នាក់

ប្រទេសកម្ពុជាបានអះអាងថា ខ្លួនរកឃើញករណីអ្នកឆ្លង «កូវីដ១៩ (Covid-19)» ចំនួន ២៣នាក់​​ថ្មីទៀត​ ដែល​នាំ​​ឱ្យ​ករណី​អ្នកជំងឺសរុប កើនឡើងដល់​២២៥នាក់។ នេះ បើតាម​សេចក្ដីប្រកាសព័ត៌មាន របស់​ក្រសួង​សុខាភិបាល​កម្ពុជា ដែលចេញផ្សាយ កាលពីមុន​នេះ​បន្តិច។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.