កម្ពុជាដំណឹង

ហ៊ុន សែន៖ «ស្ថានភាពរំជើបរំជួល និង​ធ្ងន់ធ្ងរ តែសូមកុំស្លន់ស្លោរ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញសារបន្ទាន់មួយ ក្នុងយប់ថ្ងៃទី៩ ខែវិច្ឆិកា​នេះ ដើម្បីបញ្ជាក់​ពី«ស្ថានភាពរំជើបរំជួល និងធ្ងន់ធ្ងរ» នៅក្នុងរាជធានី-ខេត្តមួយចំនួន បន្ទាប់ពី​ក្រសួងសុខាភិបាល បានអះអាង ពីការរកឃើញអ្នកជំងឺ«Covid-19» ចំនួនបីនាក់ ពីក្នុងចំណោមអ្នកប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោល ជុំវិញដំណើរ​ទស្សនកិច្ច របស់ប្រមុខការទូតហុងគ្រី ដែលត្រូវបានហៅថា «ព្រឹត្តិការណ៍៣វិច្ឆិកា»។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ ក្នុងយប់​ថ្ងៃចន្ទដដែល អ្នកជំងឺទាំងបីនាក់នោះ គឺ៖

  1. លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា
  2. លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  3. ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។

អ្នកទាំងបីខាងលើ ត្រូវបូកបន្ថែម ជាមួយមន្ត្រីអង្គរក្សមួយរូបទៀត ដែលត្រូវបាន​រកឃើញ កាលពីថ្ងៃសៅរ៍ ថាបានផ្ទុកមេរោគ«Covid-19»។

«ស្ថានភាពរំជើបរំជួល និងធ្ងន់ធ្ងរ»

សាររបស់លោក ហ៊ុន សែន ធ្វើឡើងតាមសារសម្លេងមួយ ដែលធ្លាក់មកដល់​ដៃ​អ្នកសារព័ត៌មាន​ភ្លាមៗ ក្នុងយប់ថ្ងៃចន្ទ។ លោកនាយករដ្ឋមន្ត្រី ថ្លែងដំបូងឡើងថា៖

«ព្រឹត្តិការណ៍៣វិច្ឆិកានេះ បានបង្កស្ថានភាពរំជើបរជួល នៅទីក្រុងភ្នំពេញ និងខេត្ត​កណ្ដាល ខេត្តពោធិសាត់ បន្ទាប់ទៅ គឺខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត និងកែប។ ដោយឡែក ភាពធ្ងន់ធ្ងរ នៅក្រុងភ្នំពេញ និងមួយផ្នែក នៃខេត្តកណ្ដាល (…) បានបង្កនូរ​ការភ័យខ្លាច សម្រាប់ប្រជាជន (…)។»

សម្រាប់បុរសខ្លាំងនៅកម្ពុជា ស្ថានភាពខាងលើ នៅអាចគ្រប់គ្រងបាននៅឡើយ។ លោកថា៖

«ខ្ញុំសូមយកឱកាសនេះ អំពាវនាវឲ្យបងប្អូន​ប្រជាពលរដ្ឋយើង កុំមានការ​ភ័យស្លន់ស្លោរ ចំពោះមុខសភាពការណ៍នេះ។ ពិតមែនតែវាធ្ងន់ធ្ងរ តែមិនទាន់ដល់កម្រិតមួយ ដែលធ្វើ​ឲ្យយើងស្លន់ស្លោរ ធ្វើឲ្យទំនិញឡើងថ្លៃ (…)។»

ធ្វើតេស្ដិ៍កើនឡើងដល់ ១១៤៣នាក់…

ប្រព័ន្ធឃោសនា របស់រដ្ឋាភិបាលលោក ហ៊ុន​ សែន បានអះអាងថា ការសម្រុកធ្វើតេស្ដិ៍ ទៅលើអ្នកប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោល បានកើនឡើងដល់ ១១៤៣នាក់ ខណៈក្រសួងសុខាភិបាល បានបញ្ចេញតួលេខ កាលពីព្រឹកថ្ងៃចន្ទ មានត្រឹម ៩៤៤នាក់

មេដឹកនាំរបបក្រុងភ្នំពេញ បានបន្តទៀតថា៖

«ចង់បញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា ឲ្យបានឆាប់ ជម្រើសតែមួយគត់របស់យើង គឺការធ្វើ​ចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។ បើមិនដូច្នេះទេ យើងអាចដើរទៅចម្លង នៅខាងក្រៅ។ អ្វីដែលគ្រោះថ្នាក់ជាងនេះទៀត ការបាត់ដានអ្នកខាងក្រៅ ទៅចម្លងនៅទីកន្លែងផ្សេងៗ គឺចម្លងចូលក្នុងសហគមន៍ ដែលគ្មានដាន​ទាល់តែសោះ។»

លោកនាយករដ្ឋមន្ត្រីបានចេញបញ្ជា ទៅកាន់អាជ្ញាធរមូលដ្ឋាន ថាត្រូវធ្វើការតាមដាន និងឃ្លាំមើល អ្នកធ្វើចត្តាឡីស័ក បន្ទាប់ពីពួកគេជាប់សង្ស័យ ថាបានប៉ះពាល់ ដោយផ្ទាល់ ឬដោយប្រយោល ជាមួយព្រឹត្តិការណ៍៣វិច្ឆិកា។ លោក ហ៊ុន សែន និយាយថា៖

«អ្នកធ្វើចត្តាឡីស័កតាមផ្ទះ អាជ្ញាធរមូលដ្ឋាន ត្រូវតែតាមដានពិនិត្យ ឲ្យបានច្បាស់លាស់ បើសិនជាគេមិនអាចធ្វើបាន ត្រឹមត្រូវទេ សូមប្រញាប់ប្រញាលអញ្ជើញពួកគាត់ ទៅកាន់​ទីកន្លែង​ចត្តាឡីស័ក ដែលរៀបចំដោយផ្នែកសុខាភិបាល មិនថានៅទីក្រុង​ភ្នំពេញ ឬតាម​បណ្ដាខេត្ត​នោះទេ (…) ហើយត្រូវមានការយាមកាម ឲ្យបានតឹងរ៉ឹង ពីនគរបាល​ជាតិ និងកង​រាជអាវុធហត្ថ។»

«ខ្ញុំកំពុងគិត តើត្រូវប្រកាសបិទទីក្រុង…»

លោក ហ៊ុន សែន បានបន្តព្រមានទៀតថា៖

«ការអំពាវនាវរបស់ខ្ញុំនេះ ធ្វើនៅមុនពេល ដែលខ្ញុំកំពុងគិតថា តើត្រូវប្រកាសបិទ​ទីក្រុង​ភ្នំពេញ ឬផ្នែកណាមួយ នៅក្នុងប្រទេសឬទេ ព្រោះច្បាប់ក្នុងគ្រាមានអាសន្ន មានក្នុងដៃ​រួចហើយ (…) តែខ្ញុំមិនចង់ទៅដល់នោះទេ ព្រោះវាប៉ះពាល់ ទៅដល់សិទ្ធិសេរីភាព​មនុស្ស​ច្រើនគ្នា៕»



លំអិតបន្ថែមទៀត

ដំណឹង

Covid-19 ៖ រង​ការរិះគន់​ធ្ងន់ពេក ដូណាល់ ត្រាំ ប្រតិកម្ម​តបទៅ អូបាម៉ា

បន្ទាប់ពីអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានរិះគន់ធ្ងន់ៗ អំពីវិធានការគ្រប់គ្រង ការរាតត្បាតនៃជំងឺ «Covid-19» ដែលហាក់មិនមានប្រសិទ្ធិភាពនោះ លោកប្រធានាធិបតី ដូណាល់ ...
របាយការណ៍

អង់គ្លេស​មិនយល់ព្រម ការយកពន្ធ​​អង្ករ​​កម្ពុជា​​ឡើងវិញ ពីសំណាក់ EU?

ទីប្រឹក្សាអមនាយករដ្ឋមន្ត្រីកម្ពុជា គឺលោក ជុំ កុសល ដែលជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីល្បាញ នៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក បានរៀបរាប់ថា ចក្រភពអង់គ្លេស បានសំដែងការមិនយល់ស្រប ក្នុង«ការយកពន្ធ​​អង្ករ​​កម្ពុជា​​ឡើងវិញ» ដែលសម្រេចឡើង ដោយសហភាពអ៊ឺរ៉ុប ...
កម្ពុជា

សម រង្ស៊ី និយាយពី​«នយោបាយ ចាញ់-ចាញ់ របស់ ហ៊ុន សែន»

មេដឹកនាំប្រឆាំង បានចំអកឲ្យនាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា អំពីនយោបាយ «ចាញ់-ចាញ់» ក្នុងគម្រោងដាក់បណ្ដឹង ឡើងទៅតុលាការបារាំង ជុំវិញករណីការធ្លាក់ឧទ្ធម្ភាគចក្រ ដែលបណ្ដាលឲ្យលោក ហុក ឡងឌី ស្លាប់កាលពីឆ្នាំ២០០៨។ លោក ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...