បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានបរិហារថា គេកំពុងធ្វើ«នយោបាយនីយកម្ម» លើបញ្ហាព្រហ្មទណ្ឌ នៅពេលគេលើក ពីបញ្ហាលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ថាជាអ្នកទោសនយោបាយ។ តែសម្រាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ប៊េន រ៉ូដេស (Ben Rhodes) វិញ បានអះអាងថា ការរំលោភសិទ្ធិមនុស្ស ជា«ឧបសគ្គ» នៃជម្រៅទំនាក់ទំនងទ្វេភាគី អាមេរិក និងកម្ពុជា។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិយាយរម្លឹកឡើងវិញដូច្នេះ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ បន្ទាប់ពីសន្និសិតកាសែត ស្ដីពីជំនួបទ្វេភាគី កម្ពុជា-អាមេរិក ត្រូវបានធ្វើម្ដងរួចមកហើយ ដោយលោក ប្រាក់ សុខុន កាលល្ងាចម្សិលម៉ិញ នៅមណ្ឌលព័ត៌មាន (វិមានសន្តិភាព) ដដែលនេះ។
លោក ខៀវ កាញារីទ្ធ បានស្រង់សម្ដីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបទៅនឹង ការលើកឡើង របស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ទាក់ទងសំនុំរឿងនាយកវិទ្យុសម្បុកឃ្មុំ មកបញ្ជាក់យ៉ាងដូច្នេះថា «លោក ម៉ម សូណង់ដូ មិនមែនជាប់ទោស ក្នុងនាមជាអ្នកសារព័ត៌មានទេ»។
លោករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មី ពីការជួបគ្នារវាង លោក បារ៉ាក់ អូបាម៉ា និងលោក ហ៊ុន សែន ថាបានស្វែងយល់ ពីគ្នាទៅវិញទៅមក ដែលនេះជាចំណុចចាប់ផ្តើម ទំនាក់ទំនងគ្នាមួយដ៍ល្អ សម្រាប់ឆ្ពោះ ទៅថ្ងៃអនាគត។ លោកបានពន្យល់ថា៖
«គឺល្អណាស់ មិនដូចក្រុមប្រឆាំងខ្លះ បានលើកឡើងថា លោក អូបាម៉ា មកជួបតែ២០នាទីប៉ុណ្ណោះ នោះទេ។ តាមពិតជំនួបនេះ មានដល់ទៅ ៤០នាទី (…) ចំណែក ឯបញ្ហាសិទ្ធិមនុស្ស គ្រាន់តែជាបញ្ហាតូចមួយប៉ុណ្ណោះ។»
«នយោបាយនីយកម្ម» VS «ឧបសគ្គ»
ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ មានលក្ខណៈផ្ទុយ នឹងការលើកឡើងរបស់ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ប៊េន រ៉ូដេស ដែលថាលោក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ ក្នុង«ជំនួបដ៏តឹងតែង» ជាមួយនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ថាការរំលោភសិទ្ធិមនុស្ស ជា«ឧបសគ្គ» ទៅដល់ជម្រៅ នៃទំនាក់ទំនងទ្វេភាគី អាមេរិក និងកម្ពុជា។
ជំនួបទ្វេភាគី ទល់មុខ រវាងលោកប្រធានាធិបតីអាមេរិក និងលោកនាយករដ្ឋមន្ត្រីខ្មែរ បានធ្វើឡើង ក្នុងដណើរមកចូលរួម ក្នុងជំនួបកំពូល នៅរាជធានីភ្នំពេញ រៀបចំដោយប្រទេសកម្ពុជា នៅក្រោយ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ពីដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី នៅទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា។
ឆ្លើយតប នឹងការសាកសួរ របស់ទីភ្នាក់ងារពត៌មានបារាំង (AFP) លោក ប៊េន រ៉ូដេស បានលើកឡើងថា លោកប្រធានាធិបតីអាមេរិក បានសង្កត់ធ្ងន់យ៉ាងសំខាន់ ទៅលើ «បញ្ហាសិទ្ធិមនុស្ស» ជាមួយនឹងដៃគូសន្ទនា របស់លោក។
ប្រធានាធិបតីអាមេរិក បានលើកបញ្ជាក់ ទៅលោកហ៊ុន សែន ពីសារសំខាន់ នៃការបោះឆ្នោត ត្រឹមត្រូវនិងសេរី និងការដោះលែង អ្នកទោសនយោបាយ។ តែភាគីកម្ពុជា បានច្រានចោល ពីរាល់ការចោទប្រកាន់ទាំងនេះ ដោយថា ខ្លួនកំពុងរងគ្រោះ នឹង«យុទ្ធនាការមូលបង្កាច់ការពិត»។
ទាក់ទង នឹងអ្នកទោសនយោបាយ លោក អូបាម៉ា បានលើកយកករណី ចំឈ្មោះមួយ មកនិយាយ គឺលោក ម៉ម សូណង់ដូ នាយកវិទ្យុក្នុងស្រុកឈ្មោះ«សំបុកឃ្មុំ» ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសអោយជាប់ពន្ធនាគា ចំនួន២០ឆ្នាំ ពីបទបង្កើតតំបន់អប្បគមន៍ ក្នុងខេត្តក្រចេះ។
លោក ប៊េន រ៉ូដេស បានបញ្ជាក់ថា នៅពេលចាប់ផ្ដើមជំនួប លោក បារ៉ាក់ អូបាម៉ា បាននិយាយទៅកាន់លោក ហ៊ុន សែន ពីដំណើរទស្សនកិច្ច របស់លោក នៅប្រទេសភូមា ដើម្បីជាឧទាហរណ៍មួយ ដែលថាប្រទេសនេះ កំពុងស្ថិតក្នុងដំណើរដើរទៅមុខ នៃការកែទម្រង់នយោបាយ និងបង្កើនការគោរពសិទ្ធិមនុស្ស ដែលគូរតែយកគំរូតាម។
តែក្នុងសន្និសីទកាសែត ក្រោយជំនួបល្ងាចថ្ងៃទី១៩ វិច្ឆិកានោះដដែល លោក ប្រាក់ សុខុន បានថ្លែង ដោយទំនងជាចង់តបទៅនឹង ការលើកឡើងខាងលើរបស់លោក អូបាម៉ា យ៉ាងដូច្នេះថា៖
«ប្រទេសធំៗមួយចំនួន បានមកពឹង សុំសម្ដេចតេជោ ទៅនិយាយជាមួយ រដ្ឋាភិបាលមីយ៉ានម៉ា អោយធ្វើការកែទម្រង់ (…) ដោយឥឡូវនេះ តាមរយៈយុទ្ធនាការមួលបង្កាច់នេះ ហាក់ដូចជាកម្ពុជា ឥឡូវក្លាយទៅជាកូនសិស្ស ដែលអាក្រក់ជាងមីយ៉ាន់ម៉ាទៅវិញ៕»