កម្ពុជាដំណឹង

EU នឹង​មិនផ្អាក​ការសម្រេច​របស់ខ្លួន ក្នុង​ការព្យួរ​«EBA»​ពីកម្ពុជា​ឡើយ

គ្មានទេ! គ្មានការឆ្លើយតប ជាវិជ្ជមានឡើយ ពីសំណាក់សហភាពអ៊ឺរ៉ុប (EU) ចំពោះ​សំណើរ​​​របស់​​ក្រុម​​សហគ្រិនកម្ពុជា ដែលចង់ឲ្យសហភាព​អ៊ឺរ៉ុបយោគយល់ ដោយផ្អាក ឬពន្យាពេល​​ការសម្រេចព្យួរ ប្រព័ន្ធអនុគ្រោះពន្ធ ហៅថា «EBA» ពីប្រទេសកម្ពុជា ក្រោមហេតុផល​នៃ​ការរាតត្បាត ជំងឺ«Covid-19»។ នេះ បើតាមប្រភពច្បាស់ការណ៍មួយ ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទទួលបានក្នុងថ្ងៃនេះ។

ក្រុមសហគ្រិនកម្ពុជា ដែលក្នុងនោះរួមមាន សមាគមកាត់ដេរនៅកម្ពុជា (GMAC) សមាគមស្បែកជើងកម្ពុជា (CFA) និងសភាពាណិជ្ជកម្មអ៊ឺរ៉ុប (EuroCham) បាន​សរសេរ​លិខិតរួមគ្នាមួយ ចុះថ្ងៃទី២ ខែមិថុនា ទៅកាន់ប្រធានគណៈកម្មការអ៊ឺរ៉ុប អ្នកស្រី «Ursula von der Leyen» ដើម្បីស្នើសុំសហភាពអ៊ឺរ៉ុប ដែលជាទីផ្សារនាំចេញធំជាងគេ របស់កម្ពុជា ឱ្យពិចារណា​ឡើងវិញ ចំពោះការសម្រេចរបស់ខ្លួន។

ការសម្រេចរបស់សហភាពអ៊ឺរ៉ុប ដែលធ្វើឡើង កាលពីដើមខែកុម្ភៈ បានកំណត់​ឲ្យយក​ពន្ធឡើងវិញ ប្រមាណជា​២០% ទៅលើ៤០មុខទំនិញ ដែលនាំចេញពីកម្ពុជា និងនាំចូល​ទៅក្នុង​ទីផ្សារ របស់​សហភាព ទាំង២៧ប្រទេស។ ការសម្រេចនេះ នឹងត្រូវចូលជាធរមាន នៅ៦ខែក្រោយ ពោល​គឺនឹង​​ត្រូវអនុវត្តន៍ ចាប់ពីខែសីហា​ខាងមុខ​តទៅ។

លិខិតរបស់ក្រុមសហគ្រិនកម្ពុជា បានសរសេរថា បន្ថែមពីលើវិបត្តិជំងឺ «Covid-19» ដែលបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរនោះ វិស័យវាយណភ័ណ្ឌកម្ពុជា នឹងត្រូវ​រងទម្ងន់​មួយ​ទៀត តាមរយៈការសម្រេចខាងលើ របស់សហភាពអ៊ឺរ៉ុប។ លិខិតនោះ បានសរសេរថា៖

«ប្រសិនបើគណៈកម្មការអ៊ឺរ៉ុប អនុញ្ញាតឱ្យការព្យួរប្រព័ន្ធ “EBA” ចូលជាធរមាន នៅក្នុង​ខែសីហាខាងមុខនេះ វាអាចបណ្តាលឱ្យមានការដួលរលំ យ៉ាងឆាប់រហ័ស នៃឧស្សាហកម្ម​កាត់ដេរ ស្បែកជើង និងទំនិញផ្សេងទៀត ដែលកំពុងរងគ្រោះ ដោយសារការរាតត្បាត រួចជាស្រេច​ហើយនេះ។»

លិខិតរួមស្នើសុំការពន្យារពេលនៃការដក EBA ដោយសារបញ្ហាវិប្បត្តិ COVID-19 និងសេចក្តីថ្លែងការណ៍រួមចំពោះអ្នកសារព័ត៌មាន។Joint…

Gepostet von GMAC – Garment Manufacturers Association in Cambodia am Dienstag, 2. Juni 2020

ប៉ុន្តែមន្ត្រីសហភាពអ៊ឺរ៉ុបមួយរូប ដែលស្និតនឹងសំនុំរឿង បានអះអាងពីការបដិសេធ ចំពោះ​ការស្នើសុំ ឲ្យពិចារណាឡើងវិញណាមួយ ចំពោះការសម្រេច របស់សហភាពអ៊ឺរ៉ុប ដោយ​ហេតុ​ថា អ៊ឺរ៉ុបបានដើរមកដល់ នីតិវិធីចុងក្រោយ និងបាន​ប្រើយន្ដការ ជាច្រើន​ណាស់​​រួចមកហើយ។

មន្ត្រីអ៊ឺរ៉ុបរូបនោះ ដែលមិនបញ្ចេញអត្តសញ្ញាណ ដោយហេតុថា ខ្លួនគ្មានភាពចាំបាច់ ដើម្បីធ្វើប្រតិកម្មជាផ្លូវការ ចំពោះករណីខាងលើ បានបញ្ជាក់ថា សហភាពអ៊ឺរ៉ុប​អាច​ពិចារណា​ឡើងវិញ ចំពោះការសម្រេចរបស់ខ្លួន តែនៅក្នុងលក្ខខណ្ឌ​មួយគត់ គឺកម្ពុជា​ត្រូវ​​ធ្វើឲ្យមានភាពប្រសើរឡើង គួរឲ្យទទួលយកបាន ចំពោះដំណើរការ នៃលិទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិ​មនុស្ស សិទ្ធិការងារ និងសិទ្ធិនយោបាយ​។

នៅក្នុងចំណោម​លក្ខខណ្ឌទាំងនោះ សហភាពអ៊ឺរ៉ុបនៅតែទាមទារ ឲ្យគណបក្ស​សង្គ្រោះជាតិ ដែលត្រូវបានរំលាយ យ៉ាងតក់ក្រហល់ ដោយតុលាការកម្ពុជា អាចមាន​ដំណើរការ ជាធម្មតាឡើងវិញ នឹងការបោះបង់ចោល នូវការចោទប្រកាន់ទាំងឡាយ ប្រឆាំងនឹងមេដឹកនាំគណបក្សនេះ។

តែការទាមទារ​របស់ «EU» ដែលមានចែង នៅក្នុងកិច្ចព្រមព្រៀង «EBA» មិនមែនជាអ្វី ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ត្រៀមនឹងធ្វើតាមនោះទេ ដោយលើកហេតុផល ម្ដង​ហើយម្ដងទៀត ថាកម្ពុជាមិន​យក​អធិបតេយ្យភាព​ខ្លួន ទៅដូរ​នឹងប្រព័ន្ធអនុគ្រោះ​អ្វីឡើយ៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ បារាំង​មាន​អ្នកជំងឺ​ស្លាប់ កើនជាង​២ម៉ឺន​នាក់

ប្រទេស បារាំង​មាន​អ្នកជំងឺ​ស្លាប់ ដោយមេរោគ «Covid-19» កើនឡើងដល់ជាង ២ម៉ឺននាក់។ អ្នកជំងឺ​ដែលបានស្លាប់ ក្នុងថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០នេះ មានចំនួន ៥៤៧នាក់។ ...
កម្ពុជា

ហ៊ុន សែន អះអាងថាពូជលោក មិនដែលមាន«ជំងឺខួរក្បាល»ទេ

មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានថ្លែងចំអក ឲ្យក្រុមអ្នកនយោបាយប្រឆាំង ដែលលោកអះអាងថា រង់ចាំឲ្យលោកស្លាប់នោះ ថា«សូមរង់ចាំជាតិក្រោយចុះអូន» ដោយលោកអះអាងថា ពូជរបស់លោក តាំងពីជីដូនជីតាមក មិនដែលមាននរណាម្នាក់ ...
កម្ពុជា

ថ្ងៃ៨មីនា៖ ហ៊ុន សែន លើកពី​«ស្ត្រី​និងការអភិវឌ្ឍ ​ក្នុងបរិការណ៍​កូវីដ-១៩»

តើមានអ្វីទាក់ទងគ្នា រវាងទិវាអន្តរជាតិស្ដីពីសិទ្ធិស្ត្រី ថ្ងៃ៨មីនា និងជំងឺរាតត្បាតកូវីដ-១៩ (Covid-19)? សម្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានភ្ជាប់ព្រឹត្តិការណ៍ទាំងពីរនេះ ទៅក្នុងប្រធានបទថ្មី​មួយ ដែលលោកដាក់​ឈ្មោះ​ឱ្យថា៖ «ស្ត្រី​និងការអភិវឌ្ឍ ក្នុងបរិការណ៍​កូវីដ-១៩»។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.