ទេ! មិនមែន«កម្ពុជាតូច តែបេះដូងធំ» ដូចការឃោសនារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមអ្នកហែហមទេ។ ហើយមន្ទិលក៏កើតមាន កាន់តែខ្លាំងដែរ នៅចំពោះការប្រកាសរបស់លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ កាលពីពេលថ្មីៗនេះ ដែលលើកឡើងថា ចំនួនទេសចរណ៍នៅកម្ពុជា ក្នុងខែចុងក្រោយ បានហក់ឡើងវិញ។
នេះ បើតាមរបាយការណ៍ជាច្រើន របស់សារព័ត៌មាននានា នៅបរទេស ដែលអះអាងពីភាពស្ងាត់ជ្រងំ នៃរមណីយដ្ឋានវប្បធម៌អង្គរ និងការរារែករបស់ក្រុមអ្នកទេសចរណ៍ ដែលតម្រូវឱ្យពួកគេ ត្រូវត្រិះរិះពិចារណាទ្វេដង មុននឹងចូលមកកម្សាន្ត នៅក្នុង«រាជាណាចក្រអច្ឆរិយៈ»។
សារព័ត៌មានបារាំង «Courrier international» បានសរសេរថា ជំងឺរាតត្បាត «Covid-19» បានបណ្ដេញទេសចរណ៍ (ស្ទើតែ)អស់រលីង ចេញពីប្រទេសកម្ពុជា ធ្វើឲ្យប្រាង្គប្រាសាទនានា នៅក្នុងតំបន់អង្គរ ប្រែក្លាយជាស្ងាត់ជ្រងុំ ដូចកាលពីអំឡុង មុនឆ្នាំ១៩៩០។
សារព័ត៌មានមួយនេះ ដែលត្រូវបានដកស្រង់ យកទៅផ្សាយបន្ត ដោយគេហទំព័រធំៗ ដូចជា «Yahoo» និង «MSN» ជាដើមនោះ បានយករូបថត«ប្រាសាទអង្គរវត្ត» របស់ជនជាតិបារាំងម្នាក់ ដែលរស់នៅក្នុងក្រុងសៀមរាម មកបង្ហាញជាភស្ដុតាងផង។
គ្មានទេសចរណ៍ ក្រោមវិធានការទប់ស្កាត់ជំងឺ «Covid-19» ជារឿងមួយ។ តែបើនៅតែ គ្មានទេសចរណ៍ រហូតមដល់ថ្ងៃ ដែលបណ្ដាសារព័ត៌មាន បានចុះផ្សាយនេះ ជារឿងមួយទៀត។ ព្រោះចាប់ពីថ្ងៃទី២០ ខែឧសភាមក រដ្ឋាភិបាលលោក ហ៊ុន សែន បានបើកឲ្យជនទេសចរណ៍បរទេស អាចចូលមកកម្សាន្ដ ក្នុងប្រទេសកម្ពុជា ជាធម្មតាវិញហើយ។
សម្រាប់សារព័ត៌មាន ជាភាសាអង់គ្លេស «Business Traveller» បានពន្យល់ថា បើគ្មានអ្នកទេសចរណ៍បរទេស មិនមែនគ្មានមូលហេតុនោះទេ។ មូលហេតុ គឺក្រុមអ្នកទេសចរណ៍ទាំងនោះ ត្រូវគិតឲ្យបានខ្លាំងជាងមុន នៅចំពោះការដាក់កំហិតថ្មី របស់រដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ពួកគេ ឲ្យបង់ប្រាក់ជាហូហែ ដែលមានកម្រិតមិនតិចជាង ៣ ០០០ដុល្លារឡើយ។
កម្ពុជាតូច តែបេះដូង«ឈប់ធំ»…
ការចុះផ្សាយ របស់ក្រុមសារព័ត៌មានបរទេស មិនមែនជា«Fake News»ទេ ដោយគេត្រូវងាកទៅមើលលិខិត របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដែលបានផ្ញើ ទៅកាន់រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី០៥ ខែមិថុនា ស្ដីពីការកំណត់គិតថ្លៃសេវា ពីជនបរទេស សម្រាប់ការធ្វើតេស្ត រកមេរោគកូវីដ-១៩។
បើតាមលិខិតនោះ ជនបរទេសម្នាក់ ដែលជាន់ជើងចូលកម្ពុជា អាចចំណាយជាមធ្យម ពីចន្លោះជិត២០០ដុល្លារ ទៅ៣០០ដុល្លារអាមេរិក នៅក្នុងមួយថ្ងៃ ហើយពួកគេត្រូវកំហិត ឲ្យធ្វើចត្តាឡីស័ក មិនតិចជាង១៤ថ្ងៃឡើយ បើពួកគេ រកមិនឃើញលទ្ធផលវិជ្ជមាន នៃជំងឺរាតត្បាតនេះ។
ដូចសារព័ត៌មាន «AEC News Today» បានលំអិតអំពីតារាងតម្លៃ ដែលកើតឡើងបន្តបន្ទាប់គ្នា និងមិនចេះចប់មិនចេះហើយ នៅពេលដែលអ្នកទេសចរណ៍ណាម្នាក់ ឈានជើងជាន់ប្រទេសកម្ពុជា។ សារព័ត៌មានសរសរថា៖
«បន្ទាប់ពីមកដល់ព្រំដែនកម្ពុជា (ទោះតាមផ្លូវអាកាស ឬតាមផ្លូវគោកក្ដី) អ្នកដំណើរទាំងឡាយ ត្រូវបានដឹកតាមរថយន្ដក្រុង ដោយត្រូវចំណាយ ក្នុងម្នាក់៥ដុល្លារ ទៅកាន់បន្ទប់រង់ចាំមួយ ដើម្បីការយកសំណាក ទៅធ្វើតេស្ដិ៍ ដែលត្រូវបង់ថ្លៃ ១០០ដុល្លារ ក្នុងម្នាក់ៗ។»
ក្នុងរយៈពេលរង់ចាំលទ្ធផល នៃការធ្វើតេស្ដិ៍ ដែលនឹងត្រូវប្រកាស ឲ្យដឹងនៅថ្ងៃស្អែក អ្នកដំណើរទាំងនោះ ត្រូវសម្រាក នៅក្នុងបន្ទប់រង់ចាំនោះ ដោយត្រូវបង់ប្រាក់ ម្នាក់ ៣០ដុល្លារ សម្រាប់ថ្លៃសម្រាកមួយយប់ និង៣០ដុល្លារទៀត សម្រាប់ថ្លៃអាហារបីពេល។ «AEC News Today» បានឡកឡឺយឡើងថា៖
«១០ដុល្លារ សម្រាប់អាហារមួយពេល គ្រប់គ្រាន់ដើម្បីឲ្យអ្នកដំណើរទាំងនោះ ទទួលបានអាហារសម្រន់យ៉ាងឈ្ងុយឆ្ងាញ់។»
ក្នុងករណីអ្នកដំណើរណាម្នាក់ ត្រូវបានរកឃើញឆ្លងជំងឺ កូវីដ-១៩ ពេលនោះគឺអ្នកដំណើរទាំងអស់ នឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងទីកន្លែងមួយ ដែលកំណត់ឡើង ដោយរដ្ឋាភិបាល ដោយត្រូវចំណាយ ៨៤ដុល្លារ (រាប់ទាំងអាហារ) ក្នុងមួយថ្ងៃ និងក្នុងអ្នកដំណើរម្នាក់។ សារព័ត៌មានបញ្ជាក់ទៀតថា៖
«ការធ្វើតេស្ដិ៍បន្ថែម នឹងត្រូវអនុវត្តន៍ សម្រាប់អ្នកដំណើរទាំងនោះ ដោយត្រូវចំណាយ ១០០ដុល្លារ ជាថ្មីទៀត។»
សម្រាប់អ្នកដំណើរ ដែលរកឃើញថា មានជំងឺវិញ គឺនឹងត្រូវបញ្ជូន ទៅកាន់មន្ទីរពេទ្យ ភ្លាមៗតែម្ដង។ «AEC News Today» បន្តរៀបរាប់ថា៖
«នៅមន្ទីរពេទ្យ ថ្លៃសម្រាកព្យាបាល នឹងមានតម្លៃ ២២៥ដុល្លា ក្នុងមួយថ្ងៃ និងតម្លៃ ៤០០ដុល្លារបន្ថែមទៀត សម្រាប់ការធ្វើតេស្ដិ៍ ៤ដង ក្នុងរយៈពេល នៃការសម្រាកព្យាបាលនោះ។»
បើអ្នកដំណើររូបណា ចង់ធ្វើតេស្ដិ៍ ដើម្បីដឹងពីភាពស៊ាំរបស់ខ្លួន ទល់នឹងជំងឺ«Covid-19» ការធ្វើតេស្ដិ៍នោះ នឹងមានតម្លៃ១០០ដុល្លារ និងបន្ថែម៣០ដុល្លារទៀត បើអ្នកដំណើររូបនោះ ចង់បានលិខិតបញ្ជាក់។
តម្លៃខាងលើ នៅមិនទាន់គិតផងទេ ពីការធានារ៉ាប់រងសុខភាព ដែលមានទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងតម្រូវឲ្យអ្នកទេសចរណ៍ ត្រូវមានវិញ្ញបនបត្របញ្ជាក់សុខភាព ថាគ្មានជំងឺកូវីដ-១៩។ ក្នុងករណីស្លាប់នៅកម្ពុជាវិញ ការបូជាសព នឹងត្រូវចំណាយអស់ ១ ៥០០ដុល្លារ ក្នុងម្នាក់ៗថែមទៀត។
សារព័ត៌មាន «AEC News Today» បានចំអកនៅទីបញ្ចប់ថា គេមិនដឹងថា តើការចំណាយ សម្រាប់ការបូជាសពខាងលើ នឹងមានការរាប់បញ្ចូល នូវតម្លៃ«កោដ្ឋ»ដាក់ធាតុ ឬយ៉ាងណាទេ៕