កម្ពុជាដំណឹង

CNRP ហៅ​ការចេញដីកា​ចាប់ខ្លួន​មេដឹកនាំ​ខ្លួន​ទាំង៨ ថាជា​«ការផ្គើន»

ការចេញដីកា ឲ្យចាប់ខ្លួនថ្នាក់ដឹកនាំទាំង៨នាក់ របស់គណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានថ្ងៃមុននេះ បង្ហាញថា របបក្រុងភ្នំពេញសព្វថ្ងៃ កំពុងយកតុលាការ ធ្វើជាឧបករណ៍នយោបាយ ដើម្បីជា«ការផ្គើន» នឹងវិធានការនានារបស់សហគមន៍អន្តរជាតិ និងបំផ្លាញប្រយោជន៍ជាតិកម្ពុជាទាំងមូល។ 

ខាងលើនេះ ជាការអះអាង របស់គណបក្សសង្គ្រោះជាតិ (CNRP) ដើម្បីប្រតិកម្មតបនឹងដីកា ដែលចុះហត្ថលេខា និងចេញផ្សាយក្នុងពេលតែមួយ ដោយចៅក្រមស៊ើបអង្កេត​សាលា​ដំបូង​រាជធានី​ភ្នំពេញ បញ្ជាទៅកងកម្លាំងអាជ្ញាធរ ឲ្យតាមចាប់ខ្លួនថ្នាក់ដឹកនាំប្រឆាំង ទាំង​៨នាក់ ពីបទក្បត់ជាតិ និងផ្សំគំនិតក្បត់។

សេចក្ដីថ្លែងការណ៍ របស់គណបក្សប្រឆាំង ដែលធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន កាលពីប៉ុន្មាននាទីមុន បានឲ្យដឹងថា ទង្វើរបស់របបលោក ហ៊ុន សែន បង្ហាញឲ្យឃើញអំពីការដឹកនាំ ដែលងាកចេញពីការផ្សះផ្សារបង្រួបបង្រួមជាតិ និងពុំឲ្យតម្លៃប្រជាធិបតេយ្យ ដោយគាបសង្កត់ស្ថាប័នកំពូលៗរបស់រដ្ឋ ដើម្បីបំពេញមហិច្ឆតាផែនការអំណាចបុគ្គល។

ការផ្គើន…

សេចក្ដីថ្លែងការណ៍ បានសរសេរថា៖

«ចំណាត់ការ ដែលមានចរិតនយោបាយបន្តបំបែក និងបំបាត់សំឡេងប្រឆាំងនៅកម្ពុជានេះ ជាការផ្គើននឹងវិធានការនានា របស់សហគមន៍អន្តរជាតិ ហើយបំផ្លាញប្រយោជន៍ជាតិកម្ពុជាទាំងមូល។»

ជនទាំង៨នាក់ ដែលជាប់ក្នុងដីកា របស់សាលាដំបូងរាជធានីភ្នំពេញ មានលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង , លោក ហូរ វ៉ាន់ , លោក អ៊ូ ច័ន្ទឫទ្ធិ , លោក ម៉ែន សុថាវរិន្រ្ទ , លោក ឡុង រី , លោក តុប វ៉ាន់ចាន់ និងអ្នកស្រី មូរ សុខហួរ។

សម្រាប់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលជាជនទីមួយ ជាប់ឈ្មោះនៅក្នុងដីកានោះ បានធ្វើប្រតិកម្មខ្លី នៅតាមបណ្ដាញសង្គមទ្វីសធើរថា៖

«ដីកាចាប់ខ្លួនខ្ញុំ ដែលបានចេញនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនានេះ គូសបង្ហាញថា រដ្ឋាភិបាលលោក ហ៊ុន សែន បានប្ដេជ្ញាចិត្តច្បាស់លាស់ណាស់ ក្នុងការកម្ទេចសំឡេងជំទាស់នៅកម្ពុជា ទោះតាមមធ្យោបាយណាក៏ដោយ។»

គណបក្សប្រឆាំងបានអំពាវនាវជាថ្មីទៀត ទៅដល់សហគមន៍អន្តរជាតិ ជាពិសេសសហភាពអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេសប្រជាធិបតេយ្យ ដែលជាម្ចាស់ជំនួយ និងកម្ចីដ៏សំខាន់ ឲ្យចាត់វិធានការសមស្រប និងជាក់ស្ដែង ព្រមទាំងដាក់«សម្ពាធបន្ថែមកាន់តែខ្លាំង» ទៅលើរបបក្រុងភ្នំពេញ ដើម្បីជំរុញឲ្យរបបនេះ វិលទៅរកគន្លងប្រជាធិបតេយ្យវិញ។

តាមរយៈសេចក្ដីថ្លែងការណ៍ដដែល គណបក្សសង្គ្រោះជាតិបានបន្តបញ្ជាក់ជំហរថា ថ្នាក់ដឹកនាំរបស់ខ្លួន នៅតែ«រឹងមាំ» និងកំពុង​«បន្តដឹកនាំនយោបាយ» តាមគោលការណ៍ប្រជាធិបតេយ្យ និងការផ្សះផ្សាបង្រួបបង្រួមជាតិ «ដោយមិនយកខ្មែរណាជាសត្រូវ»។

អ្នកស្រី មូ សុខហួរ អនុប្រធានគណបក្ស ដែលជាជនមួយរូបទៀត ជាប់ឈ្មោះក្នុងដីការ បានបរិហារដីការនោះ ថាជាទង្វើដ៏យង់ឃ្នង។ អ្នកស្រីបានថ្លែងឡើងថា៖

«ការដែលគេចេញដីកា ឲ្យមានការចាប់ខ្លួនយើងខ្ញុំ ជាទង្វើដ៏យង់ឃ្នងណាស់។ តើពួកយើងខ្ញុំហ្នឹងឯងឬ ជាអ្នកក្បត់ជាតិ? ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋ ទោះបីមន្ត្រីនៅក្នុងតុលាការក៏ដឹងដែរថា យើងមិនមែនជាអ្នកក្បត់ជាតិទេ។ ផ្ទុយទៅវិញ យើងរកដំណោះស្រាយ ជូនប្រទេសជាតិយើង ជូនប្រជាពលរដ្ឋយើង៕»



លំអិតបន្ថែមទៀត

កម្ពុជា

សន្និសីទ​អ្នក​គាំទ្រCNRP៖ គ្មាន​ការ​បែកបាក់​គ្នា​ទេ!

គ្មាន​ការ​បែកបាក់​គ្នា​ទេ! ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមកពីច្រើនតំបន់ នៅជុំវិញពិភពលោក បានជួបប្រជុំគ្នា នៅក្រុង អាត្លង់តា (ភាគខាងកើតសហរដ្ឋអាមេរិក) និងបានប្រកាសរួមគ្នាថា ការកោះឲ្យមានជាសន្និសីទពិភពលោកនេះ មិនមែនជាសញ្ញាណនៃការបែកបាក់ រវាងក្រុមអ្នកស្និតនឹងលោក សម ...
កម្ពុជា

អ្នកជំនាញ អ.ស.ប ស្នើជាថ្មី​ឲ្យកម្ពុជា​គោរពសិទ្ធិ​ ជនជាប់ចោទ​ទាំង​​៦០នាក់

ការជំនុំជម្រះក្ដី​លើ ជនជាប់ចោទ​ទាំង​​៦០នាក់ ដែលនឹងត្រូវធ្វើឡើង ក្នុងថ្ងៃតែមួយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ខាងមុខ នឹងធ្វើឲ្យ​«សិទ្ធិបុគ្គល​របស់ពួកគេ ក្នុងការទទួលបាន​ការជំនុំជម្រះក្តី ប្រកបដោយយុត្តិធម៌ ត្រូវប្រឈមនឹងហានិភ័យ»។ នេះ ជាការអះអាងឡើង ...
ក្រុមយុវជនសមាជិកចលនាមាតាធម្មជាតិ ដែលត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

ស្ថានទូតស៊ុយអែដ ប្រតិកម្ម​ចំពោះ​ការចាប់ខ្លួន​សកម្មជន​ ជាបន្តបន្ទាប់

ស្ថានទូតនៃប្រទេសស៊ុយអែដ ប្រចាំនៅកម្ពុជា បានប្រតិកម្មភ្លាមៗ នៅចំពោះ​ការចាប់​ខ្លួន​ក្រុមសកម្មជន ដែលត្រូវបានធ្វើឡើង ជាបន្តបន្ទាប់ នៅប៉ុន្មានថ្ងៃចុងក្រោយ។ នៅថ្ងៃអាទិត្យនេះ​ អាជ្ញាធរបានចោទ​ប្រកាន់​យុវជន​ជាសកម្មជន​បរិស្ថាន​ចំនួន៣នាក់​ពី “ញុះញង់​ បង្កឱ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ ដល់សន្តិសុខ​សង្គម​” និង​បង្គាប់ឱ្យ​បញ្ជូន​អ្នក​ទាំងបី​​ទៅឃុំខ្លួន​បណ្ដោះអាសន្ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.