កម្ពុជាដំណឹង

ចិន​មិនឆ្លើយ​តប​សំនួរ ថា​ខ្លួន​បដិសេធ​«កិច្ចព្រមព្រៀង​សម្ងាត់»​ជាមួយ​​កម្ពុជា

ប្រសិនបើក្រុងភ្នំពេញ បានបដិសេធយ៉ាងដាច់អហង្កា អំពីព័ត៌មាន ដែលអះអាងថា ខ្លួនបានចុះ«កិច្ចព្រមព្រៀង​សម្ងាត់» ជាមួយប្រទេសចិន ដើម្បីអនុញ្ញាតឲ្យចិនប្រើមូលដ្ឋានទ័ពជើងទឹក នៅខេត្តព្រះសីហនុនោះ រដ្ឋាភិបាលក្រុងប៉េកាំងឯណោះ បានបដិសេធ មិនឆ្លើយនឹងសំនួរ ដែលចង់ដឹងថា តើចិនច្រានចោលព័ត៌មាននេះ ដូចកម្ពុជាដែរ ឬយ៉ាងណា។

កាលពីយប់ថ្ងៃអាទិត្យ (ត្រូវជាព្រឹកថ្ងៃចន្ទ ម៉ោងនៅកម្ពុជា) សារព័ត៌មានអាមេរិក «The Wall Street Journal» បានលើកយកប្រភពមន្ត្រីអាមេរិក មករាយការណ៍ថា ប្រទេសចិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្ងាត់មួយ ជាមួយរបបក្រុងភ្នំពេញ ដើម្បីអនុញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា នៅ«រាម» ក្នុងរយៈពេល៣០ឆ្នាំ។

ទីភ្នាក់ងាររ៉យទ័រ (Reuters) បានឲ្យដឹង ក្នុងយប់ថ្ងៃចន្ទ (ម៉ោងនៅកម្ពុជា) នេះថា នៅក្នុងសន្និសីទសារព័ត៌មាន ជាទៀងទាត់ របស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក «Geng Shuang» អ្នកសារព័ត៌មានរ៉យទ័រ បានចោទសួរជាច្រើនដង ថាតើប្រទេសចិន ច្រានចោលរបាយការណ៍ របស់សារព័ត៌មានអាមេរិក ឬយ៉ាងណា។ តែលោក «Geng Shuang» បានបដិសេធមិនឆ្លើយតប នឹងសំនួរនេះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន គ្រាន់តែឆ្លើយតប ដូចការស្រង់សំដីមកបញ្ជាក់ ដូច្នេះថា៖

«បើខ្ញុំមិនច្រឡំទេ ភាគីកម្ពុជាបានបដិសេធរឿងនេះ រួចហើយ។»

កាលពីព្រឹកថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មតប នឹងការចុះផ្សាយរបស់សារព័ត៌មានខាងលើ ដោយចាត់ទុកព័ត៌មាននេះ ថាជាការប្រឌិត​ដ៏អាក្រក់​បំផុត ប្រឆាំងកម្ពុជា។

បន្ទាប់ពីនាយករដ្ឋមន្ត្រី អ្នកនាំពាក្យក្រសួងការពារជាតិ និងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានច្រានចោលដែរ នូវ«កិច្ចព្រមព្រៀងសម្ងាត់» ដែលសារព័ត៌មានអាមេរិក អះអាងថា ត្រូវបាន​កម្ពុជា-ចិន​ចុះហត្ថលេខា​ តាំងពីនិទាឃរដូវ ឆ្នាំកន្លងទៅ។

ផ្ទុយទៅវិញ ការថ្លែងរបស់លោក «Geng Shuang» បានធ្វើឲ្យគេគិតថា «កិច្ចព្រមព្រៀង​សម្ងាត់»នោះ ទំនងជា​មានរូបរាង​ពិតមែន ទោះជាស្ថិតក្នុងទម្រង់ណាក្ដី។ ដូចការបញ្ជាក់ របស់អ្នកនាំពាក្យ​រូបនេះ ដែលអះអាងថា ប្រទេសចិន និងកម្ពុជា «ជាមិត្តជិតខាងដ៏ល្អ តាំងពីយូរលង់» មុននឹងថ្លែងបន្ថែមដូច្នេះ៖

«យើងមានកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យជាច្រើន។ ហើយកិច្ចសហប្រតិបត្តិការ របស់យើងទាំងនោះ មានលក្ខណៈបើកចំហរ តម្លាភាព ស្មើភាព និងផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក។ ខ្ញុំសង្ឃឹមថា គ្រប់ភាគីដែលពាក់ព័ន្ធ នឹងមិនបកស្រាយខុស ចំពោះករណី (នៃកិច្ចព្រមព្រៀង​សម្ងាត់) នេះទេ៕»



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ អ្នកស្រាវជ្រាវ​មួយក្រុម ថា​កម្ពុជាបានឆ្លង ជាង​១ពាន់​ករណី

«ជាង​១ពាន់​ករណី» ជាតួលេខផ្ដល់ដោយ អ្នកស្រាវជ្រាវមួយក្រុម ដែលគណនារកឃើញ តាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ តែមិនមែនជាតួលេខ នៅថ្ងៃទី១១ ខែមេសានេះ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ...
កម្ពុជា

ហ៊ុន សែន បង្ហាញខ្លួន​ជាសាធារណៈ ជាលើកដំបូងតាំងពី១សប្ដាហ៍

នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលឯកបក្ស លោក ហ៊ុន សែន ដែលបានអវត្តមាន និងមិនបាន «បង្ហាញខ្លួន​ជាសាធារណៈ» តាំងពី១សប្ដាហ៍កន្លងមក បានបង្ហាញខ្លួនជាថ្មី នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនានេះ ...
កម្ពុជា

សម រង្ស៊ី៖ តុលាការ​ឯករាជ្យ​មួយ នឹង​បកមុខ​ជន​គប់​គ្រាប់បែក​មុខ​អតីតរដ្ឋសភា

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបង្ហើបឲ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ តុលាការ​ឯករាជ្យ​មួយ នឹងបង្ហាញជាសាធារណៈ នូវភេរវករ​ដែលបានគប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ប្រឆាំងបាតុកម្មដោយសន្តិវិធី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.