កម្ពុជាដំណឹង

អ.ស.ប នឹងប្រជុំ​ពិនិត្យមើល​ស្ថានភាព​«សិទ្ធិមនុស្សនៅកម្ពុជា» ក្នុងចុងខែនេះ

ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យមើលកំណត់ត្រា«សិទ្ធិមនុស្សនៅកម្ពុជា» ក្នុងថ្ងៃពុធទី៣០ ខែមករា ឆ្នាំ២០១៩ខាងមុខ។ ប្រទេសចំនួន៨៣ បានចុះឈ្មោះនៅក្នុងបញ្ជី នៃរបៀបវារៈរបស់កិច្ចប្រជុំ ដើម្បីលើកឡើង ពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងរាជាណាចក្រមួយនេះ។

កិច្ចប្រជុំនោះ រួមមានទាំងការឡើងថ្លែង ការចោទសួរ និងការផ្ដល់អនុសាសន៍ នឹងត្រូវធ្វើ រវាងពីម៉ោង២ និង៣០នាទីរសៀល ដល់ម៉ោង៦ និង០០នាទីល្ងាច ម៉ោងនៅអ៊ឺរ៉ុបខាងលិច ដែលក្នុងប្រទេសកម្ពុជា ត្រូវជាម៉ោង៨ និង៣០នាទីយប់ ដល់ម៉ោង១២ និង០០នាទី កណ្តាលអធ្រាត្រ (ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩)។

សេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយពី អ.ស.ប ក្រុងហ្សឺណែវ និងដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ទទួលបាន បានសរសេរឲ្យដឹងថា ការពិនិត្យមើល របស់កិច្ចប្រជុំ នឹងត្រូវផ្អែកលើឯកសារចំនួនបី៖

១) របាយការណ៍ជាតិ – ព័ត៌មានដែលផ្តល់ឱ្យដោយរដ្ឋ ស្ថិតក្រោមការពិនិត្យ

២) ព័ត៌មាន ដែលមាននៅក្នុងរបាយការណ៍ របស់អ្នកជំនាញ និងក្រុមអ្នកជំនាញសិទ្ធិមនុស្ស ឯករាជ្យ ដែលគេស្គាល់ថា ជានីតិវិធីពិសេស ស្ថាប័នសន្ធិសញ្ញាសិទ្ធិមនុស្ស និងអង្គភាពដទៃទៀត របស់អង្គការសហប្រជាជាតិ

៣) ព័ត៌មាន ដែលផ្តល់ដោយភាគីពាក់ព័ន្ធផ្សេងៗ រួមទាំងស្ថាប័នជាតិសិទ្ធិមនុស្ស អង្គការតំបន់ និងក្រុមសង្គមស៊ីវិល។

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា មកឡើងធ្វើបទបង្ហាញ ពីរបាយការណ៍ជាតិខាងលើ ហើយអាចឆ្លើយតបនឹងសំនួរ ឬអនុសាសន៍ ដែលស្នើឡើង ដោយបណ្ដាអង្គការសង្គមស៊ីវិល ឬតំណាងរដ្ឋផ្សេងទៀត។

របាយការណ៍ជាតិ ស្ដីពី«សិទ្ធិមនុស្សនៅកម្ពុជា» ត្រូវបានគណៈកម្មាធិការមួយនេះ ដាក់ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស តាំងពីខែវិច្ឆិកា ឆ្នាំកន្លងទៅ។

សេចក្ដីប្រកាសព័ត៌មាន ក្នុងថ្ងៃសុក្រទី២៥ ខែមករា ឆ្នាំ២០១៩នេះ ដែលចេញដោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា លោក កែវ រ៉េមី រួមនឹងគណៈប្រតិភូ នឹងចាកចេញពីកម្ពុជា នៅយប់ថ្ងៃទី២៧ ខែមករាខាងមុខ ហើយបានគ្រោង ធ្វើសន្និសីទសារព័ត៌មានមួយផង នៅផ្ទាល់​នឹងព្រលានយន្ដហោះអន្តរជាតិ​ភ្នំពេញ ក្នុងយប់ដដែលនោះ។

សូមជម្រាបដែរថា សម័យប្រជុំ​លើកទី៣២នេះ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីពិនិត្យមើល ទៅលើស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រទេសចំនួន១៤ ក្នុងនោះ មានប្រទេសកម្ពុជាមួយដែរ។

ក្នុងថ្ងៃទី៣០ ខែមករាដដែលនោះ បាតុកម្មមួយ ដែលមានការចូលរួម ពីពលរដ្ឋខ្មែរ និងពលរដ្ឋដែលមានដើមកំណើតខ្មែរ នឹងត្រូវរៀបចំធ្វើ នៅក្បែរអាគារអង្គការសហប្រជាជាតិ ក្នុងក្រុងហ្សឺណែវនោះដែរ។ បើតាមអ្នករៀបចំបាតុកម្ម បានឲ្យដឹងថា ពួកគេមានបំណងទាមទារ ការគោរពសិទ្ធិមនុស្ស និងការដឹកនាំ តាមបែបប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា៕



លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជាមានទាហានមួកខៀវម្នាក់ ស្លាប់ ដោយសារ​​ជំងឺ «Covid-19»

លោកឧត្ដមសេនីយទោ ស សាវី ដែលបានបំពេញបេសកកម្ម ក្នុងនាមជាកងកម្លាំង របស់​អង្គការសហប្រជាជាតិ ក្នុងប្រទេសម៉ាលី បានទទួល​មរណភាព ដោយសារ​​ជំងឺ «Covid-19»។ នេះ បើតាមការប្រកាស របស់អង្គការសហប្រជាជាតិ ...
ដំណឹង

ការបង្ក្រាប​គ្រឿងញៀន នៅហ្វីលីពីន អាចជា​​«ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ»

អង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេស «Amnesty International» បានទាមទារកាលពីថ្ងៃចន្ទម្សិលម៉ិញ ទៅកាន់អង្គការសហប្រជាជាតិ ឲ្យបើកការស៊ើបអង្កេត ដោយឯករាជ្យមួយ ទៅលើការប្រហារជីវិតមនុស្ស ជាច្រើនពាន់នាក់ ក្រោមផ្លាក​«ការបង្ក្រាប​គ្រឿងញៀន» របស់ប្រធានាធិបតី រ៉ូឌ្រីចូ ...
កម្រមាន

វីដេអូ​រួមភេទ​ក្នុង​រថយន្ដ​ការងារ បង្ក​រឿងអាស្រូវ​​ដល់ អ.ស.ប

អង្គការសហប្រជាជាតិ «អ.ស.ប» បានសម្រេចព្យួរមន្ត្រីពីររូប ពីការងារ នៅក្នុងប្រទេស​អ៊ីស្ត្រាអែល បន្ទាប់​ពី​«វីដេអូ​រួមភេទ​ក្នុង​រថយន្ដ​ការងារ»មួយ ត្រូវបានបង្ហោះ យ៉ាង​គគ្រឹកគគ្រេង នៅតាមបណ្ដាញសង្គម។ អ្នកនាំពាក្យ​អង្គការពិភពលោក បានថ្លែង​កាលពីយប់ថ្ងៃព្រហស្បត្តិ៍ថា ចំណាត់ការព្យួរ​បុគ្គលិក ទាំងពីររូប ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.