សហភាពអ៊ឺរ៉ុប «EU» បានបញ្ចេញប្រតិកម្មរបស់ខ្លួន នៅថ្ងៃទី២ ខែមីនានេះ នៅចំពោះព្រឹត្តិការណ៍ផ្ដន្ទាទោស ទៅលើក្រុម​​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ដោយតុលាការនៅកម្ពុជា ដោយស្នើឲ្យរបបដឹកនាំក្រុងភ្នំពេញ ផ្ដើម​«ដំណើរការ​ផ្សះផ្សារជាតិ» តាមរយៈ​កិច្ចសន្ទនារួម និងពិតប្រាកដ ជាមួយគណបក្សប្រឆាំង។

កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ម្សិលម៉ិញ តុលាការ​ក្រុង​ភ្នំពេញ​បានសម្រេចដោយកំបាំងមុខ កាត់ទោស​ប្រធាន​ស្ដីទីគណបក្ស​សង្គ្រោះជាតិ លោក​ សម រង្ស៊ី ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២៥ឆ្នាំ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ ចំនួន​៨នាក់​ផ្សេង​ទៀត ឱ្យ​ជាប់​ពន្ធនាគារ​ពី២០ ទៅ២២ឆ្នាំ ជុំវិញការចោទប្រកាន់ ពីបទ​ឧបឃាត តាម​មាត្រា២៧ និង​មាត្រា៤៥១ នៃ​ក្រម​ព្រហ្មទណ្ឌ។

បើតាមសាលក្រមរបស់តុលាការ បានអះអាងថា លោក សម រង្ស៊ី និងក្រុមមេដឹកនាំគណបក្សប្រឆាំង ត្រូវបានរកឃើញប្រព្រឹត្តិកំហុស ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងគម្រោងវិលចូលប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

សម្រាប់សហភាពអ៊ឺរ៉ុប ដែលមានតំណាងរបស់ខ្លួន នៅរាជធានីភ្នំពេញ និងដែលបានតាមដាន​ ដំណើរការកាត់ទោស​ជាទៀងទាត់ បានអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍ ពីរាជធានីព្រុយសែល (ប្រទេសប៊ែលហ្សិក) ក្នុងថ្ងៃអង្គារទី២ ខែមីនានេះ ហៅសវនាការនោះ ថាបានរំលោភសិទ្ធិ​របស់ជនត្រូវចោទ និងរំលោភលើនីតិវិធីត្រឹមត្រូវ ដែលមាន​ចែង​យ៉ាង​រឹងមាំ នៅក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

សេចក្ដីថ្លែងការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានក្នុងរសៀលថ្ងៃដដែល បានសរសេរថា៖

«សាលក្រមត្រូវបានប្រកាស យ៉ាងតក់ក្រហល់ បន្ទាប់ពីសវនាការយ៉ាងឆាប់រហ័ស ដែលធ្វើឡើងដោយកំបាំងមុខ។ ជនជាប់ចោទ​មិនត្រូវ​បានអនុញ្ញាត ឱ្យវិលត្រឡប់ទៅប្រទេសវិញ ដើម្បីការពាររឿងក្តីរបស់ពួកគេ នៅក្នុងតុលាការ ដែលហាក់ជាការរំលោភ​សិទ្ធិរបស់​ជនជាប់ចោទ និងនីតិវិធីត្រឹមត្រូវ ដែលត្រូវបានការពារយ៉ាងរឹងមាំ ដោយច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។»

មក​ដល់​ថ្ងៃ​នេះ ​លោក សម រង្ស៊ី ដែលជាគូបដិបក្ខដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ត្រូវ​បាន​តុលាការ​​ក្នុងប្រទេសកាត់​ទោស​ ឱ្យ​ជាប់​ពន្ធនាគារ​សរុប​រយៈ​ពេល ៥៧ឆ្នាំ ពី​បទ​ល្មើសជា​ច្រើន ក្នុងនោះមាន បទ​«ឧបឃាត» បទ«​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ» បទ«​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ ​ដល់​សន្តិសុខ​សង្គម» ក្នុងសំនុំរឿង​ព្រំដែន និង​បទ​«បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​អំពើហិង្សា ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម» ក្នុងសំនុំរឿង​ឃាតកម្ម​លើលោក កែម ឡី ជា​ដើម។

រីឯ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង ដែល​ត្រូវ​តុលាការ​កាត់​ទោស ពី២០ ទៅ២២ឆ្នាំ ពី​បទ«ឧបឃាត» រួម​មាន លោក អេង ឆៃអ៊ាង – អ្នកស្រី មូរ សុខហួរ – លោក អ៊ូ ច័ន្ទឫទ្ធិ ​- លោក ឡុង រី – លោក នុត រំដួល – លោក ហូរ វ៉ាន់ – លោក ម៉ែន សុថាវរិន្ទ្រ និង​អ្នកស្រី ជូឡុង សួមួរ៉ា។

សហភាពអ៊ឺរ៉ុប បានលើកឡើងបន្ត ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា៖

«ដោយមិនគិតពីនិន្នាការនយោបាយ ពលរដ្ឋកម្ពុជាទាំងអស់​គួរតែត្រូវបានធានាសិទ្ធិ ក្នុងការទទួលបានការជំនុំជម្រះ ដោយយុត្តិធម៌ ស្របតាម​កតិកាសញ្ញា​អន្តរជាតិ ស្តីពីសិទ្ធិស៊ីវិល​និងនយោបាយ ក៏ដូចជាសិទ្ធិដែលមានចែង ក្នុង​រដ្ឋធម្មនុញ្ញ​របស់ប្រទេសកម្ពុជា។»

«អាជ្ញាធរកម្ពុជាត្រូវតែគោរពនីតិរដ្ឋ និងនីតិវិធីត្រឹមត្រូវ ហើយត្រូវធានាថា សិទ្ធិក្នុងការចូលរួមក្នុងនយោបាយ និងសេរីភាពមូលដ្ឋានត្រូវបានគោរពពេញលេញ រួមមានសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិចូលរួមធ្វើអង្គការសមាគម និងសិទ្ធិជួបជុំដោយសន្តិវិធី។ សហភាពអ៊ឺរ៉ុបអំពាវនាវជាថ្មីម្តងទៀត ដល់អាជ្ញាធរកម្ពុជា ឱ្យចាប់ផ្តើម ដំណើរការផ្សះផ្សារជាតិ តាមរយៈការសន្ទនារួម និងពិតប្រាកដ៕»



លំអិតបន្ថែមទៀត

កំសាន្ដ

«គីង្គក់ និងភ្នំភ្លើង» កម្សាន្ដខ្លីៗ

ពេលឮសូរតោខ្លាដំរី រត់ផ្អើលជាន់ជើងគ្នា ព្រោះការផ្ទុះភ្នំភ្លើង សត្វ«គីង្គក់»លក់ថ្នាំស្រែង វាស្រែកពីក្នុងពាងមកថា៖ ពួកអាតោខ្លាដំរី សុទ្ធតែភ្លើ មិនចេះគ្រប់គ្រងគ្រោះផ្ទុះភ្នំភ្លើង គប្បីអាភ្លើទាំងនោះ មករៀនសូត្រពីអញ ដូចជារូបអញ​នៅក្នុងពាងដូច្នេះ។ នៅពេលពាងទប់នឹងកម្ដៅភ្នំភ្លើងលែងបាន ក៏ផ្ទុះបែក ...
កម្ពុជា

អ៊ូ ច័ន្ទរ័ត្ន ថា​គ្មាន​បំណង​សុំ​សិទ្ធិ​នយោបាយ​ពី ហ៊ុន សែន ទេ

«គេដក[សិទ្ធិនយោបាយ]ពីយើង ទាំងយើងគ្មានកំហុស ដូច្នេះយើងគ្មានរឿងអី ទៅសុំ[សិទ្ធិនយោបាយនេះ ពី]គេទេ» នេះ ជាការអះអាងឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន អតីតអ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ នៅព្រឹកនេះ ដើម្បីតបនឹងការធ្វើអត្ថាធិប្បាយមួយចំនួន ...
កម្ពុជា

ហ៊ុន សែន ថា«ពាក់ម៉ាស់»ពេលជួបចៅ ដើម្បីការពារ​សុខភាពពួកគេ

មេដឹកនាំដ៏ចាស់វស្សា​នៅកម្ពុជា លោក ហ៊ុន សែន បានលើកឡើង នៅថ្ងៃនេះ ថាលោក បាន«ពាក់ម៉ាស់»​ នៅពេលលោកមកលេង ចៅទី២២ម្នាក់ ដែលទើបកើត​កាលពីសប្ដាហ៍មុន ដើម្បីការពារ​សុខភាព ចៅៗទាំងឡាយរបស់លោក។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.