កម្ពុជាដំណឹង

អាឡិច ថា«កោះកុងក្រៅ»ត្រូវ ហ៊ុន សែន ​លួចលក់​ឱ្យ​ក្រុមហ៊ុន លី យ៉ុងផាត់

ប្រធានអង្គការមាតាធម្មជាតិ លោក អាឡិច ដេវិតសុន (Alejandro G.Davidson) បាន​អះអាងថា កោះកុងក្រៅ ដែលជាកោះដ៏ធំមួយ ត្រូវបានរបបលោក ហ៊ុន សែន លក់តាម​«បែប​លួចលាក់» ទៅឲ្យក្រុមហ៊ុនមួយ របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលអ្នកផងផ្ដល់​រហស្សនាម ជា«ស្ដេចកោះកុង»។

អមនឹងរូបភាពជាច្រើន ដែលបង្ហោះនៅលើបណ្ដាញសង្កម ក្នុងនោះ​មានសេចក្ដីសម្រេច​មួយផង របស់រដ្ឋាភិបាល​ក្រុងភ្នំពេញ  លោក អាឡិច បានសរសេរថា លោក ហ៊ុន សែន បាន«សម្រេចបែបលួចលាក់» អនុញ្ញាតឲ្យក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊េត (Koh Kong S E Z Co.Ltd) របស់ឧកញ្ញ៉ា លី យ៉ុងផាត់ អភិវឌ្ឍន៍កោះកុងក្រៅ ដែលជាកោះធំជាងគេ និងស្រស់ស្អាតជាងគេ របស់កម្ពុជា នៅខែមិថុនា ឆ្នាំ២០១៩។

សេចក្ដីសម្រេច របស់រដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាដោយលោក ហ៊ុន សែន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានបង្កើតគណៈកម្មការត្រួតពិនិត្យ ការអភិវឌ្ឍន៍ នៅ​កោះកុង​ក្រៅ ខេត្តកោះកុង ដែលមានលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធាន និង​លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន ព្រមទាំងសមាជិក​ចំនួន៨រូប​ផ្សេងទៀត។

បើតាមសេចក្ដីសម្រេចនោះ គណៈកម្មការខាងលើ មានភារកិច្ចត្រួតពិនិត្យ លើគម្រោង​អភិវឌ្ឍន៍កោះកុងក្រៅទាំងមូល របស់ក្រុមហ៊ុនកោះកុង អេស អ៉ី ហ្សិត ខូអិលធីឌី ដែល​រដ្ឋាភិបាលប្រគល់ជូន ឲ្យអភិវឌ្ឍន៍ តាម ស.ជ.ណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ របស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី។

ក្នុង​ឯកសារចុះបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្រុមហ៊ុន​កោះកុង អេស អ៉ី ហ្សិត ខូអិលធីឌី នេះ មានលោក លី យ៉ុងផាត់ ជាប្រធានក្រុមប្រឹក្សា​ភិបាល និងមានទីស្នាក់ការ​ដំបូង នៅក្នុងសង្កាត់​ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

តាមរយៈកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមុននេះបន្តិច លោក អាឡិច បានសម្ដែងការភ្ញាក់ផ្អើល ដោយសារតែការប្រគល់កោះ ដ៏ធំបំផុត​របស់​កម្ពុជា​មួយនេះ ទៅឲ្យក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ មិនដែលត្រូវបានប្រកាស ឲ្យដឹង​ជាសាធារណៈ ពីមុនមកទេ ក្រៅតែពីការលេចឮ នូវពាក្យចចាមអារាម មួយចំនួន​ប៉ុណ្ណោះ។

ក្រៅពីនេះ ស្ថាបនិកអង្គការមាតាធម្មជាតិ បានអះអាងថា បើទោះជាមានការប្រគល់ ឲ្យក្រុមហ៊ុនខាងលើ ធ្វើការអភិវឌ្ឍន៍នោះក៏ដោយ តែគេមិនឃើញមានការអភិវឌ្ឍន៍ ឬការផ្លាស់ប្ដូរអ្វី ជាដុំកំភួន នៅលើកោះកុងក្រៅនោះឡើយ ដោយលោក បានយោង​តាម​ការសង្កេតផ្ទាល់ ពីសំណាក់ក្រុមសកម្មជនបរិស្ថាន របស់អង្គការ​របស់លោក ដែលបាន​ចុះ​ទៅដល់កោះកុងក្រៅ កាលពីប៉ុន្មានថ្ងៃមុន។

Covid-19 សង្គ្រោះ«កោះកុង​ក្រៅ»?

លោក អាឡិច បានរំពឹងថា អាចមានទិដ្ឋភាពពីរយ៉ាង ពីការបង្កើតគណៈកម្មការចម្រុះ របស់លោក ហ៊ុន សែន

«ផ្លូវទីមួយ គាត់បញ្ចេញ អាសេចក្ដីប្រកាសមួយនេះ ដើម្បីបំបាក់ទឹកចិត្តយុវជន ប្រាប់​យុវជនថា មិនបាច់ទៅជិះកង់ មិនចាំបាច់ទៅធ្វើអីទៀតទេ ព្រោះក្រុមហ៊ុន លីយ៉ុងផាត់ ហ្នឹងទទួលសិទ្ធិវិនិយោគហើយ។ អាហ្នឹង ផ្លូវអស់សង្ឃឹម យើងគិតពីផ្លូវអាក្រក់ [របស់លោក ហ៊ុន សែន] ជាមុនសិន។»

«ផ្លូវមួយទៀត គឺគម្រោងរបស់ក្រុមហ៊ុន លី យ៉ុងផាត់ ត្រូវបានបរាជ័យ ដោយសារ​អាកូវិដ-១៩ ដោយសារ​មានវិបត្តិសេដ្ឋកិច្ច មិនមានការត្រូវរ៉ូវគ្នា ជាមួយនឹងអ្នកវិនិយោគ មកពីចិន។ ឧស្សាហ៍កើតឡើងណាស់ នៅខ្មែរ មានកើតឡើងច្រើនណាស់ គេប្រកាសថា​អភិវឌ្ឍន៍ វិនិយោគប៉ុន្មានពាន់លានដុល្លារ តែទីបំផុតឃើញស្ងាត់ អត់មានឃើញអី​ទាំង​អស់។ ជួនកាលឃើញដែរ កាប់ឈើ ឬក៏ដេញប្រជាជន អាហ្នឹងឃើញហើយ តែអា​ការភិវឌ្ឍន៍​​ជាក់ស្ដែង វាអត់មាន។»

លោកពន្យល់បន្តថា៖

«អញ្ចឹងបើយើងគិត ពីផ្លូវល្អវិញ បើគម្រោងរបស់ លី យ៉ុងផាត់ របស់គ្នាគាត់ហ្នឹង អត់បានជោគជ័យ កំពុងតែគាំង ហើយ ហ៊ុន សែន ឃើញពីម្សិលម្ងៃ ចាប់កង់យុវជន មិនឲ្យជិះទៅភ្នំពេញ វាផ្ទុះ។ កាលណាវាផ្ទុះ ប្រជាជនខ្មែរដឹងឮ អញ្ចឹងគេរិះគន់ណាស់ ហេតុអ្វីក៏ចាប់យុវជន? អញ្ចឹងគាត់ ប្រតិកម្មបែប​បង្កើត​រឿងល្ខោន​មួយ ហៅថា​គណៈកម្មការ​ពិសេស ទៅមើលកោះកុងក្រៅ (…) ហើយទីបញ្ចប់ អាទិត្យក្រោយ ឬពីរ​អាទិត្យ​ទៀត ប្រកាស​លប់ចោល​គម្រោង​អភិវឌ្ឍន៍ របស់ លី យ៉ុងផាត់។»

បទសម្ភាសជាមួយលោក អាឡិច នឹងត្រូវផ្សាយជូនទាំងស្រុង នៅពេលក្រោយ។

មិនអាចស្វែងរកប្រតិកម្ម ពីមន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុន កោះកុង អេស អ៉ី ហ្សិត ខូអិលធីឌី ក្នុងយប់ថ្ងៃទី៥ ចូលមកថ្ងៃទី៦ ខែមិថុនា​នេះ បាននៅឡើយ។

កាលពីថ្ងៃទី៣ ខែមិថុនាម្សិលម្ងៃ ក្រុមអាជ្ញាធរខេត្តកោះកុង បានចាប់កង់ របស់ក្រុម​យុវជន ដែលមានបំណង ចង់ធ្វើដំណើរ ពីខេត្តមួយនេះ មកកាន់រាជធានីភ្នំពេញ ដើម្បី​ដាក់ញត្តិ ទាមទារឲ្យរដ្ឋាភិបាល ធ្វើការអភិរក្សកោះកុងក្រៅ ទុកជាតំបន់ធម្មជាតិ។ នៅ​ក្នុងការទាមទារ កង់របស់ពួកគេត្រឡប់មកវិញ ក្រុមយុវជនទាំងនោះ ត្រូវបាន​អាជ្ញាធរ​ខេត្ត​ឃាត់ខ្លួន ជាច្រើនម៉ោង ដើម្បីធ្វើការសាកសួរ និងបង្ខំឲ្យចុះកិច្ចសន្យា។

សម្រាប់លោក អាឡិច​ បានចំអកឲ្យក្រុមអាជ្ញាធរទាំងនោះថា នៅខណៈលោក ហ៊ុន សែន ប្រកាសថា កោះកុងក្រៅ ត្រូវបានប្រគល់ឲ្យក្រុមហ៊ុន របស់លោក លី យ៉ុងផាត់ ធ្វើការ​អភិវឌ្ឍន៍នោះ នៅឯខេត្តកោះកុងឯណោះ ក្រុមអាជ្ញាធរបែរជានិយាយ ពាក្យដដែលៗថា «កោះកុងក្រៅ មិនមានអ្វីត្រូវសង្គ្រោះទេ»៕

របបលោក ហ៊ុន សែន បានសម្រេចចិត្តលក់កោះកុងក្រៅទាំងមូលឲ្យឧកញ្ញ៉ា លី យ៉ុងផាត់!!យោងតាមឯកសារខាងក្រោម ប្រមុខរដ្ឋាភិបាល…

Gepostet von អាឡិច ហ្គន់សាឡេស ដេវិតសុន am Freitag, 5. Juni 2020


You may also like

កម្ពុជា

ព្រះមហាក្សត្រ សរសើរ ហ៊ុន សែន ក្នុងការដោះស្រាយ​គ្រោះទឹកជំនន់

ក្រៅពីរំជួលហឫទ័យ និងចូលរួមរំលែកទុក្ខ ជាមួយរាស្ត្រដែលកំពុងរងគ្រោះ ព្រោះគ្រោះទឹកជំនន់ ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី នៅមាន​ព្រះរាជ​បន្ទូល«សរសើរ»លោក ហ៊ុន សែន នូវអ្វីមួយ ដែលទ្រង់មានបន្ទូលថា ...
កម្ពុជា

ABC TV គាស់​កកាយ​«ទ្រព្យ​មហាសាល​នៃ​ត្រកូល ហ៊ុន»​នៅ​អូស្ត្រាលី

បន្ទាប់ពីបណ្ដាញទូរទស្សន៍ «Al Jazeera» នៅថ្ងៃនេះគឺបណ្ដាញវិទ្យុ និងទូរទស្សន៍ «ABC» របស់ប្រទេស​អូស្ត្រាលី​តែម្ដង ដែលបានតាមស្រាវជ្រាវ រកឃើញពីទ្រព្យសម្បត្តិ ត្រកូល ហ៊ុន នៅក្នុងប្រទេសអូស្ត្រាលី ដែលមានតម្លៃរាប់លានដុល្លារ។ ...
កម្ពុជា

សម រង្ស៊ី អះអាងថា ហុក ឡងឌី ត្រូវបាន​សម្លាប់​ដើម្បី​ផ្អិប​សំនុំរឿង ជា វិជ្ជា

«ហុក ឡងឌី គាត់ជាអ្នកសម្លាប់ ជា វិជ្ជា» នេះ ជាការអះអាងឡើង របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី មុននឹងឈានទៅបញ្ជាក់បន្ថែមថា អតីតអគ្គស្នងការនគរបាលជាតិរូបនេះ ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...