កម្ពុជាដំណឹង

«ហ៊ុន សែន ម្នាក់គត់»​មានសិទ្ធិ​ស្នើ​ព្រះរាជា​ឲ្យផ្ដល់​សិទ្ធិ​ធ្វើនយោបាយ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត Reuters)

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា មានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់គត់ ដែលមានសិទ្ធិនិងអំណាច ក្នុងការទូលថ្វាយព្រះមហាក្សត្រ ដើម្បីផ្តល់សិទ្ធិធ្វើនយោបាយ ដល់អតីតមន្ត្រីគណបក្សប្រឆាំង។

លោក ផៃ ស៊ីផាន បានថ្លែងដូច្នេះ នៅចំពោះភាពស្ងប់ស្ងៀម ពីសំណាក់ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលគ្មានរបាយការណ៍ណាមួយ អះអាងថាពួកគេនឹងធ្វើលិខិតស្នើទៅលោក ហ៊ុន សែន ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនោះ។

អ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងថា៖

«មិនមានពេល នឹងបានគិតជំនួស អ្នកចង់ទទួលបានសិទ្ធិនយោបាយ មកវិញនោះទេ។ នេះជាសិទ្ធិ នៃជម្រើសឯកជនរបស់គេ។»

លោកបន្តពន្យល់ថា៖

«រាជរដ្ឋាភិបាល មានការងារ ជាចំបងច្រេីនណាស់ ក្នុងកិច្ចបំពេញជូន មហាជន និងរក្សាប្រក្រតីភាព ការងាររដ្ឋ កំណេីនសេដ្ឋកិច្ច និងសណ្តាប់ធ្នាប់សាធារណៈ។»

មន្ត្រីគណបក្សប្រឆាំង ចំនួន១១៨នាក់ ត្រូវបានតុលាការកំពូលកម្ពុជា សម្រេចដកហូតសិទ្ធិធ្វើនយោបាយ របស់ពួកគេរយៈពេល៥ឆ្នាំ នៅទន្ទឹមនឹងសាលក្រមរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ហ៊ុន សែន ម្នាក់គត់ …

សេចក្តីស្នើច្បាប់ ធ្វើវិសោធនកម្មមាត្រា៤៥ថ្មី ​(ស្ទូន) ត្រូវបានរដ្ឋសភាឯកបក្ស ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ អនុម័តរួចហើយ និងខណៈនេះ កំពុងរង់ចាំព្រះមហាក្សក្រ ឡាយព្រះហស្ថលេខា ដើម្បីដាក់ឱ្យប្រើប្រាស់ សម្រាប់​បើកផ្លូវ ដល់មន្ត្រីទាំងនោះ អាចទទួលបានសិទ្ធិ ធ្វើសកម្មភាព​នយោបាយឡើងវិញ។

លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងមុតមាំថា៖

«សម្តេចតេជោ​តែម្នាក់គត់ ទទួលបានសិទ្ធិ និងអំណាច តាមច្បាប់ និងរដ្ឋធម្មនុញ្ញ ក្នុងការស្នេីសុំ ទៅព្រះមហាក្សត្រ។»

សម្រាប់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ជំហរជាថ្មីថា នឹងគ្មានមន្ត្រីគណបក្សប្រឆាំងណាម្នាក់ ស្នើទៅលោក ហ៊ុន សែន ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយមកវិញទេ វៀលែងតែ «ជនក្បត់បក្សពីរនាក់» ប៉ុណ្ណោះ។ លោក សម រង្ស៊ី បានពន្យល់ អំពីការមិនអើពើស្នើសុំសិទ្ធិ ធ្វើនយោបាយ ពីសំណាក់មន្ត្រីគណបក្សប្រឆាំងនោះ ដោយសារហេតុផលចំនួន៧ ដូចការដកស្រង់ទាំងស្រុង ខាងក្រោម៖

«១- សិទ្ធិធ្វើនយោបាយនេះ គឺជាសិទ្ធិរបស់យើង ក្នុងឋានៈយើងជាពលរដ្ឋ ដូចមានធានាក្នុងរដ្ឋធម្មនុញ្ញ ហើយយើងមិនដែលមានទោសអ្វី ដែលអាចធ្វើឲ្យយើង បាត់បង់សិទ្ធិនេះទេ។»

«២- សិទ្ធិនេះ ត្រូវបានតុលាការកំពូល ក្រោមបញ្ជាលោក ហ៊ុន សែន ដកហូតពីយើង ដោយអត្តនោម័ត និងដោយអយុត្តិធម៌ នៅពេលដែលតុលាការកំពូលនេះ បានរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃ ១៦ វិច្ឆិកា ២០១៧។»

«៣- បើយើងទៅសុំសិទ្ធិពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ នៅពេលនេះ មានន័យថា យើងទទួលស្គាល់ថា ការដកហូតសិទ្ធិរបស់យើងនេះ គឺជាទង្វើស្របច្បាប់ និងត្រឹមត្រូវ។»

«៤- បើយើងទៅសុំសិទ្ធិ ពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ នៅពេលនេះ មានន័យផងដែរថា យើងទទួលស្គាល់ថា ការរំលាយគណបក្សសង្គ្រោះជាតិ ក៏ជាទង្វើស្របច្បាប់ និងត្រឹមត្រូវដែរ។»

«៥- បើយើងទៅសុំសិទ្ធិ ពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ នៅពេលនេះ មានន័យផងដែរថា យើងទទួលស្គាល់ថា ការចាប់លោក កឹម សុខា យកទៅឃុំឃាំង ក៏ជាទង្វើស្របច្បាប់ និងត្រឹមត្រូវដែរ។»

«៦- បើយើងទៅសុំសិទ្ធិ ពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ នៅពេលនេះ មានន័យផងដែរថា យើងទទួលស្គាល់ថា ការចោទប្រកាន់លោក កឹម សុខា ពីបទ “ក្បត់ជាតិ” ក៏ជាការចោទប្រកាន់ត្រឹមត្រូវដែរ ហើយយើងដែលជា សហការីលោក កឹម សុខា ក៏ជាជន “ក្បត់ជាតិ” ដូចលោក កឹម សុខា ដែរ។»

«៧- បើយើងទៅសុំសិទ្ធិ ពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ នៅពេលនេះ មានន័យផងដែរថា យើងចាញ់បោកលោក ហ៊ុន សែន ឬក៏ចាញ់ ការសម្លុតរបស់គាត់ ហើយយើងយល់ព្រមរួមចំណែក ក្នុងការសម្លាប់គណបក្សសង្គ្រោះជាតិ និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ក្រោមរបបផ្តាច់ការសព្វថ្ងៃ។»

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ម្សិលម៉ិញ លោក ស ខេង ឧបក នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះ មិនឃើញ​​មានមន្ត្រីគណបក្សប្រឆាំងណាម្នាក់ បានធ្វើសំណើរទៅក្រសួងមហា​ផ្ទៃ ដើម្បីស្នើសុំដកបម្រាម ឬផ្តល់និតិសម្បទាន ដើម្បីមានសិទ្ធិធ្វើនយោបាយ ឡើងវិញនោះទេ។​ លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ចំពោះករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺស្ថិតក្នុងដៃតុលាការ មិនអាចអ្នកណាម្នាក់ លូកដៃបានទេ ហើយត្រូវធ្វើតាមដំណើររឿង៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ ទណ្ឌកម្ម EU ដាក់លើ​របប​ក្រុង​ភ្នំពេញ ជា«វិធានការ​ត្រឹមត្រូវ»

ចំណាត់ការរបស់សហភាពអឺរ៉ុប ប្រឆាំងរបបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជា«វិធានការ​ត្រឹមត្រូវ និងសមស្រប ដែលអាចទទួលយកបាន»។ នេះ បើតាមការអះអាង របស់លោក សម រង្ស៊ី ...
លោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរ ត្រូវបានថតរូប ក្នុងអំឡុងពេលចាប់ខ្លួន។ (រូបថតនគរបាល)
កម្ពុជា

RSF ព្រមានក្រុងភ្នំពេញ នឹងលើក​សំនុំរឿង​ចាប់ចង​អ្នកកាសែត ឡើង​ទៅ EU

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB /RSF) អះអាងថា នឹងលើកយកសំនុំរឿង ចាប់ចងអ្នកកាសែត នៅក្នុងប្រទេសកម្ពុជា ឡើងទៅសហភាពអ៊ឺរ៉ុប (EU) ដើម្បី​អំពាវនាវ​ឱ្យស្ថាប័នអន្តរ-រដ្ឋាភិបាលមួយនេះ រឹតបន្តឹងវិធានការ ព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...

Comments are closed.