ការឃុំខ្លួនយុវជន៧រូប (ក្នុងនោះមានព្រះសង្ឃ១អង្គ) ទំនងជាត្រូវបានធ្វើ ដោយ«បំពាន»។ នេះ បើតាម​ការលើក​ឡើង របស់ក្រុមអ្នកជំនាញ​ខាងសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដោយជំរុញ​ទៅអាជ្ញាធររបប​ក្រុងភ្នំពេញ ឲ្យដោះលែងពួកគេ​ឲ្យនៅក្រៅឃុំ ដោយអនុលោម​​តាមច្បាប់ជាតិ និងអន្តរជាតិ។

ក្រុមអ្នកជំនាញទាំងនោះ រួមមាន៖ លោក«Vitit Muntarbhorn» អ្នករាយការណ៍ពិសេស​ស្តីពីស្ថានភាពសិទ្ធិ​មនុស្ស​នៅកម្ពុជា, អ្នកស្រី«Mary Lawlor» អ្នករាយការណ៍ពិសេស​​ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស, អ្នកស្រី​«Miriam Estrada- Castillo» អនុប្រធានក្រុមការងារ​ស្តីពីការឃុំខ្លួន​ដោយបំពាន, អ្នកស្រី«Irene Khan» អ្នករាយការណ៍​ពិសេស​ស្តីពីការលើកស្ទួយ និង ការការពារសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងគំនិត ព្រមទាំង​លោក​«Clement Nyaletsossi Voule» អ្នករាយការណ៍ពិសេស​ស្តីពីសិទ្ធិសេរីភាព ក្នុងការជួបជុំដោយសន្តិវិធី និង​ចងក្រង​សមាគម។

នៅក្នុងលិខិតផ្ញើរទៅកាន់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២១ អ្នកជំនាញខាងលើបានសម្តែងកង្វល់ ទាក់ទងនឹងការបន្តឃុំខ្លួន​បណ្តោះអាសន្ន ទៅលើអ្នកការពារសិទ្ធិមនុស្ស ដែលរួមមាន កញ្ញា ឈឿន ដារ៉ា​វី, លោក ហ៊ុន វណ្ណៈ, ព្រះតេជគុណ កើត សារ៉ាយ, លោក ថា ឡា​វី, កញ្ញា អេង ម៉ាឡៃ, លោក ​​មួង សុ​ភ័ក្រ្ត និង លោក មាន​ ព្រហ្ម​មុនី​ ហើយថា ការឃុំខ្លួនយុវជន៧រូប ទំនងជាត្រូវបានធ្វើឡើងដោយ«បំពាន» និងដកហូត​សេរីភាព​របស់​ពួកគេ។

ក្រុមអ្នកជំនាញបានបញ្ជាក់ថា ក្រុមយុវជនទាំង៧រូប «គ្រាន់តែធ្វើការឆ្លើយតប ទៅនឹងការងារស្របច្បាប់ និងដោយ​សន្តិវិធីរបស់ពួកគេ ក្នុងការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន នៅប្រទេសកម្ពុជា»។

លិខិតដែលសរសេរជាភាសាអង់គ្លេស បានបន្តទៀតថា៖

«អ្នកការពារសិទ្ធិមនុស្ស ទាំងប្រាំពីររូបនេះ ត្រូវបានបដិសេធ មិនឱ្យនៅក្រៅឃុំ ជាច្រើនលើកច្រើនសារ បើទោះបីជា ពួកគេបានចំណាយពេលជិត ១០ខែ ក្នុងការឃុំខ្លួនបណ្តោះអាសន្ន រួចហើយក៏ដោយ។ ការបន្តដកហូតសេរីភាព​របស់​ពួកគេ គឺជាការបំពាន​ដោយផ្ទាល់ នូវសិទ្ធិទទួលបាន​នីតិវិធីត្រឹមត្រូវ ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដូចមាន​ចែង​ក្នុង​មាត្រា៩ នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)។»

អ្នកជំនាញអង្គការសហប្រជាជាតិ បានលើកឡើងជាថ្មីម្តងទៀត នូវកង្វល់អំពីការរំលោភបំពានសិទ្ធិ របស់​យុវជន​ទាំងប្រាំពីររូប ក្នុងការទទួលបាន នីតិវិធីត្រឹមត្រូវ ដើម្បីទទួលបានការតំណាងតាមផ្លូវច្បាប់ និងសិទ្ធិរបស់​អ្នកការពារ​សិទ្ធិមនុស្សទាំងនោះ ក្នុងការទទួលបានការជំនុំជម្រះ ដោយយុត្តិធម៌។

«ក្រុមអ្នកជំនាញបានសម្តែង នូវកង្វល់យ៉ាងខ្លាំង ចំពោះរបាយការណ៍ដែលថា អាជ្ញាធរនៅកម្ពុជា កំពុងកំណត់​គោលដៅ គំរាមកំហែង និងដាក់ទោសទណ្ឌដល់ អ្នកការពារសិទ្ធិមនុស្ស ក្នុងគោលបំណងឱ្យមានការភ័យខ្លាច ក្នុងចំណោម​អ្នកដែលធ្វើការងារ ដើម្បីការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។»

តបនឹងលិខិតខាងលើ របបក្រុងភ្នំពេញបានបដិសេធ​កង្វល់ របស់ក្រុមអ្នកជំនាញ។ ឯកអគ្គរាជទូតកម្ពុជា​​ប្រចាំ​​អង្គការ​សហ​ប្រជាជាតិ​​ ក្នុងក្រុង​ហ្សឺណែវ (Geneva ប្រទេស​ស្វីស) បាន​ផ្ញើ​លិខិតចុះ​ថ្ងៃ​ទី២៨ ខែកក្កដា ត្រឡប់វិញ​ដោយ​អះអាង​ថា នោះ​ជា​ការ​អនុវត្ត​ច្បាប់ ព្រោះ​យុវជន​ទាំង​នេះ ធ្វើសកម្មភាព​តវ៉ា​​ទាមទារ​ឲ្យ​ដោះ​លែងលោក រ៉ុង ឈុន និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ពី​អ្នក​នយោបាយ​មួយ​ចំនួន។ ឯកអគ្គរាជទូតបានបំភ្លឺ​ទៀត​ថា ការ​បន្ត​ឃុំ​ខ្លួន និង​​ពន្យារ​ពេល​សវនាការ​កន្លង​មក មិនមែន​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នោះ​ទេ ប៉ុន្តែ​ដោយសារ​រាតត្បាត​ជំងឺ​កូវីដ១៩។

យ៉ាងណា ក្រុមអ្នកជំនាញបានជំរុញ ទៅរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យចាត់វិធានការ​បណ្តោះអាសន្ន​ចាំបាច់ទាំងអស់ ដើម្បីបញ្ឈប់ការរំលោភបំពានទាំងឡាយ ដែលបានលើកឡើង និងដើម្បីទប់ស្កាត់ កុំឲ្យមាន​ការកើតឡើងវិញ នូវការរំលោភបំពានទាំងនោះ ហើយក្នុងករណី​ដែលការស៊ើបអង្កេត​ទាំងឡាយ បង្ហាញថា​ពិត ឬការចោទប្រកាន់ទាំងនោះ​រកឃើញថា​ជាការពិតមែននោះ ត្រូវធានាឲ្យមានគនីយ្យភាព នៃបុគ្គលណាមួយ​ដែល​ទទួលខុសត្រូវ ចំពោះការរំលោភបំពាន ដែលបាន​ចោទប្រកាន់ទាំងនោះ៕



You may also like

កម្ពុជា

Covid-19 ៖ កឹម សុខា ចូលរួម​មរណទុក្ខ​សព​ទាហាន​មួកខៀវ​ខ្មែរ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសំដែងសមានចិត្ត ចូលរួមមរណទុក្ខ ចំពោះសពទាហានខ្មែរ​មួយរូប ដែលបានស្លាប់ ដោយជំងឺ «Covid-19» ក្រោមបេសកកម្ម​សន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី។ ...
ទស្សនៈប្រិយមិត្ត

លិខិតអ្នកអាន៖ ​«ការ​អស់​សុពល​​ភាព»ដ៏ចម្លែក​នៃ​កិច្ច​ព្រម​ព្រៀងក្រុងប៉ារីស

«ការ​អស់​សុពល​​ភាព ដ៏ចម្លែក»៖ បន្ទាប់ពីគេចផុត ពីរបបកាប់សម្លាប់រាស្ត្រខ្លួនឯងមក ពលរដ្ឋខ្មែរក៏មិនបាន​សុខ​សាន្តត្រាន​ដែរ គឺនៅអត់ឃ្លាន ភិតភ័យនឹងសន្តិសុខ និងសង្គ្រាមជានិច្ចរហូតដល់មានកិច្ចព្រមព្រៀងមួយ បញ្ចប់​ជម្លោះ​រវាងខ្មែរនឹងខ្មែរ ដែលមានបរទេសជាបង្អែក ប៉ុន្តែកិច្ចព្រមព្រៀងនេះ នៅមានភាពចម្រោងចម្រាស់យ៉ាងខ្លាំង ដោយម្ខាង​យល់ថា ...
កម្ពុជា

អ.ស.ប នៅកម្ពុជា ប្រាប់​កុំឱ្យ​រើសអើង​អ្នកជំងឺ​«Covid-19»

នៅចំពោះការហក់ឡើង នៃការរីករាលដាល នៃអ្នកជំងឺ«Covid-19» នៅក្នុងប្រទេស​កម្ពុជា ការិយាល័យទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំ​នៅរាជធានីភ្នំពេញ បានបង្ហោះសារមួយបញ្ជាក់ថា មិនត្រូវបញ្ឆេះ​​ឲ្យមានការរើសអើង​ក្នុងសង្គម ជុំវិញជំងឺ«Covid-19»នេះឡើយ។ សាររបស់ការិយាល័យ តំណាងអង្គការសហប្រជាជាតិ ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...