កម្ពុជាដំណឹង

ហ៊ុន សែន៖ «បើ​ចង់​រួច​បម្រាម​ហាម​ធ្វើ​នយោបាយ ត្រូវ​ស្នើ​ម្នាក់​ម្ដងៗ មក​នាយករដ្ឋមន្ត្រី»

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (រូបថតលើទ្វីសធើរ)

បណ្ដាជនទាំងឡាយណា ដែលត្រូវតុលាការហាមឃាត់ ធ្វើសកម្មភាពនយោបាយ ហើយមានបំណងចង់រួចខ្លួន ចេញពីបម្រាមនេះ ត្រូវធ្វើសំណើរម្នាក់ម្ដងៗ ឡើងទៅនាយករដ្ឋមន្ត្រី ដើម្បីឲ្យលោកពិនិត្យមើល ថាតើជននោះ មានលក្ខណៈសម្បត្តិ អាចត្រូវលោកទូលស្នើ ទៅព្រះមហាក្សត្រ ឲ្យលើកលែងបម្រាមនោះ ឬយ៉ាងណា។ នេះ ជាការអះអាងឡើង​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅចំពោះកម្មករ-កម្មការិនី ច្រើនពាន់នាក់ ក្នុងពិធីជួបសំណេះសំណាលមួយ នាស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ ក្នុងព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក ហ៊ុន សែន បានប្រកាសថា សេចក្ដីព្រាងច្បាប់​វិសោធនកម្ម មាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលនឹងត្រូវរដ្ឋសភាបើកសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័ត នៅថ្ងៃព្រហស្បត្តិ៍ស្អែកនេះ មិនសំដៅទៅបក្សនយោបាយណាមួយទេ តែជាច្បាប់សម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ ហើយក៏មិនសម្រាប់មនុស្សមួយគណបក្សនោះដែរ។

 លោកថា៖ «ប្រសិនជាគេមានការស្នើសុំ មកនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីបានពិនិត្យឃើញថា គេមិនបានប្រឆាំង នឹងសាលដីកាតុលាការកំពូលនោះទេ (…) នៅពេលច្បាប់ចូលជាធរមាន ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំត្រៀមនឹងទទួលយក នូវសំណើររបស់សាមីជនម្នាក់ៗ មិនមែនតំណាង ឲ្យបក្សនយោបាយណាមួយ មកស្នើទេ។ បុគ្គលម្នាក់ៗ ត្រូវស្នើមកនាយករដ្ឋមន្ត្រី ឬស្នើតាមរយៈ​រដ្ឋមន្ត្រីមហាផ្ទៃ (…) មិនមែនចេញច្បាប់ហើយ អ្នកប៉ុន្មានហ្នឹង រួចអស់ទេ។ ម្នាក់ម្ដងៗ ម្នាក់មានព្រះរាជក្រិត្យមួយ ឬបួនប្រាំនាក់សុំមក គឺមានព្រះរាជក្រិត្យមួយ។»។

បុរសខ្លាំងកម្ពុជា បញ្ជាក់ថា៖ «អញ្ចឹង ជាឆន្ទានុសិទ្ធិ របស់នាយករដ្ឋមន្ត្រី នៅត្រង់កន្លែងនេះ»។

សេចក្តីព្រាងច្បាប់វិសោធនកម្ម មាត្រា៤៥ ថ្មី(ស្ទួន) ត្រូវបានអ្នកតំណាងរាស្ត្រ ចំនួន​៨៧រូប មកពីគណបក្សប្រជាជនកម្ពុជាតែមួយ ស្នើធ្វើវិសោធនកម្ម ទៅជាសេចក្តីស្នើច្បាប់មាត្រា៤៥ ថ្មី(ស្ទួនមួយ) ដែលមានខ្លឹមសារថា៖

បុគ្គលត្រូវតុលាការសម្រេច ហាមឃាត់ការធ្វើសកម្មភាព នយោបាយ មិនអាចបង្កើត គណបក្សនយោបាយ ឬចូលរួមក្នុងគណបក្ស នយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំង គណបក្សណាមួយបានឡើយ។

បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេល នៃការហាមឃាត់កំណត់ ដោយសាលដីការរបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

យ៉ាងណា ការលើកឡើងរបស់លោក ហ៊ុន សែន ក្នុងព្រឹកនេះ ដែលថាការព្រាងច្បាប់វិសោធនកម្មខាងលើ មិនសំដៅទៅគណបក្សណាមួយនោះ មានលក្ខណៈផ្ទុយនឹងសេចក្ដីថ្លែងការណ៍ កាលពីដើមសប្ដាហ៍មុន របស់ក្រសួងការបរទេស និងរដ្ឋសភាកម្ពុជា ដែលបានពន្យល់ថា ការកែច្បាប់ស្ដីគណបក្សនយោបាយនេះ មានទិសដៅផ្ដល់សិទ្ធិនយោបាយឡើងវិញ ឲ្យមន្ត្រីទាំង១១៨នាក់ មកពីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីពួកគេត្រូវបានតុលាការកំពូល ចេញសាលក្រម​ហាមឃាត់​សកម្មភាពរបស់ពួកគេ ចេញពីរាល់ជីវភាពនយោបាយនោះ៕



You may also like

កម្ពុជា

សម រង្ស៊ី ព្រមាន​រឹបអូស​ទ្រព្យត្រកូល ហ៊ុន នៅពេល ហ៊ុន សែន អស់អំណាច

តបនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឲ្យមេធាវីលោកប្ដឹងរឹបអូសទ្រព្យសម្បត្តិបណ្ដាមន្ត្រីប្រឆាំងកាលពីព្រឹកម៉ិញនេះ មេដឹកនាំប្រឆាំងរបស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានថ្លែងខ្លាំងៗព្រមានឡើងថា ក្រុមលោកនឹងរឹបអូសទ្រព្យសម្បត្តិ របស់ក្រុមគ្រួសារត្រកូល ហ៊ុន វិញ ...
កម្ពុជា

មន្ត្រី អ.ស.ប ៖ ទួរគី-កម្ពុជា​ធ្វើ​កិច្ច​ព្រមព្រៀង​«សម្ងាត់»​ដើម្បី​ចាប់​ពង្រត់​មនុស្ស

ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ចំនួន៤ ដែលប្រទេសទួរគី បានចុះ​​កិច្ច​ព្រមព្រៀង​«សម្ងាត់»ជាមួយ ដើម្បីធ្វើការ​ចាប់ពង្រត់សកម្មជនប្រឆាំង ដែលរត់គេចខ្លួន នៅក្រៅ​ប្រទេស។ នេះ បើតាមរបាយការណ៍រួមមួយ របស់អ្នករាយការណ៍បួននាក់ របស់​អង្គការ​សហប្រជាជាតិ ដែលត្រូវបានដកស្រង់ ...
កម្ពុជា

ផែង វណ្ណៈ ត្រូវបាន«នាំខ្លួន»​មក​សាកសួរ​នៅ​តុលាការ​រសៀលនេះ

មន្ត្រីយោធា និងជាអ្នកប្រើប្រាស់បណ្ដាញសង្កម ដ៏ល្បីល្បាញ លោក ផែង វណ្ណៈ ត្រូវបានកងកម្លាំងកងរាជអាវុធ នាំខ្លួន មកកាន់អយ្យការ អមសាលាដំបូងរាជធានី នៅរសៀលថ្ងៃនេះ ដើម្បីធ្វើការសាកសួរ។ លោក ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...