កម្ពុជាដំណឹង

ហ៊ុន សែន៖ «បើ​ចង់​រួច​បម្រាម​ហាម​ធ្វើ​នយោបាយ ត្រូវ​ស្នើ​ម្នាក់​ម្ដងៗ មក​នាយករដ្ឋមន្ត្រី»

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (រូបថតលើទ្វីសធើរ)

បណ្ដាជនទាំងឡាយណា ដែលត្រូវតុលាការហាមឃាត់ ធ្វើសកម្មភាពនយោបាយ ហើយមានបំណងចង់រួចខ្លួន ចេញពីបម្រាមនេះ ត្រូវធ្វើសំណើរម្នាក់ម្ដងៗ ឡើងទៅនាយករដ្ឋមន្ត្រី ដើម្បីឲ្យលោកពិនិត្យមើល ថាតើជននោះ មានលក្ខណៈសម្បត្តិ អាចត្រូវលោកទូលស្នើ ទៅព្រះមហាក្សត្រ ឲ្យលើកលែងបម្រាមនោះ ឬយ៉ាងណា។ នេះ ជាការអះអាងឡើង​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅចំពោះកម្មករ-កម្មការិនី ច្រើនពាន់នាក់ ក្នុងពិធីជួបសំណេះសំណាលមួយ នាស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ ក្នុងព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក ហ៊ុន សែន បានប្រកាសថា សេចក្ដីព្រាងច្បាប់​វិសោធនកម្ម មាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលនឹងត្រូវរដ្ឋសភាបើកសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័ត នៅថ្ងៃព្រហស្បត្តិ៍ស្អែកនេះ មិនសំដៅទៅបក្សនយោបាយណាមួយទេ តែជាច្បាប់សម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ ហើយក៏មិនសម្រាប់មនុស្សមួយគណបក្សនោះដែរ។

 លោកថា៖ «ប្រសិនជាគេមានការស្នើសុំ មកនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីបានពិនិត្យឃើញថា គេមិនបានប្រឆាំង នឹងសាលដីកាតុលាការកំពូលនោះទេ (…) នៅពេលច្បាប់ចូលជាធរមាន ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំត្រៀមនឹងទទួលយក នូវសំណើររបស់សាមីជនម្នាក់ៗ មិនមែនតំណាង ឲ្យបក្សនយោបាយណាមួយ មកស្នើទេ។ បុគ្គលម្នាក់ៗ ត្រូវស្នើមកនាយករដ្ឋមន្ត្រី ឬស្នើតាមរយៈ​រដ្ឋមន្ត្រីមហាផ្ទៃ (…) មិនមែនចេញច្បាប់ហើយ អ្នកប៉ុន្មានហ្នឹង រួចអស់ទេ។ ម្នាក់ម្ដងៗ ម្នាក់មានព្រះរាជក្រិត្យមួយ ឬបួនប្រាំនាក់សុំមក គឺមានព្រះរាជក្រិត្យមួយ។»។

បុរសខ្លាំងកម្ពុជា បញ្ជាក់ថា៖ «អញ្ចឹង ជាឆន្ទានុសិទ្ធិ របស់នាយករដ្ឋមន្ត្រី នៅត្រង់កន្លែងនេះ»។

សេចក្តីព្រាងច្បាប់វិសោធនកម្ម មាត្រា៤៥ ថ្មី(ស្ទួន) ត្រូវបានអ្នកតំណាងរាស្ត្រ ចំនួន​៨៧រូប មកពីគណបក្សប្រជាជនកម្ពុជាតែមួយ ស្នើធ្វើវិសោធនកម្ម ទៅជាសេចក្តីស្នើច្បាប់មាត្រា៤៥ ថ្មី(ស្ទួនមួយ) ដែលមានខ្លឹមសារថា៖

បុគ្គលត្រូវតុលាការសម្រេច ហាមឃាត់ការធ្វើសកម្មភាព នយោបាយ មិនអាចបង្កើត គណបក្សនយោបាយ ឬចូលរួមក្នុងគណបក្ស នយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំង គណបក្សណាមួយបានឡើយ។

បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេល នៃការហាមឃាត់កំណត់ ដោយសាលដីការរបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

យ៉ាងណា ការលើកឡើងរបស់លោក ហ៊ុន សែន ក្នុងព្រឹកនេះ ដែលថាការព្រាងច្បាប់វិសោធនកម្មខាងលើ មិនសំដៅទៅគណបក្សណាមួយនោះ មានលក្ខណៈផ្ទុយនឹងសេចក្ដីថ្លែងការណ៍ កាលពីដើមសប្ដាហ៍មុន របស់ក្រសួងការបរទេស និងរដ្ឋសភាកម្ពុជា ដែលបានពន្យល់ថា ការកែច្បាប់ស្ដីគណបក្សនយោបាយនេះ មានទិសដៅផ្ដល់សិទ្ធិនយោបាយឡើងវិញ ឲ្យមន្ត្រីទាំង១១៨នាក់ មកពីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីពួកគេត្រូវបានតុលាការកំពូល ចេញសាលក្រម​ហាមឃាត់​សកម្មភាពរបស់ពួកគេ ចេញពីរាល់ជីវភាពនយោបាយនោះ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី តម្រូវ​ឲ្យ«ហ៊ុន សែន ត្រូវ​ដោះលែង កឹម សុខា មុន​គេ»

ត្រូវ​ដោះលែង កឹម សុខា ៖ ការប្ដូរជំហររបស់របបដឹកនាំក្រុងភ្នំពេញ ដែលមានគម្រោង​កែច្បាប់ជាថ្មី ដើម្បីបើក​លទ្ធភាព ឲ្យមន្ត្រីគណបក្ស​សង្គ្រោះជាតិ ទាំង១១៨នាក់ អាចមានសិទ្ធិ ធ្វើសកម្មភាពនយោបាយ​ឡើងវិញ បន្ទាប់ពី​ពួកគេ ត្រូវបានតុលាការហាមឃាត់ ...
កម្ពុជា

សម រង្ស៊ី អះអាង​នឹង​ត្រឡប់​ចូល​ស្រុក​វិញ ក្នុងពេល​ដ៏ខ្លី​ខាង​មុខ

បន្ទាប់ពីប្រកាសដោយខ្លួនលោក ជាច្រើនដង ជុំវិញថ្ងៃវិលត្រឡប់ចូលស្រុកវិញ ក្នុងពេលកន្លងមកនោះ នៅចុងសប្ដាហ៍កន្លងមកនេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងជាថ្មីទៀត ថាលោកនឹងវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ នៅក្នុងពេលដ៏ខ្លី ...
កម្ពុជា

តើលក្ខខណ្ឌអ្វីខ្លះ ដែល EU ចង់បានពីរបប ហ៊ុន សែន ដើម្បីរក្សាទុក EBA?

ដើម្បីឲ្យល្អមើលល្អស្ដាប់ សហភាពអ៊ឺរ៉ុបតែងសរសេរ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ចង់ឃើញប្រទេសកម្ពុជា វិលត្រឡប់មករកគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ ដែលជាលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀង កម្ពុជា-សហភាពអ៊ឺរ៉ុប (EU) ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)»។ តែបើគេបានស្ដាប់អ្នកស្រី ហ្វេឌឺរីកា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.