កម្ពុជាដំណឹង

សម រង្ស៊ី ថាបើ អ៊ូ ច័ន្ទរ័ត្ន មិនចេះខ្មាស មក​ចូលរួម​បាតុកម្មភ្លើង​ទៀន​ចុះ

ការមិនស្វាគមន៍លោក អ៊ូ ច័ន្ទរ័ត្ន និងមន្ត្រីមួយរូបទៀត របស់គណបក្សសង្គ្រោះជាតិ ដែលទើបនឹងទទួលបានសិទ្ធិ ធ្វើនយោបាយឡើងវិញ ពីព្រះមហាក្សត្រ តាមការស្នើសុំ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ត្រូវបានលោក សម រង្ស៊ី អះអាងដោយផ្ទាល់ នៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។

លោក អ៊ូ ច័ន្ទរ័ត្ន និងលោក ជីវ កាតា ក្នុងខណៈនេះ កំពុងមានវត្តមាន នៅក្នុងប្រទេស​កូរ៉េខាងត្បូង តែគេមិនឃើញពួកលោក ចូលរួមក្នុងកម្មវិធីសមាជអ្នកប្រជាធិបតេយ្យ ដែលជាកម្មវិធីទីមួយ រៀបចំឡើងដោយក្រុមយុវជនគណបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាលមួយ នៅកូរ៉េខាងត្បូងនោះឡើយ។

នៅចំពោះការរំពឹងថា លោក អ៊ូ ច័ន្ទរ័ត្ន និងលោក ជីវ កាតា អាចនឹងចូលរួមបាតុកម្មភ្លើងទៀន នៅរសៀលថ្ងៃស្អែក ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី នោះ មេដឹកនាំប្រឆាំងរូបនេះ បានថ្លែងឡើង តាមរយៈកិច្ចសម្ភាស​ក្នុងវិទ្យុអាស៊ីសេរី ពីប្រទេសកូរ៉េខាងត្បូងមកថា៖

«ជាសេរីភាពរបស់បុគ្គលម្នាក់ៗ អ្នកឯងចង់មក ក៏មកទៅ គ្មាននរណាឃាត់ឃាំងទេ។ គ្រាន់តែគេមិនមើលមុខ គ្រាន់តែគេមិននិយាយរក គ្រាន់តែគេមិនឲ្យតម្លៃ។ អញ្ចឹងបើខ្លួនឯងអត់មានភាពថ្លៃថ្នូ អត់ចេះខ្មាស មកក៏មកទៅ។»

លោក សម រង្ស៊ី បានបន្ទោសក្រុមមន្ត្រីគណបក្សទាំងនេះ ដែលបានដាក់ពាក្យ ស្នើសុំសិទ្ធធ្វើនយោបាយ ពីលោក ហ៊ុន សែន កាលពីខែមិនាកន្លងទៅ។ លោក រង្ស៊ី ថ្លែងដោយប្រើពាក្យសង្កត់ធ្ងន់ថា៖

«យើងដឹងហើយ… រឿងអីទៅសុំសិទ្ធិធ្វើនយោបាយពី ហ៊ុន សែន ក្នុងខណៈដែលគណបក្ស ត្រូវគេរំលាយលើក្រដាស (…) ក្នុងខណៈដែលប្រធានរបស់យើង លោក កឹម សុខា ជាប់ឃុំឃាំង?»

លោកបានចាត់ទុក ក្រុមអ្នកទៅសុំសិទ្ធិធ្វើនយោបាយ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាមនុស្ស «មិនចេះគិត ឬគិតរាក់កំផែល ឬមួយចង់ស៊ីលុយ បានលុយពីគេ ដើម្បីលក់ឧត្ដមគតិ»។ លោកពន្យល់ថា៖

«ទៅសុំសិទ្ធិធ្វើនយោបាយពី ហ៊ុន សែន មានន័យយ៉ាងម៉េច? ទៅធ្វើនយោបាយជាមួយនរណា បើប្រធានយើងជាប់គុក? ទៅធ្វើនយោបាយយ៉ាងម៉េច បើគណបក្សយើង ត្រូវគេរំលាយលើក្រដាស? អញ្ចឹងមានតែធ្វើនយោបាយ ជាមួយ ហ៊ុន សែន? មានតែទៅបម្រើប្រយោជន៍ ហ៊ុន សែន? អញ្ចឹងមានន័យថា ខ្លួនឯងវាចាកចេញដោយខ្លួនឯង ពីគណបក្សសង្គ្រោះជាតិហើយ។»

«អ្នកដែលគាំទ្រគណបក្សសង្គ្រោះជាតិ ត្រូវទាមទារឲ្យដោះលែង ប្រធានគណបក្ស លោក កឹម សុខា ត្រូវទាមទារឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញសិន មុននឹងយើងទៅធ្វើនយោបាយ។ ហើយយើងមិនចាំបាច់ ទៅសុំសិទ្ធិធ្វើនយោបាយទេ ព្រោះសិទ្ធិនេះសិទ្ធិរបស់យើង។ ហ៊ុន សែន ប្លន់សិទ្ធិពីយើង ដោយខុសច្បាប់ រឿងអីយើងទៅសុំសិទ្ធិនេះពី ហ៊ុន សែន?»

មិនអាចទាក់ទងលោក អ៊ូ ច័ន្ទរ័ត្ន ដើម្បីសុំប្រតិកម្មបានទេ ក្នុងពេលភ្លាមៗនេះ។

កាលពីមួយថ្ងៃមុន ក្រុមអ្នករៀបំកម្មវិធី នៅប្រទេសកូរ៉េ និងអ្នកស្រី មូរ សុខហួ អនុប្រធាន​គណបក្សប្រឆាំង បានប្រកាសជំហរមិនស្វាគមន៍ មន្ត្រីសុំសិទ្ធិធ្វើនយោបាយទាំងនោះ នៅក្នុងកម្មវិធីរបស់ពួកគេទេ។

យ៉ាងណា លោក ឡៅ ម៉ុងហៃ បានហៅលោក អ៊ូ ច័ន្ទរ័ត្ន និងមន្ត្រីគណបក្ស៤នាក់ទៀត ដែលបានសុំសិទ្ធិធ្វើនយោបាយទាំងនេះ ថាជា«ហង្សថ្មី»។ អ្នកវិភាគវ័យចំណាស់ បានយល់ឃើញថា អស់លោកទាំងនេះ ជាសត្វហង្សដែល «កើតហើរចេញ ពីអដ្ឋិធាតុហង្សចាស់ ដែលត្រូវបានដុតរំលាយទាំងរស់ ក្នុងភ្លើងដែលកំពុងឆេះទ្រលោម ដូចក្នុងរឿងសត្វហង្សកើតហើរចេញ ពីអដ្ឋិធាតុសត្វហង្សចាស់ ពីដើមមួយ»៕

ឯកឧត្តម អ៊ូ ច័ន្ទរ័ត្ន និងថ្នាក់ដឹកនាំ៤រូបទៀតនៃសង្គ្រោះជាតិ ជាហង្សថ្មី ដែលកើតហើរចេញពីអដ្ឋិធាតុហង្សចាស់…

Publiée par Mong Hay Lao sur Jeudi 18 avril 2019


លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ចូលរួម​មរណទុក្ខ ហ៊ុន សែន ដោយ​បញ្ជាក់​ពីទឹកចិត្ត​ផ្ទាល់ខ្លួន

លោក សម រង្ស៊ី មេដឹកនាំប្រឆាំងមួយរូបទៀត ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស បានផ្ញើលិខិត​«ចូលរួម​មរណទុក្ខ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបនឹង​បាន​បាត់បង់​ម្ដាយក្មេក កាលពីព្រឹកថ្ងៃទី៤ ខែឧសភា​កន្លងមក។ ...
កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅសហភាពអ៊ឺរ៉ុប កាលពីខែតុលា ឆ្នាំ២០១៨។ (រូបថត AFP/Getty)
កម្ពុជា

EU៖ ការបិទវិទ្យុ«VOD»ប៉ះពាល់ធ្ងន់ធ្ងរ ដល់សេរីភាព​សារព័ត៌មាន

មិនត្រឹមតែសហភាពអ៊ឺរ៉ុបប៉ុណ្ណោះទេ តែបណ្ដាប្រទេសធំៗ នៅបស្ចឹមលោក សុទ្ធតែបានរួមគ្នា ប្រតិកម្មចំពោះការបិទវិទ្យុ«VOD» ថាបានប៉ះពាល់ធ្ងន់ធ្ងរ ដល់សេរីភាព​សារព័ត៌មាន និងប្រព័ន្ធពហុនិយម ដែលមានសារសំខាន់ណាស់ សម្រាប់សង្គមប្រជាធិបតេយ្យ។ សេចក្ដីថ្លែងការណ៍រួម របស់គណៈប្រតិភូសហភាពអឺរ៉ុប​ប្រចាំនៅកម្ពុជា និងស្ថានទូតរបស់ប្រទេសធំៗ ...

Comments are closed.