នៅតែប៉ុន្មានថ្ងៃមុនដំណើរមកដល់ នៃប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញ​របាយការណ៍មួយ ដែលលើកពីការសម្លាប់ និងការរំលោភធ្ងន់ធ្ងរ ក្នុងរយៈពេល​២០ឆ្នាំ ឬពីរទសវត្សរ៍ ក្រោមការកាន់អំណាច​ដោយ​ហឹង្សា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ជាមួយនឹងចំណងជើង​ដែលមានន័យជាភាសាខ្មែរថា «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ – ពីរទសវត្សរ៍​នៃនិទណ្ឌភាព ក្នុងប្រទេស​កម្ពុជា​របស់ ហ៊ុន សែន» របាយការណ៍កម្រាស់​៦៨ទំព័រ របស់អង្គការឃ្លាំមើល​សិទ្ធិមនុស្ស ហៅជាភាសារ​អង់គ្លេស «Human Rights Watch» ដែលមានការិយាល័យនៅទីក្រុងញ៉ូយក បានលើកយកឯកសារជាគន្លឹះនានា ដែល​ទាក់ទង​​នឹងករណីឃាតកម្ម លើពួកសកម្មជន​នយោបាយ ពួកអ្នកកា​សែត ពួកអ្នកនយោបាយប្រឆាំង និងមនុស្សដទៃទៀត រាប់ចាប់តាំងពី​កិច្ចព្រមព្រៀង​សន្ដិភាពក្រុងប៉ារីស ត្រូវបានចុះ​ហត្ថលេខា​នៅឆ្នាំ ១៩៩១ ដោយប្រទេសចំនួន១៨ និងបណ្ដាភាគីខ្មែរ​នោះមក។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយ ក្នុងរបាយការណ៍នោះថា៖

«មានមនុស្សជាង ៣០០ នាក់ ត្រូវបានសម្លាប់ ដោយ​ការ​វាយប្រហារ ដោយហេតុផលនយោបាយ ក្នុងនេះ​មិនទាន់មាន​ករណីណាមួយ ត្រូវបានធ្វើការ​ស៊ើបអង្កេត ដោយហ្មត់ចត់ និងនាំខ្លួនអ្នកប្រព្រឹត្ត មកផ្តន្ទាទោស​​នៅឡើយទេ។»

របាយការណ៍នេះ បានធ្វើឡើងដោយផ្អែកទៅលើ បទសម្ភាសចំនួនរាប់រយ ដោយប្រើរយះពេលជាច្រើនឆ្នាំ ជាមួយអតីត និងបច្ចុប្បន្ន​មន្ត្រីរដ្ឋាភិបាល សមាជិកកងកម្លាំងប្រដាប់អាវុធ នគរបាល មន្ត្រីយុត្តិធម៌ សមាជិកសភា និងស្ថាប័នរដ្ឋដទៃ​ទៀត ព្រមទាំងតំណាងគណបក្ស​នយោបាយនានា សហជីពកម្មករ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអង្គការសិទិ្ធមនុស្ស​នានា។

បន្ថែមពីលើនេះ របាយការណ៍ក៏បានសរសេរ ដោយយោងទៅលើឯកសារផ្សេងដទៃទៀតជាច្រើន មានជាអាថ៌ ឯកសាររបស់តំណាង និងអ្នករាយការណ៍ ពិសេស អ.ស.ប. ព្រមទាំងពីការិយាល័យឧត្តមស្នងការ អ.ស.ប. ទទួលបន្ទុក​សិទិ្ធ​មនុស្សប្រចាំកម្ពុជា អង្គការសិទិ្ធមនុស្ស មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងតាមការលើកឡើង នៃប្រព័ន្ធ​សារពត៌មាន​នានាផង។

ចំណងជើង «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ» ជាអ្វីដែលរបាយការណ៍ បានលើកឡើងថា ជាការដកស្រង់សំដី​របស់លោក ហ៊ីង ប៊ុន ហៀង ​ដែលពេលនោះជាមេបញ្ជាការរង នៃកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី ក្នុងពេលឆ្លើយតប ទៅ​នឹង​សំណួរមួយរបស់អ្នកកាសែត ស្តីពីការចោទប្រកាន់លោក ក្នុងការសម្លាប់មនុស្សយ៉ាងតិចចំនួន១៦នាក់ ដោយការ​បំផ្ទុះ​គ្រាប់បែក ដោយមានការរៀបចំមួយ ទៅលើមេដឹក​នាំប្រឆាំង សម រង្ស៊ី ក្នុងខែមីនា ឆ្នាំ១៩៩៧។

អង្គការសហ​​ប្រជាជាតិ និង​ការិយាល័យស៊ើបអង្កេតសហព័ន្ធ (F.B.I.) នៃសហរដ្ឋអាមេរិក បានចោទអំពីការ​ជាប់​ពាក់ព័ន្ធ របស់អង្គភាព​កងអង្គរក្ស​របស់លោក ហ៊ុន សែន ក្នុងការវាយប្រហារនេះ និងបានរកឃើញថាលោក ហ៊ីង ប៊ុន ហៀង ជាអ្នក​ដឹកនាំ​ប្រតិបត្តិការនេះ។

មានករណីជាច្រើនផ្សេងទៀត ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកយកមកបង្ហាញ ក្នុងនោះមានការសម្លាប់​រង្គាល​អ្នកស្មោះត្រង់ នឹងទ្រង់ នរោត្តម រណ្ណរិទ្ធិ ប្រមាណជាជាង ១០០នាក់ នៅក្រោយពេលរដ្ឋប្រហារឆ្នាំ​១៩៩៧ ករណីរបស់​អតីតបណ្ណាធិការកាសែតប្រឆាំង​លោកធុន ប៊ុនលី ការ​ជះ​ទឹក​អាស៊ីត​លើ​កញ្ញា តាត ម៉ារីណា ឃាតកម្ម​លើប្រធាន​សហជីព​លោក ជា វិជ្ជា អ្នក​សារព័ត៌មាន​ប្រឆាំងលោក ឃឹម សំបូរ ​សកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបញ្ជាក់ថា ទោះ​បីជាក្នុងករណី ដែលហាក់ដូចជាពុំមានជាប់ពាក់ព័ន្ធ នឹងហេតុផល​នយោបាយក៏ដោយ ក៏ការរំលោភស្ទើរទាំងអស់ មិនដែលត្រូវបាន នាំទៅឲ្យមានការផ្តន្ទាទោសពីបទព្រហ្មទ័ណ្ឌ ដោយ​ជោគ​ជ័យ និងនាំខ្លួនទៅដាក់ពន្ធនាគារទេ ប្រសិនបើអ្នកប្រព្រឹត្តនោះជាយោធា ឬនគរបាល ឬជាបក្សពួករបស់អ្នកមាន​អំណាច។ តែផ្ទុយទៅវិញ និងជារឿយៗ ពួកអ្នកសម្លាប់គេ មិនត្រឹមតែត្រូវបានគេស្គាល់នោះទេ តែពួកគេថែមទាំង ត្រូវបាន​តម្លើង​បុណ្យសក្តិឲ្យទៀតផង។

ឆ្លើយតបនឹងការសាកសួររបស់វិទ្យុអាស៊ីសេរី លោកផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បានបដិសេធ​របាយការណ៍​នោះ ដោយចាត់​ទុក​ថា ជា​របាយការណ៍​មួយ​ដើម្បី​«បំផ្លាញ​រដ្ឋាភិបាល​កម្ពុជា»។  ទាក់ទងនឹងការ​លើក​​ឡើង​ថា កង​អង្គរក្ស​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ និង​បោក​គ្រាប់​បែក លោក ផៃ ស៊ីផានបាននិយាយថា ៖

«វា​ជា​សេរីភាព​របស់​គេ។ របាយការណ៍​ជាក់​ស្ដែង យើង​មិន​ឃើញ​ដូចនេះ។»

នៅក្នុងរបាយការណ៍នោះដដែល អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយ ពីការស្នើសុំរបស់បណ្ដាប្រទេសផ្ដល់ជំនួយ ដើម្បីអោយ​រដ្ឋាភិបាលកម្ពុជា ធ្វើការកែទម្រង់ជាដុំកំភួន ជាពិសេសទៅលើប្រព័ន្ធយុត្តិធម៌របស់ប្រទេស។ តែប្រព័ន្ធ​តុលាការ នៅតែជាស្ថាប័នមាន​លក្ខណៈនយោបាយ និងរយីករយាកខ្លាំងនៅឡើយ។ មន្ត្រីថ្នាក់កំពូលៗ នៅក្នុងស្ថាប័ន​នេះ ត្រូវបានតែងតាំងឡើង មានលក្ខណៈ​នយោបាយ ដោយផ្អែកជាសំខាន់ ទៅលើភាពស្មោះត្រង់ចំពោះនាយក​រដ្ឋមន្ត្រី និង​គណបក្សប្រជាជនកម្ពុជាកាន់អំណាច។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏បានធ្វើការស្ដីបន្ទោសផងដែរ ទៅដល់ប្រទេសផ្ដល់​ជំនួយទាំងនោះ ថាបានប្រកាន់នូវគោលការណ៍ នៃ«វប្បធម៌ធ្វើមិនដឹងមិនលឺ» ហើយខកខានមិនធ្វើការត្រួតពិនិត្យ អោយ​បានល្អិតល្អន់ ទៅលើរដ្ឋាភិបាលកម្ពុជា និងយន្ដការ​កែទម្រង់ទាំងនោះឡើយ។

«ក្នុងរយៈពេល​២០ឆ្នាំ …»

ការចេញរបាយការណ៍នេះ នៅចំពេលដែលកម្ពុជាកំពុងត្រៀមខ្លួន រងចាំទទួលមេដឹកនាំកំពូលៗ មកពីតំបន់អាស៊ី​ប៉ាស៊ីភិក ដែលនោះ​មានលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាផង។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានទីតាំងនៅទីក្រុង​ញ៉ូយកនេះ ទំនងជា​ចង់ស្នើសុំ អោយលោក បារ៉ាក់ អូបាម៉ា ប្រើប្រាស់ឥទ្ធិពលរបស់សហរដ្ឋអាមេរិក ដើម្បីស្នើសុំជា​សាធារណៈ ឲ្យមានការកែទម្រង់ជាប្រព័ន្ធ និងការបញ្ចប់នូវ«វប្បធម៌និទណ្ឌភាព» នៅកម្ពុជា។

ទាក់ទងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនេះ លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងជារដ្ឋមន្ត្រីក្រសួង​ពត៌មាន នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១២ ធ្លាប់បាននិយាយប្រាប់​ក្រុម​សារ​ព័ត៌មាន នៅ​សណ្ឋាគារ​អ៊ិន​ធឺ​ខន​ថឺ​ណង់​តា​ល់ ថា សហរដ្ឋអាមេរិក មិនមែនជា​«ចៅហ្វាយ​»កម្ពុជា​ទេ ហើយ បារ៉ាក់ អូ​បា​ម៉ា​ ក៏មិនមែន«ចៅហ្វាយ» ហ៊ុន សែន ដែរ៕

————–

កំណត់សម្គាល់៖ របាយការណ៍នេះ អាចទាញយកបាន នៅលើគេហទំព័រផ្ទាល់របស់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស



លំអិតបន្ថែមទៀត

កម្ពុជា

ព្រឹទ្ធសមាជិក​បារាំង៖ ហ៊ុន សែន ជា​អ្នកបំផ្លាញ EBA ខណៈ EU មិនដកថយ

លោក អង់ឌ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា​​មកពី​គណបក្ស​​កាន់អំណាច របស់ប្រទេសបារាំង បានថ្លែងខ្លាំងៗ​ទម្លាក់​ការទទួល​ខុសត្រូវ នៃការបាត់បង់ ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ «EBA» ទៅលើការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ...
កម្ពុជា

សម រង្ស៊ី ថា​«ស្ដេចកោះកុង»​លក់​គ្រឿង​ញៀន ផ្ទេរ​លុយ​កខ្វក់​ទៅ​អូស្ត្រាលី

មេដឹកនាំប្រឆាំង បានចង្អុលដោយចំឈ្មោះ ថាលោក លី យ៉ុងផាត់ មនុស្សជំនិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានរហស្សនាម «ស្ដេចកោះកុង» គឺជាឈ្មួញ​ជួញដូរ​គ្រឿងញៀន​ដ៏ធំម្នាក់ ដែលបានផ្ទេរលុយកខ្វក់ ដែលបានមកពីការជួញដូរនេះ ...
កម្ពុជា

សម រង្ស៊ី ប្ដឹងឡើងទៅ EU ករណីអាជ្ញាធរគម្រាមមន្ត្រី CNRP នៅ​មូលដ្ឋាន

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយ ដែលលោកអះអាងថា ជាពាក្យប្តឹង ឡើងទៅកាន់ មន្ត្រីទទួលខុសត្រូវជាច្រើននាក់ របស់សហភាពអឺរ៉ុប ដើម្បីពន្យល់បន្ថែមពីករណី ដែលអាជ្ញាធរកម្ពុជាធ្វើការគម្រាមកំហែង ទៅលើមន្ត្រី ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.