សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្ម ទៅលើសាច់ឈាមបង្កើត របស់មេដឹកនាំយោធាភូមា ដែលបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរតនាគារ នៃសហរដ្ឋអាមេរិក ដែលចេញផ្សាយ កាលពីថ្ងៃពុធទី១០ ខែមីនា ឆ្នាំ២០២១។
លោក «Aung Pyae Sone» និងអ្នកស្រី «Khin Thiri Thet Mon» ដែលជាកូនប្រុស និងកូនស្រីរបស់លោក «Min Aung Hlaing» អគ្គមេបញ្ជាការកងទ័ពភូមា បានរងដោយផ្ទាល់ នូវទណ្ឌកម្មខាងលើ ជាមួយនឹងសហគ្រាស-ក្រុមហ៊ុនចំនួន៦ ដែលពួកគេគ្រប់គ្រង។ លោកឧត្ដមសេនីយ៍ «Min Aung Hlaing» ខ្លួនឯង បានរងទណ្ឌកម្មរួចហើយ តាំងពីមុនលោកដឹកនាំធ្វើរដ្ឋប្រហារ ក្នុងដើមខែកុម្ភៈ ឆ្នាំ២០២១មកម្លេះ។
ក្រសួងរតនាគារ បានសរសេរ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា៖
«“Aung Pyae Sone” និង “Khin Thiri Thet Mon” មានមុខជំនួញជាច្រើនប្រភេទ ដែលទទួលផលប្រយោជន៍ដោយផ្ទាល់ ពីឋានៈតួនាទី និងឥទ្ធិពលដ៏អាក្រក់ របស់ឪពុកពួកគេ។»
សេចក្ដីប្រកាសព័ត៌មាន បានរៀបរាប់ថា លោក «Aung Pyae Sone» ដែលជាកូនប្រុស ទទួលបានកិច្ចសន្យាជួលដី មួយកន្លែង ស្ថិតនៅកណ្ដាលក្រុងរ៉ង់ហ្គោន ដែលមានរយៈពេល៣០ឆ្នាំ ដើម្បីធ្វើភោជនីយដ្ឋាន និងវិចិត្រសាលដ៏ធំសម្បើម ដោយគ្មានគូប្រជែង និងគ្មានការដេញថ្លៃ ខណៈថ្លៃឈ្នួលជួលដី ដែលថោកស្រាប់ ត្រូវបានតំឡើងជាលក្ខណៈប្រចាំឆ្នាំ ត្រឹមតែ១%ប៉ុណ្ណោះ រហូតមកទល់នឹងឆ្នាំ២០១៨។
រីឯអ្នកស្រី «Khin Thiri Thet Mon» វិញ ដែលគ្រប់គ្រងផលិតកម្ម «Seventh Sense» បានធ្វើកិច្ចសន្យាផ្ដាច់មុខ ជាមួយអ្នកចម្រៀងដ៏ល្បីម្នាក់ ដែលបង្ហាញមុខ នៅក្នុងការផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនសេវាកម្មទូរស័ព្ទ «Mytel» បង្កើតឡើងដោយឪពុករបស់នាង (លោក «Min Aung Hlaing»)។
ក្រុមហ៊ុន-សហគ្រាស ទាំង៦រួមមាន៖
- A & M Mahar Company Limited
- Sky One Construction Company Limited
- The Yangon Restaurant
- The Yangon Gallery
- Everfit Company Limited
- Seventh Sense Company Limited
ទណ្ឌកម្មដោយផ្ទាល់ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក រួមមាន ការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ (រាប់ទាំងទ្រព្យសម្បត្តិ របស់ក្រុមហ៊ុន-សហគ្រាសទាំង៦ខាងលើ) និងហាមឃាត់ រាល់ការឆ្លងកាត់ ការផ្ទេរ ឬការជាប់ពាក់ព័ន្ធ ក្នុងប្រព័ន្ធហិរញ្ញវត្ថុសហរដ្ឋអាមេរិក (លោកអ្នក អាចចូលទៅពិគ្រោះលំអិត ជុំវិញទណ្ឌកម្មទាំងអស់នេះ នៅលើគេហទំព័រ នៃក្រសួងរតនាគារជាតិ នៃសហរដ្ឋអាមេរិក)។
រដ្ឋលេខាធិការ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក «Antony Blinken» បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាន ដាច់ដោយឡែកមួយថា៖
«មេដឹកនាំទាំងអស់ ដែលបានដឹកនាំធ្វើរដ្ឋប្រហារ និងសមាជិកគ្រប់អាយុ នៃក្រុមគ្រួសាររបស់ពួកគេ (របស់មេដឹកនាំយោធាភូមា) មិនគួរត្រូវបន្ត ទទួលបានផលប្រយោជន៍ ពីរបបដឹកនាំមួយ ដែលកើតចេញដោយសារការប្រើអំពើហិង្សា និងការរឹតបន្តឹង លើលទ្ធិប្រជាធិបតេយ្យនោះឡើយ។»
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ កងកម្លាំងប្រដាប់អាវុធភូមា បានធ្វើការបង្ក្រាបយ៉ាងចាស់ដៃ ដោយប្រើកាំភ្លើងគ្រាប់ពិត ទៅលើការតវ៉ារបស់ពលរដ្ឋ ប្រឆាំងនឹងរដ្ឋប្រហារ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ យ៉ាងតិច៥៣នាក់ និងការឃាត់ខ្លួន-ឃុំខ្លួន មិនតិចជាង១៧០០នាក់។ នេះ បើតាមតួលេខ ផ្ដល់ដោយការិយាល័យ អង្គការសហប្រជាជាតិ ប្រចាំនៅក្នុងប្រទេស។
លោកឧត្ដមសេនីយ៍ «Min Aung Hlaing» ដែលជាអគ្គមេបញ្ជាការ និងមនុស្សជំនិតរបស់លោកម្នាក់ទៀត (អគ្គមេបញ្ជាការរង) បានរងទណ្ឌកម្ម ពីសហរដ្ឋអាមេរិករួចហើយ រាប់ពីចុង ឆ្នាំ២០១៩មក ជុំវិញតួនាទី និងការជាប់ពាក់ព័ន្ធរបស់លោកទាំងពីរ នៅក្នុងអំពើហិង្សាយ៉ាងរង្គាល ទៅលើបណ្ដាជនជាតិភាគតិច «Rohingya» ដែលកាន់សាសនាឥស្លាម៕