ដំណឹងអាស៊ី-ប៉ាស៊ីភិក

តារាចម្រៀង​ហុងកុង​​ ដេនីស ហូ ចេញមុខ​បរិហារ​ក្រុង​ប៉េកាំង​នៅ អ.ស.ប

តំណាងអ្នកជំទាស់ហុងកុងមួយរូប នាង ដេនីស ហូ (Denise Ho) ដែលជាតារាចម្រៀងល្បីឈ្មោះ ផ្នែកចម្រៀងប៉ុប-រ៉ុក (Pop-Rock) បានចេញមុខ ដើររកការគាំទ្រ ពីសំណាក់​សហគមន៍​អន្តរជាតិ ជាពិសេសនៅចំពោះ ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស។

ប៉ុន្តែបទអន្តរាគមន៍ របស់តារាចម្រៀង កាលពីថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៩ បានរងការរំខាន មិនតិចជាងពីរដងទេ ពីសំណាក់គណៈប្រតិភូ តំណាងឲ្យរដ្ឋាភិបាល​ចិន​កុម្មុយនីស ដែលមានវត្តមាន ក្នុងអង្គប្រជុំនោះដែរ។

នាង ដេនីស ហូ អាយុ៤២ឆ្នាំ បានពន្យល់យ៉ាងច្រើន អំពីសេចក្ដីព្រាងច្បាប់ថ្មី ដែលអនុញ្ញាតឲ្យធ្វើបត្យាប័នអ្នកទោស ពីក្រុងហុងកុង ទៅឲ្យអាជ្ញាធរចិនកុម្មុយនីស្ដិ៍។ សម្រាប់ក្រុមបាតុករហុងកុង ដែលមានរូបនាងជាតំណាង បានបញ្ជាក់ថា អត្ថបទច្បាប់ថ្មីនោះមានគោលដៅ ដើម្បីលុបចោលទាំងស្រុង នូវ«រនាំងខែលការពារក្រុងហុងកុង» ពីការជ្រៀតជ្រែករបស់ក្រុងប៉េកាំង។

តំណាងគណៈប្រតិភូ នៃរដ្ឋាភិបាលចិន បានងើបឡើងជំទាស់ នឹងការអះអាងរបស់តារាចម្រៀង ដោយថ្លែងថា៖

«ទឹកដីហុងកុង ជាចំណែកមួយរបស់ប្រទេសចិន។ តែបុគ្គលដែលទើបនិយាយអំបាញ់ម៉ិញនេះ បានចាត់ទុក ចិន និងហុងកុង ថាបានស្ថិតនៅក្រោមការដឹកនាំផ្សេងគ្នា និងមានអំណាចស្មើគ្នា។ ដូច្នេះ ខ្ញុំសូមជំទាស់ថា ករណីនេះនឹងបង្កើតបញ្ហា ដល់ឯកភាពទឹកដី របស់ប្រទេសចិន។»

របាយការណ៍របស់ក្រុមជំទាស់ បានអះអាងថា បាតុករចំនួន៧០នាក់ ត្រូវបានឃុំខ្លួន រាប់ចាប់តាំងពីកើតមាន នូវរលកនៃការជំទាស់ ទល់នឹងគម្រោងច្បាប់ខាងលើ ក្នុងខែមិថុនាកន្លងទៅ។ កាលពីម្សិលម៉ិញ មេដឹកនាំបាតុករ៥នាក់ទៀត ក៏ត្រូវបានចាប់ខ្លួនដែរ។

នាង ហូ បានបន្តនៅចុងបញ្ចប់ នៃបទអន្តរាគមន៍របស់នាងថា៖

«តើអង្គការសហប្រជាជាតិ គួរកោះឲ្យមានកិច្ចប្រជុំមួយ ជាបន្ទាន់ ដើម្បីការពារពលរដ្ឋនៅក្រុងហុងកុងឬទេ? ជាមួយនឹងការរំលោភបំពាន ម្ដងហើយម្ដងទៀតដូច្នេះ តើអង្គការសហប្រជាជាតិ នឹងដកប្រទេសចិន ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សឬទេ?»

តារាចម្រៀងប៉ុប-រ៉ុករូបនេះ ធ្លាប់បានចូលរួម ការជំទាស់តវ៉ា តាំងពីក្នុងព្រឹត្តិការណ៍បាតុកម្ម «ឆ័ត្រ» នៅក្រុងហុងកុង ឆ្នាំ២០១៤ រួចហើយ។ ប៉ុន្តែតាំងពីពេលនោះមក នាងមិនបានវិលត្រឡប់ ចូលទៅកាន់ប្រទេសចិនវិញទេ។

នៅក្នុងកិច្ចសម្ភាសមួយ ជាមួយនឹងទូរទស្សន៍ស្វីស «RTS» តារាចម្រៀងបានពន្យល់បន្ត ពីមូលហេតុដែលធ្វើឲ្យរូបនាង ក្លាយជាតារាម្នាក់ ពីក្នុងចំណោមតារាដ៏កម្រ ដែលហ៊ានចេញមុខតតាំង នឹងរបបកុម្មុយនីស្ដិ៍ ហើយត្រូវបានដាក់ចូល ក្នុង​«បញ្ជីខ្មៅ»។ នាងថា៖

«ជាការពិតនៅហុងកុង គឺថាគ្រប់តារាទាំងអស់ មានការងារ និងប្រភពចំណូល ដោយសារ​ទីផ្សាររបស់ចិន។ ហើយប្រសិនជាតារាទាំងនោះ ហ៊ានចេញមតិ ឬបង្ហាញជំហរជំទាស់ នោះពួកគេនឹងត្រូវប្រឈម នឹងវិធានការសងសឹក ដូចយ៉ាងរូបខ្ញុំជាដើម។ ខ្ញុំត្រូវបានចាត់ ទៅក្នុងបញ្ជីខ្មៅ៕»



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ ចិន​យក​កម្ពុជា​ធ្វើអាណានិគម តាម​លក្ខណៈ២

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងពន្យល់ថា តាម​លក្ខណៈ២ ដែលមហាយក្សចិន អាចយកប្រទេសកម្ពុជា ធ្វើជាអាណានិគម។ លក្ខណៈទាំងពីរនោះ ត្រូវបានប្រធានស្ដីទីគណបក្សប្រឆាំង ទម្លាក់កំហុសទាំងស្រុង ទៅលើលោកនាយករដ្ឋមន្ត្រី ...
កម្ពុជា

ហ៊ុន សែន៖ «មិន​ជម្លៀស»​ពលរដ្ឋ​ចេញ​ពីចិន ព្រោះ​ខ្លាចនាំ​​ជំងឺ​ចូល​ស្រុក

«ខ្ញុំមានមោទនភាពក្រៃលែង ដែលធ្វើការសម្រេចចិត្តត្រូវ!» នេះ ជាការថ្លែងឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពន្យល់ ពីការបដិសេធរបស់លោក ក្នុងពេលកន្លងមក ក្នុងការ«មិន​ជម្លៀស»និស្សិត និងពលរដ្ឋខ្មែរចេញពីប្រទេសចិន នៅខណៈពេលដែលមេរោគ «កូរូណា» ...
របាយការណ៍

ក្រុង​ព្រះសីហនុ «កំពុងក្លាយជា​ឧបទ្វីបចិន»

អ្វី​ដែលកំពុងកើតមាន នៅក្នុងក្រុងព្រះសីហនុ គឺវាពិតជាការចង់បាន​របស់បុរសខ្លាំងកម្ពុជា ដែលកាន់អំណាច តាំងពី៣៣ឆ្នាំកន្លងមក ហើយ​ដែលគាំទ្រ​ដោយប្រទេសចិន។ នេះ​ជាអ្វី ដែលសារព័ត៌មានអាមេរិក «The Washington Post» បានចេញផ្សាយកាលពីម្សិលម៉ិញ នៅក្នុងអត្ថបទ​យកការណ៍​ដ៏វែងអន្លាយមួយ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.