ដំណឹងអាស៊ី-ប៉ាស៊ីភិក

ញត្តិមួយ គ្រោង​បញ្ជូនឡើង​«UN» ក្នុង​ករណី​ពង្រត់​​សកម្មជន​​ថៃ នៅ​ភ្នំពេញ

ញត្តិមួយ ទាក់ទងនឹងករណី ចាប់ពង្រត់សកម្មជន​នយោបាយថៃ ក្នុងរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើង កាលពីមុននេះបន្តិច នៅលើគេហទំព័រ «Change.org» ដើម្បីស្វែង​រកហត្ថលេខា ក្នុងបំណងនាំយកញត្តិនេះ ដាក់បញ្ជូនឡើងទៅអង្គការ «UNHCR» របស់​អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិមួយទៀត។

​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ថៃ​ ដែល​កំពុង​រស់នៅ​ និរទេស​ខ្លួន ​ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៤ ត្រូវបានចាប់ពង្រត់ ពីខាងមុខ​អាគារស្នាក់នៅ​របស់លោក កណ្ដាល​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី៤ ខែមិថុនាម្សិលម្ងៃ។ នេះ បើតាមសាក្សីជាច្រើននាក់ ដែលត្រូវបានស្រង់សំដី ដោយវិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA)។

ហេតុការណ៍​ចាប់ពង្រត់ បានរងប្រតិកម្មភ្លាមៗ ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ខណៈ​រដ្ឋាភិបាល​កម្ពុជា បានបញ្ចៀសការបើកសំនុំរឿង ដើម្បីស៊ើប​អង្កេត​ពីករណី​នេះ ដោយបង្ហាញទំនោរថា ព័ត៌មានខាងលើ ជា«Fake News»។

ញត្តិមួយ ដើម្បី«បញ្ចេញសម្លេង»

ញត្តិទាមទារ ដែលសរសេរជាភាសាថៃ បានឲ្យដឹងថា ករណីចាប់ពង្រត់ដូចនេះ មិនមែន​ទើបតែ​កើតឡើង ជាលើកទីមួយទេ។ ញត្តិបានបន្តថា៖

«សកម្មជននយោបាយជាច្រើននាក់ ត្រូវបានចាប់ពង្រត់ចេញទៅ ហើយបាន​បាត់ដំណឹង​សូន្យឈឹង ខណៈ​រដ្ឋាភិបាល និងទីភ្នាក់ងារនានា មិនបានជួយអ្វីទាំងអស់។»

ម្ចាស់ញត្តិ បានបង្ហាញមូលហេតុ នៃការបង្កើតញត្តិនេះឡើង ថាគឺ​«ជាមធ្យោបាយ​បញ្ចេញ​សម្លេងមួយ» ដើម្បីបង្វែរការ​យកចិត្ត​ទុកដាក់ ទៅលើ«ភាពអយុត្តិធម៌ ដែលបានកើត​ឡើង នៅក្នុងសង្គមថៃ ហើយ​ធ្វើការ​រួមគ្នា ដើម្បីស្តារយុត្តិធម៌ និងសិទ្ធិមនុស្សឡើងវិញ  សម្រាប់​​ជនភៀសខ្លួន​​នយោបាយ ក៏ដូចជាប្រជាជនថៃ នាពេលអនាគត»។

ញត្តិខាងលើ ដែលកំណត់ចំនួនហត្ថលេខា ត្រឹមតែ៥០០នាក់នោះ ទំនងជាមិនពិបាក​រក​អ្នកគាំទ្រឡើយ មុននឹង​ត្រូវ​បញ្ជូនឡើង ទៅអង្គការ «UNHCR» និងអង្គការ​លើកលែង​ទោសអន្តរជាតិ (Amnesty International)។ ត្រឹមតែប៉ុន្មាន​នាទី​ប៉ុណ្ណោះ ញត្តិទទួល​បាន​អ្នកចូលទៅគាំទ្រ ប្រមាណ​ជាង​​៣០០នាក់ និងត្រូវបាន​ចែករំលែក យ៉ាងសន្ធឹកសន្ធាប់ នៅលើ​បណ្ដាញសង្គម។

«ជួយ​ផង​ ជួយ​ផង»

វិទ្យុសម្លេងសហរដ្ឋអាមេរិក ដែលផ្សាយជាខេមរភាសា បានស្រង់សំដីសាក្សី មករៀបរាប់​ពីហេតុការណ៍នេះ ឡើងវិញថា នៅវេលាម៉ោងប្រមាណជាង ៥ល្ងាច លោក វ៉ាន់ឆាឡឺម បាន​មក​ទិញ​ស្រាបៀរ ​បារី ​និង​ទឹក​ដោះ​គោ ​ដាក់​ស្បោង​ផ្លាស្ទិក ​មុន​នឹង​ចូល​ទៅ​អង្គុយ​ នៅ​លើ​គ្រែ​តូច​មួយ​ ក្បែរ​ចិញ្ចើម​ផ្លូវ​ដើម្បីរង់ចាំ​ប្រហិត​​​លក់​តាម​រទេះ ដែលលោកបានទិញ។​

រំពេចនោះ ​ស្រាប់​តែ​មាន​រថយន្ត​ពណ៌​ខ្មៅ​ បានបើកមក​ដល់ ហើយ​បុរស ​៣​នាក់​ស្លៀក​ពាក់​ស៊ីវិល ​ពាក់​ម៉ាស​បិទ​មុខ​ បានចេញ​ពី​រថយន្ត។ ​«VOA» បន្តថា លោក ​វ៉ាន់ឆាឡឺម ត្រូវបានវាយ​ត្រង់កញ្ចឹង​ក ​ហើយ​ក្រៀក​អូស​ ចូល​រថយន្ត​ខ្មៅនោះ។ លោក វ៉ាន់ឆាឡឺម បានស្រែក​ជាភាសាខ្មែរថា «ជួយ​ផង​ ជួយ​ផង» ជាច្រើនដង។

រូបភាពកាម៉េរាសុវត្ថិភាព បានបង្ហាញថា ភ្នាក់ងារ​សន្តិសុខខ្មែរពីរនាក់ មានបំណងចូល​ទៅធ្វើ​អន្តរាគម តែបានអាក់ខាន​វិញ ដោយទំនងជាខ្លាច ក្រុមជនបិទមុខ​ទាំងនោះ ដែល​​ប្រដាប់​​ដោយអាវុធ។

«មិនអាចដកដង្ហើម»

លោក​ វ៉ាន់ឆាឡឺម ​ជា​សកម្ម​ជន​ប្រជា​ធិបតេយ្យ​ ល្បី​ឈ្មោះ​ម្នាក់ ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​រណសិរ្ស​រួបរួម ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ (The United Front for Democracy Against Dictatorship – UDD)​ ដែលគេ​ស្គាល់​ថា ​ជា​ក្រុម​អាវ​ក្រហម​របស់​ថៃ។​ សារព័ត៌មានថៃ បានអះអាងថា លោក វ៉ាន់ឆាឡឺម បានជាប់ឈ្មោះ ក្នុង​ការស្វែង​​រកចាប់ខ្លួន ពីសំណាក់តុលាការថៃ តាំងពីឆ្នាំ២០១៨កន្លងមក។

យ៉ាងណាក្ដី យុវជនអាយុ៣៧ឆ្នាំរូបនេះ នៅតែបន្តធ្វើការរិះគន់ ដោយមិនសំចៃមាត់ ទៅលើ​លោក ប្រាយុទ្ធ ចន្ទអស្ចារ្យ (Prayut Chan-O-Cha) ដែលជានាយករដ្ឋមន្ត្រីសព្វថ្ងៃ របស់ប្រទេសថៃ។ វីដេអូ​ចុងក្រោយ របស់លោក វ៉ាន់ឆាឡឺម ធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ក៏ជាការរិះគន់ ទៅលើ​អតីត​មេទ័ពថៃរូបនេះ ដែលបានដឹកនាំធ្វើរដ្ឋប្រហារ កាលពីឆ្នាំ​២០១៤​នោះដែរ។

Gepostet von Wanchalearm Satsaksit am Dienstag, 2. Juni 2020

នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយភ្លាមៗ នៅក្រោយហេតុការណ៍ ចាប់ពង្រត់​ខាងលើ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បានអំពាវនាវ​​​ដល់​អាជ្ញាធរ​កម្ពុជា ឲ្យបើក​ការស៊ើបអង្កេត​ជាបន្ទាន់​ ដោយលើកឡើង ពីក្ដីកង្វល់របស់ផងខ្លួន ចំពោះសុវត្ថិភាព របស់​សកម្មជននយោបាយរូបនេះ ដែលនៅតែ​គ្មាន​ដំណឹង​រហូតមក។

អង្គការ​សិទ្ធិមនុស្ស​ខាងលើ បានស្រង់សំដីសហការី​ម្នាក់​ របស់​លោក វ៉ាន់ឆាឡឺម ដែល​បានទទួល​ទូរស័ព្ទ​ ក្នុងពេលមាន​ហេតុការណ៍​នោះ​ មកបញ្ជាក់ថា ​លោក វ៉ាន់ឆាឡឺម បានស្រែក “​មិន​អាច​ដកដង្ហើម​” បាន​ទេ មុននឹង​ទូរស័ព្ទ​ ​ត្រូវ​បាន​កាត់ផ្ដាច់៕

Is Cambodia complicit? This is a new low for the region.

Gepostet von Virak OU am Samstag, 6. Juni 2020


You may also like

កម្ពុជា

ក្រុមអ្នកជំនាញ អ.ស.ប ថាការជំនុំជម្រះក្តី កឹម សុខា «គ្មានគុណភាព»

«គ្មានគុណភាព» នេះជាការអះអាងឡើង របស់ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដើម្បីហៅការជំនុំជម្រះក្តី ពីបទក្បត់ជាតិ ដែលបានបើកសវនាការ ក្នុងអាទិត្យនេះ ប្រឆាំងនឹងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ ...
ដំណឹង

បោះឆ្នោត​ជាតិ​ថៃ៖ គណបក្ស​«ស្និតយោធា»​កំពុងនាំមុខ

បណ្ដាជនថៃម្ចាស់ឆ្នោត ប្រមាណ ៧,៣លាននាក់ ពីក្នុងចំណោមអ្នកចេញទៅបោះឆ្នោត ប្រមាណជាង៥០លាននាក់ ក្នុងថ្ងៃអាទិត្យនេះ បានបោះឆ្នោត​គាំទ្រគណបក្ស «អំណាចរដ្ឋ» (Palang Pracharat Party) ដែលមាននិន្នាការ«ស្និតយោធា»។ នេះបើតាមតួលេខ ...
កម្ពុជា

រ៉ូណា ស្មីត ចូលរួម​មរណទុក្ខ​ជាមួយគ្រួសារ នៃសព​អ្នកជំងឺកូវីដ

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានសំដែងការចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ នៃសព​អ្នកជំងឺកូវីដ-១៩ ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...