ដំណឹងអាស៊ី-ប៉ាស៊ីភិក

ក្រុមមួយ​ប្រកាស​បង្កើត​«រដ្ឋាភិបាល​កូរ៉េខាងជើង​និរទេសខ្លួន»

អង្គការមួយ ដែលគ្មានរចនាសម្ព័ន្ធច្បាស់លាស់ បានប្រកាសបង្កើត នៅថ្ងៃសុក្រទី១ ខែមិនា ឆ្នាំ២០១៩នេះ នូវ«រដ្ឋាភិបាល​កូរ៉េខាងជើង​និរទេសខ្លួន»មួយឡើង ដើម្បីជម្រះបញ្ជី ជាមួយរបបដឹកនាំក្រុងព្យុងយ៉ាងសព្វថ្ងៃ។

ដោយធ្លាប់ចេញមុខ​ការពារកូនប្រុស របស់លោក គីម ជុង-ណាំ (Kim Jong-Nam) បងប្រុសបង្កើត-ម្ដាយដោយខ្លួន-របស់លោក គីម ជុង-អ៊ុន (Kim Jong Un) អគ្គមគ្គុទេសក៍កូរ៉េខាងជើងនោះ ក្រុមខាងលើ​មានឈ្មោះថា «Cheollima Civil Defense – CCD»។ ក្នុងពេលកន្លងមក គេស្គាល់ក្រុមនេះ ថាធ្លាប់បានជួយបណ្ដាជនកូរ៉េខាងជើង ដែលចង់គេចខ្លួន ចេញពីប្រទេសកុម្មុយនីស្ដិ៍។

តែគេចាប់ផ្ដើមស្គាល់ខ្លាំង ចាប់ពីពេលដែលក្រុម«CCD»នេះ បានបង្ហោះវីដេអូមួយ របស់យុវជន «Kim Han Sol» កូនប្រុសលោក គីម ជុង-ណាំ នៅប៉ុន្មានសប្ដាហ៍ក្រោយលោក គីម ជុង-ណាំ ត្រូវបានធ្វើឃាតក្នុងព្រលានយន្ដហោះ គូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី) កាលពីខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏វែងអន្លាយ ដែលដាក់បង្ហោះអមនឹងវីដេអូមួយ នៅលើគេហទំព័រ «cheollimacivildefense.org» ក្នុងថ្ងៃសុក្រនេះ អង្គការខាងលើបានប្រកាសបង្កើតរដ្ឋាភិបាននិរទេសខ្លួនមួយ ហៅថា «Free Joseon – ចូសេអន សេរី»។

«Joseon» ឬ «ចូសេអន» គឺជាឈ្មោះរាជវង្សកូរ៉េ ដែលបានគ្រប់គ្រងប្រទេសកូរ៉េ តាំងពីឆ្នាំ១៣៩២ រហូតដល់ឆ្នាំ ១៩១០ ដែលជាឆ្នាំដែលប្រទេសកូរ៉េ ត្រូវបានកាន់កាប់ដោយចក្រភពជប៉ុន។

សេចក្ដីថ្លែងការណ៍ដែលសរសេរជាពីរភាសា (កូរ៉េ និងអង់គ្លេស) បានឲ្យដឹងថា៖

«យើងប្រឆាំងនឹងឧក្រិដ្ឋជន នៅកូរ៉េខាងជើង ដែលបានបង្កើតឧក្រិដ្ឋកម្មដ៏ធំធេង ប្រឆាំងនឹងមនុស្សជាតិ អស់រយៈពេល​ជាច្រើន​ទសវត្ស​មកហើយ។ យើងសុខចិត្តពលីខ្លួនយើងទាំងស្រុង ដើម្បីលុបចោលអំពើអាក្រក់ រកទីបំផុតគ្មាននេះ ដែលជាស្នាមប្រឡាក់ ទៅលើព្រលឹងនៃមនុស្សជាតិ។»

ក្រុម «CCD» នៅបានប្ដេជ្ញាចិត្ត ថានឹងធ្វើការខិតខំប្រឹងប្រែងមិនរាថយសោះឡើយ រហូតលុះត្រា«រដ្ឋធានីព្យុងយ៉ាង រកឃើញពន្លឺពិត»។

ជុំវិញការបង្កើត«រដ្ឋាភិបាល​កូរ៉េខាងជើង​និរទេសខ្លួន» ត្រូវបានក្រុមនេះពន្យល់ថា គឺជាតំណាងស្របច្បាប់តែមួយគត់ និងមិនមែនជារដ្ឋាភិបាលបច្ចុប្បន្ន របស់លោក គីម ជុង-អ៊ុន ទេ។ សេចក្ដីថ្លែងការណ៍បន្តថា៖

«យើងនឹងមិនអនុញ្ញាត ឱ្យជំនាន់កូនចៅជាទីស្រឡាញ់របស់យើង កើតក្នុងភាពងងឹតទេ។ ចូសេអន ត្រូវតែសេរី ហើយនឹងត្រូវសេរី​ជារៀងរហូតទៅ។ ចូរក្រោកឡើង! ចូរក្រោកឡើង អ្នករាល់គ្នា​ដែលមិនមែនជាខ្ញុំបម្រើ!»

នៅក្នុងវីដេអូ ដែលភ្ជាប់មកជាមួយនឹងសេចក្ដីថ្លែងការណ៍ គេឃើញស្ត្រីម្នាក់ស្លៀកពាក់បែបប្រពៃណី ឈរអានសេចក្ដីថ្លែងការណ៍នេះ នៅក្រោមរោងមួយ ដែលសង់មានរចនាបទកូរ៉េ (ឬចិន)។ មុខរបស់ស្ត្រីនោះ ត្រូវបានធ្វើឲ្យព្រិល មើលមិនស្គាល់ថា ជានរណាទេ។

គេពិបាកនឹងស្វែងរកព័ត៌មានលំអិតបន្ថែមទៀត ពីក្រុម «CCD» មួយនេះណាស់។ ពាក្យចចាមអារាមខ្លះ បានលើកឡើងថា ក្រុម «CCD» ទំនងជាផ្នែកមួយ នៃបណ្ដាញចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង៕



លំអិតបន្ថែមទៀត

ដំណឹង

កូរ៉េខាងជើង​ប្ដូរ​រដ្ឋមន្ត្រី​«ការបរទេស»​របស់​ខ្លួន

មេដឹកនាំប្រទេសកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុង-អ៊ុន (Kim Jong-un) ទំនងជាបានសម្រេចចិត្ត ប្ដូររដ្ឋមន្ត្រី«ការបរទេស»របស់ខ្លួន។ នេះ បើតាមដំណឹង ផ្សាយចេញដោយទីភ្នាក់ងារព័ត៌មាន «Yonhap» របស់កូរ៉េខាងត្បូង ...
ដំណឹង

Covid-19៖ កូរ៉េខាងជើង មាន​ករណីឆ្លង… ០នាក់!

០នាក់ គ្មានសូម្បីតែម្នាក់ ! គ្មានអ្នកឆ្លងជំងឺ «Covid-19» នៅក្នុងប្រទេសកូរ៉េខាងជើងទេ រាប់ចាប់តាំងពីជំងឺនេះ បានរាតត្បាតពិភពលោក នៅចុងឆ្នាំ២០១៩នេះមក។ នេះ ជាតួលេខ ដែលផ្ដល់ដោយរបបកូរ៉េកុម្មុយនីស្ដិ៍ ហើយត្រូវបានអះអាងបន្ថែម ...
ដំណឹង

HRW៖ ក្រុងព្យុងយ៉ាង​ចាត់ទុក​អ្នកជាប់ឃុំ «មិនស្មើនឹង​សត្វធាតុ»

ការធ្វើទារុណកម្ម ការបំបាក់ស្មារតី និងការឆ្លើយសារភាព ក្រោមការបង្ខិតបង្ខំ គឺជាក្បួនតម្រាជាទូទៅ នៅក្នុងប្រព័ន្ធយុត្តិធម៌ នៃរបបកុម្មុយនីស្ដិ៍កូរ៉េ ដែលចាត់ទុកអ្នកជាប់ឃុំទាំងឡាយ «មិនស្មើនឹងសត្វធាតុ»នោះផងទេ។ នេះ បើតាមរបាយការណ៍ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលចេញផ្សាយ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.