ដំណឹងអាស៊ី-ប៉ាស៊ីភិក

ក្រុមមួយ​ប្រកាស​បង្កើត​«រដ្ឋាភិបាល​កូរ៉េខាងជើង​និរទេសខ្លួន»

អង្គការមួយ ដែលគ្មានរចនាសម្ព័ន្ធច្បាស់លាស់ បានប្រកាសបង្កើត នៅថ្ងៃសុក្រទី១ ខែមិនា ឆ្នាំ២០១៩នេះ នូវ«រដ្ឋាភិបាល​កូរ៉េខាងជើង​និរទេសខ្លួន»មួយឡើង ដើម្បីជម្រះបញ្ជី ជាមួយរបបដឹកនាំក្រុងព្យុងយ៉ាងសព្វថ្ងៃ។

ដោយធ្លាប់ចេញមុខ​ការពារកូនប្រុស របស់លោក គីម ជុង-ណាំ (Kim Jong-Nam) បងប្រុសបង្កើត-ម្ដាយដោយខ្លួន-របស់លោក គីម ជុង-អ៊ុន (Kim Jong Un) អគ្គមគ្គុទេសក៍កូរ៉េខាងជើងនោះ ក្រុមខាងលើ​មានឈ្មោះថា «Cheollima Civil Defense – CCD»។ ក្នុងពេលកន្លងមក គេស្គាល់ក្រុមនេះ ថាធ្លាប់បានជួយបណ្ដាជនកូរ៉េខាងជើង ដែលចង់គេចខ្លួន ចេញពីប្រទេសកុម្មុយនីស្ដិ៍។

តែគេចាប់ផ្ដើមស្គាល់ខ្លាំង ចាប់ពីពេលដែលក្រុម«CCD»នេះ បានបង្ហោះវីដេអូមួយ របស់យុវជន «Kim Han Sol» កូនប្រុសលោក គីម ជុង-ណាំ នៅប៉ុន្មានសប្ដាហ៍ក្រោយលោក គីម ជុង-ណាំ ត្រូវបានធ្វើឃាតក្នុងព្រលានយន្ដហោះ គូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី) កាលពីខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏វែងអន្លាយ ដែលដាក់បង្ហោះអមនឹងវីដេអូមួយ នៅលើគេហទំព័រ «cheollimacivildefense.org» ក្នុងថ្ងៃសុក្រនេះ អង្គការខាងលើបានប្រកាសបង្កើតរដ្ឋាភិបាននិរទេសខ្លួនមួយ ហៅថា «Free Joseon – ចូសេអន សេរី»។

«Joseon» ឬ «ចូសេអន» គឺជាឈ្មោះរាជវង្សកូរ៉េ ដែលបានគ្រប់គ្រងប្រទេសកូរ៉េ តាំងពីឆ្នាំ១៣៩២ រហូតដល់ឆ្នាំ ១៩១០ ដែលជាឆ្នាំដែលប្រទេសកូរ៉េ ត្រូវបានកាន់កាប់ដោយចក្រភពជប៉ុន។

សេចក្ដីថ្លែងការណ៍ដែលសរសេរជាពីរភាសា (កូរ៉េ និងអង់គ្លេស) បានឲ្យដឹងថា៖

«យើងប្រឆាំងនឹងឧក្រិដ្ឋជន នៅកូរ៉េខាងជើង ដែលបានបង្កើតឧក្រិដ្ឋកម្មដ៏ធំធេង ប្រឆាំងនឹងមនុស្សជាតិ អស់រយៈពេល​ជាច្រើន​ទសវត្ស​មកហើយ។ យើងសុខចិត្តពលីខ្លួនយើងទាំងស្រុង ដើម្បីលុបចោលអំពើអាក្រក់ រកទីបំផុតគ្មាននេះ ដែលជាស្នាមប្រឡាក់ ទៅលើព្រលឹងនៃមនុស្សជាតិ។»

ក្រុម «CCD» នៅបានប្ដេជ្ញាចិត្ត ថានឹងធ្វើការខិតខំប្រឹងប្រែងមិនរាថយសោះឡើយ រហូតលុះត្រា«រដ្ឋធានីព្យុងយ៉ាង រកឃើញពន្លឺពិត»។

ជុំវិញការបង្កើត«រដ្ឋាភិបាល​កូរ៉េខាងជើង​និរទេសខ្លួន» ត្រូវបានក្រុមនេះពន្យល់ថា គឺជាតំណាងស្របច្បាប់តែមួយគត់ និងមិនមែនជារដ្ឋាភិបាលបច្ចុប្បន្ន របស់លោក គីម ជុង-អ៊ុន ទេ។ សេចក្ដីថ្លែងការណ៍បន្តថា៖

«យើងនឹងមិនអនុញ្ញាត ឱ្យជំនាន់កូនចៅជាទីស្រឡាញ់របស់យើង កើតក្នុងភាពងងឹតទេ។ ចូសេអន ត្រូវតែសេរី ហើយនឹងត្រូវសេរី​ជារៀងរហូតទៅ។ ចូរក្រោកឡើង! ចូរក្រោកឡើង អ្នករាល់គ្នា​ដែលមិនមែនជាខ្ញុំបម្រើ!»

នៅក្នុងវីដេអូ ដែលភ្ជាប់មកជាមួយនឹងសេចក្ដីថ្លែងការណ៍ គេឃើញស្ត្រីម្នាក់ស្លៀកពាក់បែបប្រពៃណី ឈរអានសេចក្ដីថ្លែងការណ៍នេះ នៅក្រោមរោងមួយ ដែលសង់មានរចនាបទកូរ៉េ (ឬចិន)។ មុខរបស់ស្ត្រីនោះ ត្រូវបានធ្វើឲ្យព្រិល មើលមិនស្គាល់ថា ជានរណាទេ។

គេពិបាកនឹងស្វែងរកព័ត៌មានលំអិតបន្ថែមទៀត ពីក្រុម «CCD» មួយនេះណាស់។ ពាក្យចចាមអារាមខ្លះ បានលើកឡើងថា ក្រុម «CCD» ទំនងជាផ្នែកមួយ នៃបណ្ដាញចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង៕



លំអិតបន្ថែមទៀត

ដំណឹង

ទាហាន​កូរ៉េខាងជើង​ម្នាក់ ផ្ដាច់​ខ្លួនរត់​ចូល​ក្នុង​ទឹកដី​កូរ៉េ​ខាង​ត្បូង

ទាហាន​កូរ៉េខាងជើង​ម្នាក់ បានផ្ដាច់ខ្លួន ចូលមកក្នុងទឹកដី នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ។ នេះ បើតាមការប្រកាស របស់កងទ័ពកូរ៉េខាងត្បូង ហើយត្រូវបានដកស្រង់ យកមកផ្សព្វផ្សាយបន្ត ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP»។ សេចក្ដីរាយការណ៍ ...
ដំណឹង

គីម ជុង-អ៊ុន ថាកូរ៉េខាងជើង​នឹងមាន«នាវាមុជទឹក​នុយក្លេអ៊ែរ»

មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុង-អ៊ុន (Kim Jong Un) បានអះអាងថា ប្រទេសលោក​នឹងមាន​«នាវាមុជទឹក​នុយក្លេអ៊ែរ»។ ការអះអាងរបស់«មគ្គុទេសន៍ដ៏ខ្ពង់ខ្ពស់» ធ្វើឡើងស្របគ្នា នឹងការបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកនៅតែជា«សត្រូវធំបំផុត» ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក ដំណឹង

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...